1នៅដើមរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះអម្ចាស់
2ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ ចូរទៅឈរក្នុងទីលានព្រះវិហារនៃព្រះអង្គចុះ ហើយប្រាប់ដល់មនុស្សទាំងអស់នៅក្នុងទីក្រុងនៃទឹកដីយូដា ដែលមកថ្វាយបង្គំក្នុងព្រះវិហារនៃព្រះអម្ចាស់ គ្រប់ពាក្យដែលយើងបង្គាប់ឲ្យអ្នកប្រាប់ដល់គេ កុំឲ្យបន្ថយពាក្យណាមួយឡើយ!
3ប្រហែលជាគេនឹងស្តាប់តាម ហើយបែរចេញពីផ្លូវអាក្រក់ដែលគេប្រព្រឹត្តរៀងខ្លួន ដើម្បីឲ្យយើងបានប្រែគំនិតចេញពីការអាក្រក់ ដែលយើងសម្រេចនឹងធ្វើដល់គេ ដោយព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្តនោះ។
4អ្នកត្រូវប្រាប់គេថា «ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយដើរតាមច្បាប់ ដែលយើងបានដាក់នៅមុខអ្នករាល់គ្នា
5ឬស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបម្រើរបស់យើង ដែលយើងចាត់ឲ្យមកឯអ្នករាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេ បើអ្នករាល់គ្នាមិនបានស្តាប់តាមសោះ!
6នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងជនជាតិនៅផែនដីផង»។
7ពួកបូជាចារ្យ ពួកព្យាការី និងបណ្ដាជនទាំងឡាយ ក៏ឮព្យាការីយេរេមា ប្រាប់ពាក្យទាំងនេះនៅក្នុងព្រះវិហារ នៃព្រះអម្ចាស់ដែរ។
8ពេលព្យាការីយេរេមា បានប្រាប់គ្រប់សេចក្ដីដែលព្រះជាម្ចាស់បានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ ពួកព្យាការី និងបណ្ដាជនទាំងអស់ ក៏ចាប់លោក ដោយពោលថា អ្នកត្រូវស្លាប់ហើយ!
9ហេតុអ្វីបានជាអ្នកថ្លែងទំនាយដោយនូវព្រះនាមព្រះជាម្ចាស់ថា៖ ព្រះវិហារនេះនឹងបានដូចជាស៊ីឡូរ ហើយទីក្រុងនេះនឹងត្រូវខូចបង់ ឥតមានអ្នកណានៅដូច្នេះ? «ដ្បិតប្រជាជនក៏នាំមូលគ្នាមកព័ទ្ធជុំទាស់នឹងព្យាការីយេរេមា នៅក្នុងព្រះវិហារនៃព្រះអម្ចាស់។
10ពេលពួកចៅហ្វាយនៃទឹកដីយូដាបានឮសេចក្ដីទាំងនោះហើយ គេក៏ចេញពីដំណាក់ស្តេច ឡើងទៅព្រះវិហារនៃព្រះអម្ចាស់។ រួចអង្គុយត្រង់ទ្វារថ្មីនៃព្រះវិហារព្រះអម្ចាស់។
11ពួកបូជាចារ្យ និងពួកព្យាការី គេជម្រាបដល់ពួកចៅហ្វាយ ហើយដល់ជនទាំងអស់ថា៖ «មនុស្សនេះគួរស្លាប់ហើយ ដ្បិតគេបានថ្លែងទំនាយទាស់នឹងក្រុងនេះ ដូចជាអស់លោកបានឮផ្ទាល់នឹងត្រចៀកស្រាប់!»
