1«អំពើបាបរបស់ជនជាតិយូដា មានចារឹកទុកដូចអក្សរចារឹកលើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។
2ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះអាសេរ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចីដែលស្ថិតនៅលើកំពូលភ្នំ។
3បង្គោលនៃព្រះក្លែងក្លាយបានដាក់លើភ្នំ និងនៅកន្លែងបើកចំហរនៅតាមតំបន់។ យើងនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់អ្នក ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់អ្នក ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់អ្នក។
4អ្នកនឹងប្រគល់ទឹកដីដែលយើងបានចែក ឲ្យអ្នក ទៅជនជាតិដទៃ។ យើងនឹងឲ្យអ្នកក្លាយទៅជាទាសករ របស់ខ្មាំងក្នុងទឹកដីមួយដែលអ្នកពុំស្គាល់ ដ្បិតអ្នករាល់គ្នាបានបញ្ឆេះកំហឹងរបស់យើង ហើយភ្លើងនៃកំហឹងនេះនឹងឆេះរហូតតទៅ»។
5ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា «ជនណាផ្ញើជីវិតលើមនុស្សហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្ដាសាពុំខាន។
6ដ្បិតគេប្រៀបបាននឹងដើមឈើក្រិន នៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលឡើយ។ គេរស់នៅតាមកន្លែងក្ដៅហួតហែង ក្នុងវាលរហោស្ថានជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សនៅ។
7ចំណែកអ្នកណាដែលទុកចិត្តលើព្រះអម្ចាស់ គឺមានពរហើយ ដ្បិត ព្រះអម្ចាស់គឺជាមូលហេតុដែលសម្រាប់ទុកចិត្តបាន។
8អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលមានឫសចាក់ទៅរកទឹកហូរវាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយបារម្ភអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។
9ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ។ ហើយតើនរណាអាចមើលចិត្តធ្លុះនេះបាន?
10ព្រះអម្ចាស់មានព្រះបន្ទូលថា៖ យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស។ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។
11អ្នកដែលរកបានទ្រព្យសម្បត្តិដោយអយុត្តិធម៌ ប្រៀបបាននឹងសត្វទទាក្រាបស៊ុតសត្វដទៃ។ នៅពេលពាក់កណ្ដាលអាយុ ទ្រព្យសម្បត្តិនឹងចាកចេញពីអ្នកនោះទៅ ហើយនៅទីបញ្ចប់ គេក្លាយទៅជាមនុស្សមិនដឹងខុសត្រូវ»។
12កន្លែងទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តុងឧត្តម ដែលបាន តម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក។
13ព្រះជាម្ចាស់ ជាទីសង្ឃឹមនៃជនជាតិអុីស្រាអែលអើយ អ្នកណាដែលបោះបង់ព្រះអង្គ នោះនឹងត្រូវខ្មាស អស់អ្នកដែលថយចេញពីព្រះអង្គ នោះនឹងមានឈ្មោះកត់ទុកនៅស្ថានក្រោម ដោយព្រោះគេបានបោះបង់ព្រះអម្ចាស់ ដែលជាប្រភពទឹករស់។
14ព្រះជាម្ចាស់ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជា! សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួច។ ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។
15មើល៍! គេសួរទូលបង្គំថា៖ តើព្រះបន្ទូលនៃព្រះអម្ចាស់ នៅឯណា? សូមឲ្យវាមកឥឡូវចុះ!
16ទូលបង្គំមិនបានរត់គេចពីការធ្វើជា គង្វាលតាមព្រះអង្គឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ព្រះអង្គជ្រាបហើយពាក្យដែលចេញពីបបូរមាត់ទូលបង្គំ។ ពួកគេសុទ្ធតែនៅចំពោះព្រះអង្គទាំងអស់។
17សូមព្រះអង្គកុំបំភ័យទូលបង្គំ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់។
18សូមឲ្យពួកអ្នកដែលបៀតបៀនដល់ទូល បង្គំត្រូវអៀនខ្មាស។ តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយសូមឲ្យគេត្រូវស្រយុតចិត្តទៅ។ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តអីសូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេ ហើយបំផ្លាញគេ ដោយការបំផ្លាញទ្វេដងទៅ»។
19ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅឈរនៅមាត់ “ទ្វារប្រជាជន” ជាទ្វារដែលស្ដេចទឹកដីយូដាតែងតែចេញចូល និងទ្វារទាំងប៉ុន្មានទៀតនៅក្រុងយេរូសាឡឹម។
20ចូរប្រកាសប្រាប់ពួកគេថា ព្រះមហាក្សត្រ និងប្រជាជនយូដាទាំងមូល ព្រមទាំងអ្នកក្រុងយេរូសាឡឹមទាំងអស់ ដែលចេញចូលតាមទ្វារទាំងនេះអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់។
21ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃសប្ប័ទឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។
22កុំលីសែងអ្វីចេញពីផ្ទះរបស់អ្នករាល់គ្នា នៅថ្ងៃសប្ប័ទ គឺកុំធ្វើការអ្វីទាំងអស់។ ត្រូវញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដូចយើងបានបង្គាប់ដូនតារបស់អ្នករាល់គ្នាស្រាប់ហើយ»។
23តែពួកគេពុំបានត្រងត្រាប់ស្ដាប់យើងទេ ពួកគេតាំងចិត្តរឹងរូស មិនព្រមស្ដាប់ មិនព្រមទទួលមេរៀនសោះ។
24ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ ចំណែកអ្នករាល់គ្នាវិញ ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់យើង មិនលីសែងអ្វីកាត់តាមទ្វារក្រុងនេះ ហើយញែកថ្ងៃសប្ប័ទទុកសម្រាប់យើង ដោយមិនធ្វើការអ្វីទាំងអស់នៅថ្ងៃនោះទេ
25ស្ដេចទាំងឡាយដែលស្នងរាជ្យដាវីឌនឹងជិះរទេះ ជិះសេះកាត់ទ្វារក្រុងនេះតទៅមុខទៀត ដោយមានមេដឹកនាំ ព្រមទាំងប្រជាជនយូដា និងអ្នកក្រុងយេរូសាឡឹមហែហម ហើយនឹងមានមនុស្សរស់នៅក្នុងក្រុងយេរូសាឡឹមតទៅមុខទៀត។
26ប្រជាជននឹងនាំគ្នាមកពីក្រុងនានាក្នុងទឹកដីយូដា តំបន់ជិតខាងក្រុងយេរូសាឡឹម ទឹកដីបេនយ៉ាមីន ទឹកដីដែលនៅខាងលិចជើងភ្នំ ព្រមទាំងតំបន់ភ្នំ និងតំបន់ណេកិប ដើម្បីនាំយកតង្វាយដុតទាំងមូល យញ្ញបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូប មកថ្វាយ ដើម្បីអរព្រះគុណព្រះអម្ចាស់ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
27ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃសប្ប័ទទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកម្ទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ»។