ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 23

Read Scripture freely. Divine Threads study for this chapter is coming later.

1«ពួក​គង្វាល​ដែល​មិន​ថែ​ទាំ​ហ្វូង​ចៀម​របស់​យើង តែ​ធ្វើ​ឲ្យ​គេ​ខ្ចាត់‌ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។
2ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អុីស្រា‌អែល មាន​ព្រះ‌បន្ទូល​អំពី​ពួក​មេ​ដឹក​នាំ ដែល​ឃ្វាល​ប្រជា‌ជន​របស់​ព្រះអង្គ​ថា៖ «អ្នក​រាល់​គ្នា​បោះ​បង់​ចោល​កូន​ចៀម​របស់​យើង​ឲ្យ​ខ្ចាត់‌ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
3គឺយើងនេះហើយ ដែល​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ទឹកដី ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។
4យើង​នឹង​តាំង​គង្វាល​លើ​គេ ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់‌បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះជាម្ចាស់។
5ព្រះ‌អម្ចាស់បានប្រកាស​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​មួយ លំពង់​នោះ​ទ្រង់​នឹង​សោយ‌រាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាង‌វៃ ព្រម​ទាំង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ទឹកដី។
6នៅ​គ្រា​របស់​ស្ដេច​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អុីស្រា‌អែល​នឹង​នៅ​ដោយ​សន្តិ‌សុខ ឯ​ព្រះ‌នាម ​ដែល​គេ​នឹង​ហៅ​ព្រះអង្គ នោះ​គឺ ព្រះ‌អម្ចាស់​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​។
7ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពួក​កូន​ចៅ​អុីស្រា‌អែល​ឡើង​ចេញ​ពី​ទឹកដី​អេស៊ីប​មក​ទៀត​ហើយ។
8គឺ​គេ​នឹង​ថា ដូច​ជា​ព្រះ‌​មាន​ព្រះ‌ជន្ម​អង្គរស់ ដែល​ព្រះ‌អង្គ​បាន​នាំ​ពូជ‌ពង្ស​នៃ​អុីស្រា‌អែល ហើយ​‌នាំ​គេ​ចេញ​ពី​ទឹកដី​ខាង​ជើង និង​ពី​គ្រប់​ទាំង​ទឹកដី​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេ​នោះ​វិញ។ ពេល​នោះ គេ​នឹង​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន»។
9ពី​ដំណើរ​ពួក​ព្យាការី ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំ‌ញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះ‌អម្ចាស់ហើយ​ ដោយ​ព្រោះ​ព្រះ‌បន្ទូល ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។
10ដ្បិត​ទឹកដី​នេះ​មាន​ពេញ​ដោយ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​កំផិត ហើយ​ទឹកដី​ក៏​យំ​សោក ដោយ​ព្រោះ​បណ្ដាសា អស់​ទាំង​ទី​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន បាន​ហួត‌ហែង​អស់​ហើយ គេ​រត់​តាម​តែ​សេចក្ដី​អាក្រក់ ហើយ​គេ​ប្រើ​អំណាច​សម្រាប់​តែ​ការ​ទុច្ចរិត​ទេ។
11ដ្បិត​ទាំង​ព្យាការី និង​បូជាចារ្យ សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​យើង
12ហេតុ​នោះ ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រអិល នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
13ដ្បិត​ក្រុង​សាម៉ារី យើង​បាន​ឃើញ​ពួក​ព្យាការី ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ គឺ​ពួក​គេ​នាំ​គ្នា​ទាយ​ក្នុង​នាម​ព្រះ​បាល ពួក​គេ​នាំ​អុីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​វង្វេង។
14រីឯ​នៅ​ក្រុង​យេរូ‌សាឡឹម​វិញ យើង​ឃើញ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​និយម​ការ​កុហក ពួក​គេ​លើក​ទឹក​ចិត្ត​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ដូច្នេះ គ្មាន​នរណា​អាច​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ របស់​ខ្លួន​បាន​ឡើយ។ ចំពោះ​យើង ពួក​គេ​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា អ្នក​ក្រុង​សូដុម ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ក៏​ប្រៀប​ដូច​ជា អ្នក​ក្រុង​កូម៉ូរ៉ា​ដែរ!»
15ហេតុ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការី​ថា៖ «យើង​នឹង​ឲ្យ​ពួក​គេ​បរិភោគ​ផ្លែ​ស្លែង និង​ឲ្យ​ពួក​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល ដ្បិត​អំពើ​ទុច្ចរិត​បាន​រាល‌ដាល​ពាស‌ពេញ ទឹកដី​ទាំង​មូល ព្រោះ​តែ​ពួក​ព្យាការី នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ឯង»។
16ព្រះ‌អម្ចាស់នៃ​ពិភពទាំងមូល ​​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ស្តាប់​តាម​ពាក្យ​របស់​ព្យាការី ដែល​គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សម្ដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​គេ មិន​មែន​ជា​សេចក្ដី​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋរបស់​ព្រះ‌អង្គ​ឡើយ។
17គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​យើង​ថា៖ ព្រះ‌ជាម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង​ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ដល់​អ្នក​រាល់​គ្នា​ឡើយ។
18ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះអម្ចាស់​ ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ? តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ?
