1នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាស តាមរយៈព្យាការីយេរេមា និយាយអំពីបាប៊ីឡូន និងទឹកដីខាល់ដេ។
2«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេស្តាប់។ ចូរលើកទង់សញ្ញាឡើង ចូរប្រាប់ឲ្យពួកគេស្តាប់។ កុំលាក់ឲ្យសោះ។ ចូរនិយាយថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ។ ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ។ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ។
3ប្រជាជាតិមួយនៅទិសខាងជើង លើកទ័ពមកវាយក្រុងបាប៊ីឡូន ធ្វើឲ្យទឹកដីនេះក្លាយទៅជាទីស្មសាន គ្មាននរណារស់នៅទៀតទេ។
4គឺទាំងមនុស្ស ទាំងសត្វ រត់ចេញពីទីនោះ។ នៅគ្រានោះ កូនចៅអ៊ីស្រាអែល និងកូនចៅយូដា វិលត្រឡប់មកវិញជាមួយគ្នា ពួកគេដើរផង យំផង ហើយស្វែងរកព្រះអម្ចាស់ ជាព្រះរបស់ពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
5ពួកគេនឹងស៊ើបសួររកផ្លូវទៅក្រុងស៊ីយ៉ូន ហើយនាំគ្នាបែរមុខតម្រង់ទៅរកក្រុងនោះ។ ពួកគេរួមរស់ជាមួយព្រះអម្ចាស់ ដោយចងសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលពួកគេមិនបំភ្លេចឡើយ»។
6ប្រជាជនរបស់យើងប្រៀបបាននឹងហ្វូងចៀម ដែលវង្វេងបាត់។ ពួកគង្វាលបាននាំពួកគេឲ្យវង្វេង ដោយពង្វាងទៅតាមភ្នំនានា ចៀមរបស់យើងដើរពីភ្នំមួយទៅភ្នំមួយ រហូតដល់ភ្លេចក្រោលរបស់ខ្លួន។
7អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា៖ បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអម្ចាស់។ ដូនតារបស់ពួកគេបានសង្ឃឹមលើព្រះអម្ចាស់ ដែលជាប្រភពនៃសេចក្ដីសុចរិត។
8ចូរនាំគ្នារត់ចេញពីក្រុងបាប៊ីឡូន ចូរចាកចេញពីទឹកដីខាល់ដេ ចូរធ្វើដូចជាពពែឈ្មោល ដែលនៅខាងមុខហ្វូងចៀម។
9ដ្បិត យើងនឹងប្រមូលប្រជាជាតិនានា ដែលជាមហាអំណាច ពីទឹកដីខាងជើង ឲ្យមកវាយលុកក្រុងបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងរៀបក្បួនទ័ព វាយយកក្រុងនេះ ព្រួញរបស់ពួកគេបាញ់មិនចេះខុសទេ គឺប្រៀបដូចជាទាហានដ៏មានថ្វីដៃ ដែលឥតត្រឡប់មកវិញ ដោយពុំបានប្រហារជីវិតមនុស្សឡើយ។
10ខ្មាំងនឹងរឹបអូសយកសម្បត្តិរបស់ទឹកដីខាល់ដេ។ អស់អ្នកដែលរឹបអូសយកសម្បត្តិ របស់ទឹកដីនោះ មុខជាបានស្កប់ស្កល់មិនខាន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
11ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងអរសប្បាយ ចូរលោតដូចគោញី ដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ។
