ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូស្វេ 10

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលដែលព្រះបាទអាដូនីសេដេក ស្តេចក្រុងយេរូសាឡិម បានឮថាលោកយ៉ូស្វេបានវាយយកក្រុងអៃ ហើយបានកម្ទេចទីក្រុងទាំងស្រុង (ដូចដែលអ្វីដែលលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចក្រុងនោះ) ស្តេចក៏បានឮពីរបៀបដែលប្រជាជនគីបៀនបានចងសន្តិភាពជាមួយអ៊ីស្រាអែល ហើយរស់នៅក្នុងចំណោមពួកគេ។​
2ប្រជាជនក្រុងយេរូសាឡិមភ័យខ្លាចជាខ្លាំងដោយសារតែគីបៀនជាក្រុងមួយដ៏ធំ ដូចជារាជធានីមួយ។​ ក្រុងនោះធំជាងក្រុងអៃ ហើយប្រុសៗនៅក្រុងនោះក៏ជាមនុស្សអង់អាចក្លាហានដែរ។
3ដូច្នេះ ព្រះបាទអដូនីសេដេកជាស្តេចក្រុងយេរូសាឡិម បានផ្ញើសាទៅព្រះបាទហូហាំជាស្តេចក្រុងហេប្រុន ទៅព្រះបាទពារ៉ាមស្តេចក្រុងយ៉ាមុត ទៅព្រះបាទយ៉ាភាស្តេចក្រុងឡាគីស ព្រះបាទដេបៀរស្តេចក្រុងអេក្លុនថា៖​
4«ចូរឡើងមកជួបខ្ញុំ និងជួយខ្ញុំផង។ ចូរយើងវាយក្រុងគីបៀន ព្រោះពួកគេបានចងសន្តិភាពជាមួយលោកយ៉ូស្វេ និងជាមួយជនជាតិអ៊ីស្រាអែលហើយ»។
5ស្តេចទាំងប្រាំរបស់សាសន៍អាម៉ូរី គឺស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន ទាំងស្តេចទាំង និងទាំងពលទាហានរបស់ពួកគេ។ ពួកគេរៀបគ្នាប្រឆាំងជាមួយក្រុងគីបៀន ហើយពួកគេវាយក្រុងនោះ។ ​
6អ្នកក្រុងគីបៀនបានផ្ញើសារទៅលោកយ៉ូស្វេ និងទៅពួកទាហាននៅគីលកាល។ ពួកគេនិយាយថា៖​ «សូមប្រញាប់ឡើងមក! កុំឲ្យដកដៃរបស់អ្នកពីអ្នកបម្រើរបស់អ្នកឡើយ។ សូមមកជួយយើងជាប្រញាប់។ សូមជួយយើងផង ដោយសារស្តេចទាំងឡាយនៃសាសន៍អាម៉ូរីដែលរស់នៅលើភ្នំបានប្រមូលគ្នាវាយប្រហារយើងហើយ»។
7លោកយ៉ូស្វេបានឡើងពីគីលកាល លោក និងពួកទាហានរបស់លោកមកជាមួយលោក និងអ្នកដែលប្រយុទ្ធផងដែរ។
8ព្រះអម្ចាស់មានបន្ទូលមកកាន់លោកយ៉ូស្វេថា៖​ «កុំខ្លាចពួកគេឡើយ។ យើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ក្នុងចំណោមពួកគេគ្មាននរណាម្នាក់អាចបញ្ឈប់ការវាយប្រហាររបស់អ្នកបានឡើយ។
9លោកយ៉ូស្វេបានឡើងមកជួយពួកគេយ៉ាងប្រញាប់ អស់រយៈពេលពេញមួយយប់ពីគីលកាល។
10ព្រះអម្ចាស់បានធ្វើឲ្យសត្រូវភ័ណ្ឌច្រឡំចំពោះជនជាតិអ៊ីស្រាអែល ហើយជនជាតិអ៊ីស្រាអែលបានសម្លាប់ពួកគេយ៉ាងរង្គាលនៅក្រុងគីបៀន ហើយដេញតាមពួកគេរហូតដល់ផ្លូវទៅបេត ហូរ៉ុន ហើយពួកគេបានសម្លាប់អ្នកទាំងនោះនៅលើផ្លូវទៅអាសេកា និងម៉ាកេដា។​