19មើល៍! ព្យុះ​សង្ឃរា​របស់​ព្រះ‌ជាម្ចាស់ គឺ​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​ចេញ​ទៅ​ហើយ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក​លើ​ក្បាល របស់​ពួក​មនុស្ស​អាក្រក់។
20សេចក្ដី​ក្រោធ​របស់ព្រះ‌អម្ចាស់​នឹង​មិន​វិល​ទៅ​វិញ​ឡើយ ទាល់​តែ​ព្រះ‌អង្គ​បាន​ធ្វើ​សម្រេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅថ្ងៃ​ខាង​មុខ អ្នក​រាល់​គ្នា​នឹង​យល់​ច្បាស់។
21យើង​មិន​បាន​ចាត់​ប្រើ​ពួក​ព្យាការីទាំង​នេះ​ទេ តែ​គេ​បាន​រត់​ទៅ យើង​មិន​បាន​និយាយ​នឹង​គេ​សោះ តែ​គេ​បាន​ទាយ។
22ប្រសិន​បើ​គេ​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​យើង នោះ​គេ​នឹង​ប្រាប់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ស្តាប់​ពាក្យ​របស់​យើង​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន។
23ព្រះអម្ចាស់មាន​បន្ទូល​សួរ​ថា៖ តើ​យើង​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ឬ​អី?
24ព្រះ‌ជាម្ចាស់សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
25យើង​បាន​ឮ​សេចក្ដី​ដែល​ពួកព្យាការី​ប្រាប់ ជា​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក ដោយ​នូវ​ឈ្មោះ​យើង​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ!
26សេចក្ដី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ព្យាការី​ដែល​ថ្លែងទំនាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្ដី​នៅ​ក្នុង​ចិត្ត​គេ តើ​ដល់​កាល​ណា​ទៀត?
27គេ​គិត​តែ​បណ្ដាល​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ភ្លេច​ឈ្មោះ​យើង ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​បុព្វ‌បុរស​គេ​បាន​ភ្លេច​ឈ្មោះ​យើង ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ។
28ព្យាការី​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយព្យាការី​ណា​ដែល​បាន​ទទួល​ពាក្យ​យើង ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​យើង ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ? នេះជាព្រះ‌បន្ទូលរបស់ព្រះអង្គ ​
29ពាក្យ​របស់​យើង តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ?
30ដូច្នេះ មើល៍! ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​ព្យាការី ​ដែលជាពួកអ្នកដែលលួច​ពាក្យពីអ្នកដទៃផ្សេងទៀត ហើយនិយាយថា គឺជាព្រះបន្ទូលរបស់យើងទៅវិញ។
31មើល៍! យើង​ទាស់​នឹង​ពួក​ព្យាការី​ដែល​ប្រើ​អណ្ដាត​និយាយ​និង ប្រកាសពី​ព្រះ‌បន្ទូលព្រះអង្គ។
32ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! យើង​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វង្វេង​ចេញ​ដោយ‌សារ​ពាក្យ​កុហក​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌អង្គមានបន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាតិ​នេះ​ដែរ។
33កាល​ណា​ប្រជាជន​នេះ ឬ​ព្យាការី​ណា​ម្នាក់ ឬ​សង្ឃ​ណា​ម្នាក់ សួរ​អ្នក​ថា៖ តើ​បន្ទុក​របស់​ព្រះ‌ជាម្ចាស់ជា​អ្វី? អ្នក​ត្រូវ​ឆ្លើយ​តប​ទៅ​គេ​ថា៖គឺអ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​បន្ទុក យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចោល នេះជា​ព្រះបន្ទូល​ទ្រង់ ។
34​ព្យាការី​ណា និងបូជាចារ្យណា ឬ​ជន​ជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌អម្ចាស់​ហើយ យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ។
35អ្នក​រាល់​គ្នា​បន្ត​សួរ​អ្នក​ជិត​ខាង និង​បង‌ប្អូន​អ្នក​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះ‌អម្ចាស់ដែលបាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌ជាម្ចាស់​បាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា?
36ប៉ុន្តែអ្នក​រាល់​គ្នា​មិន​ត្រូវ​និយាយ​ពី​បន្ទុក​របស់​ព្រះ‌អង្គទៀត​ឡើយ ឯ​បន្ទុក​របស់​អ្នក​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះ‌បន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជា​ព្រះ​នៃ​យើង​រាល់​គ្នា។
37អ្នក​ត្រូវ​សួរ​ព្យាការី​យ៉ាង​ដូច្នេះ​ថា៖ តើ​ព្រះ‌ជាម្ចាស់ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្ដេច? ឬ​ថា តើ​ព្រះ‌អង្គបាន​មាន​ព្រះ‌បន្ទូល​យ៉ាង​ណា​ខ្លះ?
38ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ហ៊ាន​និយាយ​ថា៖ នេះ​ជា​បន្ទុក​របស់​ព្រះ‌អម្ចាស់ហើយ នោះ​ព្រះ‌អង្គនិងមាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ចេញ​ពាក្យ​ថា បន្ទុក​របស់​ព្រះ‌អម្ចាស់ ហើយ​យើង​បាន​ចាត់​គេ​ឲ្យ​មក ​ឯ​អ្នក​ហាមនិយាយ​ថា «កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះ‌អង្គ​ឡើយ»
39ដូច្នេះ មើល៍ ប្រាកដ​ជា​យើង​នឹង​លើក​អ្នក​រាល់​គ្នា ហើយ​បោះ‌អ្នក​រាល់​គ្នា​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ព្រម​ទាំង​ទី​ក្រុង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នករាល់​គ្នា។
40យើង​នឹង​នាំ​សេចក្ដី​ដំណៀល​ដ៏​នៅ​ជាប់​អស់‌កល្ប​មក​លើ​អ្នក​រាល់​គ្នា ព្រម​ទាំង​សេចក្ដី​ខ្មាស​នៅ​ជាប់​ជា‌និច្ច​ដែល​ភ្លេច​មិន​បាន​ឡើយ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។