1នៅឆ្នាំទីបួនក្នុងរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលរបស់ព្រះអម្ចាស់ បានមកដល់ព្យាការីយេរេមាថា៖
2«ចូរយកក្រាំងមួយមកកត់អស់ទាំងពាក្យដែលយើងបានប្រាប់អ្នក ទាស់នឹងពួកអុីស្រាអែល និងពួកយូដា ហើយទាស់នឹងជនជាតិទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃដែលយើងបាននិយាយទៅកាន់អ្នក គឺតាំងពីគ្រាយ៉ូសៀសរហូតមកដល់សព្វថ្ងៃ។
3ប្រហែលជាពួកវង្សយូដានឹងស្តាប់អស់ទាំងសេចក្ដីអាក្រក់ ដែលយើងសម្រេចនឹងធ្វើដល់គេទេដឹង ប្រយោជន៍ឲ្យគេបានវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួន ដើម្បីឲ្យយើងបានអត់ទោសចំពោះអំពើទុច្ចរិត និងអំពើបាបរបស់គេ»។
4ដូច្នេះ ព្យាការីយេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះជាម្ចាស់ចុះក្នុងក្រាំងតាមមាត់ព្យាការីយេរេមា ជាព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលដល់លោក។
5ព្យាការីយេរេមាប្រាប់បារូកថា៖ «ខ្ញុំនៅជាប់ឃុំ ចូលទៅក្នុងព្រះវិហារនៃព្រះជាម្ចាស់មិនបាន។
6ដូច្នេះ ចូរអ្នកយកក្រាំងនេះ ដែលអ្នកបានសរសេរតាមមាត់យើង ទៅអានមើលព្រះបន្ទូលនៃព្រះអម្ចាស់ នៅត្រចៀករបស់បណ្ដាជនក្នុងព្រះវិហារនៃព្រះជាម្ចាស់ នៅថ្ងៃតមទៅ ហើយអ្នកត្រូវអានឲ្យឮដល់ត្រចៀកពួកជនជាតិយូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ។
7ប្រហែលជាគេនឹងទូលអង្វរដល់ព្រះអម្ចាស់ ហើយវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅ ដែលព្រះអម្ចាស់បានពោលទាស់នឹងជនជាតិនេះ នោះធ្ងន់ក្រៃលែង»។
8ដូច្នេះ បារូក ជាកូននេរីយ៉ា ក៏សម្រេចតាមគ្រប់ទាំងសេចក្ដីដែលព្យាការីយេរេមាបានបង្គាប់ គឺបានអានមើលព្រះបន្ទូលនៃព្រះអម្ចាស់ ដែលកត់ចុះក្នុងក្រាំង នៅក្នុងព្រះវិហារនៃព្រះជាម្ចាស់។
9នៅខែទីប្រាំបួន ក្នុងឆ្នាំទីប្រាំនៃរាជ្យព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀសស្តេចយូដានោះប្រជាជនទាំងឡាយនៅក្រុងយេរូសាឡិម ហើយបណ្ដាជនដែលមក ចំណែកក្រុងយេរូសាឡិម ពីទីក្រុងទឹកដីយូដាទាំងប៉ុន្មាន ក៏ប្រកាសឲ្យមានថ្ងៃតមនៅចំពោះព្រះអម្ចាស់។
10ពេលនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់ព្យាការីយេរេមា ក្នុងព្រះវិហារនៃព្រះជាម្ចាស់ឲ្យបណ្ដាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារា ជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះអម្ចាស់។
11ពេលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលព្រះជាម្ចាស់ ដែលនៅក្នុងក្រាំងនោះហើយ។
12គាត់ក៏ចុះទៅឯព្រះរាជវាំង ចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង។
13លោកមីការៀបរាប់នូវសេចក្ដីទាំងប៉ុន្មាន ដែលគាត់បានឮលោកបារូកអានឲ្យប្រជាជនស្ដាប់។
14ពេលនោះ គណៈរដ្ឋមន្ត្រីចាត់លោកយេហ៊ូឌី ជាកូនរបស់លោកនេថានា ជាចៅរបស់លោកសេលេមា និងជាចៅទួតរបស់លោកគូស៊ី ឲ្យទៅជួបលោកបារូក ប្រាប់ថា៖ «ចូរយកក្រាំងដែលអ្នកអានឲ្យប្រជាជនស្ដាប់នោះមក!»។ លោកបារូក ជាកូនរបស់លោកនេរីយ៉ា ក៏យកក្រាំងទៅជួបពួកមន្ត្រី។
15ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។
