1ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមកដល់ព្យាការីយេរេមា ក្នុងកាលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទាំងប៉ុន្មានរបស់គេ ហើយដល់នគរទាំងប៉ុន្មាននៅផែនដីដែលនៅក្រោមអំណាចគេ ព្រមទាំងប្រជាជាតិទាំងឡាយដែលកំពុងច្បាំងនឹងក្រុងយេរូសាឡិម និងទីក្រុងទាំងប៉ុន្មាន
2ព្រះជាម្ចាស់ជាព្រះនៃជនជាតិអុីស្រាអែលមានព្រះបន្ទូលដូច្នេះថា៖ ចូរទៅទូលព្រះបាទសេដេគា ជាស្តេចយូដាថា ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ យើងនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្ដាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល។
3ឯអ្នកនឹងមិនរួចពីកណ្ដាប់ដៃគេដែរ គឺនឹងត្រូវចាប់បាន ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃគេជាពិតប្រាកដ អ្នកនឹងឃើញស្តេចបាប៊ីឡូនប្រទល់មុខគ្នា ហើយគេនិយាយនឹងអ្នកផ្ទាល់មាត់ អ្នកនឹងត្រូវទៅក្រុងបាប៊ីឡូន។
4ប៉ុន្តែ ឱសេដេគាជាស្តេចយូដាអើយ ចូរស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ចុះ ទ្រង់មានព្រះបន្ទូលពីដំណើរទ្រង់ថា អ្នកនឹងមិនស្លាប់ដោយដាវទេ។
5គឺអ្នកនឹងស្លាប់ដោយសុខសាន្តវិញ។ ដូចជាគេដុតគ្រឿងក្រអូបអប់សពបុព្វបុរសរបស់អ្នក គឺជាពួកស្ដេចដែលសោយរាជ្យមុនអ្នកយ៉ាងណា នោះគេនឹងដុតគ្រឿងក្រអូបអប់សពអ្នក។ ពួកគេយំសោកថា "ឱព្រះករុណាអើយ!" យ៉ាងនោះដែរ។ ដ្បិតយើងបានចេញវាចាហើយ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់»។
6ពេលនោះ ព្យាការីយេរេមាក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់ព្រះបាទសេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម។
7ពេលដែលពួកពលទ័ពរបស់ស្តេចបាប៊ីឡូន កំពុងច្បាំងនឹងក្រុងយេរូសាឡិម និងអស់ទាំងទីក្រុងនៃទឹកដីយូដាដែលនៅសល់ គឺក្រុងឡាគីស និងក្រុងអាសេកា ដ្បិតក្នុងទីក្រុងនៃទឹកដីយូដាទាំងប៉ុន្មាន ដែលមានកំផែង នោះសល់នៅតែប៉ុណ្ណេះទេ។
8នេះជាព្រះបន្ទូលនៃព្រះជាម្ចាស់ ដែលមកដល់ព្យាការីយេរេមា ក្នុងពេលក្រោយដែលព្រះបាទសេដេគា និងប្រជាជនទាំងឡាយ ដែលនៅក្រុងយេរូសាឡិម បានតាំងសេចក្ដីសញ្ញា ដើម្បីនឹងប្រកាសប្រាប់ពីការប្រោសលោះដល់គេ
9គឺឲ្យគ្រប់មនុស្សដោះលែងបាវប្រុសបាវស្រីរបស់ខ្លួន ដែលជាជនជាតិ ហេព្រើរចេញទៅ ហើយកុំឲ្យអ្នកណាចាប់ប្រើជនជាតិហេព្រើរ ដែលជាបងប្អូននឹងគ្នា ទុកជាបាវបម្រើទៀតឡើយ។
10ពួកចៅហ្វាយទាំងប៉ុន្មាន និងបណ្ដាជនទាំងឡាយ ដែលបានចូលក្នុងសេចក្ដីសញ្ញានេះ ក៏ស្តាប់បង្គាប់តាម ដើម្បីនឹងលែងបាវប្រុសបាវស្រីរបស់ខ្លួន ឲ្យរួចចេញទៅ ឥតមានអ្នកណាចាប់គេប្រើជាបាវបម្រើទៀត គេក៏ស្តាប់តាម ហើយលែងអ្នកទាំងនោះឲ្យរួចចេញទៅ។
