1នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួន នៃរជ្ជកាលព្រះបាទសេដេគា ជាស្ដេចទឹកដីយូដា ព្រះចៅនេប៊ូក្នេសាជាស្ដេចទឹកដីបាប៊ីឡូន លើកកងទ័ពទាំងមូលមកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។
2នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគាកងទ័ពបាប៊ីឡូន បានទម្លុះកំពែងក្រុង។
3ពេលនោះមេទ័ពរបស់ស្ដេចទឹកដីបាប៊ីឡូន ដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចទឹកដីបាប៊ីឡូន។
4វាបានកើតឡើងក្នុងកាលព្រះបាទសេដេគា ជាស្តេចយូដា និងពួកទាហានទាំងប៉ុន្មានបានឃើញគេ។ ហើយពួកគេក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្ដាលកំផែងទាំងពីរ។ ស្តេចចេញតម្រង់ទៅឯទឹកដីវាល។
5ប៉ុន្តែ ពលទ័ពជនជាតិខាល់ដេ ក៏ដេញតាមព្រះបាទសេដេគាទាន់នៅត្រង់វាលយេរីខូរ។ កាលពួកគេចាប់ទ្រង់បានហើយ ក៏នាំទៅព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅទឹកដីហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសព្រះអង្គ។
6ស្តេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ព្រះអង្គត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃទឹកដីយូដាដែរ។
7ហើយចាក់បង្ខូចព្រះនេត្ររបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់នាំទៅឯទឹកដីបាប៊ីឡូន។
8ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្ដាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង។
9បន្ទាប់មក នេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្ដាជនដែលនៅក្នុងទីក្រុង។ ហើយក៏រួមទាំងពួកអ្នកដែលចូលខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ទឹកដីបាប៊ីឡូន។
10ប៉ុន្តែ នេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្ដាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងទឹកដីយូដា។ ហើយនៅគ្រានោះ ពួកគេក៏ឲ្យដំណាំទំពាំងបាយជូរ និងចម្ការគឺនៅក្នុងថ្ងៃតែមួយ។
11ព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរព្យាការីយេរេមាថា៖
12«ចូរទំនុកបម្រុងព្យាការីយេរេមាឲ្យបានល្អផង កុំធ្វើបាបលោកឡើយ គឺត្រូវប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ»។
13ដូច្នេះ នេប៊ូសារ៉ាដាន ជាមេទ័ពធំ ហើយនេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រ៉ាប-ម៉ាក់ ព្រមទាំងចៅហ្វាយធំៗទាំងអស់របស់ស្តេចបាប៊ីឡូន។
14ក៏ចាត់គេឲ្យទៅយកព្យាការីយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យនាំលោកទៅផ្ទះវិញ ដូច្នេះ លោកយេរេមាបានរស់នៅក្នុងចំណោមប្រជាជនទាំងនោះ។
15ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានមកដល់ព្យាការីយេរេមា ពេលលោកជាប់នៅក្នុងទីលានគុកនៅឡើយ នោះថា៖
16«ចូរទៅប្រាប់អេបេឌ-មេលេកជាជនជាតិអេត្យូពី ដូច្នេះ គឺថាព្រះជាម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងនាំអស់ទាំងពាក្យរបស់យើងមកលើក្រុងនេះ ឲ្យបានសេចក្ដីអាក្រក់ មិនមែនជាសេចក្ដីល្អទេ។ ពាក្យទាំងនោះនឹងបានសម្រេចនៅមុខអ្នកក្នុងថ្ងៃនោះ។
17ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងជួយអ្នកឲ្យរួចនៅថ្ងៃនោះ ហើយអ្នកមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកមនុស្សនោះ ដែលអ្នកខ្លាចឡើយ។
18ដ្បិតយើងនឹងជួយសង្គ្រោះអ្នកពិតប្រាកដ អ្នកមិនត្រូវដួលដោយដាវឡើយ គឺនឹងបានរួចជីវិត ពីព្រោះអ្នកបានយកយើងជាទីទុកចិត្ត នេះជាព្រះបន្ទូលនៃព្រះជាម្ចាស់»។