12ក្រុងបាប៊ីឡូនជាម្ដាយរបស់អ្នករាល់គ្នា នឹងត្រូវអាម៉ាស់ បាប៊ីឡូននឹងក្លាយទៅជាប្រជាជាតិមួយ អន់ជាងគេបំផុត ទឹកដីរបស់គេក្លាយទៅជាទីស្មសានជាដីហួតហែង និងជាព្រៃល្បោះ»។
13ព្រះពិរោធរបស់ព្រះអម្ចាស់បាប៊ីឡូននឹងក្លាយទៅជាកន្លែងដែល គ្មាននរណារស់នៅ គឺក្រុងបាប៊ីឡូនទាំងមូលនឹងវិនាសហិនហោច។ អស់អ្នកដែលដើរក្បែរនោះ នឹងព្រឺសម្បុរ ដោយឃើញសំណល់បាក់បែក។
14ទ័ពបាញ់ព្រួញអើយ ចូរតម្រៀបគ្នាវាយលុក និងព័ទ្ធជុំវិញក្រុងបាប៊ីឡូនទៅ! ចូរបាញ់ព្រួញតម្រង់ទៅក្រុងនេះ ដោយឥតខ្លាចខាតព្រួញឡើយ ដ្បិតក្រុងនេះបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់។
15ចូរស្រែកជយឃោសពីគ្រប់ទិសទី ដ្បិតក្រុងនេះលើកដៃសុំចុះចាញ់ហើយ។ គ្រឹះរបស់វាត្រូវកក្រើក ហើយកំពែងរបស់វាក៏រលំដែរ ដ្បិតព្រះអម្ចាស់សងសឹកនឹងក្រុងនេះដូច្នេះ ចូរសងសឹកនឹងក្រុងបាប៊ីឡូន! សូមធ្វើដាក់គេនូវអ្វីដែលគេបានធ្វើដែរ!
16សូមបំផ្លាញអ្នកសាបព្រោះ និងអ្នកច្រូតកាត់ កុំឲ្យមានអ្នករស់នៅក្នុងទឹកដីបាប៊ីឡូន ទៀតឡើយ។ សូមឲ្យគ្រប់គ្នាបានត្រឡប់ទៅនៅក្នុងក្រុងនេះ គឺមនុស្សដែលដាវបានធ្វើទុក្ខលំបាក សូមឲ្យពួកគេភៀសខ្លួនទៅលើទឹកដីរបស់គេវិញ។
17អីុស្រាអែលប្រៀបបាននឹងចៀមវង្វេង ដែលត្រូវហ្វូងសិង្ហដេញខាំ មុនដំបូង ស្ដេចទឹកដីអាស្ស៊ីរីខាំអីុស្រាអែល បន្ទាប់មក នេប៊ូក្នេសាស្ដេចទឹកដីបាប៊ីឡូន ហែកស៊ី និងកម្ទេចឆ្អឹង។
18ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ យើងនឹងធ្វើទោសស្ដេចទឹកដីបាប៊ីឡូន និងទឹកដីរបស់គេ ដូចយើងបានធ្វើទោសស្ដេចទឹកដីអាស្ស៊ីរីដែរ។
19យើងនឹងនាំជនជាតិអ៊ីស្រាអែលឲ្យ វិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ ពួកគេនឹងរស់នៅលើភ្នំកើមែល និងភ្នំបាសាន ហើយពួកគេនឹងបរិភោគឆ្អែតបរិបូណ៌ នៅលើភ្នំអេប្រាអ៊ីម និងភ្នំកាឡាដ។
20នៅគ្រានោះ ព្រះអម្ចាស់មានបន្ទូលថា គេរកមើលកំហុសរបស់ ជនជាតិអ៊ីស្រាអែលលែងឃើញ។ រីឯអំពើបាបរបស់ជនជាតិយូដា ក៏ពុំឃើញមានទៀតដែរ ដ្បិតយើងលើកលែងទោសអស់អ្នក ដែលយើងទុកឲ្យនៅសេសសល់ពីស្លាប់»។
21«ចូរឡើងទៅវាយលុកទឹកដីមេរ៉ាថែម វាយលុកអ្នកទឹកដីពេកូដ ចូរកម្ទេច និងប្រហារពួកគេឥតទុកឲ្យនៅសល់អ្វីឡើយ ចូរប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានបង្គាប់ដល់អ្នក នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
22មានឮសូរសំឡេង សឹកសង្គ្រាម និងធំសម្បើម និងវិនាសមហន្តរាយ នៅលើទឹកដី។
23បាប៊ីឡូនដែលប្រៀបដូចជាញញួរដំកម្ទេច ផែនដីទាំងមូល បែរជាបាក់បែកខ្ទេចខ្ទីអស់។ ម្ដេចក៏បាប៊ីឡូនក្លាយទៅជាទីស្មសាន ក្នុងចំណោមប្រជាជាតិនានាដូច្នេះ។