11ប៉ុន្តែ ក្រោយមក គេក៏បែរជាបង្ខំបាវប្រុសបាវស្រីទាំងប៉ុន្មាន ដែលគេបានលែងទៅហើយនោះ ឲ្យវិលមកនៅក្នុងបង្គាប់ខ្លួន និងធ្វើជាបាវប្រុសបាវស្រីវិញទៀត។
12ហេតុនោះ ព្រះបន្ទូលនៃព្រះជាម្ចាស់ បានមកដល់ព្យាការិយេរេមាថា៖
13«ព្រះជាម្ចាស់ ជាព្រះនៃជនជាតិអុីស្រាអែលព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានតាំងសេចក្ដីសញ្ញានឹងបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងបាននាំគេចេញពីទឹកដីអេស៊ីប ឲ្យរួចពីសណ្ឋានជាបាវបម្រើ ដោយពាក្យថា
14«លុះផុតប្រាំពីរឆ្នាំហើយ នោះអ្នករាល់គ្នាត្រូវលែងបងប្អូនអ្នក ជាជនជាតិហេព្រើរដែលបានលក់ខ្លួនដល់អ្នក ហើយបានបម្រើអ្នកអស់ប្រាំមួយឆ្នាំ គឺអ្នកត្រូវលែងគេឲ្យរួចចេញពីអ្នកទៅ»។ ប៉ុន្តែ បុព្វបុរសអ្នករាល់គ្នាមិនបានស្តាប់តាមយើងទេ ក៏មិនបានផ្ទៀងត្រចៀកផង។
15ពេលអ្នកទើបតែវិលមកធ្វើការ ដែលត្រឹមត្រូវនៅភ្នែកយើង ដោយប្រកាសប្រាប់សេចក្ដីប្រោសលោះ ដល់អ្នកជិតខាងអ្នករៀងខ្លួនថ្មីៗ ហើយបានតាំងសញ្ញានៅមុខយើង ក្នុងព្រះវិហារដែលហៅតាមឈ្មោះយើង។
16ប៉ុន្តែ ឥឡូវនេះ បានបែរទៅជាបង្អាប់ដល់ឈ្មោះយើងវិញ ដោយបានបង្ខំឲ្យពួកបាវប្រុសបាវស្រីរបស់អ្នករៀងខ្លួន ដែលអ្នកបានលែងឲ្យរួចចេញតាមបំណងចិត្តគេនោះ ឲ្យវិលមកនៅក្នុងបង្គាប់។ និងធ្វើជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាវិញទៀត។
17ហេតុនោះ ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។
18យើងនឹងធ្វើតាមសេចក្ដីសញ្ញារបស់យើង ហើយមិនបានកាន់តាមពាក្យនៃសេចក្ដីសញ្ញា ដែលគេបានតាំងនៅមុខយើង នោះយើងនឹងធ្វើឲ្យគេបានដូចជាគោដែលគេបានពុះជាពីរចំហៀង។ រួចដើរនៅកណ្ដាលចំហៀងទាំងពីរនោះ។
19ក្រុងយេរូសាឡិម ពួកសេនាបតី ពួកបូជាចារ្យ និងពួកជនទាំងឡាយនៅក្នុងទឹកដីដែលបានដើរកណ្ដាលចំហៀងនៃកូនគោនោះ។
20គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ ចំណែកសាកសពរបស់គេក្លាយជាចំណីសត្វហើរលើអាកាស និងសត្វជើងបួននៅផែនដី។
21ដូច្នេះ យើងនឹងប្រគល់សេដេគាជាស្តេចយូដា និងពួកចៅហ្វាយ ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ និងក្នុងកណ្ដាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូនដែលទើបនឹងថយចេញពីអ្នករាល់គ្នានោះ។
22ព្រះអម្ចាស់មានព្រះបន្ទូលថា៖ មើល៍! យើងនឹងបង្គាប់ ហើយធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ គេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតចោល យើងនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៅទឹកដីយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ»។