1ក្នុងឆ្នាំដដែល គឺនៅដើមរាជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ក្នុងខែទីប្រាំ ឆ្នាំទីបួន ព្យាការីហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយមកខ្ញុំ នៅក្នុងព្រះវិហារនៃព្រះអម្ចាស់ ចំពោះពួកសង្ឃ និងបណ្ដាជនថា៖
2«ព្រះជាម្ចាស់នៃពិភពលោក ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះ យើងបានបំបាក់នឹមរបស់ស្តេចបាប៊ីឡូនហើយ។
3នៅរវាងគម្រប់ពីរឆ្នាំទៀត នោះយើងនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះអម្ចាស់ ដែលនេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ទឹកដីបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ។
4យើងក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវចាប់ទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកទីនេះវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់»។
5បន្ទាប់មក ព្យាការីយេរេមាក៏និយាយនឹងព្យាការីហាណានា នៅចំពោះពួកសង្ឃ និងបណ្ដាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះអម្ចាស់
6គឺព្យាការីយេរេមានិយាយថា៖ «សូមឲ្យព្រះអម្ចាស់ធ្វើដូច្នោះចុះ សូមឲ្យព្រះជាម្ចាស់សម្រេចតាមពាក្យដែលអ្នកបានថ្លែងទំនាយនោះ ដើម្បីនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះជាម្ចាស់ និងអស់អ្នកដែលត្រូវចាប់ទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ។
7ប៉ុន្តែ ចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក និងនៅត្រចៀករបស់បណ្ដាជនទាំងនេះឥឡូវចុះ។
8ពួកព្យាការីកាលពីដើម ដែលនៅមុនខ្ញុំ និងអ្នក គេបានថ្លែងទំនាយទាស់នឹងទឹកដីជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺថ្លែងទំនាយពីចម្បាំង ពីការអាក្រក់ និងពីអាសន្នរោគផង។
9ប៉ុន្តែ ព្យាការីណាដែលថ្លែងទំនាយពីសន្តិសុខ បើកាលណាទំនាយរបស់ព្យាការីនោះបានសម្រេចហើយ នោះទើបនឹងស្គាល់ព្យាការីនោះថា ព្រះជាម្ចាស់បានចាត់ព្យាការីមកមែន»។
10ពេលនោះ ព្យាការីហាណានា ក៏យកនឹមពីកព្យាការីយេរេមាទៅបំបាក់ចោល
11រួចព្យាការីហាណានានិយាយចំពោះបណ្ដាជនទាំងឡាយថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះ ដែលយើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន» ចេញពីអស់ទាំងជនជាតិក្នុងរវាងគម្រប់ពីរឆ្នាំទៅមុខនេះ នោះព្យាការីយេរេមាក៏ចេញបាត់ទៅ។
12ក្រោយពេលដែលព្យាការីហាណានាបានបំបាក់នឹមពីកព្យាការីយេរេមាចេញហើយ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ព្យាការីយេរេមាថា៖
13«ចូរទៅប្រាប់ដល់ហាណានាថា ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែអ្នកបានធ្វើនឹមដែកជំនួសវិញ។
14ដ្បិតព្រះនៃពិភពលោក ជាព្រះនៃពួកជនជាតិអុីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានដាក់នឹមដែកនៅកនៃជនជាតិទាំងនេះហើយ ដើម្បីឲ្យគេត្រូវបម្រើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបម្រើពិតមែន យើងក៏បានឲ្យសត្វនៅវាលដល់គេដែរ»។
15បន្ទាប់មកព្យាការីយេរេមា និយាយទៅព្យាការីហាណានាថា៖ ហាណានាអើយ «ចូរស្តាប់ចុះ ព្រះជាម្ចាស់មិនបានចាត់អ្នកមកទេ គឺអ្នកនាំឲ្យជនជាតិនេះទុកចិត្តចំពោះពាក្យកុហកហើយ។
16ហេតុនេះ ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងបណ្តេញអ្នកឲ្យបាត់ចេញពីផែនដីទៅ គឺអ្នកនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះអ្នកបានពោលសេចក្ដីបះបោរទាស់នឹងព្រះអម្ចាស់»។
17ដូច្នេះ នៅខែទីប្រាំពីរ ក្នុងឆ្នាំនោះ ព្យាការីហាណានាក៏ស្លាប់ទៅ។