ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 31

Read Scripture freely. Divine Threads study for this chapter is coming later.

1«នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖យើង​នឹង​ធ្វើ​ជាព្រះ​របស់​កុល‌សម្ព័ន្ធ​អុីស្រា‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។
2ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «នៅ​វាល​រហោ‌ស្ថានយើង​បាន​សម្តែង​ការ​ប្រណី​សន្ដោស​ដល់ ប្រជា‌ជន​ដែល​សេស‌សល់​ពី​ស្លាប់​ក្នុង​ចម្បាំង ហើយ​អុីស្រា‌អែល​នឹង​បាន​សុខ‌សាន្ត‌ត្រាណ»។
3ពួក​គេ​ពោល​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះអង្គ ឲ្យ​ខ្ញុំ​ឃើញ​ពី​ចម្ងាយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «យើង​ស្រឡាញ់​អ្នក ដោយ​ចិត្ត​ស្រឡាញ់ ដែល​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជានិច្ច។ យើង​ទាក់‌ទាញ​ចិត្ត​អ្នក ព្រោះ​យើង​ជំពាក់​ចិត្ត​នឹង​អ្នក​យ៉ាង​ខ្លាំង។
4យើង​នឹង​សង់​អ្នក​ឡើង​វិញ​ម្ដងទៀត ​នាង​ព្រហ្មចារី​អុីស្រា‌អែល​អើយ! ហើយ​អ្នក​នឹង​បាន​តាំង​ឡើង អ្នក​នឹង​បាន​តាក់‌តែង​ដោយ​ក្រាប់​ជា​ថ្មី ព្រម​ទាំង​ចេញ​ទៅ​លោត​កព្ឆោង ជា‌មួយ​ពួក​អ្នក​ដែល​លេង​សប្បាយ។
5អ្នក​នឹង​ដាំ​ដំណាំ​ទំពាំង‌ បាយ‌ជូរ នៅ​លើ​ភ្នំ​ទឹកដី​សាម៉ារី​ទៀត ម្ចាស់​ដំណាំ​នឹង​ដាំ​ទៅ ហើយ​ទទួល​ផល​ផង។
6ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំទឹកដី​អេប្រាអិម នឹង​ស្រែក​ឡើង​ថា៖ ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។
7ដ្បិត​ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ច្រៀង​ដោយ​ចិត្ត​អរ​សប្បាយ ព្រោះ​ពួក​យ៉ាកុប ហើយ​ស្រែក​ឡើង​ដោយ​អំណរ ដោយ​ព្រោះ​មេ​ប្រធាន​នៃ​អស់​ទាំង​ជនជាតិ ចូរ​ប្រកាស​ប្រាប់​ចុះ ចូរ​លើក​សរសើរ ដោយ​ពាក្យ​ថា ​ព្រះ‌ជាម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​សំណល់​នៃ​ជនជាតិ​អុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង។
8មើល៍! យើង​នឹង​នាំ​គេ​មកទឹកដី​ខាង​ជើង ហើយ​ប្រមូល​គេ​ពី​ចុង​ផែនដី​បំផុត មាន​ទាំង​ពួក​ខ្វាក់ ពួក​ខ្វិន ស្រី​មាន​ទម្ងន់ និង​ស្រី​ដែលហៀប​សម្រាល​កូន​ផង ជា​ក្រុម​មនុស្ស​យ៉ាង​ធំ ដែល​នឹង​វិល​មក​នៅ​ទី​នេះ​វិញ។
9ពួកគេ​នឹង​មក​ទាំង​យំ និង​ទាំង​ពាក្យ​ទូល‌អង្វរ​សូម​សេចក្ដី​មេត្តា​ករុណា។ យើង​នឹង​នាំ​គេ​ត្រឡប់​មក​វិញ យើង​នឹង​ឲ្យ​គេ​ដើរ​ក្បែរ​កន្លែង​ដែល​មាន​ទឹក​ហូរ តាម​ផ្លូវ​ត្រង់ជា​ផ្លូវ​ដែល​គេ​មិន​ចំពប់​ដួល​ឡើយ។ ដ្បិត​យើង​ជា​ឪពុក​ដល់​ជនជាតិ​អុីស្រា‌អែល ហើយ​ពួក​អេប្រាអិម​ជា​កូន​ច្បង​របស់​យើង»។
10«ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន​អើយ ហើយ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ​ដែល​នៅ​ឆ្ងាយ​ថា៖ ព្រះ​ដែល​បាន​កម្ចាត់‌កម្ចាយ​ជនជាតិអុីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រមូល​គេ​មក​វិញ ហើយ​នឹង​រក្សា​គេដូច​ជា​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។
11ព្រោះ​ព្រះ‌អម្ចាស់បាន​លោះ​យ៉ាកុប​ហើយ ព្រះ‌អង្គ​បាន​ដោះ​គេ​ចេញ​ពី​កណ្ដាប់​ដៃ នៃ​ពួក​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន។