11នៅពេលដែលគេរត់់គេចពីជនជាតិអ៊ីស្រាអែល ចុះភ្នំពីបេតហេរ៉ុន ព្រះអម្ចាស់បានទម្លាក់ថ្មមួយយ៉ាងធំពីលើមេឃមកលើពួកគេតាមផ្លូវទៅអាសេកា ហើយពួកគេស្លាប់នៅទីនោះ។ មានមនុស្សស្លាប់ដោយសារថ្មច្រើនជាងអ្នកដែលត្រូវបានស្លាប់ដោយសារដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។​
12បន្ទាប់មក លោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅថ្ងៃដែលព្រះអម្ចាស់បានផ្តល់ជ័យជម្នះដល់ជនជាតិអ៊ីស្រាអែលលើសាសន៍អាម៉ូរី។ នេះជាអ្វីដែលលោកយ៉ូស្វេបានទូលទៅព្រះអម្ចាស់នៅមុខជនជាតិអ៊ីស្រាអែល៖ «ព្រះអាទិត្យ ចូរនៅស្ងៀមនៅត្រង់គីបៀន ហើយព្រះច័ន្ទចូរនៅច្រលងអាយាឡូនចុះ។
13ព្រះអាទិត្យក៏នៅស្ងៀម ហើយព្រះច័ន្ទក៏ឈប់ដើររហូតដល់ពួកគេបានសងសឹកនឹងខ្មាំងសត្រូវរបស់ពួកគេចប់។​ តើការនេះមិនបានកត់ទុកនៅក្នុងសៀវភៅរបស់យ៉ាស៊ើទេឬអី? ព្រះអាទិត្យឈរទ្រឹងនៅចំកណ្តាលមេឃ វាមិនបានដើរអស់រយៈពេលប្រហែលមួយថ្ងៃ។
14មិនដែលមានថ្ងៃណាដូចថ្ងៃនេះពីមុន ឬទៅក្រោយទៀតឡើយ គឺនៅពេលដែលព្រះអម្ចាស់ស្តាប់ពាក្យរបស់មនុស្ស។ ដ្បិតព្រះអម្ចាស់បានច្បាំងជំនួសសាសន៍អ៊ីស្រាអែល។
15លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។
16ហើយស្តេចទាំងប្រាំអង្គបានរត់គេច និងលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា។
17គេបានប្រាប់លោកយ៉ូស្វេថា៖ «ពួកគេរកស្តេចទាំងនោះឃើញហើយ! ស្តេចទាំងប្រាំអង្គបានលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឯម៉ាកេដា!»។
18លោកយ៉ូស្វេនិយាយថា៖ «ចូរប្រមៀលថ្មធំមួយដើម្បីបិតមាត់រូងភ្នំ ហើយដាក់ទាហាននៅទីនោះដើម្បីយាមពួកគេ។
19កុំឲ្យឈប់ឡើយ។ ត្រូវដេញតាមខ្មាំងសត្រូវរបស់អ្នក និងវាយប្រហារពួកគេ។ កុំអនុញ្ញាត្តឲ្យពួកគេចូលទៅក្នុងទីក្រុងរបស់ពួកគេឡើយ ដោយសារព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
20លោកយ៉ូស្វេ និងកូនចៅអ៊ីស្រាអែលបានបញ្ចប់ជីវិតអ្នកទាំងនេះដោយការសម្លាប់រង្គាល រហូតដល់ពួកគេស្ទើរតែទាំងអស់បានស្លាប់ មានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលរួចជីវិតគេចខ្លួនទៅក្រុងទាំងឡាយដែលមានកំពែង។
21បន្ទាប់មក ពួកទាហានទាំងអស់បានត្រឡប់ទៅវិញដោយសុខសាន្តទៅជួបលោកយ៉ូស្វេនៅម៉ាកេដា។ គ្មាននរណាម្នាក់ហ៊ាននិយាយពាក្យអ្វីមួយម៉ាត់ប្រឆាំងនឹងប្រជាជនអ៊ីស្រាអែលឡើយ។
22បន្ទាប់មក លោកយ៉ូស្វេបាននិយាយថា៖ «ចូរបើកម៉ាត់រូងភ្នំ ហើយចូរនាំស្តេចទាំងប្រាំមកជួបខ្ញុំ»។ ពួកគេបានធ្វើតាមអ្វីដែលលោកបាននិយាយ។
