ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា‌មួយ​នាង​នោះ​ទៀត​ដែរ​ឬ? តើ​ទឹកដី​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ? ចំណែកអ្នក​វិញ អ្នក​បាន​ផិត​យើង ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​រក​យើង​វិញ​ចុះ។
2ចូរ​មើល​ទៅ​ទី​ខ្ពស់​ត្រងិល​ទាំង​ប៉ុន្មាន ហើយ​មើលចុះ តើ​មិន​មែន​ជា​កន្លែង ដែល​អ្នក​បាន​ដេក​ជា‌មួយ​ទេ​ឬ? អ្នក​បាន​អង្គុយ​ចាំ​គូកំណាន់​តាម​ផ្លូវ ដូច​ជា​ជនជាតិអារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ។ ហើយ​អ្នក​បាន​ធ្វើ​ឲ្យ​ទឹកដីអាប់‌ឱន ដោយអំពើ​ផិត​ក្បត់ និង​អំពើ​ទុច្ចរិត​របស់​អ្នក។
3ដូច្នេះ ​បាន​ជា​ឥត​មាន​ភ្លៀង​មួយ​មេ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ។ អ្នក​នៅ​មាន​មុខ​ងងើល ​ដូច​ជា​ស្រី​ពេស្យា​ទៀត អ្នក​មិន​ព្រម​អៀន​ខ្មាស​សោះ។
4តើ​អ្នក​មិន​ចង់​អំពាវ‌នាវ​រក​យើង​វិញ​ទេ​ឬ ដោយ​ថា ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង!
5តើ​ព្រះ‌អង្គ​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ? តើ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ? តែ​មើល៍ អ្នក​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កម្លាំង​ចិត្ត!»
6នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា​ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ទាំងប៉ុន្មាន ហើយ​បាន​ប្រព្រឹត្តអំពើ​ផិត​ក្បត់​នៅ​ទី​នោះ។
7​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ យើង​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​យើង​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ។
8យូដាបាន​ឃើញ​ថា ទោះ​បើ​យើង​បាន​លែង​លះ​អុីស្រា‌អែល​ដែល​មាន​ចិត្ត​សាវា ព្រម​ទាំង​ចេញ​សំបុត្រ​លែង​លះ‌ដល់​នាង​ហើយ ដោយ​ព្រោះ​តែ​នាង​ផិត​ក្បត់​ក៏​ដោយ តែ​យូដា ជា​ប្អូន ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​កោត​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​គ្នា។
9ហើយ​ទឹកដី​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។
10ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
11ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អុីស្រាអែល​ជា​ពួក​រា​ថយ គេ​បាន​សម្ដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ​ទៅ​ទៀត។
12ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា៖ ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ​អុីស្រា‌អែល ជា​ពួក​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ យើង​នឹង​មិន​បំភ័យ​អ្នក ដោយ​ទឹក​មុខ​យើង​ទេ ដ្បិត​យើង​មាន​សេចក្ដី​មេត្តា។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ។
13អ្នក​មាន​អំពើ​ទុច្ចរិត​មែន ដោយ​បាន​រំលង​នឹង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក ហើយ​បាន​ចែក​អំពើ​គោរព​របស់​អ្នក ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ។
14ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​ក្មេងៗ​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​យើង​ជា​ប្ដី​ដល់​អ្នក​រាល់​គ្នា​ហើយ យើង​នឹង​យក​អ្នក​រាល់​គ្នា ម្នាក់​ពី​ក្រុងមួយ ហើយ​ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​មួយ នាំ​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ។
15យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​យើង ជា​អ្នក​ដែល​ឃ្វាល​អ្នក​រាល់​គ្នា​ដោយ​តម្រិះ និង​យោបល់»។
16ក្រោយមក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ទឹកដី នោះ​គេ​នឹង​លែង ​«និយាយពី​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌អម្ចាស់ទៀត​ហើយ!» ហិប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ​ដែរ។
17នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា​ជា​បល្ល័ង្ក​នៃ​ព្រះ‌អម្ចាស់ ហើយ​អស់​ទាំង​ជនជាតិ​នឹង​មូល​គ្នា មក​រក​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់ ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​រឹង​ចចេស ធ្វើ​តាម​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ។
18នៅក្នុងគ្រានោះ ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អុីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពីទឹកដីខាង​ជើង​ជា‌មួយ​គ្នា មក​ក្នុងទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មរតក។
19យើង​គិត​ថា យើង​សប្បាយ​ចិត្ត នឹង​ចាត់​ទុក​អ្នក​ជា​កូន​ប្រុស​ប្រសើរ​ជាង​គេ ព្រម​ទាំង​ប្រគល់​ទឹកដី​ដ៏​ល្អ​ប្រណីត​ជាង​គេ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឲ្យ​អ្នក។ យើង​គិត​ថា អ្នក​នឹង​ហៅ​យើង​ថា «ព្រះ‌បិតា» ហើយ​អ្នក​នឹង​មិន​ងាក​ចេញ​ពី​យើង​ទៀត​ទេ។
20ប៉ុន្តែ ជន‌ជាតិ​អុីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
21មាន​សំឡេង​លាន់​ឮ​ឡើង នៅ​តាម​កំពូល​ភ្នំ គឺ​ជា​សម្រែក​យំ​សោក និង​សម្រែក​អង្វរ​ករ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ពួក​គេ​បាន​វង្វេង​ចេញ​ពី​មាគ៌ា គេ​បាន​បំភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ។
22កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ យើង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា លែង​មាន​ចិត្ត​សាវា​ទៀត។ មើល៍! យើង​ខ្ញុំ​មក​រក​ព្រះអង្គ​ហើយ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ។
23យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ អុីស្រា‌អែល​បាន។
24តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គម្រក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។ សេចក្ដី​អាម៉ាស់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ងើប​មុខ​មិន​រួច ការ​បាក់​មុខ​គ្រប​សង្កត់​លើ​យើង​ខ្ញុំ!
25តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង របស់​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង​ខ្ញុំ​ឡើយ!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។