ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អីុស្រា‌អែល​អើយ ប្រសិន​បើ​អ្នក​ចង់​វិល​មក​វិញ ចូរ​វិល​មក​រក​យើង​ចុះ។ ប្រសិន​បើ​អ្នក​យក​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ចេញ​ពី​មុខ​យើង នោះ​អ្នក​នឹង​លែង​វង្វេង ដើរ​គ្មាន​គោល‌ដៅ ទៀត​ហើយ។
2ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។
3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មនុស្ស‌ម្នា នៅ​​ទឹកដី​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​នាំ​គ្នា​កាប់​ឆ្ការ​ចម្ការ​មួយ​ថ្មី កុំ​សាប​ព្រោះ​នៅ​លើ​ដី​ដែល​មាន​បន្លា​ឡើយ។
4ចូលធ្វើពិធីកាត់ស្បែកថ្វាយព្រះអម្ចាស់ ហើយក៏ត្រូវយកចេញស្បែកនៃដួងចិត្តរបស់អ្នកដែរ បុរសនៃជនជាតិយូដា ហើយនិងយេរូសាឡិមអើយ ត្រូវតែធ្វើការនេះ បើមិនដូច្នេះទេ កំហឹង​របស់​យើង​នឹង​ឆេះ​រាល‌ដាល គ្មាននរណាអាចទ្រាំបានទេ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។
5ចូរ​ថ្លែង​ប្រាប់​អ្នក​យូដា ហើយ​ប្រកាស​ប្រាប់​នៅ​ក្រុង​យេរូ‌សាឡិម។ ដោយ​ពាក្យ​ថា «ចូរ​ផ្លុំ​ត្រែ​នៅ​ក្នុង​ទឹកដី»។ ចូរ​ស្រែក​ឡើង​ជា​ខ្លាំង​ថា «ចូរ​មូល​គ្នា​មក យើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​បន្ទាយ»។
6ចូរ​លើក​ទង់​ឡើង​នៅ​ខាង​ក្រុង​ស៊ីយ៉ូន ត្រូវ​រត់​ទៅ កុំ​បង្អង់​ឡើយ ព្រោះ​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ​ផង។
7មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ។ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ទឹកដី​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។
8ដោយការនេះ ចូរ​អ្នក​រាល់​គ្នា​ស្លៀក​សំពត់​ធ្មៃ ព្រម​ទាំង​ទួញ​ទំនួញ ហើយ​ទ្រហោ​យំ​ចុះ។ ដ្បិត​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អម្ចាស់ មិន​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទេ។
9ក្រោយមកអ្វីដែលនឹងកើតឡើងនៅថ្ងៃនោះ នេះគឺព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច និង​ចិត្ត​របស់​ពួក​ដឹកនាំនឹង​រលត់​សូន្យ​ទៅ ឯ​ពួក​សង្ឃ​នឹង​ស្រឡាំង‌កាំង ហើយ​ពួក​ព្យាការីនឹក​ប្លែក​ដែរ។
10ខ្ញុំ​បាន​ទូល​ថា "​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​អើយ ពិត​ប្រាកដ​ជា​ព្រះ‌អង្គ​បាន​បព្ឆោាត​ជន​ជាតិ​នេះ ព្រម​ទាំង​ក្រុង​យេរូ‌សាឡិម​ជា​ខ្លាំង​ហើយ ដោយ​ព្រះ‌បន្ទូល​ថា នឹង​មាន​សេចក្ដី​សុខ​ដល់​អ្នក​រាល់​គ្នា តែ​មាន​ដាវ​លូក​មក​រក​ជីវិត​គេ​វិញ"។
11នៅ​គ្រា​នោះ​នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន​ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​ប្រជា‌រាស្ត្រ​យើង មិន​មែន​សម្រាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សម្រាប់​សម្អាត​ដែរ។
12គឺ​ជា​ខ្យល់​ពេញ​កម្លាំង​នឹង​មក​ជំនួស​យើង ឥឡូវ​នេះ យើង​នឹង​សម្រេច​ទោស​ដល់ពួក​គេ។
13មើល៍! អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចម្បាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ​ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ។
14ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។
15ដ្បិត​មាន​សំឡេង​មួយ​បន្លឺ​ចេញ​ពី​ទឹកដី​ដាន់ ក៏​ចេញ​ពី​​ភ្នំ​អេប្រាអិម មក​ប្រកាស​ពី​ការ​អាក្រក់។
16ចូរ​ឲ្យគ្រប់ជនជាតិ​គិតអំពីការនេះ៖ ចូរ​ប្រកាស​ប្រាប់​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ថា មាន​ពួក​ទ័ព​កំពុង​តែ​មក​ពី​ទី​ឆ្ងាយ ដើម្បី​ឡោម‌ព័ទ្ធ​អ្នក គេ​ស្រែក​ទាស់​នឹង​ទី​ក្រុង​ទឹកដី​យូដា​ទាំង​ប៉ុន្មាន។
17ពួកគេបាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទី​ក្រុង ដូច​ជា​ពួក​ចាំមើល​ចម្ការ ពី​ព្រោះ​ពួក​ក្រុង​បាន​បះ‌បោរ​នឹង​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
18គឺ​ជា​ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត និង​អំពើ​របស់​អ្នក ដែល​បាន​នាំ​ការ​ទាំង​នេះ​មក​លើ​អ្នក។ នេះ​គឺ​ជា​សំណង​នៃ​អំពើ​ទុច្ចរិត​របស់​អ្នក ពិត​ប្រាកដ​ជា​ជូរ​ចត់​ណាស់ ព្រោះ​ការ​នេះ​លូក​មក​ប៉ះ‌ពាល់​ដល់​ចិត្ត​អ្នក​ហើយ។
19​បេះដូង​ខ្ញុំ បេះដូងខ្ញុំ​អើយ! ខ្ញុំ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត។ បេះ‌ដូង​ខ្ញុំ​ប្រដំ​នៅ​ក្នុង​ខ្លួន។ ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ទេ ដ្បិត​ខ្ញុំបាន​ឮ​សូរ​ត្រែ ជា​សូរ​អឺង‌កង​នៃ​ចម្បាំង​ហើយ។
20គេ​ស្រែក​តឿន​គ្នា​ឲ្យ​បំផ្លាញ​ហើយ​លើការ​បំផ្លាញ ព្រោះ​ទឹកដីទាំង​មូល​ត្រូវ​ខូច​អស់​ហើយ ទី​ស្នាក់​អាស្រ័យ​របស់​ខ្ញុំ​ក៏​ខូច និង​ជម្រក​របស់​ខ្ញុំ​ក៏​ត្រូវបំផ្លាញអស់​គ្មានសល់ដែរ។
21តើ​ត្រូវ​ឲ្យ​ខ្ញុំ​មើល​ឃើញ​ទង់​ជ័យ? តើខ្ញុំនឹង​ឮ​សូរ​ត្រែ​ដល់​កាល​ណា​ទៀត?
22ពិត​ប្រាកដ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​យើង​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ។ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។
23មើល៍! ខ្ញុំ​បាន​ឃើញ​ផែនដី។ ឃើញ​ថា​ខូច ហើយ​នៅ​ទទេ រួច​មើល​ទៅ​លើ​មេឃ ក៏​ឥត​មាន​ពន្លឺ​ដែរ។
24ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ។
25ខ្ញុំ​សម្លឹង​មើល​ឃើញ​ថា គ្មាន​មនុស្ស​ណា​ទៀត​សោះ អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ហើរ​ទៅ​បាត់​ហើយ។
26រួច​ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ដី​ដុះ‌ដាល បាន​ត្រឡប់​ជា​វាល​ស្ងាត់ ហើយ​អស់​ទាំង​ទី​ក្រុង​ក៏​ត្រូវ​រលំ​ចុះ នៅ​ចំពោះ​ព្រះ‌អម្ចាស់ ហើយ​ចំពោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ។
27ដ្បិតនេះជាអ្វីដែល ​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​៖ «ទឹកដី​ទាំង​មូល​នឹង​ត្រូវ​ខូច‌បង់ ប៉ុន្តែ យើង​មិន​បំផ្លាញ​អស់​រលីង​ទេ។
28ដោយ​ហេតុ​ការ​ទាំង​នេះ ផែនដី​នឹង​យំ​សោក ហើយ​មេឃ​ខាង​លើ​នឹង​ទៅ​ជា​ខ្មៅ ពី​ព្រោះ​យើង​បាន​ចេញ​វាចា យើង​បាន​គិត​សម្រេច​ការ​នេះ​ហើយ យើង​នឹង​មិន​ប្រែ​ចិត្ត ឬ​បែរ​ចេញ​ពី​ការ​នេះ​ឡើយ។
29បណ្ដា​មនុស្ស​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​រត់​ទៅ ដោយ​ព្រោះ​សូរ​ពល​សេះ និង​ពល​ធ្នូ គេ​ចូល​ទៅ​ក្នុងព្រៃ​ស្តុក ហើយ​ឡើង​ទៅ​លើ​ថ្ម​ដា ទី​ក្រុង​ទាំង‌ឡាយ​ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ។
30កាល​ណា​អ្នក​ត្រូវ​ខូច‌បង់​ហើយ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? ទោះ​បើ​អ្នក​ស្លៀក​ពាក់​ពណ៌​ក្រហម ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​មាស ទាំង​ផាត់​រង្វង់​ភ្នែក​អ្នក​ដោយ​ថ្នាំ​ក៏​ដោយ តែ​អ្នក​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​មើល​នោះ​ជា​ឥត​ប្រយោជន៍​ទេ។ ពួក​សហាយ​របស់​អ្នក គេ​ស្អប់​ខ្ពើម​អ្នក​ហើយ ក៏​រក​សម្លាប់​អ្នក​ទៀត។
31ដ្បិត​ខ្ញុំ​បាន​ឮ​សំឡេង​មួយ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​ហៀបនឹង​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា វរ​ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។