ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 44

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា ឲ្យប្រាប់ ជន‌ជាតិ​យូដា​ដែល​តាំង​ទី​លំ‌នៅ​ក្នុង​អេស៊ីប គឺ​អ្នក​នៅ​ក្រុង​មីគដូល ក្រុង​ថាផ្នេស ក្រុង​ណូប និង​នៅ​ទឹកដី​ប៉ាត្រូស​ដូច​ត​ទៅ។
2«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​គ្រោះ​កាច​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ឲ្យ​កើត​មាន​នៅ​ក្រុង​យេរូ‌សាឡឹម និង​នៅ​ក្រុង​នានា​ក្នុង​ទឹកដី​យូដា។ មើល៍! សព្វ​ថ្ងៃ ក្រុង​ទាំង​នោះ​នៅ​សល់​តែ​គំនរ​បាក់​បែក ហើយគ្មាន​ប្រជា‌ជន​រស់​នៅ​ទេ។
3ការទាំងនោះ​កើត​​មក​ដោយសារមនុស្សធ្វើ​បាប ដោយ​ដុត​គ្រឿង​ក្រអូប គោរព​បម្រើ​ព្រះ​ដទៃ។ ជា​ព្រះ​ដែល​ពួក​គេ​ផ្ទាល់ និង​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់ផងដែរ។
4ដូច្នេះ យើង​បាន​ចាត់​អ្នក​បម្រើ​ទាំង​ប៉ុន្មាន​របស់​យើង គឺ​ពួក​ព្យាការីទៅកាន់ពួកគេ។ យើងចាត់ពួកគេឲ្យបា្រប់ថា៖ កុំ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​យើង​ស្អាប់នោះ​ឡើយ។
5ប៉ុន្តែ ពួក​គេ​មិនបាន​ស្ដាប់ទេ ហើយ​ក៏មិនងាក​ចេញ​ពី​អំពើ​អាក្រក់​ដែរ ហើយនៅតែដុត​គ្រឿង​ក្រអូប​ថ្វាយដល់​ព្រះ​ដទៃ​ទៀត។
6ដូច្នេះ កំហឹង​របស់​យើង​ក៏​ឆេះ‌ឆួល​ឡើង ដូច​ភ្លើង​ឆេះ​កម្ទេច​ក្រុង​នានា នៅ​ក្នុងទឹកដីយូដា និង​ផ្លូវ​ទាំង​ប៉ុន្មាន​នៅ​ក្រុង​យេរូ‌សាឡឹម។ នៅសល់តែ​គំនរ​បាក់​បែក និង​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដូច​សព្វ​ថ្ងៃ»។
7ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល និង​ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ការអាក្រក់ទាស់នឹងខ្លួនឯង? ហេតុអ្វីបានជានាំប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ទារក ចេញ​ពី​ទឹកដី​យូដា? នឹងគ្មានអ្នកណាម្នាក់បានរួចជីវិតឡើយ។
8តាមរយៈអំពើអាក្រក់របស់អ្នកបានធ្វើឲ្យយើងខឹងជាមួយ និងទង្វើនៃដៃរបស់អ្នករាល់គ្នាដោយថ្វាយតង្វាយដុតដល់ព្រះផ្សេងជាច្រើន នៅក្នុងទឹកដីអេសុីប គឺជាកន្លែងដែលអ្នកបានទៅតាំងទីលំនៅ។ អ្នកបានរស់នៅទីនោះដូច្នេះកន្លែងនោះនឹងត្រូវបំភ្លាញ ដូច្នេះពួកអ្នកនឹងក្លាយទៅជាបណ្តាសារ នៅក្នុងចំណោមប្រជាជាតិនានា នៅលើផែនដីនេះ។
9តើ​អ្នក​រាល់​គ្នា​ភ្លេច​អំពើ​អាក្រក់​ដែល​ដូនតា​របស់​អ្នក​រាល់​គ្នា ស្ដេច​ទឹកដី​យូដា ពួក​ស្រី​ស្នំ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ក្នុង​ទឹកដី​យូដា និង​នៅ​តាម​ដង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡឹម​ហើយ​ឬ?
