1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ:
2«ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលថា៖ ចូរកត់ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។
3ដ្បិតនៅគ្រាខាងមុខ យើងនឹងស្ដារអុីស្រាអែល និងយូដាជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកទឹកដី ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។
4ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីជនជាតិអុីស្រាអែល និងជនជាតិយូដាដូចតទៅ
5«ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងឮសម្រែកភ័យខ្លាច ចលាចលកើតមាននៅក្នុងទឹកដី គឺមិនមែនសន្តិភាពទេ។
6ចូរស៊ើបសួរឥឡូវ ឲ្យដឹង តើមនុស្សប្រុសដែលឈឺសម្រាលកូនឬ? ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសម្រាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ?
7វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដែលគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែ គេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ។
8ដ្បិតនៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ យើងនឹងបំបាក់នឹមចេញពីករបស់គេ ក៏នឹងផ្តាច់ចំណងរបស់គេដែរ។ ពួកជនជាតិដទៃនឹងលែងធ្វើជាចៅហ្វាយរបស់គេទៀតហើយ។
9ប៉ុន្តែគេនឹងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់គេ និងដាវីឌ ជាស្តេចរបស់គេ ជាអ្នកដែលយើងនឹងតាំងឡើងឲ្យគ្រងរាជ្យលើគេ។
10ដូច្នេះ យ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ អុីស្រាអែលអើយ កុំស្រយុតចិត្តដែរ។ ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ និងពូជពង្សអ្នកមកពីទឹកដីដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
11ដ្បិតព្រះមានព្រះបន្ទូលថា៖ យើងនៅជាមួយ ដើម្បីជួយសង្គ្រោះអ្នក ពីព្រោះយើងនឹងធ្វើឲ្យអស់ទាំងនគរ ដែលយើងបានកម្ចាត់កម្ចាយអ្នកទៅនោះ ត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យអ្នកផុតទេ គឺយើងនឹងវាយផ្ចាលអ្នកតាមខ្នាត យើងមិនបណ្តោយឲ្យអ្នកនៅដោយឥតវាយផ្ចាលឡើយ។
12ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះថា ដំបៅអ្នកមើលមិនជាទេ ហើយរបួសអ្នកក៏ធ្ងន់ណាស់ផង។
13គ្មានអ្នកណាកាន់ក្ដីអ្នក ដើម្បីនឹងរុំរបួសអ្នកសោះ អ្នកក៏គ្មានថ្នាំណាផ្សះ។
14មនុស្សដែលអ្នកស្រឡាញ់បានភ្លេចអ្នកហើយ គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក ដូចជាមនុស្សសាហាវ ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់ បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
15ហេតុអ្វីបានជាអ្នកស្រែកដោយព្រោះដំបៅអ្នកដូច្នេះ? សេចក្ដីឈឺចាប់របស់អ្នក មើលមិនជាទេ យើងបានធ្វើដល់អ្នកយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនពេក បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
16ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីអ្នក នឹងត្រូវគេត្របាក់ស៊ីវិញ អស់ទាំងខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលជិះជាន់អ្នក នឹងត្រូវគេជិះជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់អ្នក យើងនឹងឲ្យមានគេប្លន់អ្នកនោះវិញ។
17ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ»។
18ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងនាំពួកឈ្លើយ ដែលចាប់ពីត្រសាលរបស់យ៉ាកុបឲ្យត្រឡប់មកវិញ យើងនឹងមានសេចក្ដីអាសូរដល់ទីលំនៅរបស់គេ ហើយទីក្រុងនឹងបានសង់ឡើងវិញនៅលើគំនរចាស់ ហើយដំណាក់នឹងមាននៅដូចពីដើម។
19ក៏នឹងឮពាក្យអរព្រះគុណ និងសំឡេងអរសប្បាយ ចេញពីនោះមក យើងនឹងធ្វើឲ្យគេចម្រើនឡើង គេមិនមានគ្នាតិចឡើយ យើងក៏នឹងធ្វើឲ្យគេថ្កុំថ្កើងឡើង គេមិនមែនជានគរតូចទាបទៀតទេ។
20កូនចៅរបស់គេនឹងបានដូចកាលពីដើម ហើយក្រុមជំនុំរបស់គេនឹងបានតាំងឡើងនៅចំពោះយើង យើងធ្វើនឹងទោសដល់អស់អ្នកណា ដែលសង្កត់សង្កិនគេ។
21ពួកអ្នកធំរបស់គេនឹងកើតពីពួកគេមក ហើយចៅហ្វាយរបស់គេនឹងចេញពីកណ្ដាលពួកគេដែរ យើងនឹងនាំគេ ហើយគេនឹងចូលមកជិតយើង ទ្រង់មានព្រះបន្ទូលថា៖ តើដែលមានអ្នកណាមានចិត្តក្លាហាន ហ៊ានចូលមកជិតយើងដូច្នេះឬ?
22អ្នករាល់គ្នានឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា។
23មើល៍! ព្យុះសង្ឃរារបស់ព្រះជាម្ចាស់ គឺជាសេចក្ដីក្រោធរបស់ព្រះអង្គបានចេញមកហើយ គឺជាខ្យល់កួចដែលបោសរំលីង ខ្យល់នោះនឹងធ្លាយមកលើក្បាលរបស់ពួកអាក្រក់។
24សេចក្ដីក្រោធដ៏សហ័សរបស់ព្រះជាម្ចាស់ នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់»។