1នេះជាសេចក្ដីនៅក្នុងសំបុត្រ ដែលព្យាការីយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅពួកចាស់ទុំ ក្នុងពួកដែលត្រូវចាប់ទៅជាឈ្លើយ ពួកសង្ឃ ពួកព្យាការី និងបណ្ដាជនទាំងអស់ ដែលនេប៊ូក្នេសាបានចាប់ជាឈ្លើយ ពីក្រុងយេរូសាឡិម ទៅរស់នៅទឹកដីបាប៊ីឡូន។
2គឺនៅក្រោយដែលស្តេចយេកូនាស និងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃទឹកដីយូដា និងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ និងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ។
3លោកផ្ញើសំបុត្រនោះតាមអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលព្រះបាទសេដេគា ស្តេចយូដាបានចាត់ទៅទឹកដីបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចទឹកដីនោះ។
4ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលព្រះអង្គបានឲ្យគេចាប់ជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ទឹកដីបាប៊ីឡូនថា
5ចូរអ្នករាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ។
6ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសអ្នក ហើយលើកកូនស្រីរបស់អ្នកឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចម្រើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនអ្នកឡើយ។
7ប៉ុន្តែ ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលយើងបានឲ្យគេដឹកនាំអ្នកទៅជាឈ្លើយនោះ បានសេចក្ដីសុខ ហើយត្រូវអធិស្ឋានដល់ព្រះជាម្ចាស់ឲ្យទីនោះផង ដ្បិតក្នុងសេចក្ដីសុខរបស់ក្រុងនោះ អ្នករាល់គ្នានឹងបានសេចក្ដីសុខដែរ។
8ដ្បិតព្រះជាម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអុីស្រាអែលមានព្រះបន្ទូលថា កុំឲ្យពួកព្យាការី និងពួកគ្រូថ្លែងទំនាយរបស់អ្នក ដែលនៅក្នុងចំណោមអ្នករាល់គ្នាបញ្ឆោតអ្នកឡើយ ក៏កុំទុកចិត្តការយល់សប្តិ ដែលគេយល់សប្តិនោះឡើយ
9ដ្បិតគេថ្លែងទំនាយកុហកអ្នករាល់គ្នា ដោយនូវឈ្មោះយើងទេ។ យើងមិនបានចាត់គេឡើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។
10ដ្បិតព្រះអង្គមានព្រះបន្ទូលដូច្នេះថា លុះកាលបានសម្រេចគ្រប់ចិតសិបឆ្នាំនៅទឹកដីបាប៊ីឡូនហើយ យើងនឹងប្រោសអ្នករាល់គ្នា ហើយធ្វើសម្រេចដល់អ្នករាល់គ្នា តាមពាក្យល្អរបស់យើង ដោយធ្វើឲ្យអ្នករាល់គ្នាវិលមកទីនេះវិញ។
11ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា យើងស្គាល់សេចក្ដីដែលយើងគិតពីដំណើរអ្នករាល់គ្នា មិនមែនគិតធ្វើសេចក្ដីអាក្រក់ទេ គឺគិតឲ្យបានសេចក្ដីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យអ្នករាល់គ្នាបានសេចក្ដីសង្ឃឹម។
12អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។
13អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត។
14យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់ជនជាតិ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។
15តាំងពីពេលអ្នករាល់គ្នានិយាយថា ព្រះអម្ចាស់បានបង្កើតឲ្យយើងមានពួកព្យាការី នៅទឹកដីបាប៊ីឡូននេះ
16ព្រះអង្គមានព្រះបន្ទូលដូច្នេះ ពីដំណើរស្តេចដែលគង់លើបល្ល័ង្ករបស់ដាវីឌ ហើយពីដំណើរជនទាំងឡាយដែលអាស្រ័យនៅទីក្រុងនេះ គឺជាបងប្អូនរបស់អ្នករាល់គ្នា ដែលមិនបានចាប់ទៅជាឈ្លើយជាមួយអ្នករាល់គ្នាទេ។
17ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា មើល៍! យើងនឹងចាត់ដាវ ជាអំណត់ និងអាសន្នរោគមកលើគេ ហើយនឹងធ្វើឲ្យគេត្រឡប់ទៅដូចជាផ្លែល្វាអាក្រក់ ដែលបរិភោគមិនបាន។
18យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងជនជាតិនៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងជនជាតិ ដែលយើងនឹងបណ្តេញគេនោះ។
19ដោយព្រោះគេមិនបានយកចិត្តទុកដាក់ស្តាប់ពាក្យរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអង្គ ដែលយើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងមកឯអ្នករាល់គ្នា ជារៀងរហូតមក តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
20ដូច្នេះ អ្នករាល់គ្នាជាពួកឈ្លើយ ដែលយើងបានបណ្តេញចេញពីក្រុងយេរូសាឡិម ទៅទឹកដីបាប៊ីឡូនអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ចុះ។
21ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេថ្លែងទំនាយជាសេចក្ដីកុហកដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះអង្គ គឺព្រះអង្គមានព្រះបន្ទូលថា យើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសម្លាប់អ្នកទាំងពីរនោះនៅមុខអ្នករាល់គ្នា។
22ពេលនោះពួកឈ្លើយ ជាជនជាតិយូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្ដាសាដល់អ្នកដទៃថា សូមព្រះជាម្ចាស់ធ្វើឲ្យអ្នកបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរលើភ្លើងនោះចុះ
23ពីព្រោះគេបានប្រព្រឹត្តអំពើចម្កួតក្នុងពួកអុីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះយើង ជាសេចក្ដីដែលយើងមិនបានបង្គាប់ដល់គេឡើយ គឺយើងហើយដែលដឹង យើងជាទីបន្ទាល់ពិត នេះជាព្រះបន្ទូលរបស់ព្រះអង្គ»។
24អ្នកត្រូវប្រាប់សេម៉ាយ៉ា ជាអ្នកនៅទឹកដីនេហេលេមថា៖
25ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានធ្វើសំបុត្រដោយនូវឈ្មោះខ្លួនអ្នក ផ្ញើដល់អស់អ្នកនៅក្រុងយេរូសាឡិម និងដល់សេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា ហើយដល់ពួកសង្ឃទាំងអស់ផងថា
26«ព្រះអង្គបានតាំងអ្នកឡើងធ្វើជាសង្ឃ ជំនួសសង្ឃយេហូយ៉ាដា ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហាររបស់ព្រះជាម្ចាស់ ឲ្យអ្នកបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាព្យាការី ដាក់គុក ដាក់ខ្នោះ។
27ចុះហេតុអ្វីបានជាមិនបានបន្ទោសដល់យេរេមា ដែលនៅក្រុងអាណាថោត ជាអ្នកដែលតាំងខ្លួនឡើងជាព្យាការីដល់លោករាល់គ្នានោះ?
28ដ្បិតគាត់បានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯទឹកដីបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ»។
29ក៏អានមើលសំបុត្រនោះ ឲ្យព្យាការីយេរេមាស្តាប់។
30ពេលនោះ ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ព្យាការីយេរេមាថា
31«ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះជាម្ចាស់មានព្រះបន្ទូលពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីទឹកដីនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលយើងមិនបានចាត់ប្រើឡើយ បានថ្លែងទំនាយដល់អ្នករាល់គ្នា ហើយបាននាំអ្នករាល់គ្នាឲ្យទុកចិត្តលើពាក្យកុហក
32ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងធ្វើទោសសេម៉ាយ៉ា ជាអ្នកទឹកដីនេហេលេម ព្រមទាំងពូជពង្សរបស់គេដែរ។ គ្មានអ្នកណាម្នាក់រស់នៅក្នុងចំណោមប្រជាជននេះឡើយ ក៏មិនឃើញការល្អដែលយើងនឹងប្រោសដល់ប្រជារាស្ត្ររបស់យើងដែរ ព្រោះគេបានប្រកាសបះបោរទាស់នឹងព្រះអម្ចាស់ នេះហើយជាព្រះបន្ទូលរបស់ព្រះអង្គ»។