ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 41

Read Scripture freely. Divine Threads study for this chapter is coming later.

1ប៉ុន្តែវាបានកើតឡើងនៅ​ខែ​ទីប្រាំពីរ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​ដប់​នាក់​ឯ​ទៀត ក៏​មករក​កេដាលា​ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិ‌ភោគ​អាហារ​ជា‌មួយ​គ្នា​នៅ​ទី​នោះ។
2អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ដប់​នាក់​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ គឺ​គេ​សម្លាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​​ទឹកដី​នោះ។
3អ៊ីស‌ម៉ា‌អែល​ក៏​សម្លាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា‌មួយ​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។
4កន្លង​បាន​ពីរ​ថ្ងៃ ក្រោយ​ដែល​សម្លាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ។
5នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​ប៉ែតសិប​នាក់ គេ​បាន​កោរ​ពុក‌ចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន ក៏​កាន់​តង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់។
6ដូច្នេះ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ ក៏​និយាយ​ថា៖ «សូម​មករក​កេដាលា ជា​កូន​អ័ហ៊ី‌កាម!»
7ពេល​គេ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ក៏​សម្លាប់​គេ​បោះ​ចោល​ទៅ​ក្នុង​អណ្ដូង។
8ប៉ុន្តែ ក្នុង​ចំណោម​ពួក​គេ មាន​ដប់​នាក់​ពោល​ទៅ​កាន់​លោក​អ៊ីស្មា‌អែល​ថា៖ «សូម​កុំ​សម្លាប់​យើង​ខ្ញុំ​អី យើង​ខ្ញុំ​មាន​ស្បៀង​អាហារ​លាក់​ទុក​នៅ​ក្នុង​ចម្ការ គឺ​មាន​ស្រូវ មាន​អង្ករ ប្រេង និង​ទឹក​ឃ្មុំ»។ លោក​អ៊ីស្មា‌អែល​ក៏​ទុក​ជីវិត​ឲ្យ​អ្នក​ទាំង​ដប់​នោះ។
9អណ្ដូង​ដែល​លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​អ្នក​ដែល​គាត់​បាន​សម្លាប់ ជា​អណ្ដូង​ដែល​ព្រះ‌បាទ​អេសា ជា​ស្ដេចទឹកដី​យូដា​បាន​ជីក នៅ​គ្រា​ធ្វើ​សឹក​ជា​មួយ​ព្រះ‌បាទ​បាសា ជា​ស្ដេច​ទឹកដី​អុីស្រា‌អែល។ លោក​អ៊ីស្មា‌អែល​បោះ​សាក‌សព​ពេញ​ក្នុង​អណ្ដូង​នោះ។
10បន្ទាប់មក លោក​អ៊ីស្មា‌អែល​ចាប់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នៅ​មីសប៉ា ព្រម​ទាំង​ពួក​បុត្រី​របស់​ស្ដេច និង​អស់​អ្នក​ដែល​រស់​នៅ​មីសប៉ា គឺ​អស់​អ្នក​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ ផ្ទុក‌ផ្ដាក់​ទៅ​ឲ្យ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម មើល​ខុស​ត្រូវ នាំ​ទៅ​ជា​ឈ្លើយ។ លោក​អ៊ីស្មា‌អែល​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ​នាំ​ទៅទឹកដី​អាំម៉ូន។
11កាល​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយលោក បានឮ​ពី​ការអាក្រក់​ទាំង​ប៉ុន្មាន​ដែល​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា​បាន​ប្រព្រឹត្ត។
12ដូច្នេះ ពួក​គេ​ក៏​នាំ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ ចេញ​ទៅ​តាម​វាយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា។ ពួក​គេ​តាម​គាត់​ទាន់​នៅ​បឹង​គីបៀន។
13មានការមួយបានកើតឡើង គឺប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​នាំ​មក​ជា​មួយ ឃើញ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា និង​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​ជា​មួយ​លោក គេ​ត្រេក‌អរ​យ៉ាង​ខ្លាំង។
14ដូច្នេះ ប្រជា‌ជន​ដែល​លោក​អ៊ីស្មា‌អែល​ចាប់​ទៅ​ជា​ឈ្លើយ នាំ​គ្នា​បក​ក្រោយ ចូល​រួមជា​មួយ​លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា។
15ប៉ុន្តែ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា និង​បក្ស‌ពួក​របស់​គាត់​ប្រាំ​បី​នាក់ ដែលបានមកពីលោកយ៉ូហាណាន។ ​គាត់បាន​គេចខ្លួន​រួច ហើយ​រត់​ទៅ​ដល់​ទឹកដី​អាំម៉ូន។
16លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា ព្រម​ទាំង​ពួក​មេ​ទាហាន​នៅ​ជា​មួយ បាន​នាំ​ប្រជា‌ជន​ដែល​លោក​រំដោះ​ពី​លោក​អ៊ីស្មា‌អែល​នៅ​គីបៀន​មក​វិញ គឺ​ទាំង​ទាហាន ទាំង​ស្ត្រី ទាំង​ក្មេងៗ ទាំង​មហា‌តលិក​ដែល​នៅ​សេស‌សល់ ហើយ​ត្រូវ​លោក​អ៊ីស្មា‌អែល​ចាប់​ពី​មីសប៉ា ក្រោយ​បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម។
17ក្រោយមក ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម។ ពួកគេបម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ទឹកដី​អេស៊ីប ដោយព្រោះ​គេច​ពី​ពួក​ខាល់ដេ។
18​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ទឹកដី​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ទឹកដី។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។