ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យ៉ូហាន 14

Read Scripture freely. Divine Threads study for this chapter is coming later.

1កុំឲ្យរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ។ អ្នកជឿដល់ព្រះជាម្ចាស់ហើយ ក៏ជឿដល់ខ្ញុំដែរ។
2នៅក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានបន្ទប់ជាច្រើន។ ប្រសិនបើមិនដូច្នោះទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
3ប្រសិនបើខ្ញុំទៅ ហើយរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា ខ្ញុំនឹងត្រឡប់មកវិញម្តងទៀត ហើយយកអ្នករាល់គ្នាទៅឯខ្ញុំ ដូច្នេះ អ្នករាល់គ្នានឹងបាននៅកន្លែងដែលខ្ញុំនៅដែរ។
4អ្នករាល់គ្នាបានស្គាល់ផ្លូវដែលខ្ញុំកំពុងទៅ។
5លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ យើងមិនដឹងថាព្រះអង្គទៅណាផង ធ្វើដូចម្តេចឲ្យយើងស្គាល់ផ្លូវបានទៅ?»
6ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត គ្មាននរណាអាចទៅឯព្រះបិតាបានទេ លើកលែងតែចូលតាមរយៈខ្ញុំ។
7ប្រសិនបើ អ្នករាល់គ្នាបានស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាស្គាល់ព្រះអង្គ ហើយក៏បានឃើញព្រះអង្គដែរ»។
8លោកភីលីពទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង នោះយើងខ្ញុំស្កប់ចិត្តហើយ»។
9ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំបាននៅជាមួយអ្នកអស់រយៈពេលយ៉ាងយូរ ហើយអ្នកនៅតែមិនស្គាល់ខ្ញុំទៀត ភីលីព? អស់អ្នកណាដែលឃើញខ្ញុំ ឃើញព្រះបិតាដែរ។ តើអ្នកអាចនិយាយថា៖ «សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូចម្តេចកើត?
10តើអ្នករាល់គ្នាមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំទេឬអី? ពាក្យដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ខ្ញុំមិនបាននិយាយចេញដោយសិទ្ធិអំណាចខ្លួនរបស់ខ្ញុំផ្ទាល់ទេ ប៉ុន្តែ ព្រះបិតារស់នៅក្នុងខ្ញុំកំពុងធ្វើការងាររបស់ព្រះអង្គ។
11ចូរជឿដល់ខ្ញុំថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ឬជឿដោយសារកិច្ចការទាំងនោះចុះ។
12ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើការដូចដែលខ្ញុំធ្វើដែរ ហើយអ្នកនោះនឹងធ្វើការលើសជាងការទាំងនេះផង ដ្បិត ខ្ញុំបានទៅឯព្រះបិតាខ្ញុំវិញហើយ។
13អ្វីក្តីដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ ខ្ញុំនឹងសម្រេចឲ្យ ដើម្បីឲ្យព្រះបិតាបានទទួលសិរីរុងរឿងនៅក្នុងព្រះបុត្រា។
14ប្រសិនបើ អ្នករាល់គ្នាសុំអ្វីៗដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងធ្វើវា។
15ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ខ្ញុំ នឹងប្រព្រឹត្តតាមបញ្ញាតិរបស់ខ្ញុំ
16ហើយខ្ញុំនឹងអធិស្ឋានទៅព្រះបិតា ហើយព្រះអង្គនឹងប្រទានអ្នកកម្សាន្តចិត្តដល់អ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គបានគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូតតទៅ
17ជាព្រះវិញ្ញាណនៃសេចក្តីពិត។ លោកីយ៍មិនអាចទទួលព្រះអង្គបានទេ ដោយសារលោកីយ៍មិនឃើញព្រះអង្គ ឬស្គាល់ព្រះអង្គ។ ប៉ុន្តែ អ្នករាល់គ្នាវិញ ស្គាល់ព្រះអង្គ ដើម្បីព្រះអង្គមានព្រះជន្មរស់នៅជាមួយអ្នករាល់គ្នា ហើយគង់នៅជាមួយអ្នករាល់គ្នា។
18ខ្ញុំនឹងមិនបោះបង់អ្នករាល់គ្នាចោលឡើយ ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញ។
19នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកីយ៍នឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែ អ្នករាល់គ្នាឃើញខ្ញុំ។ ព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏រស់ដែរ។
20នៅថ្ងៃនោះ អ្នកនឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតា ហើយថាអ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។
21អស់អ្នកណាដែលមានក្រឹត្យវិន័យរបស់ខ្ញុំ ហើយប្រព្រឹត្តតាម គឺជាអ្នកដែលស្រឡាញ់ខ្ញុំ ហើយអ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះបិតារបស់ខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយខ្ញុំនឹងបង្ហាញខ្លួនខ្ញុំដល់អ្នកនោះ»។
22លោកយូដា (មិន​មែន​អ៊ីស្កា‌រីយ៉ុត​) បានទូលទៅព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបង្ហាញអង្គទ្រង់ដល់យើង ហើយមិនបង្ហាញដល់លោកីយ៍?»
