1លោកអេលីហ៊ូវមានប្រសាសន៍ បន្តទៀតថា៖
2«សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវនិយាយ ដើម្បីការពារព្រះជាម្ចាស់។
3ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំទទួលស្គាល់ថា សេចក្តីសុចរិតគឺជារបស់ព្រះជាម្ចាស់ ដែលបានបង្កើតខ្ញុំ។
4ដ្បិតសេចក្ដីដែលខ្ញុំនិយាយ មិនមែនខាងឯសាច់ឈាមទេ គឺខ្ញុំបានពេញវ័យនៅក្នុងចំណេះដឹង នៅជាមយួយលោក។
5ព្រះជាម្ចាស់ដ៏អស្ចារ្យ មិនមើលងាយនរណាម្នាក់ឡើយ ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម និងពេញដោយព្រះប្រាជ្ញាញាណ។
6ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ មនុស្សក្រីក្រ។
7ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ ពីមនុស្សសុចរិតឡើយ ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ រួមជាមួយស្ដេចនានា ព្រមទាំងលើកតម្កើងគេថែមទៀតផង។
8ប្រសិនបើគេជាប់ច្រវាក់ ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
9គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់ អំពើដែលខ្លួនប្រព្រឹត្ត នៅពេលមានអំនួត គេបានបះបោរ ប្រឆាំងនឹងព្រះអង្គ។
10ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់ ស្ដាប់ដំបូន្មាន ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
11ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល គេមុខជាមានសុភមង្គល និងអំណរសប្បាយ រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
12ប្រសិនបើគេមិនព្រមស្ដាប់ទេ គេមុខជាត្រូវវិនាសដោយមុខលំពែង គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
13មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14ពួកគេស្លាប់ទៅ ទាំងខ្លួននៅក្មេង ជីវិតរបស់ពួកគេបានបញ្ចាប់ជាមួយ ចំណោមពូជកំផឹត។
15ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត ដើម្បីរំដោះជនក្រីក្រ ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី ភាពអាសន្ននេះ ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន ហើយតុរបស់លោកនឹងពោរពេញដោយ ចំណីអាហារដ៏ឆ្ងាញ់ពិសា។
17ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់ លោកនឹងទទួលទោស ស្របតាមយុត្តិធម៌ ចៀសមិនផុតឡើយ។
18សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោកចំអក ឬក៏ជាហេតុធ្វើឲ្យលោកបែរចេញផងដែរ។
19ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក ឲ្យរួចពីភាពអាសន្នបានទេ តើកម្លាំងដ៏ខ្លាំងរបស់លោក អាចជួយលោកបានទេ?
20កុំរង់ចាំដល់ពេលយប់ ដើម្បីធ្វើបាបទាស់ជាមួយអ្នកផ្សេង ជាពេលដែល មនុស្សត្រូវវិនាសពីកន្លែងពួកគេ។
21ប៉ុន្តែ ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើបាប ដោយព្រោះលោកបានល្បងពីសេចក្តីឈឺចាប់វិញ ដូច្នេះសូមនៅឲ្យឆ្ងាយអំពើបាប។
22មើល! ព្រះជាម្ចាស់លើកតម្កើង តាមរយៈព្រះចេស្ដារបស់ព្រះអង្គ តើនរណាអាចប្រៀនដូចព្រះអង្គបាន?
23តើនរណាអាចបង្រៀនព្រះអង្គអំពីមាគ៌ារនៃព្រះជាម្ចាស់? តើនរណាអាចនិយាយថា៖ ព្រះអង្គធ្វើដូច្នេះ គឺមិនសុចរិតនោះទេ?
24ហេតុនេះ សូមកុំភ្លេចលើកតម្កើង ស្នាព្រះហស្ថរបស់ព្រះអង្គ ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
25មនុស្សលោកទាំងអស់មើលឃើញ ស្នាព្រះហស្ដនេះពីចម្ងាយ ហើយស្ងើចសរសើរគ្រប់ៗគ្នា។
26មើល! ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម ដែលយើងពុំអាចស្វែងយល់បានឡើយ ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ របស់ព្រះអង្គបានដែរ។
27ដ្បិត ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា ជាចំហាយ និងទឹកភ្លៀង។
28កន្លែងពពកបង្អុរភ្លៀងចុះមកស្រោចស្រពបណ្ដាមនុស្សនៅលើផែនដី។
29ការពិត តើនរណាអាចយល់ពីដំណើរពពករសាត់ ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍បាន?
30ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ តែព្រះអង្គធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។
31ព្រះអង្គគ្រប់គ្រងលើជនជាតិទាំងឡាយ ដោយប្រទានទឹកភ្លៀង និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
32ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ថ ហើយបាញ់តម្រង់ទៅរកទិសដៅ។
33ព្រះអង្គប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ព្យុះ ហើយគោក្របីក៏អាចឮពីសម្លេងទាំងនោះដែរ។