1«ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលមិនចូលទៅតាមទ្វារទៅក្នុងក្រោលចៀម ប៉ុន្តែ បែរជាចូលតាមផ្លូវផ្សេង អ្នកនោះគឺជាចោរលួច ឬជាចោរប្លន់។
2អស់អ្នកណាដែលចូលតាមទ្វារគឺជាអ្នកគង្វាលរបស់ចៀម។
3អ្នកឆ្មាំទ្វារនឹងបើកទ្វារឲ្យគាត់។ ចៀមឮសម្លេងរបស់គាត់ ហើយគាត់ហៅឈ្មោះចៀមរបស់គាត់តាមឈ្មោះ ហើយនាំពួកវាចេញទៅ។
4នៅពេលគាត់បាននាំចៀមរបស់គាត់ទាំងអស់ចេញក្រៅហើយ គាត់ក៏នាំមុខពួកវា ហើយចៀមដើរនឹងតាមគាត់ ព្រោះពួកវាស្គាល់សម្លេងរបស់គាត់។
5ពួកវាមិនដើរតាមមនុស្សចំឡែកទេ ប៉ុន្តែពួកវានឹងគេចពីគេវិញ ដ្បិតពួកវាមិនស្គាល់សម្លេងរបស់មនុស្សចំឡែកនោះទេ»។
6ព្រះយេស៊ូមានបន្ទូលជាប្រស្នានេះទៅកាន់ពួកគេ ប៉ុន្តែពួកគេមិនយល់ការទាំងនេះដែលព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេនោះទេ។
7បន្ទាប់មក ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកគេម្តងទៀតថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំគឺជាទ្វារនៃចៀម។
8អស់អ្្នកដែលមកមុនខ្ញុំគឺជាចោរលួច និងចោរប្លន់ ប៉ុន្តែចៀមមិនស្តាប់តាមពួកគេទេ។
9ខ្ញុំជាទ្វារ។ ប្រសិនបើ នរណាចូលតាមខ្ញុំ អ្នកណានោះនឹងបានសង្គ្រោះ អ្នកនោះនឹងចូល ហើយចេញ ហើយនិងស្វែងរកវាលស្មៅ។
10ចោរមិនមកទេ ប្រសិនបើ វាមិនលួច សម្លាប់ និងបំផ្លាញនោះ។ ខ្ញុំមក ដើម្បីឲ្យមនុស្សមានជីវិត និងមានជីវិតដែលពេញបរិបូរណ៌ផង។
11ខ្ញុំជាអ្នកគង្វាលល្អ។ អ្នកគង្វាលល្អគឺលះបង់ជីវិតដើម្បីចៀម។
12អ្នកបម្រើដែលត្រូវបានជួលដោយប្រាក់មិនមែនជាអ្នកគង្វាលទេ ហើយក៏មិនមែនជាម្ចាស់ចៀមដែរ។ ពេលអ្នកនោះឃើញ ឆ្កែចចកមក គេនឹងបោះបង់ចៀមចោល ហើយរត់គេចបាត់ ដូច្នេះ ឆ្កែចចកក៏ចាប់យកពួកវា ហើយធ្វើឲ្យពួកវាបែកខ្ចាត់ខ្ចាយ។
13គាត់រត់បាត់ ដោយសារគាត់ជាអ្នកបម្រើដែលជួល ហើយមិនបាននៅការពារចៀមនោះទេ។
14ខ្ញុំជាអ្នកគង្វាលល្អ ហើយខ្ញុំស្គាល់ចៀមខ្ញុំ ហើយចៀមខ្ញុំក៏ស្គាល់ខ្ញុំដែរ។
15ព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតា ហើយខ្ញុំលះបង់ជីវិតខ្ញុំដើម្បីចៀម។
16ខ្ញុំមានចៀមផ្សេងទៀត ដែលមិននៅក្នុងក្រោលចៀម។ ខ្ញុំត្រូវតែនាំពួកវាផងដែរ ហើយពួកវានឹងឮសម្លេងខ្ញុំ ដូច្នេះ នឹងមានហ្វូងសត្វតែមួយ និងហ្វូងចៀមតែមួយ។
17ហេតុដូច្នេះហើយ បានជាព្រះបិតាស្រឡាញ់ខ្ញុំៈ «ខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានវាត្រឡប់មកវិញម្តងទៀត។
18គ្មាននរណាអាចយកវាពីខ្ញុំបានទេ ប៉ុន្តែ ខ្ញុំលះបង់ជីវិតខ្ញុំដោយខ្លួនឯង។ ខ្ញុំមានសិទ្ធិអំណាចក្នុងការលះបង់ជីវិត ហើយខ្ញុំក៏មានសិទ្ធិអំណាចក្នុងការយកវាមកវិញម្តងទៀតដែរ។ ខ្ញុំបានទទួលសេចក្តីបង្គាប់នេះ ពីព្រះបិតាខ្ញុំមក»។
19ការបាក់បែកបានកើតឡើងម្តងទៀតនៅក្នុងចំណោមពួកសាសន៍យូដាដោយសារពាក្យទាំងនេះ។
20ពួកគេជាច្រើននិយាយថា៖ «គាត់មានអារក្ស ហើយឆ្កួតទៀត។ ហេតុអ្វីបានជាអ្នករាល់គ្នាស្តាប់វា?»។
21ហើយអ្នកខ្លះទៀតនិយាយថា៖ «សម្ដីទាំងនេះ មិនមែនដោយសារអារក្សចូលមនុស្សទេ។ តើអារក្សអាចធ្វើឲ្យភ្នែកពិការភ្លឺដែរទេ?»
