ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 8

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះយេស៊ូបានយាងឡើងទៅឯភ្នំអូលីវ។
2លុះដល់ពេលព្រឹកព្រលឹម ព្រះអង្គបានយាងមកព្រះវិហារម្តងទៀត ហើយមនុស្សទាំងអស់បានមក ព្រះអង្គក៏គង់ចុះ ហើយបានបង្រៀនដល់ពួកគេ។
3ពួកស្គាល់ច្បាស់ខាងវិន័យ និងពួកផារីស៊ីបាននាំស្រ្តីដែលគេចាប់បានម្នាក់ដោយសារការព្រឹត្តអំពើកំផិតសាហាស្មន់។​ ពួកគេបានដាក់នាងចំកណ្តាល។
4បន្ទាប់មក ពួកគេបាននិយាយទៅកាន់ព្រះអង្គថា៖ «លោកគ្រូ ស្រ្ដីម្នាក់នេះ គេចាប់បានក្នុងពេលដែលប្រព្រឹត្តអំពើកំផិតសាហាយស្មន់។
5ឥឡូវនេះ នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេបានបង្គាប់ឲ្យយើងចោលមនុស្សបែបនេះនឹងដុំថ្ម តើលោកគ្រូ យល់យ៉ាងណាដែរ?»
6ពួកគេនិយាយយ៉ាងដូច្នេះ ដើម្បីចាប់ព្រះអង្គ ធ្វើដូច្នេះ ដើម្បីឲ្យពួកគេមានអ្វីមួយដើម្បីចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូបានឱនចុះ ហើយសរសេរនៅលើដីដោយប្រើម្រាមដៃរបស់ព្រះអង្គ។
7នៅពេលពួកគេបន្តសួរសំណួរព្រះអង្គជាច្រើន ព្រះអង្គក៏ក្រោកឈរឡើង​ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «បើមាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាដែលគ្មានបាប ចូរឲ្យអ្នកនោះចោលនាងនឹងដុំថ្មមុនគេទៅ!»។
8រួចព្រះអង្គក៏អង្គុយចុះវិញ ហើយសរសេរនៅលើដីដោយប្រើម្រាមដៃរបស់ព្រះអង្គម្តងទៀត។
9នៅពេលពួកគេឮដូច្នេោះ ពួកគេបានចេញពីទីនោះម្នាក់ម្ដងៗ ចាប់ផ្តើមពីមនុស្សចាស់ជាងគេបំផុត។ ទីបំផុត នៅសល់តែព្រះអង្គ នៅជាមួយនាងដែលគេយកមកដាក់នៅចំកណ្តាលនោះ។
10ព្រះយេស៊ូបានក្រោកឈរឡើង ហើយមានបន្ទូលទៅនាងថា៖ «នាងអើយ តើអ្នកចោទប្រកាន់នាងទៅណាអស់ហើយ? តើមាននរណាម្នាក់ដាក់ទោសនាងទេ?
11នាងទូលតបថា៖ «អត់មានទេ ព្រះអម្ចាស់»។ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ។ ទៅចុះ ហើយកុំធ្វើបាបទៀត»។
12ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេម្តងទៀតដោយមានបន្ទូលថា៖ «ខ្ញុំជាពន្លឺនៃលោកីយ៍ អ្នកណាដែលដើរតាមខ្ញុំនឹងមិនដើរក្នុងសេចក្តីងងឹតឡើយ ប៉ុន្តែ នឹងមានពន្លឺនៃជីវិតវិញ។
13ពួកផារីស៊ីនិយាយទៅកាន់ព្រះអង្គថា៖ «អ្នកធ្វើបន្ទាល់ពីខ្លួនឯង ទីបន្ទាល់របស់អ្នកមិនពិតទេ»។
14ព្រះយេស៊ូមានបន្ទូលឆ្លើយ ហើយមានបន្ទូលថា៖ «ទោះបើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំក្តី ទីបន្ទាល់របស់ខ្ញុំជាសេចក្តីពិត។ ខ្ញុំដឹងថាខ្ញុំមកពីណា ហើយខ្ញុំកំពុងទៅណា ប៉ុន្តែ អ្នករាល់គ្នាមិនដឹងថា ខ្ញុំមកពីណា ឬខ្ញុំកំពុងទៅណាទេ។
15អ្នករាល់គ្នាវិនិច្ឆ័យខ្ញុំតាមរបៀបសាច់ឈាម តែខ្ញុំមិនវិនិច្ឆ័យនរណាម្នាក់ឡើយ។
16ប៉ុន្តែ ប្រសិនបើ ខ្ញុំវិនិច្ឆ័យវិញ សេចក្តីវិនិច្ឆ័យរបស់ខ្ញុំគឺជាសេចក្តីពិត ព្រោះខ្ញុំមិនមែនមានតែម្នាក់ឯង ប៉ុន្តែ ខ្ញុំនៅជាមួយព្រះបិតាដែលចាត់ខ្ញុំឲ្យមក។
17ពិតណាស់ នៅក្នុងក្រឹត្យវិន័យរបស់អ្នករាល់គ្នា បានចែងថា ទីបន្ទាល់ដែលមានគ្នាពីរនាក់ឡើងទៅជាសេចក្តីពិត។
