ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 7

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីការទាំងនេះហើយ ព្រះយេស៊ូបានធ្វើដំណើរទៅកាលីឡេ ព្រោះព្រះអង្គមិនចង់ចូលទៅក្នុងស្រុកយូដា ដោយសារពួកយូដាកំពុងស្វែងរកធ្វើឃាតព្រះអង្គ។
2ឥឡូវនេះ ពិធីបុណ្យជម្រកបានជិតមកដល់ហើយ។
3ដូច្នេះ ប្អូនប្រុសៗរបស់ព្រះអង្គនិយាយទៅកាន់ព្រះអង្គថា៖ «ចូរចេញពីទីនេះ ហើយទៅស្រុកយូដាទៅ ដើម្បីឲ្យពួកសិស្សរបស់បងបានឃើញពីកិច្ចការដែលបងឯងធ្វើ។
4គ្មាននរណាអាចធ្វើអ្វីអាថ៌កំបាំងបានទេ ប្រសិនបើ គេចង់បើកឲ្យអ្នកដទៃដឹងជាសាធារណៈនោះ។ ប្រសិនបើ បងឯងធ្វើការទាំងនេះ ចូរបងខ្លួនឯងបង្ហាញឲ្យមនុស្សលោកបានឃើញទៅ»។
5ដ្បិត សូម្បីតែប្អូនៗប្រុសរបស់ព្រះអង្គមិនបានជឿលើព្រះអង្គទេ។
6ដូច្នេះហើយ បានជាព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «មិនទាន់ដល់ពេលបងនៅឡើយទេ ប៉ុន្តែ ពេលវេលាប្អូនៗវិញរួចរាល់ជានិច្ច។
7មនុស្សលោកមិនស្អប់ប្អូនៗទេ ប៉ុន្តែ មនុស្សលោកស្អប់បងដោយសារ បងធ្វើបន្ទាល់ពីមនុស្សលោកថា កិច្ចការរបស់មនុស្សលោកអាក្រក់។
8អ្នករាល់គ្នាចូលទៅចូលរួមបុណ្យទៅ បងមិនទៅបុណ្យនេះទេ ព្រោះពេលវេលារបស់បងមិនទាន់បានសម្រេចនៅឡើយទេ»។
9បន្ទាប់ពីព្រះអង្គមានបន្ទូលទៅកាន់ពួកគេពីការទាំងនេះហើយ ព្រះអង្គស្នាក់នៅក្នុងកាលីឡេដែរ។
10ប៉ុន្តែ នៅពេលប្អូនៗរបស់ព្រះអង្គបានទៅចូលរួមពិធីបុណ្យហើយ ព្រះអង្គក៏ឡើងទៅដែរ ប៉ុន្តែព្រះអង្គទៅដោយសម្ងាត់វិញ មិនទៅដោយបើកចំហទេ។
11ពួកយូដាស្វែងរកព្រះអង្គនៅថ្ងៃបុណ្យនោះ ហើយនិយាយថា៖ «តើលោកនោះនៅឯណា?»។
12មានការពិភាក្សាជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស។ អ្នកខ្លះនិយាយថា៖ «ព្រះអង្គជាមនុស្សល្អ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «អត់ទេ ព្រះអង្គនាំហ្វូងមនុស្សឲ្យវង្វេង»។
13យ៉ាងណាក្តី គ្មាននរណាហ៊ាននិយាយពីព្រះអង្គនៅក្នុងទីសាធារណៈឡើយ ព្រោះខ្លាចពួកយូដា។
14ពេលពិធីបុណ្យចប់បានពាក់កណ្តាលហើយ ព្រះយេស៊ូបានឡើងទៅហើយចូលទៅក្នុងព្រះវិហារ រួចក៏បង្រៀន។
15បន្ទាប់មក ពួកយូដាមានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយនិយាយថា «លោកនេះ មិនដែលបានរៀនផង ម្តេចក៏គាត់ដឹងច្រើនម្ល៉េះ?»។
16ព្រះយេស៊ូឆ្លើយទៅពួកគេ ហើយមានបន្ទូលថា៖ «សេចក្តីបង្រៀនរបស់ខ្ញុំមិនមែនមកពីខ្ញុំទេ ប៉ុន្តែ មកពីព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
17ប្រសិនបើនរណាម្នាក់ចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្តីបង្រៀននេះ ថាតើមកពីព្រះជាម្ចាស់ ឬខ្ញុំនិយាយចេញពីខ្លួនឯង។
18អ្នកណាដែលនិយាយពីខ្លួនឯង អ្នកនោះស្វែងរកសិរីល្អសម្រាប់ខ្លួនឯងហើយ ប៉ុន្តែអ្នកណាដែលស្វែងរកសិរីល្អរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះជាមនុស្សពិតត្រង់ ហើយគ្មានសេចក្តីទុច្ចរិតនៅក្នុងគាត់ឡើយ។
19តើមិនមែនជាលោកម៉ូសេទេឬអីដែលឲ្យក្រឹត្យវិន័យដល់អ្នករាល់គ្នា? ប៉ុន្ត គ្មាននរណាម្នាក់នៅក្នុងចំណោមអ្នករាល់គ្នាធ្វើតាមទេ។ ហេតុអ្វីបានជាអ្នករាល់គ្នាស្វែងរកសម្លាប់ខ្ញុំ?
20ហ្វូងមនុស្សឆ្លើយថា៖ «ឯងមានវិញ្ញាណអាក្រក់។ តើអ្នកណាស្វែងរកសម្លាប់ឯង?
21ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំបានធ្វើការមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ដោយសារការនោះទៅវិញ។
22លោកម៉ូសេបានឲ្យអ្នករាល់គ្នាកាត់ស្បែក (មិនមែនមកពីលោកម៉ូសេទេ ប៉ុន្តែមកពីដូនតារបស់អ្នករាល់គ្នាទេតើ) ហើយនៅថ្ងៃសប្ប័ទអ្នករាល់គ្នាក៏កាត់ស្បែកមនុស្សដែរ។
23ប្រសិនបើបុរសម្នាក់ទទួលការកាត់ស្បែកនៅថ្ងៃសប្ប័ទ ដូច្នេះគាត់បានធ្វើខុសនឹងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ហេតុអ្វីបានជាអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំធ្វើឲ្យបុរសម្នាក់បានជានៅថ្ងៃសប្ប័ទដូច្នេះ?
24កុំវិនិច្ឆ័យតាមលក្ខណៈខាងក្រៅ ប៉ុន្តែចូរវិនិច្ឆ័យដោយសុចរិតវិញ»។
25មានអ្នកខ្លះនៅក្នុងចំណោមពួកគេមកពីក្រុងយេរ៉ូសាឡិមនិយាយថា៖ «តើលោកម្នាក់នេះមែនទេ ដែលគេស្វែងរកចង់សម្លាប់នោះ?
26មើល គាត់និយាយនៅទីសាធារណៈ ហើយពួកគេមិនបាននិយាយអ្វីទៅកាន់គាត់ឡើយ។ វាមិនអាចទៅជាបែបនឹងបានទេ អ្នកគ្រប់គ្រងប្រាកដជាដឹងថា លោកនេះគឺជាព្រះគ្រិស្តហើយ តើអាចទេ?
27ប៉ុន្តែ យើងដឹងថាលោកនេះមកពីណា។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមក គ្មាននរណាដឹងថាព្រះអង្គមកពីណាទេ»។
28ពេលនោះ ព្រះយេស៊ូស្រែកបង្រៀននៅក្នុងព្រះវិហារខ្លាំងៗ ដោយមានបន្ទូលថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណា។ ខ្ញុំមិនបានមកដោយខ្លួនឯងទេ ប៉ុន្តែ ព្រះអង្គទេដែលចាត់ខ្ញុំឲ្យមកពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។
29ខ្ញុំស្គាល់ព្រះអង្គ ដោយសារខ្ញុំមកពីព្រះអង្គ ហើយព្រះអង្គចាត់ខ្ញុំមក»។
30ពួកគេព្យាយាមចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មាននរណាអាចចាប់ព្រះអង្គបានទេ ដោយសារពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយទេ។
31ប៉ុន្តែ មានមនុស្សជាច្រើននៅក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយនិយាយថា៖ «នៅពេលព្រះគ្រិស្តយាងមក ព្រះអង្គនឹងធ្វើទីសម្គាល់ច្រើនជាងបុរសម្នាក់នេះបានធ្វើ?
32ពួកផារីស៊ីបានឮហ្វូងមនុស្សនិយាយខ្សិបខ្សួរគ្នាការទាំងនេះអំពីព្រះយេស៊ូ ហើយនាយកបូជាចារ្យ និងពួកផារីស៊ីបានចាត់មន្រ្តីទៅចាប់ព្រះអង្គ។
33បន្ទាប់មកព្រះយេស៊ូមានបន្ទូលថា​៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ ហើយបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមកវិញ។
34អ្នករាល់គ្នានឹងស្វែងរកខ្ញុំ តែអ្នករាល់គ្នារកខ្ញុំមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅបានទេ»។
35ដូច្នេះ ពួកយូដាបាននិយាយក្នុងចំណោមពួកគេថា៖ «តើបុរសម្នាក់នេះនឹងទៅណា ដែលយើងមិនអាចទៅរកគាត់ឃើញ? តើគាត់នឹងខ្ចាត់ខ្ចាយនៅក្នុងចំណោមពួកក្រិក ហើយបង្រៀនដល់ពួកក្រិកដែរ?
