1ពួកមេទ័ពទាំងអស់ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា លោកយេសានាជាកូនរបស់លោកហូសាយ៉ា និងប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ នាំគ្នាទៅជួបព្យាការីយេរេមា។
2ពួកគេថ្លែងថា៖ «សូមយកការទាំងអស់នេះមកដាក់ចំពោះព្រះអង្គ។ សូមអធិស្ឋានដល់ព្រះអម្ចាស់ជាព្រះរបស់លោក សម្រាប់មនុស្សទាំងនេះដែលមានចំនួនតិច ដូចលោកឃើញហើយ។
3សូមព្រះអម្ចាស់ ជាព្រះរបស់លោក បង្ហាញឲ្យយើងស្គាល់ផ្លូវដែលពួកយើងត្រូវដើរ និងអ្វីដែលយើងខ្ញុំត្រូវធ្វើផង»។
4ព្យាការីយេរេមាតបទៅពួកគេវិញថា៖ «ខ្ញុំបានឮពីអ្នកទាំងអស់គ្នាហើយ។ ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា តាមសំណូមពររបស់អ្នក។ ខ្ញុំនឹងប្រាប់ឲ្យអ្នករាល់គ្នាដឹង នូវព្រះបន្ទូល ដែលព្រះអម្ចាស់ឆ្លើយមកអ្នក។ មិនលាក់លៀមពីអ្នកឡើយ»។
5ពួកគេនិយាយទៅកាន់លោកយេរេមា «សូមព្រះអម្ចាស់ធ្វើជាសាក្សីដ៏ពិតប្រាកដ និងដោយស្មោះត្រង់ ទាស់នឹងយើង ប្រសិនបើយើងខ្ញុំមិនធ្វើតាម អ្វីដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់មកយើងបានធ្វើ។
6ទោះបីជាយ៉ាង ការល្អឬអាក្រក់ក្តី យើងនឹងស្តាប់តាមសម្លេងនៃព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់យើង ទៅកាន់អស់អ្នកដែលយើងបញ្ចូនអ្នកទៅគេ ដូច្នេះការនេះនឹងបានល្អសម្រាប់យើង គឺនៅពេលដែលយើងស្តាប់បង្គាប់សម្លេងព្រះអម្ចាស់ជាព្រះ»។
7នៅចុងថ្ងៃទីដប់ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា។
8ដូច្នេះ លោកក៏ហៅលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និងពួកមេទ័ពទាំងអស់ដែលនៅជាមួយគាត់ ព្រមទាំងប្រជាជនទាំងមូល តាំងពីអ្នកតូចរហូតដល់អ្នកធំ។
9លោកបានថ្លែងទៅពួកគេថា៖ «អ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូចតទៅ៖
10ប្រសិនបើអ្នករាល់គ្នាបន្តរស់នៅក្នុងទឹកដីនេះ យើងនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំ គឺយើងមិនបំផ្លាញអ្នករាល់គ្នាទេ យើងនឹងដាំអ្នករាល់គ្នា គឺយើងមិនដកអ្នករាល់គ្នាទៀតឡើយ យើងនឹងបង្វែការមហន្តរាយចេញពីអ្នករាល់គ្នា។
11នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ កុំខ្លាចចំពោះស្តេចបាប៊ីឡូន ដែលអ្នករាល់គ្នាកំពុងតែខ្លាចនោះ ដ្បិតយើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នករាល់គ្នា ហើយនឹងដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់គេ។ ដ្បិតយើងនឹងប្រោសមេត្តាដល់អ្នក។
12ដ្បិត យើងនឹងក្តីមេត្តាដល់អ្នក ហើយនឹងនាំអ្នកឲ្យត្រឡប់ទៅទឹកដីរបស់អ្នកវិញ។
13ប៉ុន្តែ បើអ្នករាល់គ្នាថា៖ «យើងខ្ញុំមិនរស់នៅក្នុងទឹកដីនេះទេ» ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់សម្លេងរបស់យើង គឺជាសម្លេងនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក។
14ហើយអ្នកនិយាយថា៖ «ទេ! យើងរាល់គ្នានឹងទៅរស់នៅក្នុងទឹកដីអេស៊ីបវិញ ជាកន្លែងដែលមិនឃើញចម្បាំង ក៏មិនឮសូរត្រែ ហើយមិនត្រូវអត់ឃ្លានទេ។ ទីនោះដែលយើងនឹងអាស្រ័យនៅ»។
15ពេលនេះ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ ពួកអ្នកជនជាតិយូដាអើយ។ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា "បើអ្នករាល់គ្នាកាត់ចិត្តនឹងទៅក្នុងទឹកដីអេស៊ីបពិត ហើយក៏នឹងអាស្រ័យនៅទីនោះ
16ដូច្នេះ ដាវដែលអ្នករាល់គ្នាខ្លាចនឹងតាមអ្នកទាន់ នៅក្នុងទឹកដីអេសុីប។ ហើយគ្រោះទុរ្ភិក្សដែលអ្នករាល់គ្នាខ្លាច នឹងកើតនៅក្នុងទឹកដីអេស៊ីបដែរ ហើយអ្នកនឹងត្រូវស្លាប់នៅទីនោះ។
17អស់អ្នកដែលពេញចិត្តនឹងទៅអាស្រ័យនៅក្នុងទឹកដីអេស៊ីប នោះនឹងបានដូច្នោះ គឺគេនឹងស្លាប់ដោយដាវ ដោយអំណត់ និងអាសន្នរោគ។ គ្មាននរណាម្នាក់សល់ទេ ឬគេចរួចពីការអាក្រក់ ដែលយើងនឹងនាំមកលើគេនោះឡើយ។
18ដ្បិត ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិ អុីស្រាអែលមានព្រះបន្ទូលថា៖ ប្រសិនបើអ្នករាល់គ្នាទៅទឹកដីអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរ ប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ»។
19លោកយេរេមាបានថ្លែងថា «ព្រះបន្ទូលនៃព្រះអម្ចាស់ រំលឹកដល់អ្នកដែលជាជនជាតិយូដា។ កុំទៅទឹកដីអេសុីបឡើយ! ពីព្រោះយើងបានប្រាប់អ្នករួចហើយ គឺយើងនឹងទាស់ជាមួយនឹងអ្នករាល់គ្នានៅថ្ងៃនេះ។
20ដ្បិត អ្នករាល់បានបោកចិត្តខ្លួនអ្នក ដោយសុំខ្ញុំឲ្យទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ទាំងពោលថា៖ សូមអង្វរព្រះអម្ចាស់ ជាព្រះនៃយើង ឲ្យយើងខ្ញុំផង។ អ្វីៗដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំមានព្រះបន្ទូល សូមប្រាប់យើងមក នោះយើងនឹងធ្វើតាមទាំងអស់។
21ដ្បិតខ្ញុំក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹងនៅថ្ងៃនេះ តែអ្នករាល់គ្នាពុំព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយក៏ពុំស្ដាប់សេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យខ្ញុំនាំមកប្រាប់អ្នករាល់គ្នាដែរ។
22ឥឡូវនេះ ចូរដឹងឲ្យច្បាស់ថា អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស ឬដោយជំងឺអាសន្នរោគ ក្នុងទឹកដីដែលអ្នករាល់គ្នាចង់ទៅរស់នៅ»។