1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចទឹកដីយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា។
2ពេលនោះ កងទ័ពរបស់ព្រះចៅនេប៊ូក្នេសាឡោមព័ទ្ធក្រុងយេរូសាឡឹម។ ចំណែកលោកព្យាការីយេរេមា ត្រូវបានគេយកទៅឃុំនៅពន្ធនាគារ ក្នុងវាំងស្ដេចទឹកដីយូដា។
3ព្រះបាទសេដេគាជាស្តេចយូដា បានឃុំលោក ដោយមានរាជឱង្ការថា៖ ហេតុអ្វីបានជាអ្នកថ្លែងទំនាយថា ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះ មើល៍! យើងនឹងប្រគល់ក្រុងនេះ ទៅក្នុងកណ្ដាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងចាប់យក។
4ហើយសេដេគា ជាស្តេចយូដា នឹងមិនរួចពីកណ្ដាប់ដៃនៃពួកខាល់ដេឡើយ គឺត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចទឹកដីបាប៊ីឡូន ហើយនិយាយនឹងគេផ្ទាល់មាត់ ទ្រង់ក៏នឹងឃើញគេផ្ទាល់នឹងភ្នែកដែរ។
5គេនឹងនាំស្ដេចសេដេគាទៅក្រុងបាប៊ីឡូន ហើយទ្រង់នឹងត្រូវនៅទីនោះទាល់តែយើងចរចាជាមួយនិងគេ នេះជាព្រះបន្ទូលនៃព្រះជាម្ចាស់។ ទោះបើអ្នករាល់គ្នាតស៊ូនឹងពួកខាល់ដេក៏ដោយ គង់តែនឹងឈ្នះមិនបានដែរ»។
6ព្យាការីយេរេមាមានប្រសាសន៏ថា៖ «ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមកដល់ខ្ញុំថា
7មើល ហាណាមាល ជាកូនសាលូម ឪពុកមារបស់អ្នក នឹងមកនិយាយជាមួយអ្នកថា «សូមទទួលទិញចម្ការរបស់ខ្ញុំដែលនៅអាណាថោតទៅ ដ្បិតអំណាចដែលនឹងលោះបងប្អូន នោះស្រេចនឹងអ្នកទេ»។
8ដូច្នេះ ហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ក៏មករកខ្ញុំនៅក្នុងទីលានចាំយាម តាមព្រះបន្ទូលនៃព្រះអម្ចាស់ ហើយគាត់និយាយមកខ្ញុំថា៖ សូមទិញចម្ការរបស់ខ្ញុំដែលនៅអាណាថោត ក្នុងទឹកដីបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមរតក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលទិញ ទុកសម្រាប់ខ្លួនអ្នកចុះយ៉ាងនោះ ទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះអម្ចាស់។
9ខ្ញុំក៏ទទួលទិញចម្ការ ដែលនៅអាណាថោត ពីហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ហើយបានថ្លឹងប្រាក់ដប់ប្រាំពីរសេកែលឲ្យគាត់។
10ក៏ធ្វើសំបុត្រ ហើយវាយត្រាព្រមទាំងហៅស្មរបន្ទាល់មក។ រួចថ្លឹងប្រាក់ក្នុងជញ្ជីងប្រគល់ដល់គាត់។
11បន្ទាប់មក ខ្ញុំបានយកសំបុត្រទិញដី ទាំងសំបុត្រដែលមានវាយត្រាតាមច្បាប់ តាមទំនៀម និងសំបុត្រមួយដែលមិនមានត្រាដែរ
12ខ្ញុំក៏ប្រគល់សំបុត្រទិញដីដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកមាខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះនិងវាយត្រាក្នុងសំបុត្រទិញដីនោះផងដែរ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលានចាំយាមនៅទីនោះផង។
13ដូច្នេះ ខ្ញុំបានផ្តាំដល់លោកបារូកនៅមុខពួកគេថា
