1ពេលនោះ លោកយ៉ូណាសបានអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះរបស់ខ្លួន នៅក្នុងពោះត្រី។
2លោកទូលថា៖ «ទូលបង្គំបានទូលអង្វរព្រះអម្ចាស់ អំពីទុក្ខលំបាករបស់ទូលបង្គំ ហើយព្រះអង្គក៏បានឆ្លើយមកទូលបង្គំ ពីក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ទូលបង្គំបានស្រែកហៅព្រះអង្គជួយ! ហើយព្រះអង្គព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
3ព្រះអង្គបានបោះទូលបង្គំទៅក្នុងទីជម្រៅ គឺចុះទៅក្នុងផ្ទៃបាតនៃសមុទ្រ ហើយខ្សែរទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយគ្រប់ទាំងរលក និងអស់ទាំងខ្សែទឹករបស់ព្រះអង្គបានហូរពីលើទូលបង្គំ។
4ទូលបង្គំបានពោលថា៖ «ទូលបង្គំត្រូវបោះចោលពីព្រះនេត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនឹងសម្លឹងឆ្ពោះទៅរកព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ»។
5ទឹកបានព័ទ្ធជុំវិញទូលបង្គំ រហូតដល់ករបស់ទូលបង្គំ ដែលសេចក្ដីអន្តរាយបានហ៊ុមទូលបង្គំជិត ហើយសារ៉ាយបានរុំព័ទ្ធក្បាលទូលបង្គំ។
6ទូលបង្គំបានចុះទៅដល់បាតនៃភ្នំទាំងឡាយ ហើយផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ។ ប៉ុន្តែ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំ ព្រះអង្គបាននាំទូលបង្គំងើបចេញពីរណ្តៅ!
7កាលព្រលឹងទូលបង្គំបានសន្លប់ក្នុងទូលបង្គំ នោះទូលបង្គំស្រែកហៅព្រះអម្ចាស់ មកនៅក្នុងចិត្តរបស់ទូលបង្គំ ហើយសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានទៅព្រះអង្គ គឺចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។
8អស់ពួកអ្នកដែលជឿលើព្រះដែលក្លែងក្លាយ សូមលះបង់ភាពស្មោះត្រង់របស់អ្នកចំពោះពួកគេ។
9ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង។ ឯសេចក្ដីសង្គ្រោះនោះកើតមកតែពីព្រះអម្ចាស់»។
10ពេលនោះព្រះអម្ចាស់ បង្គាប់ត្រី ឲ្យខ្ជាក់លោកយ៉ូណាសចេញនៅលើដីគោក។