23ពួកគេបាននាំស្តេចទាំងប្រាំអង្គមកពីក្នុងរូងភ្នំមកជួបលោក មានស្តេចក្រុងយេរូសាឡិម ស្តេចក្រុងហេប្រូន ស្តេចក្រុងយ៉ាមុត ស្តេចក្រុងឡាគីស និងស្តេចក្រុងអេក្លូន។
24នៅពេលដែលពួកគេបាននាំពួកស្តេចទាំងអស់មកជួបលោកយ៉ូស្វេ គាត់ក៏បានប្រជុំប្រជាជនអ៊ីស្រាអែលទាំងអស់។ លោកនិយាយទៅកាន់មេដឹកនាំរបស់ពួកទាហានដែលបានប្រយុទ្ធក្នុងសមរភូមិជាមួយលោកថា៖ «ចូរដាក់ជើងរបស់អ្នករាល់គ្នានៅលើករបស់ពួកគេទៅ»។ «ដូច្នេះពួកគេបានឡើងមក ហើយដាក់ជើងរបស់ពួកគេលើករបស់ស្តេចទាំងនោះ»។
25បន្ទាប់មក លោកបាននិយាយជាមួយពួកគេថា៖ «កុំភ័យខ្លាច និងកុំឲ្យស្រយុតចិត្តឡើយ។ ចូរមានកម្លាំង និងចិត្តក្លាហានចុះ។ នេះជាអ្វីដែលព្រះអម្ចាស់នឹងធ្វើជាមួយសត្រូវទាំងអស់របស់អ្នករាល់គ្នាដែលអ្នករាល់គ្នាត្រូវប្រយុទ្ធជាមួយពួកគេ។
26បន្ទាប់មក លោកយ៉ូស្វេបានវាយប្រហារ​ និងសម្លាប់ស្តេចទាំងនោះទៅ។ លោកបានព្យួរពួកគេនៅលើដើមឈើរហូតដល់ពេលល្ងាច។
27នៅពេលថ្ងៃលិច លោកយ៉ូស្វេបានបញ្ជាឲ្យគេដាក់ស្តេចទាំងនោះចុះពីដើមឈើ ហើយបោះពួកគេទៅក្នុងផ្នូរដែលពួកគេបានលាក់ខ្លួន។ ពួកគេបានដាក់ដុំថ្មមួយយ៉ាងធំនៅមាត់ផ្នូរ។ ថ្មទាំងនោះមានរហូតដល់សព្វថ្ងៃ។
28នៅថ្ងៃនោះលោកយ៉ូស្វេបានវាយយកម៉ាកាដាដោយរបៀបនេះឯង ហើយបានសម្លាប់អ្នកទាំងអស់នោះដោយដាវ ទាំងស្តេចរបស់អ្នកទាំងនោះផង។ លោកបានកម្ទេចពួកគេទាំងស្រុង និងកម្ទេចអ្វីៗដែលមានជីវិតនៅទីនោះដែរ។ លោកបានប្រព្រឹត្តចំពោះស្តេចស្រុកម៉ាកាដាដូចដែលលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូដែរ។
29លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីម៉ាកាដាទៅលិបណា។
30ព្រះអម្ចាស់ក៏បានប្រទានក្រុងនោះ និងស្តេចរបស់ក្រុងនោះដល់ដៃជនជាតិអ៊ីស្រាអែលដែរ។ លោកយ៉ូស្វេបានវាយប្រហារគ្រប់ទាំងជីវិតទាំងអស់ដែលរស់នៅក្នុងក្រុងនោះជាមួយនឹងដាវរបស់លោក។ លោកមិនបានអនុញ្ញាត្តឲ្យនរណាម្នាក់មានជីវិតឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចជាស្តេចក្រុងយេរីខូដែរ។
31បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់បានឆ្លងកាត់ពីលីបណាទៅឡាគីស។ លោកបានបោះជំរំនៅទីនោះហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។
32ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីសមកក្នុងដៃរបស់ជនជាតិអ៊ីស្រាអែល។ លោកយ៉ូស្វេបានវាយក្រុងនោះបាននៅថ្ងៃទីពីរ។ លោកបានវាយប្រហារដោយដាវលើគ្រប់ទាំងជីវិតទាំងអស់ដែលនៅក្នុងក្រុង ដូចដែលលោកបានធ្វើចំពោះក្រុងលីបណាដែរ។
