ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរស្វែងរកទីសុវត្ថិភាព ពួក​កូន​ចៅ​បេនយ៉ាមីន​អើយ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា។ ត្រូវ​ដុត​ភ្លើង​ទុក​ជា​ទី​សម្គាល់ នៅ​ត្រង់​បេត ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្ដី​អាក្រក់​បាន​ចេញ​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ។
2ចំណែកកូន​ស្រី​ស៊ីយ៉ូន​ដ៏​ល្អ​រុងរឿង​នោះ យើង​នឹង​បំផ្លាញ​ចោល។
3អ្នក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ក្រុង​នោះ គេ​នឹង​បោះ​ជំរំ​នៅ​ជុំ‌វិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​រៀងៗ​ខ្លួន។
4«ចូរ​ចាត់​ចែង​ច្បាំង​នឹង​ទី​ក្រុង​នេះ​ចុះ ចូរ​រៀបចំ យើង​នឹង​ឡើង​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ វរ​ហើយ​យើង ពី​ព្រោះ​ថ្ងៃ​ជ្រេ​ហើយ ស្រមោល​ល្ងាច​ក៏​កាន់​តែ​វែង​ទៅ។
5ប៉ុន្តែ យើង​នឹង​ឡើង​ទៅ​ទាំង​យប់ យើង​នឹង​បំផ្លាញ​អស់​ទាំង​បន្ទាយ​របស់​ពួកគេ»។
6ដ្បិតព្រះ‌អម្ចាស់​នៃ​ពិភពទាំងមូល ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​កាប់​ដើម​ឈើ ហើយ​ជីក​ស្នាម​ភ្លោះ ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្ដាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន។
7អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ​ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត និង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ និង​របួស​នៅ​មុខ​យើង​ជា‌និច្ច។
8​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល បើមិនដូច្នោះក្រែង​​យើង​ចាកចេញ​ពី​អ្នក ហើយនិង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជាទឹកដីចោល​ស្ងាត់​ទទេ»។
9ព្រះ‌អម្ចាស់​នៃពិភពទាំងមូល​មាន​ព្រះ‌បន្ទូល​​ថា៖ «ពួកគេ​នឹង​ប្រឡេះ​ពួក​សំណល់​ជនជាតិ​អុីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​អ្នក​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ។
10តើ​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែកទេ គេ​ស្តាប់​មិន​ឮ និងមិនយកចិត្តទុកដាក់ឡើយ មើល! ព្រះ‌បន្ទូល​នៃ​ព្រះអម្ចាស់ បានមកដើម្បីកែតម្រូវពួកគេ ប៉ុន្តែពួកគេមិនចង់បាន​ឡើយ»។
11ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ របស់​ព្រះ‌អម្ចាស់។ ខ្ញុំ​ហាត់នឹងការទ្រាំទៀតហើយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរ​ចាក់​ទៅ​លើកូន​ក្មេង​តាម​ផ្លូវ ហើយទៅ​លើ​ពួក​កំលោះៗ។ ដ្បិត​គ្រប់គា្នានឹងត្រូវចាប់យកប្រពន្ធរបស់ពួកគេ ហើយទាំង​មនុស្ស​ចាស់​ជរា​ផង។
12ផ្ទះពួក​គេ​នឹង​ក្លាយ​ជា​របស់​អ្នក​ដទៃ ព្រម​ទាំង​ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​គេ​ដែរ។ ដ្បិត​យើង​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ជនជាតិ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
13នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ គឺ​ចាប់​តាំង​​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ព្យាការី​ទៅ​ដល់​បូជាចារ្យ គ្រប់​គ្នា​គឺជាអ្នកបោកប្រាស់។
14ពួកគេ​បាន​ព្យាបាលរបួស​ប្រជា‌រាស្ត្រ​យើង តែ​បន្តិច‌បន្តួច​ទេ ដោយ​និយាយថា សុខសាន្ត! សុខសាន្ត ក្នុង​ពេលដែលគ្មាន​សេចក្ដី​សុខ​សោះ។
15គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ​តើ​គេមាន​សេចក្ដី​ខ្មាស​ឬ​ទេ? ពួកគេ​មិន​បាន​ខ្មាស​ទេ ទាំងមុខក្រាសផងដែរ! ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​​អ្នក​ដែលវិនាស ពួកគេដូលចុះនៅពេលជំរុំជម្រះ នេះជាព្រះបន្ទូលនៃព្រះ‌អម្ចាស់​។
16ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។
17យើង​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​អ្នក​រាល់​គ្នា ឲ្យ​ប្រាប់​ថា៖ ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា៖ យើង​មិន​ព្រម​ស្តាប់​ទេ។
18ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​ជនជាតិ ហើយ​ក្រុម​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​កើត​ដល់​ពួកគេ។
19ផែនដី​អើយ ចូរ​ស្តាប់​ចុះ! មើល៍ យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ជន​ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​យើង​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​យើង នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ។
20តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន មក​ពី​ជនជាតិ​សេបា និង​ឫស​កន្ធាយ​ពី​ជនជាតិឆ្ងាយ មក​ឲ្យ​យើង​ដូច្នេះ? យើង​មិន​ទទួល​តង្វាយ​ដុត​របស់​អ្នក​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​អ្នក ក៏​មិន​គាប់​ចិត្ត​ដល់​យើង​ដែរ។
21ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។
22ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ជន​ជាតិ​មក​ពី​ទឹកដី​ខាង​ជើង គឺ​ជនជាតិ​មួយ​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដីនឹង​ត្រូវ​កម្រើក​ឡើង។
23គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​ជនជាតិ​សាហាវ ឥត​ត្រា​ប្រណីសំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​តម្រៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​អ្នក​ហើយ។
24យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។
25កុំ​ចេញ​ទៅ​ចម្ការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំ‌វិញ​ហើយ។
26កូន​ស្រី​នៃ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​មួយ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពីព្រោះ​មេ​បំផ្លាញ​នឹង​មក​លើ​យើង​រាល់​គ្នា​ភ្លាមៗ។
27«យើង​បាន​តាំង​អ្នក​យេរេមា ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ។
28គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ គេ​ដើរ​ទៅ​មក ទាំង​មួល​បង្កាច់​មនុស្ស គេ​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា។
29ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សម្រង់​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ។
30មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌អម្ចាស់បាន​បោះ‌បង់​គេ​ហើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។