1ក្នុងកាលដែលព្រះយេស៊ូយាងកាត់ផ្លូវ ព្រះអង្គទតឃើញបុរសពិការភ្នែកម្នាក់តាំងពីកំណើត។
2ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គថា៖ «រ៉ាប៊ី តើនរណាបានធ្វើបាប បុរសនេះ ឬឪពុកម្តាយរបស់គាត់ បានជាធ្វើឲ្យគាត់ពិការភ្នែកតាំងពីកំណើតយ៉ាងនេះ?»។
3ព្រះយេស៊ូឆ្លើយថា៖ «មិនមែនបុរសនេះ ឬឪពុកម្តាយរបស់គាត់ធ្វើបាបទេ ប៉ុន្តែ គាត់ពិការភ្នែកដូច្នេះ ដើម្បីឲ្យព្រះបង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។
4យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គ ដែលចាត់ខ្ញុំឲ្យមកទាន់នៅពេលថ្ងៃនៅឡើយ។ ពេលយប់ជិតមកដល់ហើយ នៅពេលដែលគ្មាននរណាម្នាក់មិនអាចធ្វើការបាន។
5ក្នុងពេលដែលខ្ញុំនៅក្នុងពិភពលោកនេះនៅឡើយ ខ្ញុំគឺជាពន្លឺនៃលោកីយ៍»។
6បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ ព្រះអង្គបានស្តោះទឹកមាត់ទៅដី យកទឹកមាត់ធ្វើជាភក់ ហើយលាបភក់នោះនៅលើភ្នែករបស់គាត់។
7ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «ចូរទៅលាងនៅក្នុងស្រះទឹកស៊ីឡោម (ដែលប្រែថា ចាត់ឲ្យទៅ)»។ បុរសនោះក៏ចេញទៅ បានលាង ហើយបានត្រឡប់មកវិញទាំងមើលឃើញ។
8បន្ទាប់មក អ្នកជិតខាងរបស់បុរសនោះ និងអស់អ្នកដែលធ្លាប់បានឃើញគាត់ ដែលធ្លាប់ជាអ្នកសុំទានពីមុន បាននិយាយថា៖ «តើបុរសនេះ មិនមែនជាម្នាក់ដែលធ្លាប់អង្គុយ ហើយសុំទានទេឬអី?»
9អ្នកខ្លះនិយាយថា៖ «គឺគាត់និងហើយ»។ អ្នកខ្លះទៀតនិយាយថា៖ «មិនមែនទេ ប៉ុន្តែ គាត់គ្រាន់តែដូចអ្នកនោះប៉ុណ្ណោះ»។ ប៉ុន្តែ បុរសនោះនិយាយថា៖ «គឺខ្ញុំនិងហើយ»។
10ពួកគេនិយាយទៅកាន់គាត់ថា៖ «តើភ្នែករបស់អ្នកអាចមើលឃើញយ៉ាងដូចម្តេច?»
11គាត់បានឆ្លើយថា៖ «បុរសម្នាក់ដែលគេហៅថា យេស៊ូបានយកភក់ ហើយបានយកវាមកដាក់លាបនៅលើភ្នែករបស់ខ្ញុំ ហើយមានបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រះទឹកស៊ីឡោម ហើយលាងទៅ»។ ដូច្នេះ ខ្ញុំក៏ទៅ ហើយបានលាងទឹក ភ្នែករបស់ខ្ញុំក៏ភ្លឺឡើង»។
12ពួកគេនិយាយទៅកាន់គាត់ថា៖ «តើគាត់នៅឯណា?» គាត់បានឆ្លើយថា៖ «ខ្ញុំមិនដឹងទេ»។
13ពួកគេបាននាំបុរសម្នាក់ដែលខ្វាក់ពីមុននោះទៅជួបពួកផារីស៊ី។
14នៅថ្ងៃដែលព្រះយេស៊ូបានយកភក់ ហើយធ្វើឲ្យភ្នែកអ្នកពិការនោះភ្លឺគឺជាថ្ងៃសប្ប័ទ។