12គេ​នឹង​មក ហើយ​ច្រៀង​នៅ​លើ​ទី​ខ្ពស់​នៃ​ភ្នំ​ស៊ីយ៉ូន​ ហើយ​មក​ហូរ‌ហែដល់​សេចក្ដី​សប្បុរស​របស់​ព្រះ‌ជាម្ចាស់ គឺ​មក​ដល់​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ ប្រេង និង​កូន​ចៀម កូន​គោ ពី​ហ្វូង​សត្វ ហើយ​ព្រលឹង​គេ​នឹង​បាន​ដូច​ជា​សួន​ច្បារ ដែល​មាន​ទឹក​ស្រោច នោះ​គេ​នឹង​មិន​មាន សេចក្ដី​ព្រួយ​ទៀត​ឡើយ។
13គ្រា​នោះ នាង​ក្រមុំ​នឹង​មាន​ចិត្ត​រីក‌រាយ ក្នុង​ការ​លោត​កព្ឆោង ព្រម​ទាំង​ពួក​កំលោះៗ និង​ពួក​ចាស់ៗ​ទាំង​អស់​គ្នា​ផង ដ្បិត​យើង​នឹង​បំប្រែ​សេចក្ដី​សោក‌សៅ​របស់​គេ ទៅ​ជា​អំណរ​វិញ ហើយ​កម្សាន្ត​ចិត្ត​គេ ព្រម​ទាំង​ឲ្យ​គេ​រីក‌រាយ ចេញ​ពី​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ។
14យើ​ង​នឹង​ចម្អែត​ព្រលឹង​ពួក​សង្ឃ ដោយ​សេចក្ដី​បរិបូរ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ស្កប់​ចិត្ត ដោយ​សេចក្ដី​សប្បុរស​របស់​យើង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់»។
15ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ»។
16ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ទប់​សំឡេង​អ្នក​មិន​ឲ្យ​យំ និង​ភ្នែក​អ្នក​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ កិច្ច‌ការ​របស់​អ្នក​នឹង​បាន​រង្វាន់​ជា​ពិត ហើយ ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ទឹកដី​របស់​ខ្មាំង​សត្រូវ​វិញ។
17ព្រះ‌ជាម្ចាស់ក៏​មាន​ព្រះ‌បន្ទូល​ថា៖ មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ចុង​បំផុត​របស់​អ្នក កូន​ចៅ​អ្នក​នឹង​វិល​មក​ព្រំ‌ដែន​របស់​គេ​វិញ»។
18«​យើង​បាន​ឮ​ពួក​អេប្រាអិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា៖ ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ ដែល​មិន​ធ្លាប់​ទឹម សូម​ព្រះ‌អង្គ​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ ជា​ព្រះ​នៃ​ទូល‌បង្គំ។
19ក្រោយ​ដែល​ព្រះ‌អង្គ​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្ដី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​វ័យ​ក្មេង។
20តើ​អេប្រាអិម​ជា​កូន​សម្លាញ់​របស់​យើង​ឬ? តើ​ជា​កូន​សំណព្វ​ឬ? ដ្បិត​ដែល​យើង​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​យើង​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ។ ដូច្នេះ យើង​មាន​ចិត្ត​រំជួល​ដល់​វា និង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់»។
21ចូរ​ធ្វើ​ទី​សម្គាល់​តាម​ផ្លូវ ហើយ​ដោត​តម្រុយ​ចុះ ចូរ​តាំង​ចិត្ត​តម្រង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​អ្នក​បាន​ទៅ​តាម​នោះ ​ព្រហ្មចារី​នៃ​ជនជាតិ​អុីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​អ្នក​ទាំង​នេះ​ចុះ។
22ឱ​កូន​ស្រី​ដែល​រា​ថយ​អើយ តើ​នាង​នៅ​តែ​ដើរ​សាត់​អណ្តែត​ដល់​កាល​ណា​ទៀត? ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ការ​មួយ​ថ្មី​នៅ​លើ​ផែនដី គឺ​ស្ត្រី​ហ៊ុម​ព័ទ្ធ​បុរស។
23ព្រះ‌ជាម្ចាស់​នៃ​ពិភពទាំងមូល ជា​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​នាំ​ពួក​គេ ដែល​ជា​ឈ្លើយ​មក​វិញ នៅ​ក្នុងទឹកដី​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ទឹកដី​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​អ្នក។
24ទឹកដី​យូដា និង​ទី​ក្រុងទាំង​ប៉ុន្មាន​របស់​ទឹកដី​នោះ នឹង​នៅ​ទី​នោះជា‌មួយ​គ្នា ហើយ​ពួក​អ្នក​ធ្វើ​ស្រែ​ចម្ការ និង​អស់​អ្នក​ដែល​ដើរ​ចុះ​ឡើង ក៏​នៅជា‌មួយ​ហ្វូង​សត្វ​របស់​គេ​ដែរ។
