1នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ មកកាន់លោកព្យាការីយេរេមា និយាយអំពីជនជាតិភីលីស្ទីន។ ព្រះបន្ទូលទាំងនេះបានដល់លោក មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។ «ព្រះអម្ចាស់មានព្រះបន្ទូលថា៖ មើល៍! មានទឹកជន់ឡើងនៅទិសខាងជើង។
2ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង លិចទឹកដី និងអ្វីៗដែលនៅក្នុងទឹកដី លិចក្រុងនានា និងប្រជាជន នៅក្នុងក្រុងព្រមទាំងទ្រព្យសម្បត្តិផង មនុស្សម្នានាំគ្នាស្រែករកជំនួយ អ្នកទឹកដីទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់។
3ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់ ហើយឪពុកវិញក៏មិនអាចជួយកូនៗរបស់ពួកគេបានដែរ ដោយសារតែពួកមិនមានកម្លាំងគ្រប់គ្រាន់។
4ដ្បិត នៅថ្ងៃដែលទឹកដីភីលីស្ទីនត្រូវហិនហោច បានមកដល់ហើយ! ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន នឹងគ្មាននរណាមកជួយពួកគេទៀតឡើយ។ ដ្បិតព្រះអម្ចាស់កម្ទេចទឹកដីភីលីស្ទីន គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។
5ក្រុងកាសាគ្មាននៅសល់អ្វីសោះ ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។ អ្នកទឹកដីវាលទំនាប ដែលនៅសេសសល់អើយ តើអ្នកនៅតែឆូតសាច់របស់ខ្លួន ដល់កាលណាទៀត?
6អ្នករាល់គ្នាពោលថា ដាវរបស់ព្រះអម្ចាស់អើយ ដល់ពេលណាទើបសម្រាក? ចូរចូលទៅក្នុងស្រោមវិញ ហើយសម្រាកឲ្យស្ងៀមទៅ។
7បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ»។