1លោកយេរេមាថ្លែងប្រាប់ប្រជាជន ចប់ហើយពីព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ។
2លោកអសារាជាកូនរបស់លោកហូសាយ៉ា លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកដេលអំនួតបាន ពោលមកកាន់លោកយេរេមាថា៖ «លោកនិយាយកុហក។ ព្រះអម្ចាស់ ជាព្រះរបស់យើង ពុំបានចាត់លោកឲ្យមកហាមពួកយើងទៅរស់នៅទឹកដីអេស៊ីបទេ។
3ដ្បិតបារូក ជាកូនរបស់លោកនេរីយ៉ាទេតើ ដែលអុចអាលលោកឲ្យប្រឆាំងនឹងពួកយើង ដើម្បីប្រគល់ពួកយើងទៅក្នុងកណ្ដាប់ដៃរបស់ពួកខាល់ដេ ហើយអ្នកធ្វើឲ្យយើងស្លាប់ និងចាប់ពួកយើងធ្វើឈ្លើយនៅបាប៊ីឡូន»។
4លោកយ៉ូហាណានជាកូនរបស់លោកការ៉ា ពួកមេទ័ព និងប្រជាជនទាំងអស់ មិនព្រមស្ដាប់ព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់ឲ្យពួកគេរស់នៅក្នុងទឹកដីយូដាឡើយ។
5លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ ដែលបានភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិផ្សេងៗ ហើយវិលមករស់នៅក្នុងទឹកដីយូដាវិញ។
6ពួកគេបានយកទាំងប្រុស ទាំងស្រី ទាំងក្មេងៗ រួមទាំងបុត្រីរបស់ស្ដេច និងអ្នកផ្សេងទៀត ដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ ពួកគេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។
7គឺពួកគេចេញដំណើរទៅទឹកដីអេស៊ីប ហើយទៅដល់ក្រុងថាផ្នេស ពួកគេមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ។
8ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា នៅថាផ្នេសដោយបន្ទូលថា៖
9«ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្ដេចផារ៉ោន នាក្រុងតាផាណែស ឲ្យប្រជាជនយូដាឃើញ»។
10ក្រោយមកចូលប្រាប់ពួកគេថា «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូចតទៅ៖ មើល៍! យើងនឹងប្រើគេឲ្យទៅហៅនេប៊ូក្នេសា ស្ដេចទឹកដីបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសាត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។
11នេប៊ូក្នេសានឹងមកវាយទឹកដីអេស៊ីប។ ពេលនោះ អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរយកទៅជាឈ្លើយ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ។
12យើងនឹងដុតកម្ទេចវិហាររបស់ព្រះនានានៃទឹកដីអេស៊ីប។ គឺនេប៊ូក្នេសានឹងដុតកម្ទេចរូបបដិមាទាំងនោះ ហើយនាំយកខ្លះទៅជាជយភណ្ឌផង។ នេប៊ូក្នេសានឹងរឹបអូសយកអ្វីៗចេញអស់ពីទឹកដីអេស៊ីប ដូចគេយកចៃចេញពីអាវរោមសត្វដែរ។ នេប៊ូក្នេសាចាកចេញទៅវិញ ដោយជ័យជំនៈ។
13នេប៊ូក្នេសានឹងកម្ទេចស្តូបទាំងឡាយ នៅក្រុងបេតសេម៉េស នៅទឹកដីអេស៊ីប។ ព្រមទាំងដុតកម្ទេចទីសក្ការៈរបស់ព្រះនានានៃទឹកដីអេស៊ីបផង»។