1សម្រាប់ប្រជាជននៃអាំម៉ូន ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ? តើមិនមានអ្នកណានឹងទទួលមរតកទេឬ? ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក មករស់នៅក្នុងក្រុងនានានៃទឹកដីកាដ?
2ដូច្នេះ នៅពេលខាងមុខ យើងនឹងឲ្យសង្គ្រាមកើតមានដល់ ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ក្រុងនោះនឹងក្លាយទៅជាទីស្មសាន ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ វិនាសដោយភ្លើង។ ដ្បិត អ៊ីស្រាអែលនឹងយកទឹកដីដែល ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
3អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ ដ្បិតក្រុងអៃវិនាសសូន្យហើយ! អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយ ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា ត្រូវគេចាប់យកទៅជាឈ្លើយ ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
4ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា តើនរណាហ៊ានមកវាយប្រហារខ្ញុំ?
5មើល៍! យើងនឹងធ្វើឲ្យមានទុក្ខភ័យពីគ្រប់ទិសទី កើតមានដល់អ្នក នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់នៃ ពិភពទាំងមូល ហើយការកើតទុក្ខភ័យនេះគឺនៅចំណោមអ្នករាល់គ្នា។ នោះអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយចេញពីវាដែរ។ ម្នាក់ៗរត់ប្រាសអាយុ គ្មាននរណាប្រមូលផ្ដុំអ្នករាល់គ្នាឡើងវិញទេ។
6ប៉ុន្តែ ក្រោយមក យើងនឹងស្ដារទឹកដីអាំម៉ូនឡើងវិញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
7សម្រាប់ជនជាតិអេដុម ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ?
8អ្នកក្រុងដេដាន់អើយ ចូរនាំគ្នារត់ ចូរចាកចេញពីទីនេះ ចូរនាំគ្នាពួនក្នុងរូងភ្នំទៅ។ ដ្បិតយើងនឹងធ្វើឲ្យមហន្តរាយកើតមាន ដល់ពូជពង្សរបស់អេសាវ គឺដល់ពេលយើងវិនិច្ឆ័យទោសគេហើយ។
9ប្រសិនបើពួកបេះផ្លែទំពាំងបាយជូរ មកដល់ទឹកដីអ្នក គេមិនទុកឲ្យមានផ្លែនៅសល់ឡើយ។ ប្រសិនបើពួកចោរចូលប្លន់អ្នកនៅពេលយប់ គេនឹងយកអ្វីៗដែលគេអាចយកបាន។
10តែយើងនឹងយកអ្វីៗទាំងអស់ចេញពីអេសាវ យើងនឹងបើកកកាយកន្លែងដែលគេពួន គឺគេពុំអាចពួនតទៅទៀតបានឡើយ។ ពូជពង្សរបស់គេ ព្រមទាំងអ្នកជិតខាងរបស់គេ នឹងត្រូវអន្តរាយ។
11គ្មាននៅសល់នរណាម្នាក់ពោលថា៖ កុំព្រួយបារម្ភនឹងកូនអ្នកដែលនៅកំព្រាឡើយ ខ្ញុំនឹងចិញ្ចឹមពួកវា ប្រពន្ធរបស់អ្នកដែលនៅមេម៉ាយ ក៏អាចទុកចិត្តលើខ្ញុំដែរ»។
12ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលមិនត្រូវផឹកពីពែងនៃទុក្ខលំបាកនេះ ក៏យើងដាក់ទោសឲ្យផឹកដែរ។ ចុះអ្នកវិញ តើអ្នកស្មានថាអាចរួចខ្លួនឬ? ទេ អ្នកពុំអាចរួចខ្លួនបានឡើយ អ្នកត្រូវតែផឹក។