25ដ្បិត​យើង​បាន​ចម្អែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ឯ​ព្រលឹង​ព្រួយ​លំបាក យើង​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ»។
26មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​ពេល​នោះ ខ្ញុំ​ដេក​លក់​ស្កប់​ស្កល់​ណាស់។
27មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែលព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ដែល​យើង​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អុីស្រា‌អែល និង​ពួក​វង្ស​យូដា។
28ដែល​យើង​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង កាច់​បំបាក់ រំលំ បំផ្លាញ ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​យើង​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់។
29នៅ​គ្រា​នោះ គេ​លែង​និយាយ​ថា៖ ឪពុក​បាន​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​កូនបែរ​ជា​សង្កៀរ​ធ្មេញ។
30ដ្បិតគ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ។
31ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​ខាង​មុខ​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ថ្មី​ជា​មួយ​ប្រជា‌ជន​អុីស្រា‌អែល និង​ប្រជា‌ជន​យូដា។
32សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ទឹកដី​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
33សម្ពន្ធ‌មេត្រី​ថ្មី ដែល​យើង​នឹង​ចង​ជា​មួយ​ប្រជា‌ជន​អុីស្រា‌អែល​នៅ​ពេល​ខាង​មុខ មាន​ដូច​ត​ទៅ: យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ​នោះ​ក្នុង​ចិត្ត​គំនិត​របស់​ពួក​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
34គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បងប្អូន​របស់​ខ្លួន​ថា ត្រូវ​តែ​ស្គាល់​ព្រះ‌អម្ចាស់ ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌ឱន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
35ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ព្រះ​ដែល​ប្រទាន​ព្រះ‌ អាទិត្យសម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល‌បរិវារ
36«បើ​បញ្ញត្តិ​ច្បាប់​ទាំង​នេះ ឃ្លាត​ចេញ​ពី​មុខ​យើង​ទៅ​កាល​ណា នោះ​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ ពូជ​អុីស្រា‌អែល​ក៏​នឹង​លែង​ធ្វើ​ជា​នគរ នៅ​មុខ​យើង​ជា​រៀង​រហូត​ដែរ»។
37ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន យើង​នឹង​បោះ‌បង់​ចោល​ពូជ​អុីស្រា‌អែល ដោយ​ព្រោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់»។
38«ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​ទី​ក្រុង​នេះ​នឹង​បាន​សង់​ឡើង​ថ្វាយ​ព្រះ‌ជាម្ចាស់ ចាប់​តាំង​ពី​ប៉ម​ហាណានាល រហូត​ដល់​ទ្វារ​ជ្រុង​កំផែង។
39គេ​នឹង​យក​ខ្សែ​រង្វាស់​វាស់​ចេញ​ទៅ​ដល់​ភ្នំ​ការេប ហើយ​បត់​មក​ដល់​កូអាត។
40ឯ​ច្រក​ភ្នំ​ទាំង​មូល​នៃ​សាក‌សព និង​ផេះ ព្រម​ទាំង​ចម្ការ​ទាំង​ប៉ុន្មាន​រហូត​ដល់​ជ្រោះ​កេដ្រុន និង​ដល់​ជ្រុង​កំផែង​ទ្វារ​សេះ ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​នឹង​បាន​ជា​ទី​បរិសុទ្ធ​ដល់​ព្រះ‌អម្ចាស់​ទាំង​អស់ មិន​ត្រូវ​ដក​រំលើង ឬ​រំលំ​បំផ្លាញ​ទៀត​ឡើយ នៅ​ជា​ដរាប​តទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។