1«ចូរទៅមកតាមផ្លូវក្រុងយេរូសាឡិមមើល ឲ្យដឹងឥឡូវ ចូរស្វែងរកនៅទីធ្លាទាំងប៉ុន្មាន។ បើមានអ្នកណាមួយ គឺបើមានមនុស្សណា ដែលប្រព្រឹត្តដោយសុចរិត ឬដែលស្វែងរកសេចក្ដីពិត នោះយើងនឹងអត់ទោសដល់ទីក្រុងនេះ។
2ទោះបើគេថា គេស្បថដោយព្រះអម្ចាស់ ដ៏មានព្រះជន្មរស់នៅក៏ដោយ គង់តែគេស្បថដោយភូតភរទេ»។
3ព្រះអម្ចាស់! តើព្រះនេត្ររបស់ព្រះអង្គ មិនបានទតឃើញសេចក្ដីពិតទេឬ? ព្រះអង្គបានវាយគេ តែគេមិនឈឺអ្វីសោះ។ ព្រះអង្គបានធ្វើឲ្យគេអន្តរធានទៅ តែគេមិនព្រមទទួលសេចក្ដីប្រៀនប្រដៅទេ គេបានតាំងមុខរឹងជាងថ្ម គេមិនព្រមវិលមកវិញឡើយ។
4នោះខ្ញុំបានថា មនុស្សទាំងនេះ ប្រាកដជាទាល់ក្រ ហើយល្ងីល្ងើទេ គេមិនស្គាល់ផ្លូវរបស់ព្រះអម្ចាស់ ឬក្រឹត្យវិន័យរបស់ព្រះនៃគេឡើយ។
5ខ្ញុំនឹងទៅរកពួកអ្នកធំ ហើយនិយាយជាមួយពួកគេវិញ ដ្បិតមុខជាគេស្គាល់ផ្លូវរបស់ព្រះអម្ចាស់ និងក្រឹត្យវិន័យរបស់ព្រះនៃគេ ប៉ុន្តែ អ្នកទាំងនោះបានព្រមគ្នាបំបាក់នឹម ហើយផ្តាច់ចំណងចេញហើយ។
6ដូច្នេះ សិង្ហមួយដែលចេញពីព្រៃ នឹងសម្លាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញពួកគេ ហើយខ្លារខិនសម្ងំចាំនៅមុខទីក្រុងរបស់គេ អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី។ ដ្បិតអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏មានច្រើនដែរ។
7ធ្វើដូចម្តេចឲ្យយើងអត់ទោសឲ្យអ្នកបាន? ពួកកូនចៅរបស់អ្នកបានបោះបង់ចោលយើងអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលយើងបានឲ្យគេស៊ីឆ្អែតជាបរិបូរណ៏ នោះគេក៏បែរជាផិតយើងវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីពេស្យា។
8គេប្រៀបដូចជាសេះដែលចិញ្ចឹមដោយល្អ ហើយរត់ទៅមកតាមតែចិត្ត គឺគេស្រែកកញ្ជ្រៀវរកប្រពន្ធ របស់អ្នកជិតខាងគ្រប់គ្នា។
9ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ តើយើងមិនត្រូវធ្វើទោសចំពោះអំពើយ៉ាងនោះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងជនជាតិណាយ៉ាងដូច្នេះទេឬ?
10ចូរឡើងទៅលើកំផែងទីក្រុងរបស់គេ ហើយបំផ្លាញទៅ តែកុំឲ្យអស់រលីងឡើយ ចូរកាច់ខ្នែងគេចេញ ព្រោះខ្នែងទាំងនោះមិនមែនជារបស់ព្រះអម្ចាស់ទេ។
11ដ្បិត ពួកវង្សអុីស្រាអែល និងពួកវង្សយូដា បានក្បត់នឹងយើងខ្លាំងហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ជាលទ្ឋផលវិបាកនៃការបោះបង់ព្រះអម្ចាស់
12គេនិយាយមិនត្រឹមត្រូវអំពីព្រះអម្ចាស់ដោយពាក្យថា៖ ព្រះអង្គមិនធ្វើអ្វីនោះទេ ក៏គ្មានសេចក្ដីអាក្រក់ណាធ្លាក់មកលើយើងរាល់គ្នា យើងនឹងមិនត្រូវឃើញដាវ ឬគ្រាអំណត់ឡើយ។
13ពួកព្យាការីនឹងត្រឡប់ដូចជាខ្យល់ព្រះបន្ទូលមិននៅក្នុងគេទេ សូមឲ្យគេបានយ៉ាងដូច្នោះចុះ។
14ដូច្នេះ ព្រះអម្ចាស់ ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល៍ យើងនឹងធ្វើឲ្យពាក្យ ដែលយើងដាក់នៅមាត់អ្នក បានដូចជាភ្លើង ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧសភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
15នេះគឺជាព្រះបន្ទូលព្រះអម្ចាស់៖ មើល! ពួកវង្សអុីស្រាអែលអើយ យើងនឹងនាំជនជាតិមួយពីឆ្ងាយមកលើអ្នករាល់គ្នា គឺជាជនជាតិមួយយ៉ាងស្វិតស្វាញ ជាជនជាតិចាស់បុរាណ ដែលអ្នកមិនស្គាល់ភាសារបស់គេទេ ក៏ស្តាប់ពាក្យគេមិនបានដែរ។
