ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 33

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​មក​ដល់​ព្យាការីយេរេមា​ម្តង​ទៀត ក្នុង​កាល​ដែល​លោក​នៅ​ជាប់​ឃុំ​ក្នុង​ទី‌លាន​ចាំយាម​ថា៖
2«ព្រះ‌ជាម្ចាស់ដែល​បាន​បង្កើត​ផែន​ដី គឺ​ជាព្រះ‌អម្ចាស់​ដែល​បាន​ជប​សូន​មក ដើម្បី​តាំង​ឡើង ដែល​មាន​ព្រះ‌នាម​ជា​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា
3ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តបដល់អ្នក។ យើងនឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង។
4ចំពោះ​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ពួក​ស្តេចជនជាតិយូដា ដែល​ត្រូវ​រំលំ ដើម្បី​ការ​ពារ​ទាស់​នឹង​សត្រូវ​ឡើង​មក​ឡោម​ព័ទ្ធ ហើយ​ទាស់​នឹង​ដាវ ទ្រង់​ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
5គេ​ចូល​មក​ច្បាំង​ទាស់​នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​យើង​សម្លាប់ ដោយ​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ដ្បិត​យើង​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ។
6ប៉ុន្តែមើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ទឹកដី​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។
7យើង​នឹង​ធ្វើ​ឲ្យ​ពួក​យូដា និង​ពួក​អុីស្រា‌អែល ដែល​ជា​ឈ្លើយ​វិល​មក​វិញ ហើយ​នឹង​សង់​គេ​ឡើង​ដូច​កាល​ដើម
8ក៏​នឹង​សម្អាត​គេ ឲ្យ​ស្អាត​ពី​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​គេ ជា​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​យើង ហើយ​យើង​នឹង​អត់​ទោស​ចំពោះ​អស់​ទាំង​អំពើ​ទុច្ចរិត ដែល​គេ​បាន​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​នឹង​យើង​នោះ
9ទី​ក្រុង​នេះ នឹង​បាន​សម្រាប់​ជា​ហេតុ​នាំ​ឲ្យ​អរ​សប្បាយ​ដល់​យើង សម្រាប់​ជា​សេចក្ដី​សរសើរ និង​សិរី‌ល្អ​ផង នៅ​ចំពោះ​អស់​ទាំង​នគរ​នៅ​ផែនដី ជា​ពួក​អ្នក​ដែល​នឹង​ឮ​និយាយ​ពី​អស់​ទាំង​ការ​ល្អ ដែល​យើង​ប្រោស​ដល់​គេ រួច​គេ​នឹង​កោត​ខ្លាច ហើយ​ភ័យ​ញ័រ​ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​សុខ​ទាំង​ប៉ុន្មាន ដែល​យើង​ផ្តល់​ដល់​ក្រុង​នេះ។
10ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នៅ​ទី​នេះ​ដែល​អ្នក​រាល់​គ្នា​ថា «ជា​ទី​ខូច‌បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត» គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត
11ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា៖ «ចូរ​លើក​សរសើរ​ព្រះ‌ជាម្ចាស់នៃ​ពិភពលោកដ្បិត​ព្រះ‌អង្គ​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​តង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌អម្ចាស់​ដែរ!» ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ទឹកដីនេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
12ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ក្នុង​ក្រុង​ដែល​វិនាស​បាក់​បែក នឹង​គ្មាន​មនុស្ស គ្មាន​សត្វ ហើយ​នៅ​តាម​ក្រុង​ឯ​ទៀតៗ ពួក​គង្វាល​នឹង​នាំ​គ្នា​ធ្វើ​ក្រោល ជា​ជម្រក​សម្រាប់​ហ្វូង​សត្វ​របស់​ខ្លួន​សា​ជា​ថ្មី។
13ក្នុង​ក្រុង​នានា​នៅ​តំបន់​ភ្នំ តំបន់​វាល​ទំនាប តំបន់​ណេកិប ក្នុង​ទឹក​ដី​បេន‌យ៉ាមីន តំបន់​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម និង​នៅ​តាម​ក្រុង​នានា​ក្នុងទឹកដី​យូដា គង្វាល​នឹង​រាប់​ចំនួន​ចៀម​របស់​ខ្លួន​សា​ជា​ថ្មី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
14ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​តាម​ពាក្យ​ល្អ ដែល​យើង​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អុីស្រា‌អែល និង​ពួក​វង្ស​យូដា
15នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ យើង​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ ព្រះ‌អង្គ​នឹង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ទឹកដី
16នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌ជាម្ចាស់​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»
17ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​សម្រាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អុីស្រា‌អែល​ឡើយ។
18ហើយ​ពួក​បូជាចារ្យ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស​នៅ​ចំពោះ​យើង​សម្រាប់​ថ្វាយ​តង្វាយ​ដុត តង្វាយ​ម្សៅ និង​យញ្ញ‌បូជា​ជាប់​នៅ​ជា‌និច្ច​ដែរ»។
19ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​មក​ដល់​ព្យាការីយេរេមា​ថា៖
20«ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន
21នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ។
22គឺ​ដូច​​ម្ចាស់នៃពិភពទាំងមូល ឬ​ដូចជា​ខ្សាច់​នៅ​សមុទ្រដែលរាប់មិនអស់​ នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ»។
23ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់​បាន​មក​ដល់​ព្យាការីយេរេមា​ថា៖
24«អ្នក​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន​ជាតិ​ទាំង​នេះ​ពោល​ថា អំបូរ​ទាំង​ពីរ​ដែល​ព្រះ‌អម្ចាស់​បាន​រើស​តាំង​នោះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬអី? គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​ប្រជា‌រាស្ត្រ​យើង ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​តទៅ។
25ដូច្នេះ ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃ និង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​យើង​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ
26ពេល​យើង​នឹង​បោះ‌បង់​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​យើង​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។