ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 18

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់ពីព្រះយេស៊ូមានបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបានចេញទៅជ្រលងកេ្រដូនម្ខាងទៀតជាមួយពួកសិស្ស ព្រះអង្គបានចូលទៅក្នុងសួនមួយនៅទីនោះជាមួយពួកសិស្ស។
2លោកយូដាស ជាអ្នកដែលក្បត់ព្រះអង្គ ក៏ដឹងពីកន្លែងនោះដែរ ដ្បិត ព្រះយេស៊ូបានយាងទៅទីនោះជាញឹកញាប់ជាមួយពួកសិស្ស។
3បន្ទាប់មក លោកយូដាស បាននាំទាហានមួយក្រុម ហើយនិងពួកអាជ្ញាធរពីនាយកបូជាចារ្យ និងពួកផារីស៊ី ទៅទីនោះជាមួយនឹងគោម ចន្លុះ ហើយនិងអាវុធផង។
4បន្ទាប់មក ព្រះយេស៊ូបានជ្រាបក្នុងគ្រប់ការទាំងអស់ថាអ្វីនឹងកើតឡើងចំពោះព្រះអង្គ ទ្រង់បានយាងទៅជួបពួកគេ ហើយមានបន្ទូលសួរថា៖ «តើអ្នករាល់គ្នាកំពុងស្វែងរកនរណា?»
5ពួកគេទូលទៅព្រះអង្គវិញថា៖ «រកយេស៊ូ អ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំហ្នឹងហើយ»។ លោកយូដាស ជាអ្នកដែលក្បត់ព្រះអង្គ ក៏ឈរនៅជាមួយទាហានដែរ។
6នៅពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ខ្ញុំហ្នឹងហើយ» ដូច្នេះ ពួកគេក៏ផ្ងាក្រោយ ហើយដួលទៅនឹងដី។
7បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ពួកគេម្តងទៀតថា៖ «តើអ្នករាល់គ្នាស្វែងរកនរណា?» ពួកគេទូលឆ្លើយម្តងទៀតថា៖ «យេស៊ូ អ្នកស្រុកណាសារ៉ែត»។
8ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា៖ «គឺខ្ញុំហ្នឹងហើយ។ ប្រសិនបើ អ្នករាល់គ្នាស្វែងរកខ្ញុំ ដូច្នេះ សូមឲ្យអ្នកទាំងអស់នេះចេញទៅ»។
9ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមព្រះបន្ទូលដែលព្រះអង្គមានបន្ទូលថា៖ «អស់អ្នកណាដែលព្រះអង្គបានប្រទានមកទូលបង្គំ គ្មានអ្នកណាបាត់បង់ឡើយ»។
10បន្ទាប់មក លោកស៊ីម៉ូនពេត្រុស ជាអ្នកដែលមានដាវ បានដក ហើយកាប់អ្នកបម្រើរបស់មហាបូជាចារ្យ ហើយបានកាត់ត្រចៀកខាងស្តាំរបស់គាត់។ អ្នកបម្រើនោះឈ្មោះម៉ាល‌កុស។
11ព្រះយេស៊ូទៅលោកពេត្រុសថា៖ «ដាក់ដាវទៅក្នុងស្រោមរបស់វាវិញទៅ។ តើខ្ញុំមិនផឹកពែងដែលព្រះបិតាបានប្រទានដល់ខ្ញុំទេឬអី?»
