ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូប 37

Read Scripture freely. Divine Threads study for this chapter is coming later.

1ការពិត បេះដូងខ្ញុំ​ញ័រ​រន្ធត់​ ចង់លោតចេញពីដើមទ្រង់ហើយ​។
2​ស្ដាប់​ចុះ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌សូរសៀង ដែល​លាន់​ឮ​គគ្រឹក‌គគ្រេង គឺ​សំឡេង​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ។
3ព្រះអង្គ​ធ្វើ​ឲ្យ​លាន់​ឮ​ពាស‌ពេញ​ផ្ទៃ​មេឃ ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​រហូត​ទៅ​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។
4បន្ទាប់​មក ព្រះ‌សូរសៀង​ដ៏​រំពង​របស់​ព្រះអង្គ លាន់​ឮ​ឡើង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​នោះ ព្រះអង្គ​បណ្ដោយ​ឲ្យ​ផ្លេក​បន្ទោរ ជះ​ពន្លឺ​ដ៏​ព្រោង‌ព្រាត។
5ព្រះ‌ជាម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ដ៏​គួរ​ស្ញប់‌ស្ញែង ព្រះអង្គ​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​បំផុត ដែល​យើង​ពុំ​អាច​ស្វែង​យល់​បាន។
6ព្រះអង្គ​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​បង្គាប់​ឲ្យ​មានភ្លៀង​។
7ពេល​នោះ ព្រះអង្គ​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។
8សត្វ​ព្រៃ​នាំ​គ្នា​រត់​ទៅ​រក​ជម្រក ហើយ​សំងំ​នៅ​ក្នុង​រូង​របស់​វា។
9ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ខ្យល់​ត្រជាក់​បក់​មក​ពី​ទិស​ខាង​ជើង។
10ដោយ‌សារ​ខ្យល់ដង្ហឹម​របស់​ព្រះ‌ជាម្ចាស់ ទឹក​ប្រែ​ជា​កក ហើយ​ផ្ទៃ​ទឹក​ប្រែ​ជា​រឹង។
11ជាការពិត ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចំហាយ​នៅ​ក្នុង​ពពក ហើយព្រះជាម្ចាស់បានធ្វើ​ឲ្យ​ពពក​នោះ​ជះ​ពន្លឺ​ដ៏​ភ្លឺ​ផ្លេក។
12ព្រះអង្គ​ឲ្យ​ពពក​រសាត់​ទៅ​គ្រប់​ទិស‌ទី ស្រប​តាម​ព្រះ‌ហឫទ័យ​ដែល​ព្រះអង្គ​ប្រើ​វា ឲ្យ​ទៅ​សព្វ​ទី​កន្លែង​នៅ​លើ​ផែនដី។
13ព្រះជាម្ចាស់ធ្វើការនេះឲ្យកើតឡើង ដើម្បី​ព្រះអង្គកែតម្រូវដល់​មនុស្ស នៅ​លើ​ផែនដី ឬ​សម្តែង ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះអង្គ។
14លោក​យ៉ូប​អើយ សូម​​ស្ដាប់​សេចក្ដី​ទាំង​នេះ ហើយ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ថ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។
15សូម​លោក​សង្កេត​ឲ្យ​ច្បាស់​ថា តើ​ព្រះ‌ជាម្ចាស់​បញ្ជា​ធម្ម‌ជាតិ​ទាំង​នោះ និង​បញ្ចេញ​ផ្លេក​បន្ទោរ​ពី​ពពក​របស់​ព្រះអង្គ តាម​របៀប​ណា?
16តើ​លោក​ដឹង​ឬ​ទេ​ថា ពពក​រក្សា​លំនឹង នៅ​ក្នុងអាកាស‌វេហាស៍ ដោយ​របៀប​ណា ទាល់​តែ​អ្នក​មាន​ប្រាជ្ញា​ប្រសើរ​ឥត​ខ្ចោះទើប​សម្រេច​ការ​អស្ចារ្យ​បែប​នេះ​បាន?
17ពេល​ធាតុ​អាកាស​ហប់ដោយ‌សារ​ខ្យល់​ក្ដៅ​បក់​មក​ពី​ទិស​ខាង​ត្បូង នោះ​លោក​ក៏​ក្ដៅ​ស្អុះ‌ស្អាប់​ទៅ​ហើយ?
18ដូច្នេះ តើ​លោក​អាច​ជួយ​ព្រះ‌ជាម្ចាស់ ដើម្បី​លាត​សន្ធឹង​អាកាស‌វេហាស៍ ដែល​រឹង​ដូច​កញ្ចក់​ដ៏​ភ្លឺ​រលើប​បាន​ដែរ​ឬ?
19សូម​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ដែល យើង​ត្រូវ​ទូល​ព្រះអង្គ​ផង យើង​មិន​ដឹង​ជា​ត្រូវ​ថ្លែង​ដូច​ម្ដេច​ទេ ព្រោះ​យើង​ជា​មនុស្ស​ល្ងិត‌ល្ងង់។
20ខ្ញុំ​មិន​ចង់​និយាយ​ទៅ​កាន់​ព្រះអង្គ​ទេ ដ្បិត​ខ្ញុំ​មិន​ចង់​ហុច​ឱកាស​ឲ្យ​ព្រះអង្គ​បំផ្លាញ​ខ្ញុំ។
21ឥឡូវនេះ មនុស្សមិន​អាច​មើល​ឃើញ​ពន្លឺ​ទៀត​ទេ ព្រោះ​ព្រះ‌អាទិត្យ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ពពក ហើយ​មាន​ខ្យល់​បក់​មក​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ ប្រែ​ជា​ស្រឡះ។
22មាន​ពន្លឺ​ពណ៌​មាស​ចេញ​មក​ពី​ទិស​ខាង​ជើង ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ជាម្ចាស់​ដ៏​ថ្កុំ‌ថ្កើង និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
23យើង​មិន​អាចរក​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​ឡើយ! ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ពេញដោយ‌ព្រះ‌ចេស្ដា ព្រះអង្គ​មិនបានសង្កត់សង្កិនភាព​យុត្តិធម៌ ហើយ​សុចរិត​បំផុត។
24ដូច្នេះ មនុស្សដែលកោតខ្លាចព្រះអង្គ។ ព្រះអង្គ​មិន​រវី‌រវល់​នឹង​អ្នក​ដែល​តាំង​ខ្លួន ជា​មនុស្ស​មាន​ប្រាជ្ញា​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។