ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 19

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក លោកពីឡាតបានយកព្រះយេស៊ូហើយវាយព្រះអង្គនឹងខ្សែតី។
2ទាហានបានពាក់មកុដបន្លា។ ​ពួកគេពាក់វានៅលើព្រះសិរសារបស់ព្រះយេស៊ូ ហើយពាក់អាវពណ៌ស្វាយឲ្យព្រះអង្គ។
3ពួកគេបានមករកព្រះអង្គ ហើយនិយាយថា៖ «សូមថ្វាយបង្គំ មហាក្សត្ររបស់យូដា!»។
4បន្ទាប់មក លោកពីឡាតបានចេញទៅក្រៅម្តងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «មើល ខ្ញុំបាននាំគាត់មកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។
5ដូច្នេះ ព្រះយេស៊ូបានចេញមក ពាក់មកុដបន្លា និងអាវផាយពណ៌ស្វាយ។ លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «មើល នេះណែ បុរសនេះហើយ!»
6នៅពេលនាយកបូជាចារ្យ និងពួកអាជ្ញាធរបានឃើញព្រះយេស៊ូ ពួកគេស្រែកឡើង ហើយនិយាយថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!» លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «យកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិត ខ្ញុំមិនឃើញថាគាត់មានកំហុសអ្វីទេ»។
7ពួកយូដាឆ្លើយទៅគាត់ថា៖ «យើងមានច្បាប់មួយ ហើយស្របតាមច្បាប់ដែលវាត្រូវស្លាប់ ដោយសារវាបានប្រកាសថា ជាបុត្រារបស់ព្រះជាម្ចាស់»។
8នៅពេលលោកពីឡាតបានឮប្រយោគនេះ គាត់រឹតតែខ្លាចខ្លាំងឡើងថែមទៀត
9ហើយគាត់បានចូលទៅក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាលវិញ ហើយមានប្រសាសន៍ទៅព្រះយេស៊ូថា៖ «តើលោកមកពីណា?» ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយទៅគាត់ទេ។
10បន្ទាប់មក លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «លោកមិននិយាយអ្វីជាមួយខ្ញុំទេឬអី? តើលោកដឹងទេថា​ ខ្ញុំមានអំណាចនឹងដោះលែងលោក ហើយមានអំណាចនឹងឆ្កាងលោក?»
11ព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «លោកគ្មានអំណាចអ្វីលើខ្ញុំទេ លើកលែងតែអំណាចដែលបានប្រទានដល់លោកពីស្ថានសួគ៌។ ដូច្នេះហើយ អ្នកដែលប្រគល់ខ្ញុំមកឲ្យលោកជាមនុស្សមានបាបយ៉ាងធំ»។
12ពេលព្រះអង្គមានបន្ទូលឆ្លើយដូច្នេះ លោកពីឡាតចង់ដោះលែងព្រះអង្គ ប៉ុន្តែ ពួកយូដាស្រែកឡើង ហើយនិយាយថា៖ «ប្រសិនបើ លោកដោះលែងបុរសនេះ លោកមិនមែនជាមិត្តសម្លាញ់របស់ស្តេចសេសាឡើយ»។
13អស់អ្នកណាដែលតាំងខ្លួនឯងជាស្តេច និយាយទាស់នឹងស្តេចសេសាហើយ»។ នៅពេលលោកពីឡាតឮពាក្យទាំងនេះ គាត់បាននាំព្រះយេស៊ូចេញក្រៅ ហើយអង្គុយចុះនៅលើកៅអីជំនុំជម្រះ ដែលហៅថា៖ «ទៅលានក្រាលថ្ម» ប៉ុន្តែ នៅក្នុងភាសាហេព្រើរហៅថា៖ «កាបាថា»។
