ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 25

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះ​ជា​ព្រះបន្ទូល​ដែល​បាន​មក​ដល់​ព្យាការី​យេរេមា ពី​ដំណើរ​ប្រជា​ជន​ទឹកដី​យូដា។ ​ក្នុង​ឆ្នាំ​ទីបួន​នៃ​រជ្ជកាល​ព្រះបាទ​យេហូ‌យ៉ាគីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស ស្តេច​យូដា។ គឺ​ជា​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​ទឹកដី​បាប៊ីឡូន។
2ជា​សេចក្ដី​ដែល​ព្យការី​យេរេមា​ បាន​ប្រាប់​ដល់​បណ្ដា‌ជន​នៅ​ទឹកដី​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់។​
3ចាប់​តាំង​ពី​ឆ្នាំ​ទី​ដប់​បី ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​រយៈ​ពេល​ម្ភៃបី​ឆ្នាំ​ហើយ ដែលព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ។
4ព្រះ‌ជាម្ចាស់បាន​ចាត់​ពួកព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​មករក​អ្នក​រាល់​គ្នា​ ជាច្រើនលើក​ ច្រើនសារ​ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ស្តាប់​សោះ។
5ព្យាការីទាំងនោះនិយាយ​ថា៖ ចូរ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ក្នុងទឹកដី ដែល​ព្រះអម្ចាស់បាន​ប្រទាន​ដល់​អ្នក និង​បុព្វ‌បុរស​អ្នក តាំង​ពី​បុរាណ ហើយ​រហូត​តទៅ។
6កុំ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ឡើយ ក៏​កុំ​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​អ្នក​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​យើង​នឹង​មិន​ប្រទូស្ត​ដល់​អ្នក​រាល់​គ្នា​ទេ។
7ប៉ុន្តែអ្នកមិនបានស្តាប់តាមពាក្យរបស់យើងឡើយ គឺអ្នកបាននាំអោយយើងខឹង និងកិច្ចការដែលដៃរ​បស់អ្នកធ្វើ មានការប្រទូស្តសារ៉ាយដល់យើង។
8ហេតុ​នោះ ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​យើង
9យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ទឹកដី​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ទឹកដី​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ទឹកដី ហើយ​ទាស់​នឹង​ជនជាតិ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ទឹកដី​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។
10យើង​នឹង​បំបាត់​សំឡេង​អរ​សប្បាយ សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង​ថ្មី សូរ​ត្បាល់​កិន និង​ពន្លឺ​ចង្កៀង​ពី​ពួក​គេ។
11ដូច្នេះ ទឹកដីនេះ​ទាំង​មូល​នឹង​នៅ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ជនជាតិ​ទាំង​នេះ​នឹង​ត្រូវ​បម្រើ​ស្តេច​បាប៊ីឡូន​អស់​ចិត​សិប​ឆ្នាំ។
12បន្ទាប់​ពី​ចិត​សិប​ឆ្នាំ​ហើយ យើង​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​ជនជាតិ​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ទឹកដី​របស់​ពួក​ខាល់ដេ យើង​នឹង​ធ្វើ​ឲ្យ​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
13យើង​នឹង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​យើង​បាន​ប្រកាស​ទាស់​នឹង​ទឹកដី​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ នេះ​ហើយ​ជា​ពាក្យ​ដែលព្យាការី​យេរេមា​បាន​ថ្លែង​ទំនាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន។
14ដ្បិត​ជនជាតិ​ជា​ច្រើន និង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​ជនជាតិ​ខាល់ដេ​នោះ​វិញ ហើយ​យើង​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត និង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ»។
15ដ្បិត​ព្រះ‌ជាម្ចាស់ ជា​ព្រះ​នៃ​ជនជាតិ​អុីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា៖ «ចូរ​យក​ពែង​ស្រា ជា​សេចក្ដី​ឃោរ‌ឃៅ​ពី​ដៃ​យើង ទៅ​បង្អក​ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​យើង​ចាត់​អ្នក​ឲ្យ​ទៅ​នោះ​ចុះ។
16គេ​នឹង​ផឹក ហើយ​ដើរ​វិល​វល់​ទៅ​មក ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​គេ»។
17ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌ជាម្ចាស់ ទៅ​បង្អក​ដល់ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គបាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ
18គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ទឹកដី​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្ដេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច‌បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​ជា​ទី​ផ្ដាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ។