16បំពង់ព្រួញគេ ដូចជាផ្នូរខ្មោចចំហ ពួកគេសុទ្ធតែជាទាហានខ្លាំងពូកែ។
17គេនឹងស៊ីផលចម្រូត និងអាហាររបស់អ្នកអស់ ជាអាហារដែលទុកសម្រាប់កូនប្រុសកូនស្រីអ្នក ក៏នឹងស៊ីហ្វូងចៀម ហ្វូងគោរបស់អ្នក ហើយស៊ីបំផ្លាញដើមទំពាំងបាយជូរ និងដើមល្វារបស់អ្នកដែរ។ គេនឹងវាយរំលំទីក្រុងមានកំផែង ដែលជាទីទុកចិត្តរបស់អ្នកនោះ ដោយសារដាវ។
18ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ទោះបើមានគ្រានោះក៏ដោយ ក៏យើងមិនបំផ្លាញអ្នករាល់គ្នាឲ្យអស់រលីងដែរ។
19កាលណាអីុស្រាអែលនិងយូដាសួរថា៖ ហេតុអ្វីបានជាព្រះអម្ចាស់ជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? ឯងយេរេមាត្រូវឆ្លើយបែបនេះ គឺដូចអ្នករាល់គ្នាបានបោះបង់ព្រះអម្ចាស់ ទៅគោរពព្រះដទៃនៅក្នុងទឹកដីអ្នកជាយ៉ាងណា នោះអ្នករាល់គ្នានឹងត្រូវគោរពដល់ជនជាតិដទៃ នៅក្នុងទឹកដីមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។
20ចូរថ្លែងសេចក្ដីនេះនៅក្នុងពួកវង្សយ៉ាកុប ហើយប្រកាសប្រាប់នៅក្នុងពួកយូដាថា៖
21មនុស្សល្ងីល្ងើ ហើយគ្មានចំណោះដឹងអើយ ជាពួកអ្នកដែលមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮអើយ ចូរស្តាប់សេចក្ដីនេះឥឡូវចុះ។
22ព្រះអម្ចាស់មានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេ តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ? យើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តិដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលង ហើយទោះបើរលកបោកមាត់ច្រាំង គង់តែនឹងឈ្នះមិនបាន។ ទោះបើឮសន្ធឹកយ៉ាងណាគង់តែនឹងហូររំលងមិនបានដែរ។
23ប៉ុន្តែជនជាតិនេះគេមានចិត្តរឹងចចេស ហើយបះបោរវិញ គេបានបះបោរចេញបាត់ទៅហើយ។
24ដ្បិតគេក៏មិនដែលនឹកក្នុងចិត្តថា ឥឡូវនេះ ចូរយើងកោតខ្លាចដល់ព្រះអម្ចាស់ ជាព្រះនៃយើងវិញ ដែលព្រះអង្គប្រទានភ្លៀងមក គឺទាំងភ្លៀងដើមរដូវ ហើយចុងរដូវ តាមរដូវកាល ហើយក៏កំណត់រក្សាទុកប៉ុន្មានអាទិត្យ ដែលសម្រាប់ច្រូតកាត់ដល់យើងនោះឡើយ។
25អំពើទុច្ចរិតរបស់អ្នករាល់គ្នាបានបង្វែរការទាំងនោះចេញ។ អំពើបាបរបស់អ្នក បានបង្ខាំងសេចក្ដីល្អចេញពីអ្នករាល់គ្នាដែរ។
26ដ្បិត នៅក្នុងប្រជារាស្ត្រយើង ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរគេដាក់អន្ទាក់ចាប់មនុស្ស។
27ដូចជាទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយការឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយជាអ្នកមានផង។
28ពួកគេឡើងសាច់ធាត់ ហើយរស់នៅផូផង់ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
29ព្រះអម្ចាស់មានព្រះបន្ទូលថា៖ តើយើងមិនត្រូវកាត់ទោសចំពោះការដូច្នេះទេឬ? តើព្រលឹងយើងមិនត្រូវសងសឹក នឹងជនជាតិយ៉ាងនោះទេឬ?
30មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច បានកើតឡើងនៅក្នុងទឹកដី
31គឺពួកព្យាការីបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន។ ចំណែកប្រជារាស្ត្រយើងក៏ស្រឡាញ់ការយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើនឹងមានអ្វីកើតឡើង?»