33បន្ទាប់មក ព្រះបាទហោរ៉ាម ស្តេចស្រុកកេស៊ើរឡើងមកជួយក្រុងឡាគីស។ លោកយ៉ូស្វេវាយប្រហារស្តេច និងពួកទាហានដែលនៅជាមួយរហូតដល់គ្មាននរណាម្នាក់នៅរស់ឡើយ។
34បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកឆ្លងកាត់ពីឡាគីសទៅអេក្លូន។ ពួកគេបោះជំរំនៅក្បែរនោះ និងប្រកាសសង្គ្រាមជាមួយក្រុងនោះ
35ហើយវាយយកក្រុងនោះបាននៅថ្ងៃនោះឯង។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ ហើយពួកគេបានកម្ទេចអ្វីៗទាំងអស់នៅក្នុងក្រុងនោះ ដូចដែលលោកបានធ្វើចំពោះក្រុងឡាគីសដែរ។​
36បន្ទាប់មក លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ចេញពីអេក្លូនទៅហេប្រុន។
37ពួកគេបានប្រកាសសង្គ្រាមប្រឆាំងក្រុងនោះ។ ពួកគេវាយក្រុងនោះបាន ហើយកម្ទេចក្រុងនោះ និងអ្នកនៅក្រុងនោះដោយដាវ រួមទាំងស្តេច និងភូមិដែលនៅជុំវិញ គ្មាននរណាម្នាក់នៅរស់ឡើយ ដូចដែលលោកយ៉ូស្វេបានប្រព្រឹត្តចំពោះអេក្លូនដែរ។ លោកបានកម្ទេចក្រុងនោះ និងជីវិតដែលមាននៅក្នុងក្រុងនោះទាំងស្រុង។
38បន្ទាប់មក លោកយ៉ូស្វេត្រឡប់ក្រោយ ជាមួយពួកទាហានទាំងអស់ដែលទៅជាមួយលោក ហើយពួកគេឆ្លងទៅដេបៀរ ​ហើយប្រកាសសង្គ្រាមជាមួយក្រុងនោះ។
39លោកវាយបានក្រុងនោះ ហើយសម្លាប់ស្តេច ព្រមទាំងកម្ទេចភូមិដែលនៅជិតៗនោះ។ ពួកគេបានកម្ទេចអ្នកក្រុងនោះដោយដាវ និងបំផ្លាញអ្នកទាំងនោះទាំងស្រុងគ្រប់ទាំងជីវិតដែលនៅក្នុងក្រុងនោះដែរ។ លោកយ៉ូស្វេមិនទុកឲ្យនរណាាមានជីវិតឡើយ ដូចដែលលោកបានធ្វើចំពោះហេប្រូន និងដូចដែលលោកបានធ្វើចំពោះក្រុងលីបណា និងស្តេចក្រុងនោះដែរ។
40លោកយ៉ូស្វេកាន់កាប់ទឹកដីទាំងអស់ ទាំងតំបន់ភ្នំនេកេវ តំបន់ទំនាប និងជើងភ្នំ។ លោកមិនទុកឲ្យស្តេចណាមួយរបស់ពួកគេនៅមានជីវិតឡើយ។ លោកបានកម្ទេចគ្រប់ទាំងជីវិត ដូចដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលបានបង្គាប់។
41លោកយ៉ូស្វេបានកម្ទេចពួកគេដោយដាវចាប់ពីកាដេសបានា ដល់កាសា និងចាប់ពីតំបន់កូសែន ដល់គីបៀន។
42លោកយ៉ូស្វេបានវាយប្រហារស្តេចទាំងអស់ និងដណ្តើមយកទឹកដីរបស់ពួកគេក្នុងពេលតែមួយដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលប្រយុទ្ធជំនួសពួកគេ។
43បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅជាមួយលោកត្រឡប់ទៅជំរំនៅគីលកាលវិញ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។