36តើពាក្យដែលគាត់និយាយថា៖ «អ្នកនឹងស្វែងរកខ្ញុំ តែរកកន្លែងដែលខ្ញុំទៅ មិនឃើញ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានទេ»។
37ឥឡូវនេះ ដល់ថ្ងៃចុងក្រោយ នៃពិធីបុណ្យដ៏ធំហើយ ព្រះយេស៊ូបានឈរឡើង ហើយស្រែកឮៗ ថា៖ «ប្រសិនបើ អ្នកណាម្នាក់ស្រេក ចូរឲ្យអ្នកនោះមកឯខ្ញុំ ហើយផឹកចុះ។
38អ្នកណាដែលជឿលើខ្ញុំ ដូចដែលបទគម្ពីរបានចែងថា ទន្លេទឹករស់នឹងហូរចេញពីពោះរបស់គាត់មក»។
39ប៉ុន្តែព្រះអង្គមានបន្ទូលការនេះអំពីព្រះវិញ្ញាណទេ ដែលអស់អ្នកណាដែលបានជឿលើព្រះអង្គហើយ នឹងបានទទួលព្រះវិញ្ញាណដែលមិនទាន់បានប្រទានមកនៅឡើយទេ ដោយសារព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងនៅឡើយ។
40មានខ្លះនៅក្នុងចំណោមហ្វូងមនុស្ស នៅពេលពួកគេឮពាក្យទាំងនេះ ពួកគេនិយាយថា៖ «លោកនេះគឺជាព្យាការីពិតប្រាកដមែន»។
41ហើយអ្នកខ្លះទៀតនិយាយថា៖ «អ្នកនេះគឺជាព្រះគ្រិស្ត»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «តើព្រះគ្រិស្តមកពីកាលីឡេ?
42តើបទគម្ពីរមិនបានចែងថា៖ «ព្រះគ្រិស្តនឹងមកពីបេថ្លេហិម តាមពូជពង្សរបស់ព្រះបាទដាវីឌ ជាភូមិដែលព្រះបាទដាវីឌបានកើតមកទេឬអី?»។
43ដូច្នេះក៏កើតមានការបែកបាក់នៅក្នុងចំណោមហ្វូងមនុស្សដោយសារព្រះអង្គ។
44អ្នកខ្លះនៅក្នុងចំណោមពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាអាចចាប់ព្រះអង្គបានទេ។
45បន្ទាប់មកពួកមន្ត្រីបានត្រឡប់ទៅឯនាយកបូជាចារ្យ និងពួកផារីស៊ីវិញ ជាអ្នកដែលនិយាយទៅកាន់ពួកគេថា៖ «ហេតុអ្វីបានជាមិនចាប់គាត់មក?»
46ពួកមន្ត្រីឆ្លើយថា៖ «គ្មាននរណាអាចនិយាយដូចគាត់ទេ»។
47ដូច្នេះ ពួកផារីស៊ីឆ្លើយទៅពួកគេថា៖ «អ្នករាល់គ្នាក៏ត្រូវបានគេបោកប្រាសដែរមែនទេ?
48តើមានមេដឹកនាំឬពួកផារីស៊ីណាបានជឿដល់គាត់ទេ?
49ប៉ុន្តែហ្វូងមនុស្សដែលមិនស្គាល់ក្រឹត្យវិន័យនេះ ពួកគេត្រូវបណ្តាសារហើយ។
50លោកនីកូដេម (ម្នាក់ក្នុងចំណោមពួកផារីស៊ី ដែលបានមករកព្រះអង្គកាលពីមុន) មានប្រសាសន៍ទៅពួកគេថា៖
51«តើក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិនិច្ឆ័យមនុស្សមុនពេលអ្នកបានឮលោក និងបានដឹងនូវអ្វីដែលលោកបានធ្វើឬ?
52ពួកគេឆ្លើយ ហើយនិយាយទៅកាន់ព្រះអង្គថា៖ «តើអ្នកក៏មកពីកាលីឡេដែរមែនទេ? ចូរស្វែងរកហើយមើល គ្មានព្យាការីណាមកពីកាលីឡេទេ»។
53បន្ទាប់មក មនុស្សគ្រប់គ្នាបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។