1លោកសេផាធាជាកូនរបស់លោកម៉ាត់ថាន លោកកេដាលាជាកូនរបស់លោកផាសហ៊ើរ លោកយេហ៊ូកាលជាកូនរបស់លោកសេលេមា និងលោកផាសហ៊ើរជាកូនរបស់លោកម៉ាល់គា បានឮពាក្យដែលលោកយេរេមាធ្លាប់ប្រកាសប្រាប់ប្រជាជនទាំងមូលថា៖
2«ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅក្នុងក្រុងនេះតទៅមុខទៀត នឹងត្រូវស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ។ អ្នកដែលចេញទៅចុះចូលនឹងជនជាតិខាល់ដេនឹងបានរួចជីវិត
3ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា ក្រុងនេះពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់កងទ័ពស្ដេចទឹកដីបាប៊ីឡូន ហើយគេនឹងដណ្ដើមយកបានមិនខាន»។
4ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា៖ «សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្ដាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្ដីល្អ ដល់ជនជាតិនេះទេ គឺឲ្យគេត្រូវអន្តរាយវិញ»។
5ព្រះបាទសេដេគាមានរាជឱង្ការតបថា៖ «មើល៍! វានៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ»។
6គេក៏ចាប់យកព្យាការីយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសម្រូតព្យាការីយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់ ហើយព្យាការីយេរេមាក៏ផុងទៅក្នុងភក់នោះ។
7លោកអេបេឌ មេលេក ជនជាតិអេត្យូពី ដែលជាមហាតហិកនៅក្នុងវាំង។ គាត់បានឮថា គេដាក់ព្យាការីយេរេមាក្នុងគុកងងឹត។ គ្រានោះ ស្តេចកំពុងគង់នៅត្រង់ទ្វារ បេនយ៉ាមីន។
8អេបេឌ មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា៖
9«ឱព្រះករុណា ជាអម្ចាស់នៃទូលបង្គំអើយ ក្នុងការទាំងប៉ុន្មានដែលមនុស្សទាំងនេះបានធ្វើដល់ព្យាការីយេរេមា។ ពួកគេបានដាក់លោកឲ្យនៅក្នុងគុកងងឹត ដ្បិតមុខជាលោកនឹងស្លាប់នៅទីនោះ ដោយការអត់ឃ្លានជាមិនខាន ពីព្រោះគ្មានអាហារនៅក្នុងទីក្រុងទេ»។
10ដូច្នេះ ស្ដេចបង្គាប់ អេបេឌ មេលេក ជាជនជាតិអេត្យូពីថា៖ «ចូរនាំមនុស្សសាមសិបនាក់ពីទីនេះទៅជាមួយអ្នក ហើយយកព្យាការីយេរេមា ចេញពីគុកងងឹតមកក្រែងលោកស្លាប់»។
11ដូច្នេះ អេបេឌ មេលេកក៏យកមនុស្សទាំងនោះទៅជាមួយ ចូលទៅក្នុងព្រះរាជដំណាក់ គឺទៅកាន់បន្ទប់សម្លៀកបំពាក់នៅក្នុងឃ្លាំង យកក្រណាត់ចាស់ៗ និងសម្លៀកបំពាក់រយ៉ីរយ៉ៃពីកន្លែងនោះ ហើយចងនឹងខ្សែពួរ សម្រូតចុះទៅឲ្យយេរេមានៅក្នុងអណ្ដូងងងឹត។
12អេបេឌ មេលេក ជាជនជាតិ អេត្យូពី ក៏ប្រាប់ព្យាការី យេរេមាថា៖ «សូមទ្រាប់កំណាត់ចាស់ និងអាវរយ៉ីរយ៉ៃទាំងនេះ នៅក្រោមក្លៀកលោកពីក្រោមខ្សែពួរទៅព្យាការីយេរេមាក៏ធ្វើដូច្នោះ។
13រួចក្រោយមក ពួកគេយោងទាញព្យាការីយេរេមាឡើងពីគុកងងឹតមក ហើយលោកបាននៅជាប់ក្នុងទីលានគុកចាំយាមវិញ។
14ព្រះបាទសេដេគាបានចាត់គេទៅនាំព្យាការីយេរេមា មកនៅត្រង់ទ្វារទីបីក្នុងព្រះវិហារនៃព្រះជាម្ចាស់ ស្ដេចមានរាជឱង្ការទៅកាន់ព្យាការីយេរេមាថា៖ «យើងចង់សួរអ្នកនៅការមួយ កុំលាក់នឹងយើងឡើយ»។
