ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 38

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ លោក​យ៉ូប​ពី​ក្នុង​ខ្យល់​ព្យុះ​ដូច​ត​ទៅ៖
2«ម្ដេច​ក៏​អ្នក​បង្អាប់​គម្រោង‌ការ​របស់​យើង ដោយ​ពោល​ពាក្យ​មិន​ដឹង​ខុស​ត្រូវ​ដូច្នេះ?
3ចូរ​ប្រុង​ប្រៀប​ខ្លួន​ដូច​មនុស្ស​អង់អាច យើង​នឹង​សួរ​អ្នក ហើយ​អ្នក​ត្រូវ​តែ​ឆ្លើយ​ឲ្យ​យើង​ដឹង​ផង។
4នៅ​ពេលដែល​យើង​បង្ក​បង្កើត​គ្រឹះនៃផែនដី នោះ​តើ​អ្នក​នៅទី​ណា? ប្រសិន​បើ​អ្នក​ដឹង​សព្វ​គ្រប់​ដូច្នេះ ចូរ​ប្រាប់យើង​មក​។
5នរណា​ជា​អ្នក​កំណត់​ទំហំ​ផែនដី? នរណា​ជា​អ្នក​ទាញ​ខ្សែ​វាស់​ផែនដីតើ​អ្នកអាចប្រាប់យើងបានទេ?
6តើ​ផែនដី​ចាក់​គ្រឹះ​នៅ​លើ​អ្វី? តើ​នរណា​បាន​បញ្ចុះ​ថ្ម​ដ៏​សំខាន់
7ក្នុង​ពេល​ដែល​ផ្កាយ​ព្រឹក​ស្រែក​ច្រៀង​ព្រម​គ្នា ហើយ​ពពួក​ទេវតា​បន្លឺ​សំឡេង​យ៉ាង​សប្បាយ?
8តើ​នរណា​ទប់​សមុទ្រ​ជាប់ នៅ​ពេល​ដែល ទឹក​ជន់‌ជោរ​ឡើង​ពី​ទី​ជម្រៅ​នៃ​ផែនដី?
9ពេលណាយើង​ បាន​យក​ពពក​បិទ‌បាំង​សមុទ្រ ទុក​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​យក​ភាព​ងងឹត​ទុក​មួយកន្លែងឬ?
10យើង​បាន​កំណត់​ព្រំ‌ដែន​ឲ្យ​សមុទ្រ យើង​បាន​ទប់​សមុទ្រ​ជាប់ ដូច​បិទ​ទ្វារ និង​ខ្ទាស់​រនុក។
11យើង​បញ្ជា​ទៅ​សមុទ្រ​ថា ចូរ​មក​ត្រឹម​នេះ ប៉ុន្តែកុំ​ទៅ​ហួស​ដល់​ខាង​នោះ ចូរ​ឲ្យ​រលក​ដ៏​សាហាវ​របស់​ឯង​ឈប់ ត្រង់​កន្លែង​នេះ។
12តាំង​ពី​អ្នក​កើត​មក តើ​អ្នក​ធ្លាប់​បញ្ជា ឲ្យ​មាន​ពេល​ព្រឹក ហើយ​កំណត់​ពេល​វេលា​ពេលព្រឹកនោះឲ្យ​មានថ្ងៃ​រះ​ឡើង ដូច្នេះ អ្នកនឹងអាច កាន់ជាយ​ផែនដីកុំឲ្យវិល
13ធ្វើដូចនេះអ្នកនឹងអាច ​អង្រួន​មនុស្ស​អាក្រក់​ពីឲ្យធ្លាក់ចេញពីផែនដីបានត្រូវទេ?
14ផែនដី​ទាំង​មូល​ចាប់​ផ្ដើម​មាន​រូប​រាង ដួចេជា ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ។
15ចំណែក​មនុស្ស​អាក្រក់​​ពន្លឺ​របស់ពូកគេគឺត្រូវយកចេញពីគេ ដៃ​ដែល​ធ្លាប់​ធ្វើ​បាប​អ្នក​ដទៃ​នឹង​ត្រូវ​បាក់។
16តើអ្នកបានទៅដល់ទីជម្រៅនៃទឹកហើយបាតនៃសមុទ្រទេ?
17តើអ្នកធ្លាប់បានដើរនៅផ្នែកដែលទាបហើយនៅទីជ្រៅបំផុតទេ? ហើយតើទ្វារនៃស្ថានឃុំមនុស្សស្លាប់បានបង្ហាញដល់អ្នកទេ?
18តើអ្នកធ្លាប់ឃើញម្លប់នៃសេចក្តីស្លាប់ទេ? តើអ្នកធ្លាប់បានយល់ពីទំហំនៃផែនដីដែរឬទេ? បើអ្នកដឹងពីការនេះសូមប្រាប់យើងផង។
19តើរបៀបនៃការសម្រាក់នៅកន្លែងពន្លឺ ក្នុងពេលងងឹត តើកន្លែងនោះនៅទីណា?
20តើអ្នកអាចដឹកនាំពន្លឺហើយនិងភាពងងឹត ទៅកាន់កន្លែងការងារទាំងពីរនោះបានទេ? តើអ្នកអាចស្គាល់ផ្លូវទៅកន្លែទាំងនោះទេ?
21មិនឆ្ងល់ទេបើអ្នកដឹងនោះ ដ្បិតអ្នកបានកើតមក ហើយថ្ងៃនៃអាយុរបស់អ្នកក៏វែងដែរ!