16លុះកាលគេបានឮពាក្យទាំងនោះរួចហើយ គេក៏បែរមើលគ្នាទៅវិញទៅមក ដោយភិតភ័យ ហើយនិយាយទៅបារូកថា៖ «យើងនឹងទូលដល់ស្តេច ពីពាក្យទាំងនេះជាមិនខាន»។
17រួចគេសួរបារូកថា៖ «ចូរប្រាប់យើងមក ធ្វើដូចម្តេចឲ្យអ្នកបានកត់អស់ទាំងពាក្យនេះតាមមាត់គាត់បាន?»។
18បារូកឆ្លើយថា៖ «លោកបានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅសរសេរចុះក្នុងក្រាំងនេះ»។
19ពេលនោះ ពួកចៅហ្វាយប្រាប់បារូកថា៖ «ចូរអ្នក និងយេរេមាទៅលាក់ខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។
20រួចគេក៏ចូលទៅគាល់ស្តេចនៅក្នុងដំណាក់ តែឯក្រាំង គេបានដាក់ទុកនៅក្នុងបន្ទប់របស់ស្មៀនអេលីសាម៉ា ហើយគេទូលដល់ស្តេចតាមអស់ទាំងពាក្យនោះ។
21ដូច្នេះ ស្ដេចចាត់យេហ៊ូឌី ឲ្យទៅយកក្រាំងពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានថ្វាយស្តេចស្ដាប់ និងពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ។
22ខណៈនោះ ស្ដេចគង់ក្នុងដំណាក់សម្រាប់រដូវរងានៅខែទីប្រាំបួន ហើយមានភ្លើងឆេះនៅជើងក្រានក្បែរនោះ។
23ពេលយេហ៊ូឌីបានអានបីបួនជួរ ស្ដេចយកកាំបិតស្នៀតកាត់ក្រាំងនោះបោះទៅក្នុងភ្លើងជើងក្រាន រហូតទាល់តែក្រាំងទាំងមូលឆេះអស់។
24ទោះទាំងស្ដេច ឬពួកមហាតលិក ដែលឮពាក្យទាំងនោះហើយ គេឥតមានស្លុតចិត្ត ឬហែកសម្លៀកបំពាក់សោះ។
25ទោះបីជាអែលណាថាន ដេឡាយ៉ា និងកេម៉ារា ទូលអង្វរស្តេច សូមកុំដុតក្រាំងក៏ដោយ តែស្តេចមិនព្រមស្តាប់តាមទេ
26រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងព្យាការីយេរេមាមក តែព្រះជាម្ចាស់បានលាក់លោកទុក។
27ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់ព្យាការីយេរេមាហើយ នោះព្រះបន្ទូលនៃព្រះជាម្ចាស់ក៏មកដល់ព្យាការីយេរេមាថា៖
28«ចូរយកក្រាំងមួយទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ។
29បន្ទាប់មក អ្នកត្រូវប្រាប់យេហូយ៉ាគីម ជាស្តេចយូដាថា ព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងដូច្នេះ អ្នកបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញទឹកដីនេះ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វ?»
30ហេតុនោះ ព្រះជាម្ចាស់មានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា «នឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសាកសពយេហូយ៉ាគីមនឹងត្រូវបោះចោលទៅក្រៅ ហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់។
31យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយយើងនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា និងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅទឹកដីយូដាទាំងប៉ុន្មានផង តាមដែលយើងបានពោលទាស់នឹងគេរាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ»។
32ដូច្នេះ ព្យាការីយេរេមាក៏យកក្រាំងមួយទៀត ឲ្យដល់ស្មៀនបារូក ជាកូននេរីយ៉ា ហើយគាត់ក៏សរសេរទុកអស់ទាំងពាក្យនោះតាមមាត់ព្យាការីយេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីម ស្តេចយូដាបានដុតចោលនោះ ក៏មានសេចក្ដីដូចគ្នាជាច្រើនទៀតបានបន្ថែមបញ្ចូលផង។