14ពេលនេះ គឺជាពេលនៃការរៀបចំសម្រាប់ថ្ងៃបុណ្យរំលង ប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ពួកយូដាថា៖​ «មើល៍ នេះគឺជា​ស្តេចរបស់អ្នករាល់គ្នា»។
15ពួកគេស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាមែនទេ?» នាយកបូជាចារ្យបានឆ្លើយថា៖ «យើងគ្មានស្តេចទេ មានតែស្តេចសេសាតែមួយគត់»។
16នោះ លោកពីឡាតបានប្រគល់ព្រះយេស៊ូទៅឲ្យពួកគេ ដើម្បីឆ្កាង។
17បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូ ហើយព្រះអង្គបានចេញទៅក្រៅ ព្រះអង្គបានលីឈើឆ្កាងដោយព្រះអង្គផ្ទាល់ ទៅកន្លែងដែលហៅថា៖ «តំបន់លលាក្បាល»​ ដែល​នៅក្នុងភាសា​ហេព្រើរ​ហៅ​ថា៖​ «គាល់​កូថា»។
18ពួកគេឆ្កាងព្រះយេស៊ូនៅទីនោះ ជាមួយបុរសពីរនាក់ទៀត ម្នាក់ម្ខាង ហើយព្រះយេស៊ូនៅចំកណ្តាល។
19លោកពីឡាតក៏សរសេរសញ្ញា ហើយដាក់នៅលើឈើឆ្កាង។ សញ្ញានោះសរសេរថា៖ «ព្រះយេស៊ូ អ្នកស្រុកណាសារ៉ែត ស្តេចរបស់សាសន៍យូដា»។
20សាសន៍យូដាជាច្រើនបានអានសញ្ញានេះ ដោយសារកន្លែងដែលព្រះយេស៊ូត្រូវឆ្កាងនោះ នៅជិតទីក្រុង។ សញ្ញានោះសរសេរជាភាសាហេព្រើរ ឡាទីន និងក្រិក។
21នោះ នាយកបូជាចារ្យរបស់សាសន៍យូដាមានប្រសាសន៍ទៅកាន់លោកពីឡាតថា៖ «សូមកុំសរសេរថា «ស្តេចរបស់សាសន៍យូដាអី» ផ្ទុយទៅវិញ ចូរសរសេរដូច្នេះវិញថា៖ «អ្នកនេះនិយាយថា៖ «ខ្ញុំគឺជាស្តេចរបស់សាសន៍យូដា»។
22លោកពីឡាតឆ្លើយថា៖ «ខ្ញុំសរសេរយ៉ាងម៉េច សរសេរអ៊ីចឹងហើយ!»។
23នៅពេលពួកទាហានឆ្កាងព្រះយេស៊ូ ពួូកគេបានយកសម្លៀកបំពាក់របស់ព្រះយេស៊ូ បែងចែកជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកសម្រាប់ពួកគេ រួមទាំងអាវផងដែរ។ ហើយអាវនោះ គ្មានថ្នេរ ជាក្រណាត់មួយដុំ តាំងពីលើដល់ក្រោម។
24បន្ទាប់មក ពួកគេនិយាយទៅកាន់គ្នាទៅវិញទៅមកថា៖ «សូមយើងកុំហែកវាអី ប៉ុន្តែ ចូរយើងចាប់ឆ្នោតវិញ ដើម្បីសម្រេចថា តើអាវនេះនឹងបានទៅលើនរណា!»។ ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងថា៖ «ពួកគេបានបែងចែកសម្លៀកបំពាក់ទូលបង្គំនៅក្នុងចំណោមពួកគេ ហើយចាប់ឆ្នោត ដើម្បីយកសម្លៀកបំពាក់របស់ទូលបង្គំ»។ នេះគឺជាអ្វីដែលពួកទាហានបានធ្វើ។
25ព្រះមាតារបស់ព្រះយេស៊ូ ប្អូនស្រីមាតារបស់ព្រះអង្គ នាងម៉ារីភរិយារបស់លោក​​ក្លូប៉ាស​ និង​ម៉ារីជា​អ្នក​ក្រុង​ម៉ាក់ដាឡា​កំពុង​ឈរ​នៅជិតឈើឆ្កាងរបស់ព្រះយេស៊ូ។​
26នៅពេលព្រះយេស៊ូទតឃើញមាតារបស់ព្រះអង្គ ហើយសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅជិតនោះ ព្រះអង្គមានបន្ទូលទៅមាតារបស់ព្រះអង្គថា៖ «អ្នកម្តាយអើយ! មើល៍ នោះជាកូនរបស់អ្នកម្តាយហើយ»
27បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សថា៖​ ​«មើល៍! នេះជាអ្នកម្តាយរបស់អ្នកហើយ» ចាត់ពីម៉ោងនោះមក សិស្សរបស់ព្រះអង្គបានយកនាងទៅនៅផ្ទះរបស់គាត់ផ្ទាល់។