15ហើយពួកផារីស៊ីបានសួរគាត់ម្តងទៀត ពីការដែលភ្នែករបស់គាត់ភ្លឺឡើងនោះ។ គាត់និយាយទៅកាន់ពួកគេថា «គាត់យកភក់មកដាក់លើភ្នែករបស់ខ្ញុំ ហើយខ្ញុំក៏ទៅលាង នៅពេលឥឡូវនេះ ខ្ញុំអាចមើលឃើញ»។
16ពួកផារីស៊ីខ្លះបាននិយាយថា៖ «បុរសនេះមិនមែនមកពីព្រះជាម្ចាស់ទេ ព្រោះគាត់មិនបានគោរពតាមថ្ងៃសប្ប័ទ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «បើបុរសនេះជាមនុស្សមានបាបមែន តើគាត់អាចធ្វើទីសម្គាល់ផ្សេងៗដូចម្តេចកើត?» ដូច្នេះ ក៏មានជម្លោះកើតឡើងនៅក្នុងចំណោមពួកគេ។
17ដូច្នេះ ពួកគេបានសួរទៅបុរសពិការភ្នែកម្តងទៀតថា៖ «តើអ្នកគិតថាអ្នកនោះជានរណា នៅពេលដែលអ្នកនោះបានធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺ?»។ បុរសពិការភ្នែកនោះនិយាយថា៖ «គាត់ជាព្យាការី»។
18ហើយពួកគេយូដានៅតែមិនជឿគាត់ថា គាត់ពិការ ហើយអាចមើលឃើញឡើង ទាល់តែគេហៅឪពុកម្តាយរបស់អ្នកដែលបានភ្លឺភ្នែកនេះមក។
19ពួកគេបានសួរទៅឪពុកម្តាយថា៖ «តើនេះគឺជាកូនរបស់ពួកអ្នក ដែលអ្នកនិយាយថាជាអ្នកពិការភ្នែកតាំងពីកំណើតមែនទេ? តើឥឡូវនេះ គាត់បានមើលឃើញវិញយ៉ាងដូចម្តេច?»
20ដូច្នេះ ឪពុកម្តាយរបស់គាត់បានឆ្លើយទៅពួកគេវិញថា៖ «យើងដឹងថា នេះគឺជាកូនរបស់យើងខ្ញុំ ហើយថាគាត់បានពិការតាំងពីកំណើតមកមែន។
21ពីការដែលគាត់មើលឃើញឥឡូវនេះ យើងខ្ញុំមិនដឹងទេ ហើយអ្នកណាបានធ្វើឲ្យភ្នែករបស់គាត់បានភ្លឺ ក៏យើងមិនដឹងដែរ។ សូមសួរគាត់ទៅ គឺគាត់ពេញវ័យហើយ។ គាត់អាចឆ្លើយបាន»។
22ឪពុកម្តាយរបស់គាត់បាននិយាយការទាំងនេះ ដោយសារពួកគាត់ភ័យខ្លាចនឹងសាសន៍យូដា។ ដ្បិតសាសន៍យូដាបានព្រមព្រៀងគ្នារួចស្រេចហើយថា ប្រសិនបើនរណាប្រកាសពីព្រះអង្គថាជាព្រះគ្រិស្ត ពួកគេនឹងត្រូវបណ្តេញចេញពីសាលាប្រជុំ។
23ដោយហេតុនេះហើយ ឪពុកម្តាយរបស់គាត់បាននិយាយថា៖ «គាត់ពេញវ័យហើយ សួរគាត់ទៅ»។
24ដូច្នេះ ពួកគេបានហៅបុរសដែលពិការភ្នែកនោះមកជាលើកទីពីរ ហើយនិយាយទៅគាត់ថា៖ «ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ យើងដឹងថា បុរសម្នាក់នេះជាមនុស្សមានបាប»។
25បន្ទាប់មក បុរសនោះបានឆ្លើយថា៖ «ខ្ញុំអត់ដឹងទេ ថាគាត់ជាមនុស្សមានបាបមែនឬយ៉ាងណា។ ប៉ុន្តែ ការមួយដែលខ្ញុំដឹងគឺ ពីមុនខ្ញុំពិការ ហើយឥឡូវខ្ញុំមើលឃើញហើយ»។
26ពួកគេនិយាយទៅកាន់គាត់ថា៖ «តើគាត់បានធ្វើអ្វីដល់អ្នក? តើគាត់បានធ្វើឲ្យភ្នែករបស់អ្នកបានភ្លឺយ៉ាងដូចម្តេច?»
