1នេះជាព្រះបន្ទូលចំពោះជនជាតិម៉ូអាប់ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាស។ ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
2ទឹកដីម៉ូអាប់បាត់បង់កេរ្តិ៍ឈ្មោះ។ នៅក្រុងហេសបូន ខ្មាំងសត្រូវគិតគូរគ្នាថា ទៅយើងនាំគ្នាលុបក្រុងនេះឲ្យបាត់ពី ចំណោមប្រជាជាតិទាំងឡាយ។ ក្រុងម៉ាដម៉េនក៏ដូច្នោះដែរ អ្នកនឹងត្រូវវិនាស ហើយដាវតាមប្រហារអ្នកពីក្រោយ។
3សូមស្តាប់! មានសម្លេងមួយបានស្រែកឡើងយ៉ាងខ្លាំង ចេញពីក្រុងហូរ៉ូណែម ជាកន្លែងដែលត្រូវគេកម្ទេច និងបំផ្លាញចោលទាំងស្រុង។
4ទឹកដីម៉ូអាប់ត្រូវបានបំផ្លាញ ចោលហើយ។ មនុស្សដែលរស់នៅក្នុងម៉ូអាប់បានស្រែកឮឡើង។
5ពួកគេនាំគ្នាឡើងទៅក្រុងលូគិត ទាំងយំសោក ដ្បិត នៅលើផ្លួវទៅក្រុងហូរ៉ូណែម ការស្រែកបានឮដោយសារ តែការបំផ្លាញនោះ។
6ភៀសខ្លួន! ដើម្បីឲ្យបានរួចជីវិត ដូចគុម្ពបន្លា! នៅតាមវាលរហោស្ថាន។
7ដ្បិត មកពីអ្នកទុកចិត្តលើស្នាដៃ និងលើទ្រព្យសម្បត្តិរបស់ខ្លួន អ្នកនឹងត្រូវខ្មាំងវាយយកបាន។ ក្រោយមក កេម៉ូសជាព្រះរបស់អ្នក ក៏ត្រូវគេចាប់យកទៅជាឈ្លើយសឹក ជាមួយពួកបូជាចារ្យ និងពួកមន្ត្រីដែរ។
8ដ្បិត ការបំផ្លាញកើតឡើងក្នុងក្រុងទាំងអស់ គ្មានក្រុងណាមួយគេចផុតទេ។ ដូច្នេះនៅតាមជ្រលងភ្នំ និងនៅតាមវាលទំនាប នឹងត្រូវវិនាសអន្តរាយទាំងអស់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9ចូររៀបចំផ្នូរឲ្យម៉ូអាប់ទៅ ដ្បិតទឹកដីនេះត្រូវអន្តរាយហើយ។ ក្រុងទាំងឡាយនៅទឹកដីម៉ូអាប់នឹងត្រូវ កម្ទេចឲ្យវិនាសហិនហោច គ្មានប្រជាជនរស់នៅទៀតឡើយ។
10អ្នកណាបំពេញកិច្ចការរបស់ព្រះអម្ចាស់ ដោយខ្ជីខ្ជា គឺពុំបានធ្វើឲ្យដាវរបស់ខ្លួន ប្រឡាក់ជោកទៅដោយឈាមទេ អ្នកនោះត្រូវបណ្ដាសាជាពុំខាន!
11តាំងពីក្មេងមក ម៉ូអាប់តែងតែសុខសាន្ត។ ពួកគេដូចជាស្រាទំពាំងបាជូរដែលចាក់ពីដបមួយទៅដបមួយទៀត។ ពួកគេមិនដែលទៅជាឈ្លើយសឹកឡើយ។ ដូច្នេះ រស់ជាតិរបស់ពួកគេគឺនៅតែល្អ មិនបានផ្តូរខ្លឹននិងរស់ជាតិឡើយ។
12ហេតុនេះ នៅថ្ងៃខាងមុខ យើងនឹងចាត់មនុស្សឲ្យមកផ្ទេរម៉ូអាប់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ អ្នកទាំងនោះនឹងចាក់ម៉ូអាប់ចេញពីដប ហើយបំបែកពាងរបស់ពួកគេចោល។
13ម៉ូអាប់នឹងខ្មាសចំពោះកេម៉ូស ជាព្រះរបស់ខ្លួន ដូចជនជាតិអ៊ីស្រាអែលដែលបានខ្មាសបេតអែល ជាទីពឹងផ្អែកដ៏ពិតរបស់គេ។
14អ្នកម៉ូអាប់អើយតើអ្នកនិយាយយ៉ាងម៉េច យើងខ្ញុំជាទាហានដ៏ខ្លាំងពូកែ យើងខ្ញុំជាអ្នកចម្បាំងមែនទេ?