12ព្យាការីយេរេមាក៏ជម្រាបដល់ពួកចៅហ្វាយ និងជនទាំងអស់ថា៖ ព្រះអម្ចាស់បានចាត់ខ្ញុំឲ្យមកថ្លែងទំនាយប្រាប់គ្រប់ពាក្យដែលអ្នករាល់គ្នាបានឮ ទាស់នឹងព្រះវិហារ ហើយទីក្រុងនេះ។
13ដូច្នេះ ចូរផ្លាស់ប្ដូរគំនិត និងកិរិយារបស់អ្នករាល់គ្នាឥឡូវ ហើយស្តាប់តាមព្រះបន្ទូលព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាចុះ នោះព្រះអម្ចាស់នឹងប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលព្រះអង្គបានប្រកាសទាស់នឹងអ្នករាល់គ្នាវិញ។
14តែឯខ្ញុំនេះ មើល៍ខ្ញុំនៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ ចូរធ្វើដល់ខ្ញុំតាមដែលអ្នករាល់គ្នាឃើញថាល្អ ហើយទៀងត្រង់ចុះ។
15មានការមួយដែលអ្នកត្រូវដឹងថា បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមក ដើម្បីប្រាប់ពាក្យទាំងនេះ ដល់ត្រចៀកអ្នករាល់គ្នាជាពិត»។
16ពេលនោះ ពួកចៅហ្វាយ និងប្រជាជនទាំងឡាយ ក៏ពិគ្រោះជាមួយពួកបូជាចារ្យ និងពួកព្យាការីថា៖ «មនុស្សនេះមិនគួរស្លាប់ទេ ដ្បិតគ្រាន់តែបានប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះអម្ចាស់ជាព្រះនៃយើងទេតើ»។
17ក្រោយមក មានពួកចាស់ទុំខ្លះក្នុងទឹកដី ក្រោកឡើងប្រាប់ដល់ប្រជុំជនថា។
18ពួកគេថា «មីកា ជាពួកម៉ូរ៉ាស៊ីត បានថ្លែងទំនាយក្នុងរជ្ជកាលព្រះបាទហេសេគា ជាស្តេចយូដា ថ្លែងទៅកាន់ប្រជាជននៅទឹកដីយូដាទាំងអស់ថា ព្រះអម្ចាស់នៃពិភពលោកមានព្រះបន្ទូលដូច្នេះថា៖ គេនឹងភ្ជួរក្រុងស៊ីយ៉ូន ដូចជាភ្ជួរស្រែចម្ការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរបាក់បែក ឯភ្នំនៃព្រះដំណាក់ ដូចជាទីខ្ពស់នៅព្រៃណាមួួយ។
19តើហេសេគា ជាស្តេចយូដា និងពួកយូដាទាំងអស់បានសម្លាប់លោកឬ? តើទ្រង់មិនបានកោតខ្លាចដល់ព្រះជាម្ចាស់វិញ ហើយទូលអង្វរចំពោះព្រះអង្គទេឬ? ឯព្រះអម្ចាស់ក៏ប្រែគំនិតចេញពីសេចក្ដីអាក្រក់ ដែលព្រះអង្គបានប្រកាសទាស់នឹងគេដែរ តើធ្វើដូច្នេះ យើងនឹងឈ្មោះថាបានប្រព្រឹត្តអំពើអាក្រក់យ៉ាងធំ ទាស់នឹងព្រលឹងយើងហើយឬ?»
20មួយទៀត ក៏មានម្នាក់ដែលថ្លែងទំនាយដោយនូវព្រះនាមព្រះអម្ចាស់ ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់សេម៉ាយ៉ា ពីក្រុងគារយ៉ាត់-យារីម អ្នកនោះថ្លែងទំនាយទាស់នឹងទីក្រុង ហើយទឹកដីនេះ តាមអស់ទាំងពាក្យរបស់ព្យាការីយេរេមាដែរ។
21កាលព្រះបាទយេហូយ៉ាគីម និងមនុស្សខ្លាំងពូកែរបស់ទ្រង់ ព្រមទាំងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះ ស្តេចក៏រកសម្លាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង ក៏ភ័យ ហើយបានរត់ទៅទឹកដីអេស៊ីប។
22បន្ទាប់មក ព្រះបាទយេហូយ៉ាគីមចាត់អែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀតឲ្យទៅទឹកដីអេស៊ីប
23អ្នកទាំងនោះក៏នាំអ៊ូរីយ៉ា ពីទឹកដីអេស៊ីបមកថ្វាយព្រះបាទយេហូយ៉ាគីម ហើយទ្រង់ក៏សម្លាប់គាត់ដោយដាវ ព្រមទាំងបោះសាសពទៅក្នុងផ្នូររបស់មនុស្សធម្មតាទៅ។
24ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងព្យាការីយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្ដាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។