ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 40

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ​មក​កាន់​ព្យាការី​យេរេមា ក្រោយ​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​លែង​លោក​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​គេ​បាន​ចាប់​លោក​ ដាក់​ច្រវាក់ ជា‌មួយ​ពួក​ក្រុង​យេរូ‌សាឡិម និង​ពួក​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​នាំទៅ​ជា​ឈ្លើយ​នៅ​ទឹកដី​បាប៊ីឡូន​នោះ។
2មេ‌ទ័ព​ធំ​យក​ព្យាការី​យេរេមា​មក​និយាយ​ថា៖ «ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​នេះ​ទម្លាក់​លើ​ទី​នេះ។
3ហើយ​ព្រះ‌ជាម្ចាស់​បាន​នាំ​ការ​នេះ​មក ព្រម​ទាំង​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ ហើយ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ហេតុ​នោះ​បាន​ជា​ការ​នេះ​កើត​ដល់​អ្នក​រាល់​គ្នា។
4ដូច្នេះ មើល៍! នៅ​ថ្ងៃ​នេះ ខ្ញុំ​ដោះ​ច្រវាក់​ចេញ​ពី​ដៃ​អ្នក។ ប្រសិន‌បើ​អ្នក​ចូល​ចិត្ត​ទៅ​ទឹកដី​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បម្រុង​អ្នក​ដោយ​ល្អ តែ​បើ​មិនពេញ​ចិត្ត​ទៅ​ឯ​ទឹកដី​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ ទឹកដីទាំង​មូល​នៅ​មុខ​អ្នក​ហើយ។ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ អ្នក​ទៅ​ចុះ»។
5ពេល​​លោក​យេរេមា​​មិន​ទាន់​ឆ្លើយ លោក​នេប៊ូ‌សារ៉ា‌ដាន​ក៏​ពោល​ទៀត​ថា៖ «សុំ​លោក​វិល​ទៅ​ជួប​នឹង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និងកូន​លោក​សាផាន ដែល​ព្រះចៅ​ក្រុង​បាប៊ី‌ឡូន​បាន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ទឹកដី​យូដា​នោះ។ សូមស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ទៅ ឬ​មួយ​លោក​ចង់​ទៅ​កន្លែង​ណា​ផ្សេង​ទៀត តាម​ចិត្ត​លោក​ប្រាថ្នា»។ លោក​រាជ​ប្រតិភូ​បាន​ប្រគល់​ស្បៀង និង​ជំនូន​ខ្លះ​ទៀត ជូន​លោក ហើយ​ប្រាប់​ឲ្យ​លោក​ចេញ​ទៅ។
6លោក​យេរេមា​ក៏​ទៅ​ជួប​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម នៅ​ក្រុង​មីសប៉ា រួច​ស្នាក់​នៅ​ជា​មួយ​គាត់ ក្នុង​ចំណោម​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ទឹកដី​នោះ។
7ពេលនោះ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ទឹកដី​ស្រែ​ចម្ការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម ​ឡើង​ជា ចៅ‌ហ្វាយ​លើ​ទឹកដី ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ទឹកដី ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ នៅ​ទឹកដី​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាចលោក។
8ដូច្នេះ ពួកគេ​ក៏​មក​ឯ​កេដាលា ត្រង់​មីសប៉ាគឺ​មានអ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា យ៉ូ‌ហា‌ណាន និង​យ៉ូណាថាន ជា​កូន​ការា សេរ៉ាយ៉ា ជា​កូន​ថានហ៊ូមែត និង​ពួក​កូន​របស់អេផាយ ពី​ទឹកដី​នថូផា ហើយ​យេសានា ជា​កូន​របស់​ម្នាក់​នៅ​ម៉ាកាធី ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង។
9កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ និង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា៖ «កុំ​ខ្លាច​នឹង​បម្រើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ទឹកដីនេះ ហើយ​បម្រើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ។
10មើល៍! ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា​ដែល​មក​រក​យើង​រាល់​គ្នា។ ដូច្នេះ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ទុក​ដាក់​ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ។ ហើយរស់​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​ទៅ»។
11មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ទឹកដី​ម៉ូអាប់ និង​នៅ​កណ្ដាល​ពួក​កូន​ចៅ​អាំម៉ូន និង​នៅ​ទឹកដី​អេដុម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ទឹកដី​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​នៅ​សល់ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ។
12ពួក​យូដា​ទាំង​នោះ ក៏​ចេញ​ពី​គ្រប់​ទី​កន្លែង​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​វិល​មក​ក្នុង​ទឹកដី​យូដា ជួប​កេដាលា​ត្រង់​មីសប៉ា។ ហើយ​គេ​ក៏​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ​ជា​ច្រើន។
13យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ទឹកដី​ស្រែ​ចម្ការ គេ​ក៏​មកជួប​កេដាលា​នៅ​ត្រង់​មីសប៉ា។
14គេ​ជម្រាប​លោក​ថា៖ «តើ​លោក​ជ្រាប​ឬ​ទេ​ថា ប្អាលីស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន បាន​ចាត់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឲ្យ​មក​សម្លាប់​លោក?» តែ​កេដាលា ជា​កូន​អ័ហ៊ី‌កាម​មិន​ជឿ​គេ​ទេ។
15ដូច្នេះ យ៉ូ‌ហា‌ណាន ជា​កូន​ការា ក៏​ពិគ្រោះ​នឹង​កេដាលា ដោយ​សម្ងាត់​នៅ​ត្រង់​មីសប៉ា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ចុះ ខ្ញុំ​នឹង​សម្លាប់​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ឥត​ឲ្យ​អ្នក​ណា​ដឹង​ឡើយ តើ​ទុក​ឲ្យ​វា​មក​សម្លាប់​លោក​ធ្វើ​អ្វី? ហេតុអ្វី​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​មូល​មក​ឯ​លោក គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ ហើយ​សំណល់​ពួក​យូដា​នឹង​ត្រូវ​វិនាស?»
16ប៉ុន្តែ កេដាលា ជា​កូន​អ័ហ៊ី‌កាម ប្រាប់​ដល់​យ៉ូ‌ហា‌ណាន ជា​កូន​ការា​ថា៖ «កុំ​ធ្វើ​ដូច្នោះ​ឡើយ ដ្បិត​អ្នក​និយាយ​កុហក​អំពី​អ៊ីស‌ម៉ា‌អែល​ទេ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។