10រហូត​មក​ទល់​សព្វ​ថ្ងៃ គ្មាន​នរណា​ម្នាក់​នឹក​ស្ដាយ​ដោយ​ខ្លួន​បាន​ធ្វើ​ខុស គ្មាន​នរណា​ម្នាក់​គោរព​កោត​ខ្លាច​យើង ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ»។
11ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សម្រេច​ចិត្ត​ដាក់​ទោស​អ្នក​រាល់​គ្នា ហើយ​លុប​បំបាត់​ជន‌ជាតិ​យូដា​ទាំង​មូល។
12ដ្បិត យើង​នឹង​ប្រហារ​ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់ ហើយ​ចេញ​មក​រស់​នៅ​ក្នុង​ទឹកដីអេស៊ីប។ ពួក​គេ​នឹង​ត្រូវ​វិនាស​សូន្យ​នៅ​ទឹកដី​អេស៊ីប​នេះ ពួក​គេ​នឹង​ត្រូវ​ស្លាប់ ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ពួក​គេ​ត្រូវ​វិនាស​សូន្យ​ទាំង​អស់​គ្នា ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស។ ប្រជា‌ជាតិ​ទាំង‌ឡាយ​យក​ឈ្មោះ​ពួក​គេ ទៅ​ដាក់​បណ្ដាសា ជេរ​ប្រមាថ នេះគឺជាការក៏អាក្រក់បំផុត។
13ដ្បិត យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ទឹកដី​អេស៊ីប ដូច​យើង​បាន​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ​ដែរ។
14ពេលនេះ ក្នុង​ចំណោម​ជន‌ជាតិ​យូដា ​ដែល​នៅ​សេស‌សល់ ហើយ​មក​រស់​នៅ​ទឹកដី​អេស៊ីប​នេះ គ្មាន​នរណា​ម្នាក់​រត់​រួច និង​រស់​រាន​មាន​ជីវិត​ឡើយ។ ទោះ​បី​ពួក​គេ​ប្រាថ្នា​ចង់​វិល​ត្រឡប់​ទៅទឹកដី​យូដា​វិញ​ក្ដី ក៏​ពួក​គេ​វិល​ទៅ​វិញ​មិន​បាន​ដែរ លើក‌លែង​តែ​មនុស្ស​មួយ​ចំនួន​តិចណាស់ដែលបានរួចជីវិត»។
15ក្រោយមក ពួកអ្នក​ដែល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​តែងតែ​ដុត​គ្រឿង​ក្រអូប​សែន​ព្រះ​ដទៃ ព្រម​ទាំង​ស្រីៗ​ទាំង​អស់​ដែល​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ​នៅ​ទី​នោះ និង​ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ក្រុង​ប៉ាត្រូស ក្នុង​ទឹកដីអេស៊ីប នាំ​គ្នា​តប​ទៅ​លោក​យេរេមា​វិញ​។
16ពួកគេនិយាយបែបនេះថា៖ «ទោះ​បី​លោក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាម​ព្រះ‌អម្ចាស់​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​លោក​ដែរ។
17ដ្បិត យើង​ចង់​ធ្វើ​អ្វីៗ​តាម​ការ​សម្រេច​របស់​យើង គឺ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​ដូច​យើង និង​ដូនតា​របស់​យើង ព្រម​ទាំង​ស្ដេច និង​ពួក​មន្ត្រី​ធ្លាប់​ធ្វើ​នៅ​តាម​ក្រុង​នានា​ក្នុង​ទឹកដី​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ហើយក្រោយមក យើងនឹង​មាន​អាហារ​បរិភោគ​បរិបូណ៌ ហើយនឹងជម្រុងចម្រើន ដោយគ្មានការរងទុក្ខវេទនា​អ្វីទេ។
18ប៉ុន្តែ តាំង​ពី​ពេលដែលយើង​ឈប់ធ្វើការនោះវិញទេ គឺឈប់​ដុត​គ្រឿង​ក្រអូប និង​ឈប់​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌ យើង​ខ្វះ​ខាត​សព្វ​គ្រប់ ព្រម​ទាំង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្សផងដែរ»។
19ហើយពួកស្រីៗ​ទាំង​នោះ​និយាយ​បន្ថែមទៀត​ថា៖ «ពេល​យើង​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​ថ្វាយ​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌​នោះ តើនេះមិនមែនប្ដី​របស់​យើង​បាន​យល់​ស្រប​ទាំង​ស្រុងទេឬ ពេល​យើង​ធ្វើ​នំ​ឲ្យដូចជារូបរបស់​ម្ចាស់‌ក្សត្រី​ ហើយថ្វាយ​ព្រះ‌នាង ព្រម​ទាំង​ច្រួច‌ស្រា ថ្វាយដល់ស់​ម្ចាស់‌ក្សត្រីផងនោះ?»