15អ្នកម៉ូអាប់បានបំផ្លាញចោល ហើយនិងទីក្រុងផ្សេងៗដ៏ត្រូវវាយបំផ្លាញដែរ។ យុវជនដ៏ខ្លាំងពូកែរបស់ពួកគេ នឹងត្រូវខ្មាំងយកទៅសម្លាប់នៅទីសត្តឃាត។ នេះជាព្រះបន្ទូលរបស់ព្រះមហាក្សត្រដែល មាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16មហន្តរាយរបស់ម៉ូអាប់ជិតមកដល់ហើយ ទុក្ខវេទនារបស់ពួកគេនៅជិតបង្កើយ។
17អ្នកគ្រប់គ្នាដែលនៅជិតខាង ហើយស្គាល់ឈ្មោះម៉ូអាប់យ៉ាងច្បាស់អើយ ចូរនាំគ្នាមកជួយរំលែកទុក្ខម៉ូអាប់ ដោយពោលថា ហេតុអ្វីបានជាមហាអំណាច ត្រូវរលំបែបនេះ។
18ប្រជាជនក្រុងឌីបូនអើយ ចូរលះបង់ភាពរុងរឿងរបស់ខ្លួន ហើយអង្គុយនៅលើដីហួតហែងទៅ។ ដ្បិតអ្នកបំផ្លាញទឹកដីម៉ូអាប់កំពុងតែ ឡើងមកវាយអ្នក គេនឹងបំផ្លាញកំពែងដ៏រឹងមាំរបស់អ្នក។
19ប្រជាជនក្រុងអារ៉ូអ៊ើរអើយចូរទៅឈរនៅតាមផ្លូវ ហើយចាំឃ្លាំមើលទៅ។ ចូរសាកសួរអ្នកដែលភៀសខ្លួនទៅ តើមានហេតុការណ៍អ្វីកើតឡើង?
20ម៉ូអាប់ត្រូវអាម៉ាស់ ដ្បិតទឹកដីនេះរលំហើយ ចូរនាំគ្នាស្រែកដើម្បីរកជំនួយចុះ។ ចូរប្រកាសនៅតាមស្ទឹងអើណូនថា ទឹកដីម៉ូអាប់វិនាសហិនហោចហើយ។
21ឥឡូវនេះ ការវិនិច្ឆ័យទោសមកដល់ទឹកដីនៅតំបន់វាលទំនាបហើយ គឺក្រុងហូឡូន ក្រុងយ៉ាហាស និងក្រុងមេផាត
22ក្រុងឌីបូន ក្រុងនេបូ ក្រុងបេត និងឌីប្លាថែម
23ក្រុងគារយ៉ាថែម ក្រុងបេតកាមូល និងក្រុងបេតមេយ៉ូន
24ក្រុងកេរីយ៉ុត ក្រុងបូសរ៉ា ក្រុងទាំងប៉ុន្មាននៃទឹកដីម៉ូអាប់ ទាំងជិតទាំងឆ្ងាយផង។
25អំណាចរបស់ម៉ូអាប់ត្រូវរលំ ហើយកម្លាំងរបស់គេក៏ធ្លាក់ទន់ខ្សោយដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26ចូរបង្អកម៉ូអាប់ឲ្យស្រវឹងទៅ ព្រោះគេបានបះបោរប្រឆាំងនឹងព្រះអម្ចាស់ ម៉ូអាប់កំពុងននៀលក្នុងកំអួតរបស់ខ្លួន ហើយត្រូវមនុស្សម្នាសើចចំអក។
27ដ្បិត តើមិនមែនអុីស្រាអែល បានក្លាយទៅជាអ្នកដែលសើចចំអកដល់អ្នកទេឬ? តើមិនមែនពួកបាននៅក្នុងចំណោមចោរ ហើយអ្នកបានងក់ក្បាលដាក់គេ ហើយពេលខ្លះអ្នកបាននិយាយពីគេមែនទេ?
