1ប៉ុន្តែ ការនោះលោកយ៉ូណាសមិនពេញចិត្តសោះ ហើយលោកក៏ខឹងខ្លាំង។
2រួចលោកយ៉ូណាសអធិស្ឋានដល់ព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំត្រលប់ទៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែចិត្តចេញពីការធ្វើទុកផងដែរ។
3ដូច្នេះអាលូវនេះ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
4ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ការដែលឯងខឹងដូច្នេះ តើគួរឬ?»
5លោកយ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង។ នៅទីនោះលោកធ្វើជម្រកមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុងនោះ។
6ព្រះអម្ចាស់ ទ្រង់ធ្វើឲ្យមានដើមឈើ ហើយដុះឡើងគ្របបាំងលោកយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាលរបស់គាត់ ដើម្បីកុំឲ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមឈើនោះ។
7ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះធ្វើឲ្យមានដង្កូវមួយ។ វាមកស៊ីដើមឈើស្វិតក្រៀមវិញ។
8ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត។ ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ។ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ។ ដោយពោលពាក្យដាក់ខ្លួនឯងថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
9ពេលនោះព្រះទ្រង់មានព្រះបន្ទូលទៅលោកយ៉ូណាសថា៖ តើវាជាការល្អដែលឯងខឹងពីដើមឈើនោះ?» រួចលោកយ៉ូណាសតបថា៖ «វាជាការល្អដែលទូលបង្គំខឹងនេះ ទោះបើដល់ស្លាប់ក៏ដោយ»។
10ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើឯងបានអាណិតចំពោះរុក្ខជាតិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង។ វាដុះឡើងក្នុងមួយយប់ ហើយបានវិនាសបាត់ ក្នុងមួយយប់ដូចគ្នានោះ។
11ដូច្នេះដូចយើងចឹង តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វជាច្រើនទៀត?»