1នៅដើមរជ្ជកាលព្រះបាទសេដេគា បុត្រព្រះបាទយ៉ូសៀស ជាស្ដេចទឹកដីយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ។
2ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។
3បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចទឹកដីអេដុម ស្ដេចទឹកដីម៉ូអាប់ ស្ដេចទឹកដីអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកគាល់សេដេគា ជាស្ដេចទឹកដីយូដា នៅក្រុងយេរូសាឡឹម។
4ចូរផ្ដាំអ្នកទាំងនោះឲ្យទៅប្រាប់ស្ដេចរបស់ខ្លួនថា: ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូចតទៅ: នេះគឺជាអ្វីដែលអ្នកត្រូវប្រាប់ដល់អ្នកដឹកនាំរបស់អ្នក
5«យើងបានបង្កើតផែនដី មនុស្ស និងសត្វនៅលើផែនដីទាំងឡាយ ដោយសារឫទ្ធិអំណាចដ៏អស្ចារ្យរបស់យើង ហើយយើងចង់ប្រគល់ឲ្យអ្នកណា តាមតែយើងគិតថាត្រូវ។
6ឥឡូវនេះ យើងបានប្រគល់ទឹកដីទាំងនេះទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងហើយ ក៏បានឲ្យអស់ទាំងសត្វនៅវាល សម្រាប់នឹងបម្រើគេដែរ។
7ជនជាតិទាំងអស់នឹងបម្រើស្តេចនោះ និងកូន ហើយចៅរបស់គេដែរ ដរាបដល់កំណត់ទឹកដីគេ នោះជនជាតិជាច្រើន ហើយស្តេចធំនឹងចាប់ស្តេចនោះប្រើជាបាវវិញ។
8ប្រសិនបើជនជាតិណា ឬនគរណា ដែលមិនព្រមបម្រើនេប៊ូក្នេសា ស្តេចបាប៊ីឡូននេះ ហើយមិនព្រមឱនកទទួលនឹមរបស់ស្តេចបាប៊ីឡូន យើងនឹងធ្វើទោសដល់ជនជាតិនោះដោយដាវ ដោយអំណត់ និងអាសន្នរោគ ទាល់តែយើងបានធ្វើឲ្យគេសូន្យបាត់ ដោយដៃរបស់ស្តេចនោះ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
9ដូច្នេះ មិនត្រូវស្តាប់តាមពួកព្យាការីរបស់អ្នក ឬតាមពួកគ្រូទាយ ពួកយល់សប្តិ ពួកគ្រូអង្គុយធម៌ ឬពួកគ្រូនក្ខត្តឫក្សនោះឡើយ ដែលនិយាយប្រាប់អ្នករាល់គ្នាថា កុំទៅបម្រើស្តេចបាប៊ីឡូន។
10គេថ្លែងទំនាយកុហកអ្នករាល់គ្នាទេ ដើម្បីឲ្យអ្នកត្រូវព្រាត់ចាកឆ្ងាយពីទឹកដីរបស់អ្នក គឺឲ្យយើងបានបណ្ដេញអ្នករាល់គ្នាចេញ ហើយអ្នកនឹងត្រូវវិនាស។
11ប៉ុន្តែ ជនជាតិណាដែលឱនកទទួលនឹម ហើយបម្រើដល់ស្តេចបាប៊ីឡូនវិញ នោះយើងនឹងទុកគេ ឲ្យនៅក្នុងទឹកដីរបស់ខ្លួន គេនឹងភ្ជួររាស់ដី ហើយអាស្រ័យនៅផង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់»។
12ខ្ញុំក៏បានទូលដល់ព្រះបាទសេដេគា ជាស្តេចយូដា តាមគ្រប់ទាំងពាក្យនេះថា៖ ចូរអ្នករាល់គ្នាឱនកទទួលនឹម ទៅបម្រើដល់ស្តេចបាប៊ីឡូន និងប្រជារាស្ត្ររបស់គេចុះ នោះនឹងបានរួចជីវិត
13តើចង់ស្លាប់ធ្វើអី គឺទាំងអង្គទ្រង់ និងប្រជារាស្ត្ររបស់ព្រះអង្គផង ដោយដាវ អំណត់ និងអាសន្នរោគ ដូចជាព្រះជាម្ចាស់បានមានព្រះបន្ទូល ពីដំណើរជនជាតិណា ដែលមិនព្រមបម្រើដល់ស្តេចបាប៊ីឡូនដូច្នេះឬ?
14កុំស្តាប់តាមពាក្យរបស់ព្យាការី ដែលនិយាយនឹងអ្នករាល់គ្នាថា៖ «មិនត្រូវបម្រើដល់ស្តេចបាប៊ីឡូននោះឡើយ ដ្បិតគេថ្លែងទំនាយកុហកទេ។
15ដ្បិត ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងមិនបានចាត់គេឲ្យមកទេ គឺគេថ្លែងទំនាយកុហក ដោយនាមយើង ដើម្បីឲ្យយើងបានបណ្តេញអ្នករាល់គ្នាចេញ ហើយអ្នករាល់គ្នាត្រូវវិនាស គឺទាំងខ្លួនអ្នករាល់គ្នា និងពួកព្យាការីដែលថ្លែងទំនាយនោះផង»។
16ខ្ញុំក៏បានប្រាប់ដល់ពួកបូជាចារ្យ និងពួកជនទាំងឡាយថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះ កុំស្តាប់តាមពាក្យរបស់ពួកព្យាការី ដែលថ្លែងទំនាយដល់អ្នករាល់គ្នាថា មើលបន្តិចទៀត គេនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះជាម្ចាស់ ពីក្រុងបាប៊ីឡូនមកវិញ ដ្បិតគេថ្លែងទំនាយកុហកដល់អ្នករាល់គ្នាទេ។
17កុំស្តាប់តាមគេឡើយ ត្រូវបម្រើស្តេចបាប៊ីឡូនចុះ នោះនឹងបានរួចជីវិត តើមានទំនងអ្វី ឲ្យទីក្រុងនេះត្រូវខូចបង់?
18បើគេជាព្យាការីពិត ហើយបើព្រះបន្ទូលនៃព្រះជាម្ចាស់នៅជាមួយគេ នោះឲ្យគេទូលអង្វរ ដល់ព្រះអម្ចាស់នៃពិភពលោកឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះជាម្ចាស់ ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម ត្រូវគេដឹកយកទៅក្រុងបាប៊ីឡូនទៀត។
19ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គមានព្រះបន្ទូលពីដំណើរសសរ សមុទ្រ និងជើងថ្កល់ និងប្រដាប់ប្រដាដែលនៅសល់ក្នុងទីក្រុងនេះ
20ជាគ្រឿងដែលនេប៊ូក្នេសា ស្តេចបាប៊ីឡូនមិនបានយកទៅ ក្នុងកាលដែលចាប់យកយេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន ព្រមទាំងពួកអ្នកធំនៃទឹកដីយូដា និងក្រុងយេរូសាឡិមផង។
21ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលពីដំណើរគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅសល់ក្នុងព្រះវិហារនៃព្រះជាម្ចាស់ ហើយក្នុងដំណាក់ស្តេចយូដា ដែលនៅក្រុងយេរូសាឡិមថា៖
22គេនឹងដឹកយកគ្រឿងទាំងនោះ ទៅក្រុងបាប៊ីឡូន ហើយត្រូវនៅទីនោះដរាបដល់ថ្ងៃដែលយើងប្រោស នោះយើងនឹងនាំយកឡើងមក ដាក់នៅត្រង់កន្លែងដើមវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់»។