24បាប៊ីឡូនអើយ យើងបានដាក់អន្ទាក់អ្នក ហើយអ្នកក៏ជាប់អន្ទាក់នេះ ដោយមិនដឹងខ្លួន ពេលគេឃើញអ្នក គេចាប់យកភ្លាម ព្រោះអ្នកហ៊ានរករឿងព្រះអម្ចាស់។
25ព្រះអម្ចាស់បានបើកឃ្លាំងរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធ នៃព្រះពិរោធចេញមក ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល ត្រូវការប្រើគ្រឿងសស្ត្រាវុធទាំងនេះ នៅទឹកដីខាល់ដេ។
26វាយប្រហារបាប៊ីឡូនពីចំងាយ។ ចូរបើកជង្រុករបស់ពួកគេ ចូរកម្ទេចក្រុងនេះ ហើយបំផ្លាញទាំងអស់ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ កុំទុកឲ្យនៅសេសសល់អ្វីឡើយ។
27ចូរសម្លាប់មេទ័ពទាំងអស់នៅទឹកដីនោះ ដូចគោដែលគេសម្លាប់នៅទីសត្តឃាត! ពួកគេមុខជាវេទនាពុំខាន ដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្ម មកដល់ហើយ។
28ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថាព្រះអម្ចាស់ ជាព្រះនៃយើង ព្រះអង្គសងសឹកហើយ គឺព្រះអង្គសងសឹកពួកបាប៊ីឡូន ព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ»។
29ចូរកោះហៅអ្នកបាញ់ព្រួញ គឺអ្នកបាញ់ព្រួញ ដ៏ពូកែទាំងប៉ុន្មាន មកវាយលុកបាប៊ីឡូន ចូរបោះទ័ពជុំវិញក្រុងនេះ កុំឲ្យនរណាម្នាក់រត់រួចឡើយ។ ចូរសងពួកបាប៊ីឡូនវិញ តាមអំពើរបស់ពួកគេ ពួកគេធ្លាប់ប្រព្រឹត្តយ៉ាងណា ចូរប្រព្រឹត្តចំពោះពួកគេវិញយ៉ាងនោះដែរ។ ដ្បិតពួកគេវាយឫកព្រហើនដាក់ព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអីុស្រាអែល។
30ហេតុនេះហើយបានជានៅថ្ងៃនោះ យុវជនរបស់ពួកគេដួលស្លាប់នៅតាមផ្លូវ ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
31«មើល៍! ក្រុងបាប៊ីឡូនដ៏ព្រហើនអើយ យើងនឹងដាក់ទោសអ្នកថ្ងៃដែលអ្នកទទួលទារុណកម្មមកដល់ហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
32ដូច្នេះក្រុងដ៏ព្រហើននេះ ត្រូវជំពប់ដួល។ គ្មាននរណាជួយលើកវាឡើងវិញទេ យើងដុតកម្ទេចក្រុងនានានៅទឹកដីបាប៊ីឡូន ហើយភ្លើងនឹងឆាបឆេះគ្រប់ទិសទី។
33ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដា ត្រូវបាប៊ីឡូនសង្កត់សង្កិនរួមជាមួយគ្នា អស់អ្នកដែលបានកៀរពួកគេទៅជាឈ្លើយ នៅតែឃុំពួកគេទុកដដែល មិនព្រមលែងពួកគេឡើយ»។
34ព្រះដែលលោះពួកគេ ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។ ព្រះអង្គពិតជារកយុត្តិធម៌ឲ្យពួកគេ ហើយនាំសេចក្ដីសុខមកលើទឹកដី និងធ្វើឲ្យអ្នកទឹកដីបាប៊ីឡូនកើតចលាចល។