23ព្រះយេស៊ូបានឆ្លើយ ហើយមានបន្ទូលទៅគាត់ថា៖ «ប្រសិនបើ អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ហើយយើងនឹងតាំងទីលំនៅរបស់យើងជាមួយអ្នកនោះ។
24អ្នកណាដែលមិនស្រឡាញ់ខ្ញុំ មិនប្រព្រឹត្តតាមពាក្យរបស់ខ្ញុំទេ។ ពាក្យដែលអ្នករាល់គ្នាបានឮមិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែ មកពីព្រះបិតាដែលចាត់ខ្ញុំឲ្យមក។
25ខ្ញុំបាននិយាយការទាំងនេះដល់អ្នករាល់គ្នា ក្នុងពេលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។
26ប៉ុន្តែ អ្នកកម្សាន្តចិត្ត គឺព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះដែលព្រះបិតាបានចាត់មកដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងបង្រៀនអ្នករាល់គ្នាគ្រប់យ៉ាង ហើយព្រះអង្គនឹងរំលឹកអ្នករាល់គ្នាពីអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា។
27ខ្ញុំទុកសេចក្តីសុខសាន្តដល់អ្នករាល់គ្នា ខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា។ សេចក្តីសុខសាន្តដែលខ្ញុំឲ្យ មិនដូចជាសេចក្តីសុខសាន្តដែលលោកីយ៍ឲ្យទេ។ កុំឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ ហើយក៏កុំឲ្យភ័យខ្លាចដែរ។
28អ្នករាល់គ្នាបានឮអ្វីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាថា៖ «ខ្ញុំនឹងចេញទៅឆ្ងាយ ហើយខ្ញុំនឹងត្រឡប់មកឯអ្នករាល់គ្នាវិញ។ ប្រសិនបើ អ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកនឹងមានអំណរ ព្រោះខ្ញុំកំពុងតែទៅឯព្រះបិតា ដ្បិតព្រះបិតាធំជាងខ្ញុំ។
29ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ វានឹងកើតឡើងយ៉ាងដូច្នេោះ ដើម្បីនៅពេលវាកើតឡើង អ្នករាល់គ្នានឹងជឿ។
30ខ្ញុំនឹងឈប់និយាយច្រើនជាមួយនឹងអ្នករាល់គ្នាទៀតហើយ ដ្បិតមេគ្រប់គ្រងលោកីយ៍នេះមកដល់ហើយ។ វាគ្មានអំណាចអ្វីមកលើខ្ញុំទេ
31ប៉ុន្តែ ដើម្បីលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំធ្វើអ្វីៗតាមសេចក្តីបង្គាប់របស់ព្រះបិតាខ្ញុំ តែប៉ុណ្ណោះ។ ចូរយើងក្រោកឡើង ហើយចេញពីទីនេះទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។