22តើអ្នកធ្លាប់បានទៅដល់ឃ្លាំងដែលដាក់ហិមៈទេ ឬតើអ្នកធ្លាប់បានឃើញឃ្លាំងនៃព្រិល
23ការទាំងនេះដែលយើងបានរក្សាទុក្ខសម្រាប់ពេលមានទុក្ខលំបាក ហើយនិងថ្ងៃវាយប្រហារហើយសង្គ្រាម?
24តើបានពន្លឺ​ចាំង​ចែង​មក​តាម​ផ្លូវ​ណាហើយ​ខ្យល់​ដែល​បក់​ពី​ទិស​ខាង​ជើង មក​លើ​ផែនដី​តាម​ផ្លូវ​ណា តើ​អ្នក​ដឹង​ឬ​ទេ?
25តើអ្នកណាបានបង្កើតផ្លូវទឹកពេលមានភ្លៀងធ្លាក់ជន់ ឬអ្នកណាដឹងពីផ្លូវនិងទីកន្លែងដែលផ្ទុះផ្គរ‌លាន់
26ដើម្បីនឹង​បង្អុរ​ជា​ភ្លៀង​មក​លើ​ដី​ ជាកន្លែងដែល​គ្មាន​មនុស្សរស់​នៅ ហើយនិង​លើ​វាល​រហោ‌ស្ថាន​ដ៏​ស្ងាត់​ជ្រងំ
27ដើម្បី​ស្រោច​ស្រព​ដី​រឹង​ស្ងួតនៅតាមទឹកដីដែល បែក​ក្រហែង និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង?
28តើ​ភ្លៀង​មាន​ឪពុក​ឬ​ទេ? នរណា​ផ្ដល់​កំណើត​ឲ្យ​ដំណក់​ទឹក​សន្សើម?
29តើ​នរណា​ជា​ម្ដាយ​របស់​ទឹក​ដែល​កក? តើអ្នកណាបាន​សម្រាល​ចេញ​ជា​សន្សើម​កក ដែល​ធ្លាក់​ចុះ​ពី​លើ​មេឃ?
30ផ្ទៃ​ទឹក​ទាំង‌ឡាយ​ប្រែ​ជា​នៅ​នឹង​ថ្កល់ រឹង​ដូច​ថ្ម ហើយ​មហា‌សាគរ​ក៏​កក​ដែរ។
31តើ​អ្នក​អាច​ផ្គុំ​កញ្ចុំ​ផ្កាយ​នង្គ័ល​ជាប់​ជា​មួយ​គ្នា ឬ​បំបែក​ផ្កាយ​កូន​មាន់​ចេញ​ពី​គ្នា​បាន​ដែរ​ឬ?
32តើ​អ្នក​អាច​ធ្វើ​ឲ្យ​ចក្រ‌រាសី​លេច​ចេញ​មក តាម​ពេល​កំណត់​របស់​វា និង​នាំ​ផ្លូវ​ផ្កាយ​ក្រពើ​ទាំង​ធំ ទាំង​តូច​បាន​ឬ?
33តើ​អ្នក​ស្គាល់​ច្បាប់​នៅ​លើ​មេឃទេ? ហើយតើអ្នក​អាច​ចាត់​ចែង​សណ្ដាប់‌ធ្នាប់​នៅ​លើ និងគ្រប់គ្រងផែនដី​បាន​ឬ​ទេ?
34តើ​អ្នកអាច​ស្រែកឲ្យឭដល់​ពពក ដូច្នេះមេឃនឹងធ្លាក់ភ្លៀង​យ៉ាងច្រើនមក​លើ​អ្នក​ឬ​ទេ?
35តើ​អ្នកអ្នក​បញ្ជា​ផ្លេក​បន្ទោរ​ឲ្យ​បញ្ចេញ ពន្លឺ​រស្មី ហើយផ្លេកបន្ទោរនោះនិយាយថា ពួកយើងនឹងព្រមធ្វើតាមទេ?
36តើ​នរណា​ធ្វើ​ឲ្យ​សត្វ​មាន​ប្រាជ្ញា​ដឹង​ជា​មុន ថា​ដល់​ពេល​ទឹក​ឡើង ហើយ​ដឹង​ថា​រដូវ​វស្សា​ចូល​មក​ដល់?
37តើ​នរណា​មាន​ប្រាជ្ញា​អាច​រាប់​ដុំ​ពពកបានទេ? តើអ្នកណាអាច​ផ្អៀង​អាង​នៅ​លើ​មេឃ ឲ្យ​បង្ហូរ​ទឹក​ចុះ​មក
38ដើម្បី​ស្រោច​ស្រព​ធូលី​ដី​ឲ្យ​នៅ​ផ្គុំ​គ្នា ហើយ​ធ្វើ​ឲ្យ​ដី​បែក​ក្រហែង មក​នៅ​ជាប់​គ្នា​វិញ។
39តើ​អ្នក​ឬ​ដែល​ដេញ​ចាប់​សត្វ​មក​ចិញ្ចឹម​សិង្ហ​ញី និង​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​កូន​សិង្ហ​បាត់​ឃ្លាន
40នៅ​ពេល​ដែល​វា​ក្រាប​ក្នុង​រូង ឬ​សំងំ​ចាប់​រំពា​នៅ​ក្នុង​ព្រៃ​ល្បោះ?
41តើ​នរណា​ជា​អ្នក​ផ្ដល់​ចំណី​ឲ្យ​សត្វ​ក្អែក នៅ​ពេល​ដែល​កូន​វា​ស្រែក​ហៅ​ព្រះ‌ជាម្ចាស់ ហើយ​ហើរ​ចុះ​ហើរ​ឡើង ព្រោះ​អត់​អាហារ?
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។