1នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចទឹកដីយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
2«ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅព្រះដំណាក់ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាឲ្យពួកគេផឹក»។
3ដូច្នេះ ខ្ញុំក៏ទៅយកយ៉ាសានា ជាកូនយេរេមា ដែលជាកូនហាបា ស៊ីនា បងប្អូនរបស់គាត់ និងកូនចៅរបស់គាត់ទាំងអស់ ព្រមទាំងពូជពង្សនៃពួករេកាបទាំងអស់គ្នា។
4ខ្ញុំបាននាំពួកគេចូលទៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ គឺក្នុងបន្ទប់របស់កូនចៅហាណាន ជាកូនយីកដាលា អ្នកសំណព្វរបស់ព្រះ ដែលនៅជាប់បន្ទប់របស់ពួកចៅហ្វាយ នៅពីលើបន្ទប់របស់ម្អាសេយ៉ា កូនសាលូម ជាអ្នកឆ្មាំទ្វារ។
5រួចខ្ញុំដាក់ដបស្រាទំពាំងបាយជូរ និងពែងនៅមុខកូនចៅពួករេកាប ហើយប្រាប់ថាអញ្ជើញ «ពិសាស្រាទំពាំងបាយជូរចុះ»។
6ប៉ុន្តែ គេឆ្លើយតបថា៖ «យើងរាល់គ្នាមិនព្រមទទួលទានស្រាទំពាំងបាយជូរទេ ព្រោះយ៉ូណាដាប ជាកូនរេកាប បុព្វបុរសយើងបានផ្តាំថាអ្នករាល់គ្នាកុំផឹកស្រាទំពាំងបាយជូរឡើយ ទោះទាំងអ្នក ឬកូនចៅអ្នកតរៀងទៅ។
7អ្នកមិនត្រូវធ្វើផ្ទះ ឬសាបព្រោះ ឬដាំ ឬមានចម្ការទំពាំងបាយជូរឡើយ គឺអ្នករាល់គ្នាត្រូវនៅក្នុងត្រសាលអស់មួយជីវិត ដើម្បីឲ្យបានរស់ជាយឺនយូរ នៅក្នុងទឹកដីដែលអ្នករាល់គ្នាកំពុងស្នាក់នៅនោះ។
8យើងរាល់គ្នាបានស្តាប់បង្គាប់យ៉ូណាដាប ជាកូនរេកាប ដែលជាបុព្វបុរសយើង តាមគ្រប់ទាំងសេចក្ដីដែលគាត់បានផ្តាំមក គឺមិនបានទទួលទានស្រាទំពាំងបាយជូរដរាបដល់អស់មួយជីវិតយើង ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់យើងផង
9ក៏មិនបានធ្វើផ្ទះសម្រាប់អាស្រ័យនៅ ហើយគ្មានដំណាំទំពាំងបាយជូរ ឬចម្ការ ឬពូជពង្រោះណាផង
10គឺយើងរាល់គ្នាបានអាស្រ័យនៅក្នុងត្រសាល ហើយបានស្តាប់បង្គាប់ ទាំងប្រព្រឹត្តតាមគ្រប់សេចក្ដីដែលយ៉ូណាដាប ជាបុព្វបុរសយើងបានផ្តាំទុក។
11ប៉ុន្តែ ពេលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានឡើងមកក្នុងទឹកដីនោះយើងបាននិយាយគ្នាថា ចូរយើងចូលទៅក្នុងក្រុងយេរូសាឡិម ឲ្យរួចពីពួកទ័ពខាល់ដេ និងពួកទ័ពស៊ីរីចេញ ហេតុនោះបានជាយើងរាល់គ្នា អាស្រ័យនៅក្នុងក្រុងយេរូសាឡិមសព្វថ្ងៃនេះ»។
12ពេលនោះ ព្រះបន្ទូលនៃព្រះអម្ចាស់ បានមកដល់ព្យាការីយេរេមាថា៖
13ព្រះជាម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកទឹកដីយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមថា តើអ្នករាល់គ្នាមិនព្រមទទួលសេចក្ដីប្រៀនប្រដៅ ដើម្បីស្តាប់តាមពាក្យយើងទេឬ? នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់។
14ពាក្យរបស់យ៉ូណាដាប ជាកូនរេកាបដែលបានហាមដល់ពួកកូនចៅមិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសម្រេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ។ ពួកគេស្តាប់តាមបង្គាប់របស់បុព្វបុរសគេ ឯយើងវិញ យើងបាននិយាយនឹងអ្នករាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីប្រាប់ផង តែអ្នករាល់គ្នាមិនបានស្តាប់តាមយើងសោះ។
15យើងបានចាត់ពួកព្យាការីទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យមកឯអ្នកដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីចាត់គេ ឲ្យប្រាប់ថា ចូរអ្នកទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់អ្នក កុំទៅតាមព្រះដទៃ ដើម្បីគោរពបម្រើព្រះទាំងនោះឡើយ នោះអ្នករាល់គ្នានឹងបាននៅជាប់ក្នុងទឹកដី ដែលយើងបានឲ្យដល់អ្នក និងបុព្វបុរសអ្នក តែអ្នករាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមយើងសោះ។
16ដ្បិត ដោយឃើញថា ពួកកូនចៅយ៉ូណាដាប ជាកូនរេកាប បានសម្រេចតាមបង្គាប់របស់បុព្វបុរសគេ ដែលផ្តាំមកនោះ តែជនជាតិទាំងនេះមិនបានស្តាប់តាមយើងទេ»។
17ហេតុនោះ ព្រះជាម្ចាស់នៃពិភពទាំងមូល គឺជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ»។
18ព្យាការីយេរេមាថ្លែងទៅកាន់ពួកវង្សរេកាបថា៖ «ព្រះជាម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអុីស្រាអែលព្រះអង្គមានព្រះបន្ទូលថា ដោយព្រោះអ្នករាល់គ្នាបានស្តាប់តាមបង្គាប់យ៉ូណាដាប ជាបុព្វបុរសអ្នក ហើយរក្សាអស់ទាំងបញ្ញត្តិរបស់គាត់ ព្រមទាំងសម្រេចតាមអស់ទាំងពាក្យដែលគាត់បានផ្តាំមក
19ដូច្នេះ ព្រះជាម្ចាស់នៃពិភពលោក ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលថា យ៉ូណាដាបជាកូនរេកាប នឹងមិនដែលខានមានមនុស្សសម្រាប់ឈរនៅមុខយើងឡើយ»។