ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 6

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីការនេះ ព្រះយេស៊ូបានយាងចេញទៅម្ខាងទៀតនៃសមុទ្រកាលីឡេ គេក៏​ឈ្មោះ​មួយទៀតថា​សមុទ្រ​ទីបេ‌រាស។
2មានបណ្តាជនយ៉ាងច្រើនកោះករដើរតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើជាមួយពួកអ្នកដែលឈឺ។
3ព្រះយេស៊ូបានយាងឡើងភ្នំ ហើយគង់នៅជាមួយពួកសិស្សនៅទីនោះ។
4(ពិធីបុណ្យចម្លង ពិធីបុណ្យរបស់សាសន៍យូដាជិតមកដល់ហើយ)។
5នៅពេលព្រះយេស៊ូងើបព្រះនេត្រឡើង ព្រះអង្គទតឃើញបណ្តាជនយ៉ាងច្រើនចូលមករកព្រះអង្គ ទ្រង់មានបន្ទូលទៅលោកភីលីពថា៖ «តើយើងនឹងត្រូវទៅទិញនំប៉័ងពីណាមក ដើម្បីឲ្យអ្នកទាំងអស់នេះបរិភោគ?»
6(ព្រះយេស៊ូមានបន្ទូលបែបនេះ ដើម្បីល្បងលលោកភីលីពទេ ដ្បិតព្រះអង្គផ្ទាល់ ទ្រង់ជ្រាបថាអ្វីដែលព្រះអង្គត្រូវធ្វើហើយ)។
7លោកភីលីពទូលព្រះអង្គថា៖ «ទោះបីជាយកលុយ​កាក់​ពីរ​រយ​ឌេណារី​ទៅទិញនំប៉័ងក៏មិនគ្រប់ដែរ សូម្បីតែចែកម្នាក់បន្តិចក្តី»។
8សិស្សម្នាក់ទៀតឈ្មោះ អនទ្រេ ត្រូវជាបងប្រុសរបស់លោកស៊ីម៉ូនពេត្រុស ទូលទៅព្រះយេស៊ូថា៖
9«មានក្មេងប្រុសម្នាក់ មាននំប៉័ងប្រាំដុំ និងត្រីពីរ ប៉ុន្តែ តើធ្វើដូចម្តេចឲ្យគ្រប់បាន បើមនុស្សមានគ្នាច្រើនយ៉ាងនេះ?»។
10ព្រះយេស៊ូមានបន្ទូលថា៖ «សូមឲ្យមនុស្សអង្គុយចុះ»។ (នៅទីនោះមានស្មៅច្រើន)។ ដូច្នេះ បណ្តាជនក៏អង្គុយនៅទីនោះ មានគ្នាប្រហែលជាប្រាំពាន់អ្នក។
11ដូច្នេះ ព្រះយេស៊ូបានយកនំប៉័ង បន្ទាប់ពីព្រះអង្គបានអរព្រះគុណរួចហើយ ព្រះអង្គបានប្រទាននំប៉័ងទាំងនោះទៅដល់អស់អ្នកដែលបានអង្គុយ។ ចំណែកត្រីវិញ ព្រះអង្គបានធ្វើដូចគ្នាដែរ
12ចែកដល់ពួកគេតាមអ្វីដែលពួកគេត្រូវការ។ នៅពេលបណ្តាជនបានឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់មកវិញ កុំឲ្យបាត់មួយដុំណាឡើយ»។
13ដូច្នេះ ពួកគេបានប្រមូលនំប៉័ងទាំងនោះមកវិញ ហើយបានដប់ពីរកន្រ្តកពេញពីមនុស្សជាច្រើនដែលបានបរិភោគ ជាដុំនំប៉័ងដែលបាក់បែក ដែលកើតចេញពីនំប៉័ងប្រាំដុំនោះ។
14បន្ទាប់ពីមនុស្សបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើនេះ ពួកគេនិយាយថា៖ «នេះគឺជាព្យាការីដ៏ពិតដែលបានមកនៅក្នុងលោកីយ៍នេះ»។