19ជនជាតិដ៏ទៃទៀត ក៏ត្រូវផឹកពីពែងនោះ ដែរ ផារ៉ោន ជា​ស្តេចទឹកដី​អេស៊ីប ពួក​មហាតលិក ពួក​ចៅ‌ហ្វាយ និង​ប្រជា​ជន​ទាំង​អស់​របស់​ស្ដេច
20ហើយ​កុលសម្ព័ននានា​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ ស្តេច​ទាំងអស់​នៅ​ទឹកដី​អ៊ូស និង​ស្តេច​ទាំង​អស់​នៅ​ទឹកដី​ភីលី‌ស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ
21ជនជាតិម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន។
22ស្តេចទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្តេច​នៅ​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ
23ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក​ចង្កា ពួកគេត្រូវតែផឹកពីវាដែរ។
24មនុស្សទំាងនះ ក៏នឹងផឹកវា ស្តេច​ទាំង​អស់​នៅទឹកដី​អារ៉ាប់ និង​អស់​ទាំង​ស្តេច​នៃ​កុលសម្ព័ន្ធ​នានា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន
25ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​ជនជាតិ​មេឌី
26ស្តេច​ទាំង​ប៉ុន្មាន​នៃទឹកដី​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា‌មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង បន្ទាប់​មក ស្តេច​សេសាកនឹង​ត្រូវ​ផឹក​ក្រោយ​គេ​បង្អស់។
27ទ្រង់មានបន្ទូលមកខ្ញុំថា «អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌អម្ចាស់នៃពិភពលោក ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹងទៅ ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ ឥត​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​យើង​នឹង​ចាត់​ទៅ​កណ្ដាល​ពួក​អ្នក​រាល់​គ្នា។
28បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​អ្នក​ទេ នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌នៃពិភពលោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ផឹក!
29ដ្បិត​មើល៍! យើង​ចាប់​ផ្ដើម​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ? យើង​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​មនុស្ស​គ្នា​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះអម្ចាស់នៃពិភពទាំងមូល»។
30ដូច្នេះ ចូរ​ថ្លែងទំនាយ​តាម​ពាក្យ​ទាំង​នេះ​ទាស់​នឹង​គេ ហើយ​ប្រាប់​គេ​ថា ព្រះ‌ជាម្ចាស់នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​បព្ចោញ​ព្រះ‌សូរ‌សៀង ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃ‌លែង​ទាស់​នឹង​ក្រោល​ព្រះ‌អង្គ ក៏​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សម្រែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ
31ព្រះ​សូរ​សៀង​នឹង​ឮ​រហូត​ដល់​ចុង​បំផុត​ផែនដី ដ្បិត​ព្រះ‌អង្គ​មាន​ការណ៍​ទាស់​ទទឹង នឹង​ជនជាតិទាំង​ប៉ុន្មាន ព្រះ‌អង្គ​នឹង​កាត់​ក្ដី​មនុស្ស​គ្រប់គ្នា ឯ​ពួក​មនុស្ស​អាក្រក់ ព្រះ‌អង្គ​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
32ព្រះ‌អម្ចាស់នៃពិភពទាំងមូល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ សេចក្ដី​អាក្រក់​នឹង​ចេញ​ពី​នគរ​មួយ​ ដល់​នគរ​មួយ ហើយ​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សម្បើម មក​ពី​ចុង​ផែនដី​បំផុត។
33នៅ​ថ្ងៃ​នោះ សាក‌សព​របស់​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ​ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី។
34ពួក​គង្វាល​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ចុះ! ឱ​ពួក​ម្ចាស់​ហ្វូង​ចៀម​អើយ ចូរ​ដេក​ននៀល​ក្នុង​ផេះ​ទៅ ដ្បិត​គ្រា​ដែល​ត្រូវ​សម្លេះនិង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​បាន​មក​ដល់​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ធ្លាក់​បែក​ដូច​ជា​ភាជនៈ​មាន​តម្លៃ។
35ពួក​គង្វាល​នឹង​គ្មាន​ផ្លូវ​រត់​រួច​ឡើយ ហើយ​ពួក​ម្ចាស់​ហ្វូង​ចៀម​ក៏​គ្មាន​ផ្លូវ​រួច​បាន​ដែរ។
36មាន​ឮ​សម្រែក​ពួក​គង្វាល និង​សូរ​ទ្រហោ​យំ​របស់​ពួក​ម្ចាស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌អម្ចាស់​បាន​បំផ្លាញ​កន្លែង​ឃ្វាល​របស់​គេ។
37ដូច្នេះហើយ ​ក្រោល​សុខ‌សាន្ត​ទាំង​ប៉ុន្មាន ត្រឡប់​ជា​ស្ងាត់​ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌ជាម្ចាស់។
38ព្រះ‌អង្គ​បាន​ចេញ​ពី​ទី​លំនៅ​របស់​ព្រះ‌អង្គ ដូច​ជា​សិង្ហ ដ្បិត​ទឹកដី​របស់​គេ​ក្លាយ​ជា​ទី​ស្ងាត់​ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​ជិះ​ជាន់ និង​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។