20ពេល​នោះ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល ទៅកាន់ទាំង​ប្រុស ទាំង​ស្រី និង​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​មក​លោក​ថា៖
21«តើព្រះអម្ចាស់មិនបានចាំ គ្រប់ទាំងគ្រឿង​ក្រអូប​ដែល​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដេច មន្ត្រី និង​អ្នក​ស្រុក បាន​ដុត​តាមទី​ក្រុង​នានា​ក្នុង​ទឹកដី​យូដា ហើយនិង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម? ដ្បិត ព្រះ‌អម្ចាស់​ក៏​បាន​ឃើញ និង​ចង​ចាំ​ជានិច្ច​ផងដែរ។
22ក្រោយមក ព្រះ‌អម្ចាស់​ពុំ​អាច​ទ្រាំ​នឹង​អំពើ​អាក្រក់ ព្រម​ទាំង​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នោះ ត​ទៅ​មុខ​ទៀត​ឡើយ ហេតុ​នេះ​ហើយ​បាន​ជាទឹកដី​របស់​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ជា​ទី​ស្មសាន ជា​ដី​ត្រូវ​បណ្ដាសា ហើយ​គ្មាន​មនុស្ស​រស់​នៅ​ដូច​សព្វ​ថ្ងៃ។
23​ពី​ព្រោះអ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប និង​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ មិន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ច្បាប់ និង​ដំបូន្មាន​របស់​ព្រះអង្គ»។
24លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល និង​ស្រីៗ​ទាំង​នោះ​ថា៖ «ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ទឹកដី​អេស៊ីប​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
25ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ អ្នក​រាល់​គ្នា និង​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​បាន​និយាយ ហើយ​ធ្វើ​តាម​ពាក្យ​របស់​ខ្លួន​ភ្លាម គឺ​អ្នក​រាល់​គ្នា​និយាយ​ថា «យើង​ចង់​ធ្វើ​តាម​ពាក្យ​ដែល​យើង​បន់‌ស្រន់ ដោយ​ដុត​គ្រឿង​ក្រអូប និង​ច្រួច‌ស្រា​សែន​ម្ចាស់‌ក្សត្រី​នៅ​ស្ថាន‌សួគ៌»។ ដូច្នេះ នឹងមិនបានតាមការបន់ស្រន់ឡើយ។
26សូមស្តាប់ ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ទឹកដី​អេស៊ីប​អើយ មើល៍! ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ យើង​សូម​ស្បថ​ក្នុង​នាម​ដ៏​ឧត្ដម​របស់​យើង​ផ្ទាល់​ថា៖ យើង​លែង​ឲ្យ​ជន‌ជាតិ​យូដា​ណា​ម្នាក់ ដែល​រស់​នៅ​ទឹកដី​អេស៊ីប​យក​ឈ្មោះ​យើង​មក​ស្បថ ដោយ​ពោល​ថា ព្រះ‌ជា‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅទៀត​ហើយ។
27មើល៍! យើង​តាម​មើល​ពួក​គេ ដើម្បី​ដាក់​ទោស គឺ​មិន​មែន​ផ្ដល់​សុភមង្គល​ទេ។ ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​រស់​នៅ​ទឹកដី​អេស៊ីប នឹង​ត្រូវ​វិនាស​ដោយ​មុខ​ដាវ និង​ដោយ​ទុរ្ភិក្ស រហូត​ដល់​ផុត​ពូជ។
28មនុស្ស​មួយ​ចំនួន​តូច ដែល​គេច​ផុត​ពី​មុខ​ដាវ​នឹង​ចាក​ចេញ​ពី​ទឹកដី​អេស៊ីប វិល​ត្រឡប់​ទៅ​ទឹកដី​យូដា​វិញ។ ដូច្នេះ ជន‌ជាតិ​យូដា​ដែល​នៅ​សេស‌សល់​ទាំង​ប៉ុន្មាន ពី​ចំណោម​អស់​អ្នក​ដែល​មក​រស់​នៅ​ទឹក​អេស៊ីប​នេះ មុខ​ជា​ដឹង​ថា ពាក្យ​របស់​នរណា​បាន​សម្រេច​ជា​រូប​រាង តើ​ពាក្យ​របស់​យើង ឬ​ពាក្យ​របស់​ពួក​គេ។
29ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា យើង​នឹង​ផ្ដល់​ទី​សម្គាល់​មួយ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​ឲ្យ​រង​ទុក្ខ​វេទនា​នៅលើទឹកដី​នេះ​ ហើយអ្នករាល់គ្នានឹងដឹងថាអ្វីកើតឡើងគឺស្រប​តាម​ពាក្យ​របស់​យើង​មែន។
30ព្រះអម្ចាស់មានព្រះបន្ទូលបែបនេះថា៖ មើល៍! ​«យើង​នឹង​ប្រគល់​ផារ៉ោន‌ហូប្រា ជា​ស្ដេចទឹកដី​អេស៊ីប ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក ​ដែល​ចង់​ប្រហារ​ជីវិត​ស្ដេច​នេះ។ ដូច​យើង​បាន​ប្រគល់​សេដេ‌គា ជា​ស្ដេច​ទឹកដី​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ស្ដេច​ទឹកដី​បាប៊ី‌ឡូន ជា​សត្រូវ​ដែល​ចង់​ប្រហារ​ជីវិត​សេដេ‌គា​យ៉ាង​នោះ​ដែរ គឺសត្រូវគេនឹងតាមប្រមាញ់ជីវិតគេដែរ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។