15នៅពេលព្រះយេស៊ូជ្រាបថា ពួកគេនាំគ្នា ហើយចង់បង្ខំព្រះអង្គឲ្យធ្វើជាស្តេច ព្រះអង្គក៏ចាកចេញពីពួកគេឡើងទៅលើភ្នំម្តងទៀត។
16នៅពេលល្ងាចមកដល់ ពួកសិស្សរបស់ព្រះអង្គបានចុះទៅឯសមុទ្រ។
17ពួកគេឡើងជិះទូក ហើយឆ្លងទៅសមុទ្រទៅកាពើណឹម។ នៅពេលនេះងងឹតហើយ ព្រះយេស៊ូមិនទាន់បានយាងទៅរកពួកគេនៅឡើយទេ។
18មានខ្យល់បក់បោកយ៉ាងខ្លាំង ហើយទឹកសមុទ្រក៏កម្រើកឡើងដែរ។
19នៅពេលដែលពួកគេចែវទូកបានចម្ងាយប្រហែលជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ពួកគេបានឃើញព្រះយេស៊ូកំពុងយាងនៅលើទឹកសមុទ្រ ហើយចូលមកជិតទូក ពួកគេមានការភ័យខ្លាច។
20ប៉ុន្តែ ព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំទេ កុំខ្លាចអី»។
21បន្ទាប់មក ពួកគេចង់ទទួលព្រះអង្គមកក្នុងទូកដែរ ស្រាប់តែទូករបស់ពួកគេទៅដល់ច្រាំងជាកន្លែងដែលពួកគេចង់ទៅល្មម។
22នៅថ្ងៃបន្ទាប់ បណ្តាជនដែលឈរនៅត្រើយម្ខាងនៃសមុទ្របានឃើញថា គ្មានទូកណាទៀតឡើយ លើកលែងតែមួយ ហើយពេលនោះព្រះយេស៊ូមិនបានចូលទៅក្នុងទូកជាមួយពួកសិស្សរបស់ព្រះអង្គទេ ពួកសិស្សចេញទៅតែពួកគេទេ។
23ក៏មានទូកមកពីក្រុង​ទីបេរាស​ចូលទៅជិតកន្លែងដែលពួកគេបានបរិភោគនំប៉័ងបន្ទាប់ពីព្រះអង្គអរព្រះគុណ។
24នៅពេលបណ្តាជនរកឃើញថា ព្រះយេស៊ូមិនបាននៅទីនោះជាមួយពួកសិស្សរបស់ព្រះអង្គ ពួកគេនាំគ្នាឡើងទូកទៅរកព្រះយេស៊ូនៅកាពើណឹមខ្លួនគេ។
25បន្ទាប់ពីពួកគេបានរកព្រះអង្គឃើញនៅត្រើយម្ខាងនៃសមុទ្រហើយ ពួកគេនិយាយថាព្រះអង្គថា៖ «រ៉ាបី ព្រះអង្គមកទីនេះពេលណា?»
26ព្រះយេស៊ូឆ្លើយទៅកាន់ពួកគេ ដោយបន្ទូលថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាស្វែងរកខ្ញុំ មិនមែនដោយចង់ឃើញទីសម្គាល់ទេ ប៉ុន្តែដោយសារអ្នកចង់បរិភោគនំប៉័ង ហើយបានឆ្អែតប៉ុណ្ណោះ។
27កុំធ្វើការដើម្បីឲ្យបានតែអាហារដែលពុករលួយ ប៉ុន្តែចូរធ្វើការដើម្បីឲ្យបានអាហារដែលស្ថិតស្ថេរ ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ដែលបុត្រមនុស្សនឹងផ្តល់ឲ្យ ដើម្បីព្រះជាម្ចាស់ជាព្រះវរបិតាបានបោះត្រារបស់ព្រះអង្គនៅលើគាត់។
28ពួកគេទូលតបទៅកាន់ព្រះអង្គវិញថា៖ «តើយើងត្រូវធ្វើអ្វី ដើម្បីឲ្យយើងអាចធ្វើការរបស់ព្រះជាម្ចាស់បាន?»
29ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់៖ គឺថាអ្នករាល់គ្នាត្រូវជឿលើព្រះដែលព្រះអង្គបានចាត់មក»។
30ដូច្នេះ ពួកគេក៏ទូលទៅកាន់ព្រះអង្គថា៖ «តើលោកនឹងធ្វើទីសម្គាល់អ្វី ដើម្បីឲ្យយើងអាចឃើញ ហើយជឿលើលោកបាន?
31បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅឯទីរហោស្ថាន ដូចមានសេចក្តីចែងមកថា៖ «ព្រះអង្គបានប្រទាននំប៉័ងពីស្ថានសួគ៌មកដល់ពួកគេបរិភោគ»។
32បន្ទាប់មក ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មិនមែនលោកម៉ូសេទេ ដែលផ្តល់នំប៉័ងពីស្ថានសួគ៌ដល់អ្នករាល់គ្នា ប៉ុន្តែ ព្រះបិតាខ្ញុំទៅវិញទេ ដែលបានប្រទាននំប៉័ងដ៏ពិតដែលមកពីស្ថានសួគ៌ដល់អ្នករាល់គ្នា។
33ដ្បិត នំប៉័ងរបស់ព្រះជាម្ចាស់ដែលបានធ្លាក់ចុះពីស្ថានសួគ៌មកនោះ នឹងផ្តល់ជីវិតដល់លោកីយ៍»។
34ដូច្នេះ ពួកគេបានសួរព្រះអង្គថា «លោកម្ចាស់អើយ សូមឲ្យនំប៉័ងនេះដល់យើងរហូតមក»។
35ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំនឹងមិនដែលស្រេកទៀតដែរ។
36ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាបានឃើញខ្ញុំ ហើយអ្នករាល់គ្នាមិនបានជឿដល់ខ្ញុំទេ។
37អស់អ្នកណាដែលព្រះបិតាប្រទានដល់ខ្ញុំ នឹងមកឯខ្ញុំ ហើយអស់អ្នកណាដែលមកឯខ្ញុំ ខ្ញុំនឹងមិនបោះបង់ចោលគេឡើយ។
38ដ្បិតខ្ញុំបានចុះពីស្ថានសួគ៌មក មិនមែនដើម្បីធ្វើតាមចិត្តរបស់ខ្ញុំទេ ប៉ុន្តែធ្វើតាមព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំឲ្យមកវិញ។
39នេះគឺជាព្រះហឫទ័យរបស់ព្រះដែលចាត់ខ្ញុំឲ្យមក ដើម្បីកុំឲ្យខ្ញុំបាត់បង់នរណាម្នាក់ដែលព្រះអង្គបានប្រទានដល់ខ្ញុំឡើយ ប៉ុន្តែនឹងប្រោសពួកគេឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
40ដ្បិតនេះគឺជាព្រះហឫទ័យរបស់ព្រះបិតា ដែលថាមនុស្សគ្រប់គ្នាដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គនឹងមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសឲ្យគាត់រស់ឡើងវិញនៅថ្ងៃចុងក្រោយ។
41ពួកយូដាបានរអ៊ូរទាំអំពីព្រះអង្គ ដោយសារទ្រង់មានបន្ទូលថា៖ «ខ្ញុំជានំប៉័ងដែលចុះពីស្ថានសួគ៌មក»។
42ពួកគេនិយាយថា៖ «តើយេស៊ូនេះ មិនមែនជាកូនរបស់លោកយ៉ូសែប យើងបានស្គាល់ឪពុកនិងម្តាយរបស់គាត់ទេឬអី? តើគាត់អាចនិយាយថា៖ «ខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌ដូចម្តេចនឹងកើត?»