35ដាវនឹងតាមបំផ្លាញពួកជនជាតិខាល់ដេ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ក៏នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជន ហើយប្រហោរពួកអ្នកដឹកនាំ រួមទាំងអ្នកប្រាជ្ញរបស់គេដែរ។
36ចូរយកដាវទៅប្រហារគ្រូហោររបស់ពួកគេ! អ្នកទាំងនោះជាមនុស្សវិកលចរិត! ចូរយកដាវទៅប្រហារទាហានដ៏ខ្លាំងពូកែរបស់ពួកគេ អ្នកទាំងនោះត្រូវរលំហើយ។
37ចូរយកដាវទៅប្រហារសេះ និងរទេះចម្បាំងរបស់ពួកគេ ហើយប្រហារជនបរទេសដែលមកជួយច្បាំង រួមជាមួយពួកគេដែរ! អ្នកទាំងនោះទន់ខ្សោយដូចមនុស្សស្រី! ចូរយកដាវបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ហើយរឹបអូសយកទាំងអស់ទៅ។
38ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតទឹកដីនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គម្រក់របស់ខ្លួន។
39ហេតុនេះហើយបានជាសត្វព្រៃ និងសត្វសាហាវ នាំគ្នាមកស្នាក់អាស្រ័យនៅក្នុងក្រុងនេះ សត្វត្មាតក៏មកធ្វើសំបុករស់នៅដែរ គ្មានមនុស្សរស់នៅ អស់កល្បជាអង្វែងតរៀងទៅ។
40ក្រុងនេះប្រៀបបាននឹងក្រុងសូដុម និងកូម៉ូរ៉ា ព្រមទាំងក្រុងឯទៀតៗ ដែលព្រះជាម្ចាស់បានបំផ្លាញ គឺគ្មាននរណាមករស់នៅទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយក៏គ្មានមនុស្សណាមកតាំងទីលំនៅ ទៀតដែរ»។
41«មើល៍! មានកងទ័ពមកពីទិសខាងជើង ប្រជាជាតិមួយ និងស្ដេចដ៏ខ្លាំងពូកែទាំងឡាយ ចេញដំណើរពីទីដាច់ស្រយាលនៃផែនដី។
42ពួកគេលើកធ្នូ លើកលំពែងឡើង ពួកគេសាហាវណាស់ ឥតមានចិត្តមេត្តាទេ សន្ធឹកទ័ពរបស់ពួកគេលាន់ឮដូចសន្ធឹកសមុទ្រ ពួកគេជិះសេះមក ហើយតម្រៀបគ្នាជាក្បួនទ័ព ដើម្បីវាយលុកក្រុងបាប៊ីឡូន។
43ស្ដេចទឹកដីបាប៊ីឡូនបានឮដំណឹងនេះ ក៏ទន់ដៃទន់ជើង អន្ទះសា និងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
44គេលោដូចសត្វសិង្ហចេញពីមាត់ទន្លេយ័រដាន់ ចូលទៅក្នុងគុម្ពោតព្រៃរហ័សយ៉ាងណា យើងក៏នឹងធ្វើឲ្យអ្នកទឹកដី បាប៊ីឡូនរត់ចេញទៅរហ័សយ៉ាងនោះដែរ។ យើងនឹងតែងតាំងអ្នកគ្រប់គ្រង ដែលយើងបានជ្រើសរើសឲ្យគ្រប់គ្រងលើទឹកដីនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?
45ដូច្នេះ ចូរនាំគ្នាស្ដាប់អំពីការដែលព្រះអម្ចាស់ សម្រេចធ្វើចំពោះបាប៊ីឡូន និងគម្រោងការដែលព្រះអង្គគ្រោងទុក ដើម្បីដាក់ទោសអ្នកទឹកដីខាល់ដេ! សត្រូវពិតជានាំអ្នកទឹកដីនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ ព្រមទាំងបំផ្លាញទឹកដីភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
46ពេលក្រុងបាប៊ីឡូនរលំ ផែនដីក៏កក្រើក មានសម្រែកលាន់ឮឡើងក្នុងចំណោម ប្រជាជាតិទាំងឡាយ»។