18ខ្ញុំគឺជាអ្នកដែលធ្វើបន្ទាល់អំពីខ្លួនខ្ញុំ ហើយព្រះបិតាដែលចាត់ខ្ញុំមក ព្រះអង្គក៏ធ្វើបន្ទាល់ពីខ្ញុំដែរ»។
19ពួកគេទូលទៅកាន់ព្រះអង្គថា៖ «ព្រះបិតារបស់លោកនៅឯណា?» ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតាដែរ ប្រសិនបើ អ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ»។
20ព្រះអង្គមានបន្ទូលសេចក្តីទាំងនេះ ក្នុងការដែលព្រះអង្គបង្រៀននៅជិតឃ្លាំងក្នុងព្រះវិហារ ហើយគ្មាននរណាអាចចាប់ព្រះអង្គបានទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់ទេ។
21ដូច្នេះ ព្រះអង្គក៏មានបន្ទូលទៅពួកគេម្តងទៀតថា៖ «ខ្ញុំនឹងទៅឆ្ងាយ អ្នកនឹងស្វែងរកខ្ញុំ ហើយនឹងស្លាប់នៅក្នុងបាបរបស់អ្នករាល់គ្នា។ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ»។
22ពួកយូដានិយាយថា៖ «គាត់នឹងសម្លាប់ខ្លួនឯងមែនទេ? ហេតុដូច្នេះ បានជាគាត់និយាយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបាន?»។
23ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នានៅខាងក្រោម ខ្ញុំមកពីខាងលើ។ អ្នករាល់គ្នាជារបស់លោកីយ៍​នេះ ខ្ញុំវិញមិនមែនរបស់លោកីយ៍នេះទេ។
24ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។
25ដូច្នេះហើយ បានជាពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកជានរណា?» ព្រះយេស៊ូឆ្លើយទៅកាន់ពួកគេថា៖ «អ្វីដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាតាំងពីដំបូង។
26ខ្ញុំមានការជាច្រើនត្រូវនិយាយ ហើយវិនិច្ឆ័យអ្នករាល់គ្នា។ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកជាសេចក្តីពិត ហើយការអ្វីដែលខ្ញុំបានឮពីព្រះអង្គ ការទាំងនេះហើយ ខ្ញុំនិយាយទៅកាន់លោកីយ៍»។
27ពួកគេមិនយល់ថាព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេអំពីព្រះបិតាទេ។
28ព្រះយេស៊ូមានបន្ទូលថា៖ «នៅពេលដែលអ្នករាល់គ្នាលើកតម្កើងបុត្រមនុស្សឡើង នោះអ្នករាល់គ្នានឹងដឹងថាខ្ញុំគឺជាព្រះ ហើយដឹងថា ខ្ញុំធ្វើអ្វីៗមិនមែនចេញពីខ្លួនខ្ញុំទេ។ បើព្រះបិតាបង្រៀនអ្វីដល់ខ្ញុំ ខ្ញុំនិយាយការទាំងនោះ។
29ព្រះអង្គដែលចាត់ខ្ញុំមក ព្រះអង្គគង់នៅជាមួយខ្ញុំ ហើយព្រះអង្គមិនទុកខ្ញុំចោលឲ្យនៅម្នាក់ឯងឡើយ ព្រោះខ្ញុំតែងតែធ្វើអ្វីដែលគាប់ព្រះហឫទ័យដល់ព្រះអង្គជានិច្ច»។
30បន្ទាប់ពីព្រះយេស៊ូមានបន្ទូលការទាំងនេះហើយ មនុស្សជាច្រើនបានជឿលើព្រះអង្គ។
31ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកយូដាដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងពាក្យខ្ញុំ ដូច្នេះ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។
32ហើយអ្នកនឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។
33ពួកគេឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងគឺជាពូជពង្សរបស់លោកអប្រាហាំ ហើយយើងមិនដែលធ្លាប់ធ្វើជាទាសកររបស់នរណាម្នាក់ទេ តើអ្នកអាចនិយាយថា អ្នកនឹងរំដោះយើងឲ្យមានសេរីភាពដូចម្តេចនឹងកើត?»
34ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ពិតណាស់ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សគ្រប់គ្នាដែលធ្វើបាប គឺជាទាសកររបស់បាប។
35ទាសករមិននៅជាប់ក្នុងផ្ទះរហូតទេ ប៉ុន្តែ កូនទេដែលនៅជាប់ជារៀងរហូត។
36ដូច្នេះហើយ ប្រសិនបើ កូននោះរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព អ្នកនឹងមានសេរីភាពជាប្រាកដ។
37ខ្ញុំនឹងថា អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ អ្នករាល់គ្នាស្វែងរកចង់សម្លាប់ខ្ញុំ ដោយសារពាក្យរបស់ខ្ញុំមិននៅក្នុងអ្នករាល់គ្នាទេ។
38ខ្ញុំនិយាយអ្វីដែលខ្ញុំបានឃើញព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើអ្វីតាមដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នាដែរ»។
39ពួកគេឆ្លើយ និងទូលទៅកាន់ព្រះអង្គថា៖ «ឪពុករបស់យើងគឺលោកអប្រាហាំ»។ ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ អ្នករាល់គ្នាជាកូនរ​បស់លោកអប្រាហាំមែន អ្នកនឹងធ្វើការរបស់លោកអប្រាហាំដែរ។
40ផ្ទុយទៅវិញ អ្នកបែរជាស្វែងរកចង់សម្លាប់ខ្ញុំវិញ គឺជាម្នាក់ដែលនិយាយប្រាប់អ្នករាល់គ្នាពីសេចក្តីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់មក។ លោកអប្រាហាំមិនបានធ្វើការនេះទេ។
41អ្នករាល់គ្នាមិនបានធ្វើការរបស់ឪពុកអ្នករាល់គ្នាឡើយ»។ ពួកគេនិយាយទៅកាន់ព្រះអង្គថា៖ «យើងមិនបានកើតពីអំពើបាបអសីលធម៌ខាងផ្លូវភេទឡើយ យើងមានឪពុកតែមួយគឺ ព្រះជាម្ចាស់»។
42ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ប្រសិនបើ ព្រះជាម្ចាស់ជាព្រះបិតារបស់អ្នករាល់គ្នាមែន អ្នករាល់គ្នាមុខជាស្រឡាញ់ខ្ញុំមិនខាន ដ្បិត ខ្ញុំបានមកពីព្រះជាម្ចាស់ ហើយខ្ញុំនៅទីនេះហើយ ព្រោះខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះអង្គទេ ដែលចាត់ខ្ញុំឲ្យមក។
43ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យខ្ញុំ? នោះគឺដោយសារអ្នករាល់គ្នាមិនអាចឮពាក្យរបស់ខ្ញុំ។
44អ្នករាល់គ្នាកើតចេញពីឪពុករបស់អ្នករាល់គ្នា គឺជាមារ ហើយអ្នករាល់គ្នាធ្វើដែលអ្នករាល់គ្នាចង់ធ្វើគឺធ្វើតាមបំណងចិត្តឪពុករបស់អ្នករាល់គ្នា។ ឪពុករបស់អ្នករាល់គ្នាគឺជាឃាតករតាំងពីដំបូង ហើយមិនបានឈរនៅក្នុងសេចក្តីពិតទេ ដោយសារគ្មានសេចក្តីពិតនៅក្នុងគាត់ទេ។ នៅពេលដែលគាត់និយាយកុហក គាត់និយាយចេញពីនិស្ស័យរបស់គាត់ផ្ទាល់ ព្រោះគាត់គឺជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
45ប៉ុន្តែ នៅពេលដែលខ្ញុំនិយាយសេចក្តីពិត អ្នករាល់គ្នាមិនជឿដល់ខ្ញុំ។​
46តើអ្នកណាក្នុងចំណោមអ្នករាល់គ្នា អាចបង្ហាញដល់ខ្ញុំបានទេ ពីបាបរបស់ខ្ញុំ? ប្រសិនបើ ខ្ញុំនិយាយសេចក្តីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
47អ្នកដែលកើតមកពីព្រះជាម្ចាស់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយសារអ្នករាល់គ្នាមិនកើតមកពីព្រះជាម្ចាស់។
48ពួកយូដាឆ្លើយ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើយើងពិតជាបាននិយាយថា អ្នកគឺជាសាសន៍សាម៉ារី ហើយមានវិញ្ញាណអាក្រក់មែន?»