12ដូច្នេះ​ ក្រុមទាហាន និងមេបញ្ជាការ ព្រមទាំងអាជ្ញាធររបស់សាសន៍យូដា បានចាប់ព្រះយេស៊ូ ហើយចងព្រះអង្គ។
13ពួកគេបាននាំព្រះអង្គទៅជួបលោក​អេណា ដ្បិតគាត់គឺជាឪពុកក្មេករបស់លោកកៃផាស ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។
14លោកកៃផាសជាម្នាក់ដែលបានផ្តល់យោបល់ទៅសាសន៍យូដាដែលគឺជាល្អ ប្រសិនបើ ម្នាក់នះស្លាប់ជំនួសមនុស្ស។
15លោកស៊ីម៉ូនពេត្រុសបានដើរតាមព្រះយេស៊ូ ជាមួយនឹងពួកសិស្សផ្សេងទៀតដែរ។ មានសិស្សម្នាក់នោះបានស្គាល់មហាបូជាចារ្យ ហើយគាត់បានចូលទៅឯព្រះយេស៊ូនៅទៅទីធ្លាខាងក្នុងដំណាក់របស់មហាបូជាចារ្យ ប៉ុន្តែ លោកពេត្រុសឈរនៅខាងក្រៅទ្វារ។
16ដូច្នេះ សិស្សម្នាក់ទៀត ដែលស្គាល់មហាបូជាចារ្យ បានចូលទៅ ហើយនិយាយជាមួយស្រី្តអ្នកយាមទ្វារ ហើយគាត់បាននាំលោកពេត្រុសចូលក្នុង។
17បន្ទាប់មក ស្រី្តបម្រើ ដែលជាអ្នកយាមទ្វារ និយាយទៅកាន់លោកពេត្រុសថា៖ «តើអ្នកក៏ជាសិស្សម្នាក់របស់បុរសនោះមែនទេ?» គាត់ឆ្លើយថា៖ «មិនមែនទេ»។
18ពួកអ្នកបម្រើ និងពួកអាជ្ញាធរកំពុងឈរនៅទីនោះ ពួកគេបង្កាត់ភ្លើងអាំង ដ្បិតពេលនោះរងារណាស់ ពួកគេបានអាំងកម្តៅរូបកាយរបស់ពួកគេ។ លោកពេត្រុសក៏នៅជាមួយពួកគេ អាំងភ្លើង និងកម្តៅខ្លួនពួកគេនៅទីនោះដែរ។
19បន្ទាប់មក មហាបូជាចារ្យបានសួរព្រះយេស៊ូអំពីសេចក្តីបង្រៀនរបស់ពួកសិស្ស និងសេចក្តីបង្រៀនរបស់ព្រះអង្គ។
20​ព្រះយេស៊ូបានមានបន្ទូលឆ្លើយទៅគាត់ថា៖ «ខ្ញុំបានប្រាប់ជាសាធារណៈដល់លោកីយ៍ហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារ ជាកន្លែងដែលសាសន៍យូដាមកប្រជុំគ្នា។ ខ្ញុំមិនបាននិយាយអ្វីអាថ៌កំបាំងឡើយ។
21ហេតុអ្វីបានជាលោកសួរខ្ញុំ? ចូរសួរអស់អ្នកដែលបានស្តាប់ខ្ញុំពីអ្វីដែលខ្ញុំបានបង្រៀន។ មើល អ្នកទាំងអស់នេះដឹងអ្វីដែលខ្ញុំបាននិយាយ»។
22នៅពេលព្រះយេស៊ូមានបន្ទូលការនេះហើយ អាជ្ញាធរម្នាក់ដែលឈរនៅទីនោះបានវាយព្រះយេស៊ូ ហើយនិយាយថា៖ «ឯងឆ្លើយបែបនេះ ទៅកាន់មហាបូជាចារ្យមែនទេ?»
23ព្រះយេស៊ូមានបន្ទូលឆ្លើយទៅអ្នកនោះថា៖ «ប្រសិនបើ ខ្ញុំនិយាយខុសមែន ចូរគិតពីកំហុសខ្ញុំចុះ ប៉ុន្តែ ប្រសិនបើខ្ញុំត្រូវ ហេតុអ្វីបានជាលោកវាយខ្ញុំ?»
24បន្ទាប់មកលោកអេណាបានចាត់ព្រះអង្គឲ្យទៅឯកៃផាសជាមហាបូជាចារ្យទាំងជាប់ចំណង។
25លោកស៊ីម៉ូនពេត្រុសកំពុងតែឈរ ហើយកំពុងអាំងភ្លើង។ នោះ បណ្តាជនបានមកហើយនិយាយទៅគាត់ថា៖ «តើអ្នកមិនមែនជាសិស្សម្នាក់ក្នុងចំណោមពួកសិស្សរបស់អ្នកនោះទេឬអី?» គាត់បដិសេធ ហើយនិយាយថា៖ «ខ្ញុំមិនមែនទេ»។
26អ្នកបម្រើម្នាក់របស់មហាបូជាចារ្យ ជាញាតិរបស់បុរសម្នាក់ដែលលោកពេត្រុសបានកាត់ដាច់ត្រចៀក និយាយថា៖ «តើខ្ញុំមិនបានឃើញអ្នកនៅជាមួយអ្នកនោះនៅក្នុងសួនទេឬអី?»
27បន្ទាប់មក លោកពេត្រុសបដិសេធម្តងទៀត ហើយរំពេចនោះមាន់ក៏រងាវ។
28បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូពីលោកកៃផាសទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល។ ពេលនោះគឺជាពេលព្រឹកព្រលឹម ហើយពួកគេមិនបានចូលទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល ព្រោះបើធ្វើដូច្នោះ ពួកគេនឹងរាប់ជាមិនស្អាត ព្រោះពួកគេបរិភោគក្នុងពិធីបុណ្យរំលង។
29ដូច្នេះ លោកពីឡាតបានចេញមកជួបពួកគេ ហើយមានប្រសាសន៍ថា៖ «តើអ្នកចោទប្រកាន់បុរសនេះរឿងអ្វី?»
