ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 15

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំជាដើមទំពាំងបាយជូរពិត ហើយព្រះបិតាខ្ញុំជាអ្នកដាំ។
2ព្រះអង្គកាត់មែកទាំងឡាយណាដែលមិនបង្កើតផលនៅក្នុងខ្ញុំចោល ហើយព្រះអង្គកាត់លោះមែកទាំងឡាយណាដែលបង្កើតផល ដើម្បីឲ្យមែកនោះបានបង្កើតផលកាន់តែច្រើនឡើងថែមទៀត។
3អ្នករាល់គ្នាបានស្អាតហើយ ដោយសារព្រះបន្ទូលដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា។
4ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នករាល់គ្នា។ ដូចជាមែកមួយ មិនអាចបង្កើតផលដោយខ្លួនវាបានទេ លុះត្រាតែវានៅជាប់នឹងដើមទំពាំងបាយជូរ អ្នករាល់គ្នាក៏ដូចគ្នាដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ។
5ខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាដែលនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ អ្នកនោះនឹងបង្កើតផលជាច្រើន ដ្បិត បើគ្មានខ្ញុំទេ អ្នកមិនអាចធ្វើអ្វីបានទាំងអស់។
6ប្រសិនបើ​ អ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះនឹងត្រូវបោះចោលទៅក្រៅ ដូចជាមែក ហើយវានឹងស្ងួត ហើយពួកគេនឹងប្រមូលមែកទាំងនោះ ហើយបោះមែកទាំងនោះចោលទៅក្នុងភ្លើង មែកទាំងនោះនឹងត្រូវឆេះអស់។
7ប្រសិនបើ អ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយប្រសិនបើ ពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា ចូរសុំអ្វីៗតាមតែអ្នកប្រាថ្នាចុះ វានឹងបានសម្រេចដល់អ្នករាល់គ្នា។
8ព្រះបិតាខ្ញុំបានទទួលសិរីល្អ ដោយសារអ្នករាល់គ្នាបង្កើតផលជាច្រើន ហើយបញ្ជាក់ថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
9ព្រះបិតាស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ។ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ។
10ប្រសិនបើ អ្នករាល់គ្នា ប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ខ្ញុំ អ្នករាល់គ្នានឹងនៅជាប់នឹងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចខ្ញុំ បានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះបិតាខ្ញុំដែរ ហើយខ្ញុំបាននៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ។
11ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាមួយអ្នករាល់គ្នា​ និងដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពេញលក្ខណៈ។
12នេះគឺជាក្រឹត្យវិន័យរបស់ខ្ញុំ គឺថាអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នាដែរ។
13គ្មាននរណាមានក្តីស្រឡាញ់ធំជាងនេះទេ​ដោយព្រះអង្គហ៊ានលះបង់ជីវិតដើម្បីមិត្តសម្លាញ់។
14អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើ អ្នករាល់គ្នាធ្វើការដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នា។
15ខ្ញុំលែងហៅអ្នករាល់គ្នាថាជាអ្នកបម្រើទៀតហើយ ដ្បិតអ្នកបម្រើមិនដឹងថាម្ចាស់របស់គាត់កំពុងធ្វើអ្វីនោះទេ។ ខ្ញុំបានហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ដើម្បីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានឮពីព្រះបិតាខ្ញុំ ហើយខ្ញុំបានប្រាប់ដល់អ្នករាល់គ្នារួចហើយ។
16អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ ប៉ុន្តែ ខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ហើយបានរើសតាំងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានចេញទៅហើយបង្កើតផល ហើយផលរបស់អ្នករាល់គ្នាបាននៅជាប់ផង។ ដូច្នេះហើយ អ្វីដែលអ្នករាល់គ្នាទូលសុំពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានមកអ្នករាល់គ្នា។
17ខ្ញុំបង្គាប់ការទាំងនេះមកអ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
18ប្រសិនបើ លោកីយ៍ស្អប់អ្នករាល់គ្នា ចូរដឹងថា ពួកគេស្អប់ខ្ញុំមុនពេលពួកគេស្អប់អ្នករាល់ទៅទៀត។
19ប្រសិនបើ អ្នករាល់គ្នាមកពីលោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាជារបស់លោកីយ៍។ ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ ហើយដោយសារខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីលោកីយ៍ ដូច្នេះហើយ បានជាលោកីយ៍ស្អប់អ្នករាល់គ្នា។
20ចាំសម្ដីដែលខ្ញុំបាននិយាយជាមួយអ្នករាល់គ្នាទេ ថា៖ «អ្នកបម្រើមិនធំជាងចៅហ្វាយរបស់គាត់ទេ»។ ប្រសិនបើ ពួកគេបៀតបៀនខ្ញុំ ពួកគេក៏បៀតបៀនដល់អ្នករាល់គ្នាដែរ។ ប្រសិនបើ អ្នករាល់គ្នាប្រព្រឹត្តតាមពាក្យខ្ញុំ ពួកគេនឹងប្រព្រឹត្តពាក្យរបស់អ្នករាល់គ្នាដែរ។
21ពួកគេនឹងធ្វើការទាំងអស់នេះដល់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ព្រោះពួកគេមិនស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
22ប្រសិនបើ ខ្ញុំមិនបានមក ហើយប្រាប់ដល់ពួកគេទេ នោះពួកគេអាចនឹងគ្មានបាបទេ ប៉ុន្តែ ឥឡូវនេះ ពួកគេលែងមានការដោះសារពីបាបរបស់ពួកគេហើយ។
23អ្នកណាដែលស្អប់ខ្ញុំ ក៏ស្អប់ព្រះបិតាខ្ញុំដែរ។
24ប្រសិនបើ ខ្ញុំមិនបានធ្វើការ ដែលគ្មាននរណានៅក្នុងចំណោមពួកគេអាចធ្វើការនោះបាន ពួកគេអាចនឹងមិនមានបាបទេ ប៉ុន្តែ ឥឡូវនេះ ពួកគេបានឃើញ ហើយស្អប់ទាំងខ្ញុំ និងព្រះបិតាខ្ញុំ។
25ប៉ុន្តែ ការនេះកើតឡើង ដើម្បីឲ្យបានសម្រេចតាមពាក្យដែលចែងនៅក្នុងក្រឹត្យវិន័យរបស់ពួកគេថា៖ «ពួកគេស្អប់ខ្ញុំ ឥតហេតុផលឡើយ»។
26នៅពេលដែលចាត់អ្នកកម្សាន្តចិត្តមកឯអ្នករាល់គ្នាពីព្រះបិតាខ្ញុំមក ព្រះអង្គជា ព្រះវិញ្ញាណនៃសេចក្តីពិត ដែលយាងពីព្រះបិតាខ្ញុំមក ព្រះអង្គនឹងធ្វើបន្ទាល់ពីខ្ញុំ។
27អ្នករាល់គ្នាដ៏កំពុងធ្វើបន្ទាល់ពីខ្ញុំដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។