28ប្រជាជនទឹកដីម៉ូអាប់អើយ ចូរនាំគ្នាបោះបង់ចោលទីក្រុង ហើយទៅរស់នៅតាមក្រហែងថ្ម។ ដូចសត្វព្រាប ធ្វើសំបុកនៅកន្លៀតថ្មតាមមាត់រូងភ្នំចុះ។
29យើងបានឮគេនិយាយថា ម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់ គេវាយឫក ព្រហើន ប្រកាន់ខ្លួន និងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់។
30ព្រះអម្ចាស់មានព្រះបន្ទូលថា យើងស្គាល់ឫករបស់ម៉ូអាប់ ហើយអ្វីៗដែលគេនិយាយអួតអាង គ្មានបានការទេ ដូចជាដែលគ្មានប្រយោជន៍។
31ហេតុនេះហើយបានជាយើងយំ ហើយសោកសង្រេងស្រណោះម៉ូអាប់ទាំងមូល។ ព្រមទាំងថ្ងូរ ព្រោះតែអ្នកទឹកដីគារ ហារ៉ាសែត។
32ចម្ការទំពាំងបាយជូរនៅស៊ីបម៉ាអើយ យើងនឹងយំស្រណោះអ្នក ជាងយំស្រណោះអ្នកក្រុងយ៉ាស៊ើរទៅទៀត មែករបស់អ្នកលូតហួសសមុទ្រ ហើយហួសយ៉ាស៊ើរ។ ប៉ុន្តែ មេបំផ្លាញបានកម្ទេចភោគផល និងផ្លែទំពាំងបាយជូររបស់អ្នក។
33អំណរសប្បាយ និងការរីករាយចេញបាត់ពីចម្ការទំពាំងបាយជូរ និងពីទឹកដីម៉ូអាប់។ យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ។ គេនឹងបានធ្វើឲ្យអ្នកអរសប្បាយទៀតទេ។ ផ្ទុយទៅវិញ មានតែសម្រែកនៃសេចក្តីទុក្ខលំបាកវិញ។
34សម្រែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់ សម្រែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
35ដ្បិត យើងនឹងលែងឲ្យមានជនជាតិម៉ូអាប់ឡើងទៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីដុតគ្រឿងក្រអូបបូជាព្រះរបស់ខ្លួនទៀតហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
36ហេតុនេះបានជាចិត្តយើងស្រណោះស្រណោក ជនជាតិម៉ូអាប់។ ហើយចិត្តយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ ហារ៉ាសែតដែរ។ ដ្បិតទ្រព្យរបស់ពួកគេខំសន្សំត្រូវវិនាសអស់។
37ដ្បិត ពួកគេកោរសក់ កោរពុកមាត់ទាំងអស់គ្នា។ ហើយឆូតដៃរបស់ខ្លួនគ្រប់ៗគ្នា ព្រមទាំងស្លៀកបាវកាន់ទុក្ខផង។
38នៅតាមដំបូលផ្ទះទាំងអស់ និងនៅតាមផ្លូវមានឮសូរតែសំណោកកាន់ទុក្ខ។ ព្រោះយើងបានបំបែកម៉ូអាប់ ដូចជាដបដែលគេលែងពេញចិត្ត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
39ចូរនាំគ្នាស្រែកយំទៅ ព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកឲ្យម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផងទៅនិងអ្វីដេលបានកើតឡើងនៅជំុវិញគេផង»។
40ដ្បិត ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «មើល៍! សត្រូវមកវាយប្រហារទឹកដីម៉ូអាប់ ដូចខ្លែងសំកាំងស្លាប រេពីលើ នៅពីលើអ្នកម៉ូអាប់។
41គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ ដ្បិត នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន។
42ដូច្នេះ ម៉ូអាប់នឹងត្រូវវិនាស លែងមានឈ្មោះជាប្រជាជនមួយទៀតហើយ ពីព្រោះគេបានលើកខ្លួនឡើង ទាស់ប្រឆាំងនឹងព្រះអម្ចាស់។
43ប្រជាជនទឹកដីម៉ូអាប់អើយ អ្នករាល់គ្នាមុខតែភ័យខ្លាច ធ្លាក់រណ្ដៅ និងជាប់អន្ទាក់ជាមិនខាន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
44អ្នកដែលភៀសខ្លួនពីការភ័យខ្លាចនឹងធ្លាក់រណ្ដៅ ហើយអ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់ ដ្បិតយើងធ្វើឲ្យឆ្នាំដែលត្រូវដាក់ទោសម៉ូអាប់ គឺការសងសឹករបស់យើង មកដល់ហើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
45ជនភៀសខ្លួនដែលអស់កម្លាំងរត់មកជ្រក នៅហេសបូន ជាក្រុងដែលស្ដេចស៊ីហុន ធ្លាប់គ្រប់គ្រងកាលពីដើម តែមានភ្លើងឆាបឆេះកណ្ដាលក្រុង។ ហើយឆេះរាលដាលទៅដល់ព្រំប្រទល់ និងតាមកំពូលភ្នំរបស់ទឹកដីម៉ូអាប់ តាំងពីអ្នកធំដែលជាមនុស្សចូលចិត្តអូតអាង។
46ជនជាតិម៉ូអាប់អើយ! អ្នកវេទនាហើយ ប្រជាជនដែលគោរពព្រះកេម៉ូស ត្រូវអន្តរាយជាមិនខាន ដ្បិតកូនប្រុសកូនស្រីរបស់អ្នក ត្រូវគេកៀរយកទៅជាឈ្លើយ។
47ប៉ុន្តែ នៅគ្រាចុងក្រោយ យើងនឹងស្ដារទឹកដីម៉ូអាប់ឡើងវិញ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមនេះ។