1នេះជាព្រះបន្ទូលនៃព្រះអម្ចាស់៖ «ចូរចុះទៅដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ
2គឺប្រាប់ថា ស្តេចជនជាតិយូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្ដាជនរបស់ព្រះអង្គដែលចូលតាមទ្វារទាំងនេះអើយ។
3ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ។ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។
4ដ្បិតប្រសិនបើអ្នករាល់គ្នាពិតជាធ្វើតាមពាក្យនេះ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងប្រជារាស្ត្ររបស់ព្រះអង្គផង!
5ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង»។
6ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាទឹកដីកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
7យើងនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងអ្នក គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់អ្នក ហើយបោះទៅក្នុងភ្លើង។
8ជនជាតិជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា «ហេតុអ្វីបានជាព្រះអម្ចាស់ធ្វើដូច្នេះដល់ក្រុងធំនេះ?»
9គេនឹងឆ្លើយតបថា៖ «ពីព្រោះគេបានបោះបង់សេចក្ដីសញ្ញារបស់ព្រះជាម្ចាស់ដែល ជាព្រះរបស់គេ ក៏ថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់ព្រះដទៃ»។
10កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញទឹកដីកំណើតរបស់ខ្លួនទៀតផង។
11ដ្បិត ព្រះអម្ចាស់មានបន្ទូលដូច្នេះថា៖ សាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ គេនឹងមិនមកទីនេះវិញទេ។
12នៅកន្លែងណាដែលត្រូវចាប់នាំទៅជាឈ្លើយ គេនឹងស្លាប់នៅទីនោះ ឥតដែលឃើញទឹកដីនេះទៀតឡើយ។
13វេទនាដល់អ្នកណាដែលសង់ផ្ទះខ្លួន ដោយការទុច្ចរិត ហើយធ្វើបន្ទប់ខ្លួនដោយការមិនទៀងត្រង់ ជាអ្នកដែលប្រើប្រាស់អ្នកជិតខាងខ្លួនទទេ ឥតចេញឈ្នួលឲ្យ
14ហើយក៏ពោលថា យើងនឹងសង់ផ្ទះមួយធំ ដែលមានបន្ទប់ទូលាយសម្រាប់យើង ក៏ធ្វើបង្អួច ហើយបិទជញ្ជាំងដោយក្តារតាត្រៅ រួចលាបពណ៌ក្រហមស្រស់។
15តើអ្នកត្រូវសោយរាជ្យ ដោយព្រោះតែអ្នកមានចិត្តសង្វាត និងចម្រើនឈើតាត្រៅឬ? ឯឪពុកអ្នក តើមិនបានស៊ី ហើយផឹកដែរទេឬ? ប៉ុន្តែ បានប្រព្រឹត្តសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានជាមានសន្តិសុខក្នុងគ្រានោះ។
16គាត់បានកាត់ក្ដីឲ្យពួកក្រីក្រ និងពួកកម្សត់ទុគ៌ត ដូច្នេះ ក៏មានសេចក្ដីសុខ ព្រះអម្ចាស់មានព្រះបន្ទូលសួរថា៖ ដែលប្រព្រឹត្តដូច្នោះ តើមិនស្គាល់យើងទេឬ?
17ចំណែកភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
18ហេតុនេះ ព្រះជាម្ចាស់មានព្រះបន្ទូល ស្ដីពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចជនជាតិយូដាដូច្នេះថា៖ មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ។
19គេនឹងបញ្ចុះសពយេហូយ៉ាគីម ដូចជាបញ្ចុះសពសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិម។
20ចូរឡើងទៅលើភ្នំល្បាណូន ហើយស្រែកឡើង ចូរបន្លឺសំឡេងនៅទឹកដីបាសាន ហើយស្រែកពីភ្នំអាបារីមចុះ ពីព្រោះសហាយរបស់អ្នកត្រូវបំផ្លាញហើយ។
21កាលនៅគ្រាសម្បូណ៌ នោះយើងបាននិយាយនឹងអ្នកហើយ តែអ្នកឆ្លើយតបថា៖ យើងមិនស្តាប់ទេ គឺបែបយ៉ាងនេះ ដែលបានប្រព្រឹត្ត តាំងតែពីក្មេងមក គឺមិនព្រមស្តាប់តាមពាក្យយើងឡើយ។
22ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។
23ឱអ្នកដែលអាស្រ័យនៅព្រៃល្បាណូន ដែលធ្វើសម្បុកនៅដើមតាត្រៅអើយ កាលណាសេចក្ដីទុក្ខវេទនាមកលើអ្នក ដូចជាស្ត្រីដែលឈឺចាប់សម្រាលកូន នោះអ្នកគួរឲ្យអាណិតយ៉ាងណាទៅ!»
24ព្រះជាម្ចាស់ស្បថថា៖ ដូចជាយើងរស់នៅ ទោះបើព្រះបាទកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចជនជាតិយូដា ជាចិញ្ចៀនត្រានៅដៃស្តាំយើងក៏ដោយ គង់តែយើងនឹងកន្ត្រាក់ចេញទៅដែរ។
25យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចង់បានជីវិតអ្នក ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលអ្នកបានខ្លាចនោះ គឺក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្ដាប់ដៃនៃជនជាតិខាល់ដេផង។
26យើងនឹងបោះអ្នកចោល ព្រមទាំងម្តាយដែលបង្កើតអ្នកផង ទៅក្នុងទឹកដីមួយដែលមិនមែនជាទឹកដីកំណើតរបស់អ្នក ហើយអ្នកនឹងស្លាប់នៅក្នុងទឹកដីនោះ។
27ចំពោះទឹកដីដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ។
28ចំណែកមនុស្សឈ្មោះកូនាស នេះ តើជាភាជនៈកំបែក ហើយសម្អប់ ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ? ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល ហើយគ្រវែងទៅនៅទឹកដីមួយដែលគេមិនស្គាល់នោះ?
29ឱផែនដី ផែនដី ផែនដីអើយ! ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ចុះ!
30ទ្រង់មានព្រះបន្ទូលដូច្នេះ៖ «ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចម្រើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កស្ដេចដាវីឌ ហើយគ្រប់គ្រងលើទឹកដីយូដាបានទៀតឡើយ»។