22បន្ទាប់មក ជាពេលវេលាសម្រាប់ធ្វើពិធីបុណ្យឆ្លងព្រះវិហារនៅក្នុងយេរ៉ូសាឡិម។
23វាជារដូវរងា ហើយព្រះយេស៊ូបានយាងឡើងចូលទៅក្នុងព្រះវិហារនៅត្រង់សាលាដំណាក់សាឡូម៉ូន។
24នោះពួកសាសន៍យូដាបានមកជុំវិញព្រះអង្គ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកឲ្យយើងមានការសង្ស័យដល់កាលណាទៀត? ប្រសិនបើ លោកជាព្រះគ្រិស្តមែន ចូលប្រាប់យើងជាសាធារណៈមក»។
25ព្រះយេស៊ូមានបន្ទូលឆ្លើយទៅកាន់ពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ។ កិច្ចការទាំងនះគឺខ្ញុំធ្វើ នៅក្នុងនាមព្រះបិតាខ្ញុំ បានធ្វើបន្ទាល់ពីខ្ញុំហើយ។
26ប៉ុន្តែ អ្នករាល់គ្នានៅតែមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមខ្ញុំ។
27ចៀមខ្ញុំស្តាប់សម្លេងខ្ញុំ ហើយខ្ញុំស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំ។
28ខ្ញុំនឹងផ្តល់ឲ្យពួកវាមានជីវិតអស់កល្បជានិច្ច ពួកវានឹងមិនស្លាប់ឡើយ ហើយគ្មាននរណាឆក់យកពួកវាចេញពីដៃខ្ញុំបានដែរ។
29ព្រះបិតាខ្ញុំ ជាអ្នកប្រទានពួកវាមកខ្ញុំ ព្រះអង្គធំជាងអ្នកផ្សេងទាំងអស់ ហើយគ្មាននរណាអាចឆក់យកពួកវាចេញពីព្រះហស្តរបស់ព្រះបិតាបានឡើយ។
30ខ្ញុំ និងព្រះបិតាគឺតែមួយ។
31ក្រោយមក ពួកយូដាបានយកដុំថ្ម ចោលព្រះអង្គម្តងទៀត។
32ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «ខ្ញុំបានបង្ហាញការល្អជាច្រើនពីព្រះបិតាដល់អ្នករាល់គ្នា។ ដោយសារការទាំងនោះ អ្នករាល់គ្នាចោលខ្ញុំនឹងដុំថ្មមែនទេ?»
33ពួកយូដាឆ្លើយទៅកាន់ព្រះអង្គថា៖ «យើងមិនបានចោលឯងនឹងដុំថ្មដោយសារការល្អណាមួយឡើយ ប៉ុន្តែឯងបានប្រមាថ ដោយព្រោះឯងជាមនុស្ស ហើយតាំងខ្លួនឯងជាព្រះជាម្ចាស់»។
34ព្រះយេស៊ូបានឆ្លើយទៅពួកគេថា៖ «តើមិនបានសរសេរនៅក្នុងក្រឹត្យវិន័យទេថា «ខ្ញុំនិយាយថា៖ «អ្នករាល់គ្នាគឺជាព្រះ?»
35បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា “ព្រះ”ដូច្នេះ
36ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថា ខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំអោយវិសុទ្ធ ហើយចាត់ខ្ញុំអោយមកក្នុងពិភពលោកនេះទៀតផង។
37ប្រសិនបើ ខ្ញុំមិនបានធ្វើការរបស់ព្រះបិតារបស់ខ្ញុំទេ សូមកុំជឿខ្ញុំ។
38ប៉ុន្តែ ប្រសិនបើ ខ្ញុំធ្វើការរបស់ព្រះអង្គ ប៉ុន្តែ អ្នករាល់គ្នាមិនជឿដល់ខ្ញុំទេ មិនជឿលើកិច្ចការ ដែលអ្នករាល់គ្នាក៏ដឹង ហើយយល់ថាព្រះបិតានៅក្នុងខ្ញុំ ហើយដឹងថា ខ្ញុំនៅក្នុងព្រះបិតានោះ»។
39ពួកគេបានព្យាយាមចាប់ព្រះអង្គម្តងទៀត ប៉ុន្តែ ព្រះអង្គបានចេញទៅក្រៅពីការចាប់របស់ពួកគេ។
40ព្រះអង្គបានចេញទៅម្តងទៀតឆ្ងាយពីទន្លេយ័រដាន់ ដើម្បីទៅកន្លែងដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជលើកដំបូង ហើយព្រះអង្គស្នាក់នៅទីនោះ។
41មានមនុស្សជាច្រើនបានទៅរកព្រះអង្គ ហើយពួកគេនិយាយថា៖ «ពិតប្រាកដណាស់ លោកយ៉ូហានមិនបានធ្វើទីសម្គាល់អ្វីទេ ប៉ុន្តែ អ្វីគ្រប់យ៉ាងដែលលោកយ៉ូហានបាននិយាយអំពីបុរសម្នាក់នេះគឺជាសេចក្តីពិត»។
42មនុស្សជាច្រើនបានជឿព្រះអង្គនៅទីនោះ។