43ព្រះយេស៊ូឆ្លើយ ហើយមានបន្ទូលទៅកាន់ពួកគេថា៖ «ឈប់រអ៊ូរទាំនៅក្នុងចំណោមអ្នករាល់គ្នាទៀតទៅ។
44គ្មាននរណាអាចមកឯខ្ញុំបានទេ លុះត្រាតែព្រះបិតាដែលបានចាត់ខ្ញុំមកឲ្យចូលទៅជិតគាត់ ហើយខ្ញុំនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
45ដូចមានសេចក្តីចែងទុកក្នុងពួកព្យាការីថា៖ «ព្រះជាម្ចាស់នឹងបង្រៀនមនុស្សគ្រប់គ្នាដោយផ្ទាល់»។ មនុស្សគ្រប់គ្នាដែលបានឮ ហើយរៀនពីព្រះវរបិតានឹងមកឯខ្ញុំ។
46គ្មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែព្រះអង្គដែលមកពីព្រះជាម្ចាស់ ទ្រង់បានឃើញព្រះបិតា។
47ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលជឿនឹងមានជីវិតអស់កល្ប។
48ខ្ញុំជានំប៉័ងជីវិត។
49បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណានៅក្នុងទីរហោស្ថាន ហើយពួកគេបានស្លាប់។
50នេះគឺជានំប៉័ងដែលមកពីស្ថានសួគ៌ ដើម្បីឲ្យអស់អ្នកដែលបានបរិភោគនំប៉័ងនេះ នឹងមិនស្លាប់ទេ។
51ខ្ញុំជានំប៉័ងដ៏រស់ដែលមកពីស្ថានសួគ៌។ ប្រសិនបើ អ្នកណាម្នាក់បរិភោគនំប៉័ងនេះ អ្នកនោះនឹងរស់នៅជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យគឺជារូបកាយរបស់ខ្ញុំ សម្រាប់ជីវិតរបស់មនុស្សលោក។
52ពួកយូដាបានខឹងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមឆ្លើយតប ដោយនិយាយថា៖ «តើបុរសនេះអាចឲ្យសាច់របស់ខ្ញុំមកយើងបរិភោគយ៉ាងដូចម្តេចកើត?»
53បន្ទាប់មកព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លុះត្រាតែអ្នកបរិភោគសាច់របស់កូនមនុស្ស ហើយផឹកឈាមរបស់គាត់ដែរ អ្នករាល់គ្នានឹងមិនអាចមានជីវិតនៅក្នុងអ្នករាល់គ្នាឡើយ។
54អស់អ្នកណាដែលបរិភោគសាច់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំ នឹងមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។
55ដ្បិតសាច់របស់ខ្ញុំគឺជាអាហារដ៏ពិត ហើយឈាមរបស់ខ្ញុំគឺជាភេសជ្ជៈដ៏ពិត។
56អស់អ្នកណាដែលបរិភោគសាច់របស់ខ្ញុំ ហើយផឹកឈាមរបស់ខ្ញុំនឹងនៅជាប់ជាមួយខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ។
57ព្រះបិតាដែលចាត់ខ្ញុំមកមានព្រះជន្មរស់ ខ្ញុំក៏រស់ដោយសារព្រះបិតាដូចគ្នាដែរ ដូច្នេះអស់អ្នកណាដែលបរិភោគខ្ញុំ អ្នកនោះនឹងបានរស់ដោយសារខ្ញុំដែរ។
58នេះគឺជានំប៉័ងដែលចុះពីស្ថានសួគ៌មក មិនដូចជានំប៉័ងដែលបុព្វបុរសរបស់អ្នករាល់គ្នាដែលបរិភោគហើយស្លាប់នោះទេ។ អ្នកណាដែលបរិភោគនំប៉័ងនេះនឹងរស់នៅអស់កល្បជានិច្ច»។
59ប៉ុន្តែព្រះយេស៊ូមានបន្ទូលការទាំងនេះនៅក្នុងសាលាប្រជុំ អំឡុងពេលដែលព្រះអង្គបង្រៀននៅក្នុងកាពើណឹម។
60បន្ទាប់មក ពួកសិស្សរបស់ព្រះអង្គជាច្រើនដែលបានឮព្រះអង្គមានបន្ទូលដូច្នេះ «នេះគឺជាសេចក្តីបង្រៀនដ៏ពិបាកមួយ តើអ្នកណាអាចទទួលយកបាន?»