27គាត់ឆ្លើយថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ តែអស់លោកមិនព្រមស្តាប់ ហេតុអ្វីបានជាអស់លោកចង់ឮវាម្តងទៀត?
28ក្រែងអស់លោកមិនចង់ធ្វើជាសិស្សរបស់គាត់ តើមែនទេ? ពួកគេក៏ប្រមាថគាត់ ហើយនិយាយទៅគាត់ថា៖ «តើអ្នកជាសិស្សរបស់គាត់មែនទេ ប៉ុន្តែ យើងជាសិស្សរបស់លោកម៉ូសេ។
29យើងដឹងថាព្រះជាម្ចាស់បានមានបន្ទូលជាមួយនឹងលោកម៉ូសេ ប៉ុន្តែ យើងមិនដឹងថា លោកម្នាក់នេះមកពីណាទេ»។
30បុរសនោះបានឆ្លើយ ហើយនិយាយទៅកាន់ពួកគេថា៖ «គួរឲ្យអស្ចារ្យណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណាទេ ប៉ុន្តែគាត់បានធ្វើឲ្យភ្នែករបស់ខ្ញុំភ្លឺ។
31យើងដឹងថាព្រះជាម្ចាស់មិនស្តាប់មនុស្សមានបាប ប៉ុន្តែ ប្រសិនបើ នរណាម្នាក់កោតខ្លាច ហើយធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងស្តាប់គាត់។
32តាំងពីលោកីយ៍បានកើតមក មិនដែលបានឮនរណាម្នាក់ធ្វើឲ្យភ្នែករបស់បុរសដែលពិការតាំងពីកំណើតភ្លឺឡើងវិញទេ។
33ប្រសិនបើ បុរសនេះមិនបានមកពីព្រះជាម្ចាស់ លោកនឹងមិនអាចធ្វើអ្វីបានទាំងអស់។
34ពួកគេឆ្លើយហើយនិយាយទៅកាន់គាត់ថា៖ «អ្នកកើតមកនៅក្នុងអំពើបាបពិតប្រាកដមែន ហើយអ្នកមកបង្រៀនយើងមែនទេ?» បន្ទាប់មក ពួកគេបានបណ្ដេញគាត់ចេញទៅក្រៅ។
35ព្រះយេស៊ូបានឮថា ពួកគេបានបណ្តេញគាត់ចេញក្រៅពីសាលាប្រជុំ។ ព្រះអង្គបានទៅជួបគាត់ ហើយមានបន្ទូលថា៖ «តើអ្នកជឿលើបុត្ររបស់មនុស្សទេ?»
36គាត់ឆ្លើយ ហើយនិយាយថា៖ «លោកម្ចាស់អើយ តើព្រះអង្គជានរណា? ដើម្បីឲ្យខ្ញុំបានជឿដល់ព្រះអង្គផង»។
37ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកបានឃើញព្រះអង្គហើយ ហើយព្រះអង្គគឺជាព្រះដែលកំពុងតែមានបន្ទូលមកកាន់អ្នកហើយ»។
38បុរសនោះនិយាយថា៖ «ព្រះអម្ចាស់អើយ ខ្ញុំជឿព្រះអង្គហើយ» ហើយគាត់ក៏ថ្វាយបង្គំព្រះអង្គ។
39ព្រះយេស៊ូមានបន្ទូលថា៖ «ដ្បិត ខ្ញុំបានមកលោកីយ៍នេះ ដើម្បីជំនុំជម្រះ ដូច្នេះ អ្នកណាដែលមិនបានឃើញ ឲ្យបានឃើញ ហើយអ្នកដែលបានឃើញត្រឡប់ទៅជាមើលមិនឃើញវិញ»។
40មានពួកផារីស៊ីខ្លះ ដែលនៅជាមួយព្រះអង្គបានឮការទាំងនេះ ហើយពួកគេបានសួរព្រះអង្គថា៖ «តើយើងក៏មើលមិនឃើញដែរមែនទេ?»
41ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ អ្នកមើលមិនឃើញមែន នោះអ្នកអាចគ្មានបាប ប៉ុន្តែ ឥឡូវនេះ អ្នកនិយាយថា៖ «យើងមើលឃើញ» ដូច្នេះ អ្នកនៅតែមានបាបដដែលទេ។