30ពួកគេឆ្លើយ ដោយនិយាយទៅកាន់គាត់ថា៖ «ប្រសិនបើ បុរសនេះ មិនបានធ្វើការអាក្រក់ទេ យើងនឹងមិននាំគាត់មកប្រគល់ឲ្យលោកទេ»។
31ដូច្នេះ លោកពីឡាតមានប្រសាសន៍ទៅពួកគេថា៖ «ចូរយកគាត់ទៅខ្លួនឯងទៅ ហើយកាត់ក្តីគាត់ស្របទៅតាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ»។ ពួកយូដានិយាយទៅកាន់គាត់ថា៖ «វាមិនត្រឹមត្រូវតាមច្បាប់សម្រាប់យើងទេ ក្នុងការសម្លាប់អ្នកណាម្នាក់នោះ»។
32ពួកគេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលដែលព្រះយេស៊ូបានថ្លែងបានសម្រេច តាមសេចក្តីដែលព្រះអង្គបានមានបន្ទូលពីការដែលព្រះអង្គត្រូវសុគតយ៉ាងណា។
33បន្ទាប់មកលោកពីឡាតបានចូលទៅក្នុងទីស្នាក់ការកណ្តាលរដ្ឋាភិបាលម្តងទៀត ហើយបានហៅព្រះយេស៊ូ ព្រមទាំងនិយាយទៅកាន់ព្រះអង្គថា៖ «តើលោកគឺជាមហាក្សត្ររបស់សាសន៍យូដាមែនទេ?»
34ព្រះយេស៊ូឆ្លើយថា៖ «តើលោកនិយាយខ្លួនឯង ឬ អ្នកផ្សេងប្រាប់លោកពីខ្ញុំ?»
35លោកពីឡាតឆ្លើយថា៖ «ខ្ញុំមិនមែនជាសាសន៍យូដាទេ​ តើមែនទេ? សាសន៍របស់អ្នកផ្ទាល់ ហើយនាយកបូជាចារ្យបានប្រគល់អ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វី?»
36ព្រះយេស៊ូឆ្លើយថា៖ «ព្រះរាជ្យរបស់ខ្ញុំមិនមែនមកពីលោកីយ៍នេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំមកពីលោកីយ៍នេះមែន នោះពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធមិនខាន ដើម្បីកុំឲ្យខ្ញុំត្រូវចាប់ប្រគល់ទៅឲ្យសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែនមកពីនេះទេ»។
37បន្ទាប់ លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «អ៊ីចឹង តើលោកជាមហាក្សត្រមែនទេ?» ព្រះយេស៊ូបានឆ្លើយថា៖ «លោកនិយាយថា ខ្ញុំជាមហាក្សត្រ។ ដ្បិត ខ្ញុំកើតមកក្នុងគោលបំណងនេះឯង ហើយគោលបំណងដែលខ្ញុំបានមកក្នុងលោកីយ៍នេះ ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ចំពោះសេចក្តីពិតនេះ។ មនុស្សគ្រប់រូបដែលជាកម្មសិទ្ធិសេចក្តីពិតនឹងស្តាប់សម្លេងរបស់ខ្ញុំ។
38លោកពីឡាតមានប្រសាសន៍ទៅព្រះអង្គថា៖ «តើសេចក្តីពិតជាអ្វី?» នៅពេលដែលគាត់បាននិយាយដូច្នេះរួចហើយ គាត់បានចេញទៅជួបពួកយូដាខាងក្រៅម្តងទៀត ហើយមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំរកកំហុសមិនឃើញនៅក្នុងបុរសនេះទេ។
39ប៉ុន្តែ អ្នករាល់គ្នាមានទម្លាប់ ខ្ញុំនឹងដោះលែងមនុស្សម្នាក់ដល់អ្នករាល់គ្នានៅថ្ងៃបុណ្យរំលងនេះ។ ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចរបស់សាសន៍យូដាដល់អ្នករាល់គ្នាឬយ៉ាងណា?»
40នោះ ពួកគេបានស្រែកឡើង ហើយនិយាយថា៖ «មិនមែនបុរសនេះទេ ប៉ុន្តែសូមដោះលែង​បារ៉ា‌បាស​វិញ»។ លោកបារ៉ាបាសជាចោរប្លន់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។