13យើងសុំស្បថក្នុងនាមយើងផ្ទាល់ថា ក្រុងបូសរ៉ានឹងត្រូវវិនាសអន្តរាយក្លាយទៅជាទីស្មសាន និងជាគំនរបាក់បែក។ ប្រជាជនឯទៀតៗនឹងយកឈ្មោះក្រុងនេះទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នា។ ទីក្រុងផ្សេងទៀតនឹងវេនាសជារៀងរហូត» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14ខ្ញុំបានឮពីព្រះអម្ចាស់ ហើយព្រះបន្ទូលបាននាំទៅ ប្រកាសដល់ប្រជាជាតិនានាថា ចូរប្រមូលគ្នាមកប្រហារទឹកដីអេដុម ចូរក្រោកឡើង វាយលុកទឹកដីនេះទៅ។
15«អេដុមអើយ យើងនឹងធ្វើឲ្យអ្នកក្លាយទៅ ជាប្រជាជាតិមួយតូចជាងគេ ជាប្រជាជាតិដែលមនុស្សលោកមើលងាយ។
16ចិត្តអួតអាងរបស់អ្នកបញ្ឆោតខ្លួនឯង តែគ្មាននរណាខ្លាចអ្នក ដូចអ្នកនឹកស្មាននោះទេ អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកំពូលភ្នំ ប៉ុន្តែ ទោះបីអ្នកលើកទ្រនំរបស់អ្នក ឲ្យខ្ពស់ដូចទ្រនំសត្វឥន្ទ្រីក្ដី។ ក៏យើងនឹងច្រានអ្នកឲ្យធ្លាក់ចុះពីទីនោះដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17ទឹកដីអេដុមនឹងវិនាសហិនហោច អស់អ្នកដែលដើរក្បែរនោះនឹងព្រឺសម្បុរ ដោយឃើញសំណល់បាក់បែកទាំងប៉ុន្មាន។
18ដូចអេដុមប្រៀបបាននឹងក្រុងសូដុម និងក្រុងកូម៉ូរ៉ាព្រមទាំងក្រុងឯទៀតៗនៅជុំវិញ «ជាព្រះបន្ទូលនៃព្រះអម្ចាស់» គ្មានអ្នកណារស់នៅ ហើយក៏គ្មានអ្នកអាស្រ័យនៅនោះដែរ។
19មើល៍! គេនឹងលោតដូចសត្វសិង្ហដែលមកព្រៃមាត់ទន្លេយ័រដាន់។ យើងក៏នឹងធ្វើឲ្យប្រជាជនរត់ចេញពី ទឹកដីអេដុមរហ័សយ៉ាងនោះដែរ ហើយយើងនឹងតែងតាំងអ្នកគ្រប់គ្រងដែលយើងបាន ជ្រើសរើសឲ្យគ្រប់គ្រងលើទឹកដីនេះ។ តើមាននរណាអាចផ្ទឹមស្មើនឹងយើង? តើនរណាហ៊ានប្ដឹងយើង? តើអ្នកដឹកនាំណាអាចប្រឆាំងនឹងយើង?»
20«ដូច្នេះ សូមស្ដាប់អំពីផែនការដែល ព្រះអម្ចាស់សម្រេចធ្វើចំពោះទឹកដីអេដុម និងគម្រោងការដែលព្រះអង្គគ្រោងទុក ដើម្បីដាក់ទោសអ្នកក្រុងថេម៉ាន។ សត្រូវពិតជានាំអ្នកទឹកដីនេះចេញទៅ ដូចកូនចៀមដែលគេកៀរយកទៅ។ ព្រមទាំងបំផ្លាញទឹកដីភូមិរបស់ពួកគេ ឲ្យហិនហោចទៀតផង។
21សម្លេងនៃផែនដីក៏កក្រើក ហើយរំជួយផង។ ដោយសូរសម្លេងគេធ្លាក់ចុះ ក៏មានឮសម្រែកដែលឮរហូតដល់សមុទ្រក្រហម។
22មើល៍! នរណាម្នាក់នឹងវាយលុកដូចជាសត្វឥន្ទ្រី ហើយគេនឹងត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តរបស់មនុស្សខ្លាំងពូកែនៅទឹកដីអេដុមនឹងឈឺចាប់ដូចជាស្រីដែលហៀបនឹងសម្រាលកូន»។
23នេះជាព្រះបន្ទូលស្ដីអំពីក្រុងដាម៉ាស។ «អ្នកក្រុងហាម៉ាត់ និងអ្នកក្រុងអើផាត ត្រូវអាម៉ាស់ ដ្បិតពួកគេទទួលដំណឹងមិនល្អ ពួកគេញ័ររន្ធត់យ៉ាងខ្លាំង ពួកគេអន្ទះអន្ទែងដូចទឹកសមុទ្រពុះកញ្ជ្រោល គ្មាននរណាអាចធ្វើឲ្យស្ងប់បានឡើយ។
24អ្នកក្រុងដាម៉ាសធ្លាក់ទឹកចិត្ត ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន ពួកគេភ័យតក់ស្លុតឈឺចុកចាប់អន្ទះអន្ទែង ដូចស្ត្រីហៀបនឹងសម្រាលកូន។
25តើក្រុងដ៏ល្បីល្បាញ ក្រុងដ៏សប្បាយនេះ ត្រូវគេបោះបង់ចោលមែនឬ?