61ដោយសារព្រះយេស៊ូជ្រាបនៅក្នុងអង្គទ្រង់ផ្ទាល់ថាពួកសិស្សទាំងនេះរអ៊ូរទាំពីការនេះ ទ្រង់មានបន្ទូលទៅកាន់ពួកគេថា៖ «តើការនេះធ្វើឲ្យអ្នករាល់គ្នារវាតចិត្តមែនទេ?
62ចុះទំរាំបើអ្នកឃើញបុត្រមនុស្សឡើងទៅកន្លែងដែលព្រះអង្គគង់នៅពីមុន?
63គឺជាព្រះវិញ្ញាណដែលប្រទានជីវិត ហើយសាច់ឈាមគ្មានប្រយោជន៍អ្វីទាំងអស់។ ពាក្យដែលខ្ញុំបាននិយាយទៅកាន់អ្នករាល់គ្នាគឺជាវិញ្ញាណ ហើយពាក្យនោះគឺជាជីវិត។
64ប៉ុន្តែក្នុងចំណោមអ្នករាល់គ្នាមានអ្នកខ្លះមិនបានជឿទេ»។ ដ្បិតព្រះយេស៊ូជ្រាបតាំងពីដំបូងថា តើនរណាដែលអាចនឹងមិនជឿ ហើយអ្នកណាអាចនឹងក្បត់់ព្រះអង្គ។
65ព្រះអង្គមានបន្ទូលថា៖ «ដោយសារការនេះហើយបានជាខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា គ្មាននរណាម្នាក់មកឯខ្ញុំបានទេ លុះត្រាតែព្រះបិតាចាត់អ្នកនោះឲ្យមក»។
66ដោយសារហេតុនេះ ពួកសិស្សរបស់ព្រះអង្គជាច្រើនបានចាកចេញពីព្រះអង្គ ហើយលែងដើរតាមព្រះអង្គទៀត។
67បន្ទាប់មក ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកសិស្សទាំងដប់ពីរនាក់ថា៖ «អ្នករាល់គ្នាមិនចង់ចេញពីខ្ញុំដូចគេដែលទេឬ?»​
68លោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើយើងគួរទៅតាមនរណា? ព្រះអង្គគឺជាព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ច
69ហើយយើងបានជឿ ហើយស្គាល់ថា ព្រះអង្គគឺជាព្រះដ៏វិសុទ្ធរបស់ព្រះជាម្ចាស់។
70ព្រះយេស៊ូមានបន្ទូលទៅកាន់ពួកគេថា៖ «តើមិនមែនខ្ញុំទេឬដែលជ្រើសរើសអ្នករាល់គ្នា ទាំងដប់ពីរនាក់នេះ ហើយនឹងមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាគឺជាមារ?»
71ព្រះអង្គមានបន្ទូលពីលោកយូដាសកូនរបស់លោកស៊ីម៉ូន អ៊ីស្ការីយ៉ុត​ ដ្បិត គាត់ហើយគឺជាម្នាក់ក្នុងចំណោមសិស្សទាំងដប់ពីរដែលក្បត់ព្រះយេស៊ូ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។