ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 24

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះជាម្ចាស់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​ពីរ​ល្អី ដាក់​នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ‌អង្គ ក្រោយ​ពេល​ដែល​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​ចាប់​ព្រះបាទ​យេកូនាស ជា​បុត្រ​ព្រះបាទ​យេហូ‌យ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ​នៃ​ទឹកដី​យូដា និង​ពួក​រចនា ហើយ​ពួក​ជាង ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ទឹកដី​បាប៊ីឡូន។
2ល្អី​មួយ​មាន​ផ្លែ​ល្វា​ល្អ​ណាស់ ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​មុន​គេ ឯ​ល្អី​មួយ​ទៀត​មាន​ផ្លែ​ល្វា​អាក្រក់​ណាស់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក។
3ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «យេរេមា​អើយ អ្នក​ឃើញ​អ្វី​នុ៎ះ»។ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា៖ «ឃើញ​ផ្លែ​ល្វា ឯ​ផ្លែ​ល្អ នោះ​ល្អ​ណាស់ ហើយ​ផ្លែ​អាក្រក់ ក៏​អាក្រក់​ណាស់​ដែរ បរិ‌ភោគ​មិន​បាន ពី​ព្រោះ​អាក្រក់​ពេក»។
4ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌ជាម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖
5«ព្រះ‌អម្ចាស់ជា​ព្រះ​របស់​ជនជាតិអុីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដូច​ជា​អ្នក​បាន​ស្គាល់​ផ្លែ​ល្វា​ល្អ​នេះ យើង​ក៏​នឹង​ស្គាល់​ពួក​យូដា ដែល​ត្រូវ​គេ​នាំ​ទៅ​ជា​ឈ្លើយ​នោះ​ដែរ ដើម្បី​នឹង​ប្រោស​ឲ្យ​គេ​បាន​សេចក្ដី​ល្អ គឺ​ជា​ពួក​អ្នក​ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ទី​នេះ ទៅ​ដល់​ទឹកដី​ខាល់ដេ​ហើយ។
6ដ្បិត​យើង​នឹង​តាម​មើល​គេ ឲ្យ​បាន​សេចក្ដី​ល្អ ហើយ​នឹង​នាំ​គេ​មក​ក្នុង​ទឹកដី​នេះ​វិញ យើង​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ។
7យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​យើង​ថា ជា​ព្រះ‌អម្ចាស់​ របស់គេ ហើយពួកគេ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត។
8ប៉ុន្តែ​ផ្លែ​ឧទម្ពរ​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក នោះ​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល​ជា​ប្រាកដ​ថា យើង​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ទឹកដី​នេះ និង​ពួក​ដែល​នៅ​ទឹកដី​អេស៊ីប​ផង។
9យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។
10យើង​នឹង​ចាត់​ដាវ និង​អំណត់ ហើយ​អាសន្ន‌រោគ ឲ្យ​នៅ​កណ្ដាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ទឹកដី​ដែល​យើង​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​បុព្វ‌បុរស​គេ​ទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។