26ដូច្នេះ នៅថ្ងៃនោះពួកយុវជនដួលស្លាប់នៅតាមផ្លូវ ទាហានទាំងអស់ក៏បាត់បង់ជីវិតដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល»។
27«ដ្បិត យើងនឹងយកភ្លើងទៅដុត កំពែងរបស់ទីក្រុងដាម៉ាស ហើយភ្លើងនោះនឹងឆេះបំផ្លាញវិមានរបស់ស្ដេចបេនហាដាដ»។
28នេះជាព្រះបន្ទូលស្ដីអំពីទឹកដីកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចទឹកដីបាប៊ីឡូន វាយយកបាន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរក្រោកឡើង ទៅវាយលុកទឹកដីកេដារ ចូរកម្ទេចពួកអ្នកទឹកដីខាងកើតនោះ ឲ្យអន្តរាយទៅ។
29ចូរដណ្ដើមយកជំរំ និងហ្វូងសត្វរបស់ពួកគេ ព្រមទាំងយកក្រណាត់ដ៏ក្រាស់ៗ ហើយនិងអីវ៉ាន់ផ្សេងៗទៀត និងហ្វូងអូដ្ឋរបស់ពួកគេដែរ។ ចូរស្រែកដាក់ពួកគេថា ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង!»
30អ្នកទឹកដីហាសោរអើយ ចូរនាំគ្នាភៀសខ្លួនទៅ ហើយពួនក្នុងរូងភ្នំទៅ! ដ្បិតនេប៊ូក្នេសា ជាស្ដេចទឹកដីបាប៊ីឡូន បានសម្រេចរៀបចំគម្រោងការវាយប្រហារ អ្នករាល់គ្នាហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
31ចូរក្រោកឡើងទៅវាយលុកប្រជាជាតិ ដែលរស់នៅយ៉ាងសុខសាន្ត គ្មានកង្វល់អ្វី នេះជា«ព្រះបន្ទូលរបស់ព្រះអម្ចាស់»។ ដ្បិតទីលំនៅរបស់គេ គ្មានទ្វារ គ្មានរនុកទេ គេរស់នៅដាច់តែឯង។
32ដ្បិត ហ្វូងអូដ្ឋរបស់ពួកគេ ព្រមទាំងរឹបអូសយកហ្វូងសត្វដ៏ច្រើន របស់ពួកគេ ទុកជាជយភណ្ឌទៀតផង។ យើងនឹងកម្ចាត់ប្រជាជនដែលកោរជើងសក់ ឲ្យខ្ចាត់ខ្ចាយទៅគ្រប់ទិសតំបន់ យើងនឹងធ្វើឲ្យទុក្ខវេទនាពីគ្រប់ទិសទី កើតមានដល់ពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33ទឹកដីហាសោរនឹងក្លាយទៅជាជម្រករបស់ឆ្កែព្រៃ ជាទីស្មសានរហូតតទៅ គឺនឹងគ្មានប្រជាជនរស់នៅ ហើយក៏គ្មានអ្នកណាមកជ្រកអាស្រ័យនៅទៀតដែរ»។
34ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា ស្ដីអំពីទឹកដីអេឡាំ។ នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្ដេចទឹកដីយូដាដោយមានព្រះបន្ទូលថា
35«ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថាៈ មើល៍! យើងកាច់បំបាក់ធ្នូ ជាអាវុធដ៏ល្បីល្បាញ របស់ជនជាតិអេឡាំ ហើយនឹងទីតាំងមានអំណាចរបស់គេ។
36ដ្បិត យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស បក់មកលើទឹកដីអេឡាំ យើងឲ្យខ្យល់ទាំងនោះកម្ចាត់ពួកគេ ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ជនជាតិអេឡាំទៅនៅខ្យល់ទាំងនោះ។ នឹងមិនមានជនជាតិអេឡាំណាដែលមិនទៅនោះទេ។
37ដូច្នេះ យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់ នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ ដ្បិត យើងនឹងនាំទុក្ខវេទនាមកលើពួកគេ ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ រហូតទាល់តែប្រល័យជីវិតពួកគេ អស់គ្មានសល់។
38ក្រោយមក យើងនឹងមកគ្រងរាជ្យលើទឹកដីអេឡាំ យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
39ប៉ុន្តែ នៅគ្រាក្រោយ យើងនឹងស្ដារទឹកដីអេឡាំឡើងវិញ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់»។