28បន្ទាប់ពីនេះ ទើបបានដឹងថាអ្វីៗបានសម្រេចហើយ ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំស្រេកទឹក»។
29មានក្រឡមួយពេញដោយទឹកខ្មេះបានដាក់នៅទីនោះ ដូច្នេះ ពួកគេបានយក​សារាយ​ស្ងួត​រុំ​នឹង​មែក​ហ៊ីសុប​ជ្រលក់​ទឹកខ្មេះ​ជោក​ រួច​ហុច​ដល់​ព្រះឱស្ឋ​របស់​ព្រះអង្គ។
30នៅពេលយេស៊ូផឹកទឹកខ្មេះនោះហើយ ព្រះអង្គមានបន្ទូលថា៖ «សម្រេចហើយ»។ ​
31បន្ទាប់មក សាសន៍យូដា ដោយព្រោះថ្ងៃនោះគឺជាថ្ងៃនៃការរៀបចំ ដូច្នេះ ពួកគេបានទុកឲ្យព្រះកាយរបស់ព្រះយេស៊ូនៅលើឈើឆ្កាងនៅក្នុងថ្ងៃសប្ប័ទទេ (ដ្បិតថ្ងៃសប្ប័ទគឺជាថ្ងៃបុណ្យធំ) ពួកគេបានសូមលោកពីឡាត ដើម្បីបំបាក់ជើងរបស់ពួកគេ ហើយយកសាកសពរបស់ពួកគេចុះមក។
32បន្ទាប់មក ពួកទាហានបានមកដល់ ហើយបំបាក់ជើងរបស់បុរសទីមួយ និងបំពាក់ជើងបុរសទីពីរ ដែលបានឆ្កាងជាមួយព្រះយេស៊ូ។
33នៅពេលពួកគេមកដល់ព្រះយេស៊ូ ពួកគេឃើញថា ព្រះអង្គសុគតរួចស្រេចបាត់ទៅហើយ ដូច្នេះ ពួកគេមិនបានបំបាក់ជើងរបស់ព្រះអង្គទេ។
34ប៉ុន្តែ មានទាហានម្នាក់បានចាក់ចំហៀងខ្លួនរបស់ព្រះអង្គជាមួយនឹងលំពែង ហើយរំពេចនោះឈាម និងទឹកបានហូរចេញមក។
35ម្នាក់ដែលបានឃើញការនេះ បានធ្វើបន្ទាល់ ហើយទីបន្ទាល់របស់គាត់គឺជាការពិត។ គាត់ដឹងថា អ្វីដែលគាត់និយាយគឺជាការពិត ដើម្បីឲ្យអ្នករាល់គ្នាអាចជឿដែរ។
36ដ្បិត ការទាំងអស់នេះ បានកើតឡើង ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា៖ «គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបានបាក់ឡើយ»។
37ក៏មានបទគម្ពីរផ្សេងទៀតបានចែងថា៖ «ពួកគេសម្លឹងមើលព្រះអង្គដែលត្រូវគេចាក់ទម្លុះ»។
38បន្ទាប់ពីការទាំងនេះហើយ លោកយ៉ូសែប អ្នកស្រុក​​អើរី‌ម៉ាថេ គាត់ក៏ជាសិស្សម្នាក់របស់ព្រះយេស៊ូដែរ (ដោយសារខ្លាចពួកយូដា គាត់មិនបង្ហាញថាជាសិស្សរបស់ព្រះអង្គទេ) បានសូមលោកពីឡាត ដើម្បីគាត់អាចនឹងយកព្រះសពរបស់ព្រះយេស៊ូបានឬអត់។
39លោកពីឡាតបានផ្តល់ការអនុញ្ញាតឲ្យគាត់។ ដូច្នេះ លោកយ៉ូសែបបានមក ហើយយកព្រះសពរបស់ព្រះអង្គទៅ។ លោកនីកូដេមក៏បានមកដែរ គាត់គឺជាម្នាក់ដែលបានមករកព្រះយេស៊ូនៅពេលយប់មុនគេ។ គាត់បាន​យក​ជ័រ‌ល្វីង‌ទេសលាយ​ជាមួយ​គ្រឿង​ក្រអូប ប្រហែលជាហាសិបគីឡូក្រាម។
40ដូច្នេះ ពួកគេបានយកព្រះកាយរបស់ព្រះយេស៊ូ ហើយបានរុំព្រះកាយនោះនឹងក្រណាត់សរមួយដុំ ដូចទម្លាប់របស់សាសន៍យូដា ដើម្បីបញ្ចុះសព។
41នៅកន្លែងដែលគេឆ្កាងព្រះអង្គនោះ មានសួនមួយ ហើយនៅក្នុងសួននោះមានផ្នូរថ្មីមួយដែលគ្មាននរណាយកសពមកដាក់នៅឡើយទេ។
42ដោយសារថ្ងៃនោះជាថ្ងៃរៀបចំរបស់សាសន៍យូដា ហើយដោយសារផ្នូរនោះនៅជិតផង ពួកគេបានបញ្ចុះព្រះយេស៊ូនៅទីនោះទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។