15ព្យាការីយេរេមា ទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលទ្រង់ឲ្យជ្រាប តើទ្រង់មិនសម្លាប់ទូលបង្គំមែនទេ? ហើយបើទូលបង្គំឲ្យជាយោបល់ នោះទ្រង់ក៏មិនព្រមស្តាប់តាមដែរ»។
16ព្រះបាទសេដេគាស្បថនឹងព្យាការីយេរេមាដោយសម្ងាត់ថា៖ «ដូចជាព្រះជាម្ចាស់មានព្រះជន្មរស់នៅ ដែលព្រះអង្គបានបង្កើតព្រលឹងឲ្យយើង នោះយើងនឹងមិនសម្លាប់ ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ»។
17ព្យាការីយេរេមាទូលព្រះបាទសេដេគាថា៖ «ព្រះជាម្ចាស់ ជាព្រះនៃពិភពទាំងមូល គឺជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះ បើទ្រង់យាងចេញទៅរកអ្នកសឹកនាំរបស់ស្តេចបាប៊ីឡូន នោះទ្រង់នឹងមានព្រះជន្មគង់នៅ ហើយទីក្រុងនេះក៏មិនត្រូវដុតបំផ្លាញដែរ។ គឺទ្រង់ និងពួកវង្សាក៏បានរួចជីវិតដែរ។
18ប៉ុន្តែ បើទ្រង់មិនព្រមចេញទៅរកពួកអ្នកដឹកនាំរបស់ស្តេចបាប៊ីឡូនទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ។ ពួកគេនឹងដុតចោល ហើយទ្រង់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ»។
19ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់ព្យាការីយេរេមាថា៖ «យើងខ្លាចពួកជនជាតិយូដា ដែលចូលដៃខាងពួកខាល់ដេ ហើយក្រែងជនជាតិខាល់ដេប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ហើយគេប្រព្រឹត្តអាក្រក់មកលើយើង»។
20ព្យាការីយេរេមាទូលតបថា៖ «គេមិនប្រគល់ទ្រង់ទៅឲ្យពួកគេទេ។ សូមទ្រង់ស្តាប់តាមព្រះបន្ទូលនៃព្រះជាម្ចាស់ តាមដែលទូលបង្គំទូលដល់ទ្រង់ចុះ នោះទ្រង់នឹងបានសេចក្ដីសុខ ហើយនឹងមានព្រះជន្មគង់នៅ។
21ដ្បិតប្រសិនបើទ្រង់យាងចេញទៅក្រៅនោះគឺជាជម្រកជីវិត ព្រះជាម្ចាស់បានសម្ដែងសេចក្ដីនេះ ឲ្យទូលបង្គំបានឃើញ។
22ស្ត្រីទាំងប៉ុន្មាន ដែលនៅសល់ក្នុងដំណាក់របស់ស្តេចយូដា នឹងត្រូវនាំចេញទៅឯពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូន ហើយ ស្ត្រីទាំងនោះនឹងពោលថា ពួកជំនិតរបស់ទ្រង់បានបញ្ឆោតទ្រង់ ហើយក៏ឈ្នះទ្រង់ផង ឥឡូវនេះ ព្រះបាទរបស់ព្រះករុណាផុងជាប់ ទៅក្នុងភក់ហើយ នោះគេងាកចេញពីទ្រង់ទៅ។
23គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។
24ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់ព្យាការីយេរេមាថា៖ «កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ អ្នកមិនត្រូវស្លាប់ទេ។
25ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមករកអ្នក ដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេច កុំលាក់យើងឲ្យសោះ យើងមិនសម្លាប់អ្នកទេ ហើយប្រាប់យើងពីសេចក្ដីដែលស្តេចមានព្រះបន្ទូលនឹងអ្នកដែរ។
26អ្នកត្រូវប្រាប់ដល់គេថា ខ្ញុំគ្រាន់តែទូលអង្វរស្ដេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ»។
27បន្ទាប់មក ពួកចៅហ្វាយទាំងប៉ុន្មាន ក៏មកឯយេរេមាសួរយ៉ាងនោះមែន ហើយលោកប្រាប់គេតាមគ្រប់ទាំងពាក្យដែលស្តេចបានបង្គាប់។ ដូច្នេះ គេក៏លែងនិយាយនឹងលោកទៅ ពីព្រោះការនោះមិនបានបើកឲ្យគេឃើញទេ។
28ដូច្នេះ ព្យាការីយេរេមាក៏នៅជាប់ក្នុងទីលានគុក ដរាបដល់ថ្ងៃដែលគេចាប់យកក្រុងយេរូសាឡិមបាន។