14ព្រះជាម្ចាស់នៃពិភពលោក ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរយកសំបុត្រទិញដីនេះ គឺជាសំបុត្រទិញដីដែលបិទត្រា និងសំបុត្រដែលនៅចំហ ទៅដាក់ក្នុងភាជនៈដី ដើម្បីឲ្យបានទុកជាយូរថ្ងៃតទៅ។
15ដ្បិតព្រះនៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ នឹងមានគេទិញទាំងផ្ទះ និងចម្ការ ហើយនឹងដំណាំទំពាំងបាយជូរនៅក្នុងទឹកដីនេះទៀត»។
16ក្រោយមក ខ្ញុំបានប្រគល់សំបុត្រទិញដីដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះជាម្ចាស់ថា៖
17ព្រះអម្ចាស់ជាព្រះអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
18គឺព្រះអង្គសម្ដែងសេចក្ដីសប្បុរសដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់បុព្វបុរស ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ព្រះអង្គជាព្រះដ៏ធំ ហើយមានឫទ្ធិ ព្រះនាមព្រះអង្គ គឺព្រះជាម្ចាស់នៃពិភពទាំងមូល។
19ព្រះអង្គប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិធ្វើការផ្សេងៗ ព្រះនេត្ររបស់ព្រះអង្គទតឃើញយើង ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។
20ព្រះអង្គក៏បានធ្វើទីសម្គាល់ និងការអស្ចារ្យនៅទឹកដីអេស៊ីប ដរាបដល់សព្វថ្ងៃ ព្រមទាំងនៅពួកអុីស្រាអែល ហើយកណ្ដាលពួកមនុស្សដទៃផង ព្រះអង្គក៏បានតាំងកិត្តិនាមរបស់ព្រះអង្គឡើងដូចជាមានសព្វថ្ងៃ។
21ព្រះអង្គបាននាំអុីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ចេញពីទឹកដីអេស៊ីបមកដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំ។
22ព្រះអង្គបានប្រទានទឹកដីនេះឲ្យដល់គេ ជាទឹកដីដែលព្រះអង្គបានស្បថនឹងបុព្វបុរស ថានឹងឲ្យដល់គេ គឺជាទឹកដីមានទឹកដោះ និងទឹកឃ្មុំហូរហៀរ។
23ដូច្នេះ ពួកគេក៏ចូលមកចាប់យកទឹកដី ប៉ុន្តែ មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះអង្គ ឬដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គឡើយ ក៏មិនបានធ្វើអ្វីមួយដែលព្រះអង្គបានបង្គាប់ដល់គេដែរ។ ហេតុនោះបានជាព្រះអង្គបណ្ដាលឲ្យការអាក្រក់ទាំងនេះមកលើគេ។
24មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង។ ដ្បិត ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ អស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
25ព្រះអង្គបានមានព្រះបន្ទូលមកទូលបង្គំថា៖ «ចូរអ្នកទទួលទិញចម្ការដោយប្រាក់ ហើយហៅស្មរបន្ទាល់មក តែទីក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេហើយ»។
26ព្រះបន្ទូលនៃព្រះជាម្ចាស់បានមកដល់ព្យាការីយេរេមាថា៖
27«មើល! យើងជាព្រះជាម្ចាស់ ជាព្រះនៃគ្រប់ទាំងជនជាតិ តើមានការអ្វីដែលពិបាកសម្រាប់យើងឬ?
28ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះថា មើលយើងនឹងប្រគល់ទីក្រុងនេះទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ គឺក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន។ ហើយគេនឹងចាប់យកបាន។
29ពួកខាល់ដេ ដែលតយុទ្ធនឹងទីក្រុងនេះ គេនឹងចូលមកដុតចោល ព្រមទាំងផ្ទះទាំងប៉ុន្មានផង ជាទីដែលមនុស្សបានដុតកំញានថ្វាយដល់ព្រះបាល ហើយច្រួចតង្វាយច្រូចដល់ព្រះដទៃនៅលើដំបូល ជាការដែលបណ្ដាលឲ្យយើងខឹង។
30ពីព្រោះពួកកូនចៅអុីស្រាអែល និងពួកកូនចៅយូដា បានប្រព្រឹត្តសុទ្ធតែការដែលអាក្រក់នៅចំពោះយើង តាំងតែពីក្មេងមក ដ្បិតពួកកូនចៅអុីស្រាអែលបានបណ្ដាលឲ្យយើងខឹង ដោយការដែលដៃគេធ្វើ នេះហើយជាព្រះបន្ទូលនៃព្រះជាម្ចាស់។
31ព្រះជាម្ចាស់ក៏បានប្រកាសថា ទីក្រុងនេះជាទីអុចអាល ឲ្យយើងមានសេចក្ដីក្រោធ និងឃោរឃៅ ចាប់តាំងពីគ្រាដែលគេសង់ឡើង ដរាបដល់សព្វថ្ងៃ បានជាគួរឲ្យយើងបំបាត់ចេញពីមុខយើងទៅ
32ដោយព្រោះអស់ទាំងអំពើអាក្រក់ ដែលពួកកូនចៅអុីស្រាអែល និងពួកកូនចៅយូដាបានប្រព្រឹត្ត ជាហេតុបណ្ដាលឲ្យយើងខឹង គឺទាំងខ្លួនគេ ស្តេចគេ ពួកចៅហ្វាយ ពួកសង្ឃ និងពួកព្យាការីរបស់គេ អស់ទាំងពួកទឹកដីយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា។
33គេបានបែរខ្នងដាក់យើង មិនបែរមុខឡើយ ហើយទោះបើយើងបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនក៏ដោយ តែគេមិនបានស្តាប់តាម និងទទួលសេចក្ដីប្រៀនប្រដៅសោះ។
34គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ជាការដែលបង្អាប់ដល់ទីនោះវិញ។
35គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណម សម្រាប់ធ្វើឲ្យកូនប្រុសកូនស្រីគេដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលយើងមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតយើង ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនាំឲ្យពួកយូដាបានធ្វើបាបដែរ។
36ដោយហេតុនោះ ឥឡូវនេះព្រះអម្ចាស់ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលពីដំណើរទីក្រុងដែលអ្នកថា ត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូនដោយសារដាវ អំណត់ និងអាសន្នរោគនេះថា។
37មើល៍! យើងនឹងប្រមូលគេចេញពីអស់ទាំងទឹកដី ដែលយើងបានបណ្តេញគេទៅនោះ ដោយកំហឹង សេចក្ដីឃោរឃៅ និងសេចក្ដីគ្នាន់ក្នាញ់ជាខ្លាំងរបស់យើង ក៏នឹងនាំគេមកទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត។
38គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះដល់គេ។
39យើងនឹងឲ្យគេមានទឹកចិត្តតែមួយ និងផ្លូវប្រព្រឹត្តតែមួយ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់យើងជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ។
40យើងនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា យើងនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ យើងនឹងដាក់សេចក្ដីកោតខ្លាចដល់យើងក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីយើង។
41យើងនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្ដីល្អដល់គេ។ ពិតប្រាកដជាយើងនឹងដាំគេចុះ នៅក្នុងទឹកដីនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងយើង។
42ដ្បិតទ្រង់មានព្រះបន្ទូលដូច្នេះថា៖ យើងបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា យើងក៏នឹងនាំអស់ទាំងការដែលយើងបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ។
43គ្រានោះ មនុស្សនឹងទទួលទិញចម្ការ នៅក្នុងទឹកដីនេះទៀត ជាទឹកដីដែលអ្នករាល់គ្នាថា «បានចោលស្ងាត់ហើយ ឥតមានមនុស្ស ឬសត្វនៅទៀតឡើយ គឺបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ។
44ពួកគេនឹងទទួលទិញស្រែចម្ការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងទឹកដីបេនយ៉ាមីននេះនឹងនៅក្រវល់ក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ទឹកដីយូដា នៅទីក្រុងទឹកដីភ្នំ ទីក្រុងទឹកដីទំនាប និងក្នុងទីក្រុងនៃតំបន់ណេកិបទាំងប៉ុន្មានដែរ។ ដ្បិតយើងនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។