49ព្រះយេស៊ូឆ្លើយថា៖ «ខ្ញុំគ្មានវិញ្ញាណអាក្រក់ទេ ប៉ុន្តែ ខ្ញុំគោរពព្រះបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនបានគោរពដល់ខ្ញុំទេ។
50ខ្ញុំមិនបានស្វែករកសិរីល្អរបស់ខ្ញុំទេ មានព្រះមួយអង្គដែលស្វែងរក ហើយវិនិច្ឆ័យ។
51ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើ អ្នកណាប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនឃើញសេចក្តីស្លាប់ឡើយ»។
52ពួកយូដាទូលទៅកាន់ព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានវិញ្ញាណអាក្រក់មែន។ លោកអប្រាហាំ និងពួកព្យាការីបានស្លាប់ហើយ ប៉ុន្តែ អ្នកនិយាយថា៖ «ប្រសិនបើ អ្នកណាប្រព្រឹត្តតាមពាក្យខ្ញុំ អ្នកនោះនឹងមិនស្គាល់សេចក្តីស្លាប់ឡើយ។
53អ្នកមិនធំជាងលោកអប្រាហាំជាឪពុករបស់យើយដែលបានស្លាប់ទៅទេ តើមែនទេ? ពួកព្យាការីក៏បានស្លាប់ដែរ។ តើអ្នកតាំងខ្លួនអ្នកជានរណា?
54ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ប្រសិនបើ ខ្ញុំតម្កើងខ្លួនឯង សិរីល្អរបស់ខ្ញុំនោះគ្មានន័យអ្វីទេ ព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ តែចំពោះព្រះអង្គដែលអ្នករាល់គ្នានិយាយថា៖ «ទ្រង់គឺជាព្រះជាម្ចាស់របស់អ្នករាល់គ្នា»។
55អ្នករាល់គ្នាមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើ ខ្ញុំអាចនិយាយថា៖ «ខ្ញុំមិនស្គាល់ព្រះអង្គ ខ្ញុំក៏ដូចជាអ្នករាល់គ្នាដែរ ជាមនុស្សកុហក»។ ប៉ុន្តែ ខ្ញុំបានស្គាល់ព្រះអង្គ ហើយប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។
56លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នា មានអំណរនឹងក្នុងការឃើញថ្ងៃរបស់ខ្ញុំ គាត់បានឃើញ ហើយគាត់ក៏មានអំណរដែរ»។
57ពួកយូដាបានទូលទៅកាន់ព្រះអង្គថា៖ «អ្នកមិនទាន់មានអាយុហាសិបឆ្នាំផង តើអ្នកបានឃើញអប្រាហាំដូចម្តេចកើត?»
58ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មុនលោកអប្រាហាំ ខ្ញុំជាព្រះរួចទៅហើយ»។
59ពួកគេបានរើសដុំថ្ម ចោលទៅកាន់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូបានលាក់ខ្លួនព្រះអង្គ ហើយចេញពីព្រះវិហារបាត់ទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។