ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូណាស 3

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌បន្ទូលរបស់ព្រះអម្ចាស់​មក​កាន់​លោកយ៉ូណាស​ម្តង​ទៀត​ថា៖
2«ចូរ​ក្រោក​ឡើង​ទៅ​ឯ​នីនីវេ ជា​ក្រុង​ធំ ហើយ​ប្រកាស​ប្រាប់​គេ តាម​សេចក្ដី​ដែល​យើង​បង្គាប់»។
3ដូច្នេះ លោក​យ៉ូណាស​ក៏​ក្រោក​ឡើង​ទៅ​ក្រុង​នីនីវេ​តាម​ការបង្គាប់​របស់​ព្រះ‌អម្ចាស់។ នីនីវេ​ជា​ទី​ក្រុងដ៏​ធំ​សម្បើម​អស្ចារ្យ ដែល​ដើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ទើប​បាន​សព្វ។
4លោក​យ៉ូណាស​បាន​ចាប់​ផ្ដើម​ដើរ​ចូល​ទៅ​ទី​ក្រុង​ បន្ទាប់ពីធ្វើដំណើរ​អស់​មួយ​ថ្ងៃ​ហើយ នោះ​លោក​ប្រកាស​ថា «នៅ​តែ​សែសិប​ថ្ងៃ​ទៀត​ក្រុង​នីនីវេ​នឹង​ត្រូវ​បំផ្លាញ​ហើយ»។
5ពួក​បណ្ដា‌ជន​នៅ​ក្រុង​នីនីវេ​ក៏​ជឿលើ​ព្រះ‌អង្គ ដូច្នេះគេ​ក៏ប្រកាស​ឲ្យ​មាន​ពេល​តម​អត់។ ពួកគេ​ស្លៀក​ពាក់កាន់​ទុក្ខចាប់​តាំង​ពី​អ្នក​ធំ​បំផុត រហូត​ដល់​អ្នក​តូច​ជាង​គេ។
6ភ្លាមនោះដំណឹង​​ក៏បាន​ទៅ​ដល់​ស្តេច​នៃ​ក្រុង​នីនីវេ។ ស្ដេច​ក៏​យាង​ចុះ​ពី​បល្ល័ង្ក ដោះ​ព្រះ‌ពស្ត្រ​ចេញ ហើយ​ឃ្លុំ​អង្គ​ដោយ​សំពត់កាន់ទុក្ខ និង​គង់​នៅ​ក្នុង​ផេះ​វិញ។
7ដែលស្ថិតនៅក្រោមការ​បង្គាប់​របស់​ស្តេច និង​ពួក​រដ្ឋ‌មន្ត្រី​ថា៖ «មិន​ត្រូវ​ឲ្យ​ពួក​មនុស្ស ឬ​សត្វ ហ្វូង​គោ ឬ​ហ្វូង​ចៀម​ភ្លក់​អ្វី​ឡើយ។ កុំ​ឲ្យពួកវា​ស៊ី ឬ​ផឹក​ឲ្យ​សោះ។
8ប៉ុន្តែទាំង​មនុស្ស និងសត្វត្រូវ​ឃ្លុំ​ខ្លួន​ដោយ​សំពត់​កាន់ទុក្ខ ហើយ​គ្រប់​គ្នា​ត្រូវ​អំពាវ‌នាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ។ ត្រូវ​ឲ្យ​អ្នករាល់គ្នាលា​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ​រៀង​ខ្លួន ហើយ​ចេញពី​ការ​ច្រឡោត​ដែល​នៅ​ដៃ​ខ្លួនគេ​ផងដែរ។
9ក្រែង​លោ​ព្រះ‌ជាម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​លែង​ព្រះ‌ពិរោធ​ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។
10ពេល​ព្រះ​ទត​ឃើញ​ការ​ទាំង​ប៉ុន្មាន​ដែលពួក​គេ​ប្រព្រឹត្ត​នោះ ​ដែល​គេ​បាន​លៈបង់​ពី​ផ្លូវ​អាក្រក់​របស់​គេ។ ហើយព្រះ​ក៏​ប្រែ​គំនិត​ពីការដាក់​ទណ្ឌកម្ម ដែល​ព្រះ‌អង្គ​ធ្លាប់មានបន្ទូលថា ទ្រង់នឹង​ធ្វើ​ដល់​ពួកគេ ហើយ​ព្រះ‌អង្គក៏​លែង​ធ្វើ​ទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។