ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

យេរេមា 18

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅនេះ
2«ចូរ​ក្រោក​ឡើង ទៅ​ផ្ទះ​របស់​ជាង​ស្មូន។ នៅ​ទី​នោះ អ្នក​នឹង​ឮ​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ឲ្យ​ដឹង»។
3ដូច្នេះ ខ្ញុំ​ក៏​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ហើយបានឃើញ​គាត់​កំពុង​សិត​ថូ​មួយ​នៅ​លើ​ឈើ​ក្រឡឹង។
4ប៉ុន្តែ ពេល​ណា​ជាង​ស្មូន​ឃើញ​ថូ​ដែល​គាត់​កំពុង​សូន​នៅ​ក្នុង​ដៃ​មិន​ល្អ ដូច្នេះគាត់​ក៏​យក​ដី​ឥដ្ឋ​មក​ធ្វើ​ថូ​មួយ​ផ្សេង​ទៀត ដែល​គាប់​ភ្នែករបស់គាត់មកធ្វើ។
5ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖
6«កូន​ចៅ​អុីស្រា‌អែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។
7ជួន​កាល យើង​សម្រេច​ថា រម្លើង និង​រលំ​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឲ្យ​វិនាស។
8ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មួយ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​នាំ​ឲ្យ​យើង​សម្រេច​ចិត្ត​ដាក់​ទោស​គេ ហើយ​គេ​បែរ​ជា​លះ‌បង់​អំពើ​អាក្រក់​នោះ យើង​នឹង​មិន​ធ្វើ​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​យើង​ទេ។
9ក្នុងពេលផ្សេង យើងនឹងប្រកាសអំពី ការកសាង និង​បណ្ដុះ‌បណ្ដាល​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ​ឡើង។
10ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ​របស់​យើង ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ទាស់​ចិត្ត​យើង នោះ​យើង​នឹង​លែង​ប្រព្រឹត្ត​ល្អ​ចំពោះ​ពួក​គេ។
11ឥឡូវ​នេះ យេរេមា​អើយ ចូរ​ប្រាប់​អ្នក​ទឹកដី​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅនេះ៖ យើង​កំពុង​រៀបចំ​គម្រោង‌ការ​ដាក់​ទោស​អ្នក​រាល់​គ្នា គឺ​យើង​នឹង​នាំ​គ្រោះ​កាច​មួយ​មក​លើ​អ្នក​រាល់​គ្នា។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​កែ​ប្រែ កិរិយា‌មារយាទ​ឈប់​ប្រព្រឹត្ត​បែប​នេះ​ត​ទៅ​មុខ​ទៀត។
12ប៉ុន្តែ ពួក​គេ​និយាយថា មិន​បាច់​និយាយ​ទៀត​ទេ។ យើង​នឹង​ធ្វើ​តាម​គម្រោង‌ការ​របស់​យើង ហើយ​យើង​នឹង​ប្រព្រឹត្ត​តាម​ទំនើង​ចិត្ត​របស់​យើង​ត​ទៅ​មុខ​ទៀត។
13ដូច្នេះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​​ថា៖ ចូរ​សួរ​ជនជាតិ​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល ​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ?​ នាង​ក្រមុំ​នៃ​ពួក​អុីស្រា‌អែល បាន​ប្រព្រឹត្តអំពើដ៏​អាក្រក់​បំផុត។
14តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន លែង​មាន​ពី​ថ្ម​នៅ​ស៊ីរាន​ឬ? តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ?
15ប៉ុន្តែរាស្ត្រ​របស់​យើង បានបំភ្លេច​យើង។ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ហើយ​ដើរ​វាង​តាម​ផ្លូវ ដែល​មិន​បាន​លើក គឺ​មិន​ដើរ​តាម​ផ្លូវ​ធំ​សោះ
16ដោយ​ធ្វើ​ឲ្យ​ទឹកដី​របស់​គេ​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ហួស​ចិត្ត​ជា‌និច្ច។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នឹង​ព្រឺ​សម្បុរ ហើយ​គ្រវី​ក្បាល។
17យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​ គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ»។
18មនុស្សបាននិយាយថា៖ «មក! យើង​រៀប​ផែន​ការ​ទាស់​នឹង​យេរេមា ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្ដី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ព្យាការី​ឡើយ។ មក! យើង​នាំ​គ្នា​វាយ​គាត់​ដោយ​អណ្ដាត ហើយ​កុំ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ពាក្យ​ណា​របស់​គាត់​ឡើយ»។
19ព្រះ‌អម្ចាស់អើយ សូម​ព្រះ‌អង្គ​ប្រុង​ស្តាប់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នកសត្រូវនៃទូល‌បង្គំ​។
20តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ? ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ។ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គដើម្បី​សូម​សេចក្ដី​ល្អ​ឲ្យ​គេ ហើយ​បំបែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ចេញ​ពី​គេ​ដែរ។
21ដូច្នេះ សូម​ព្រះ‌អង្គឲ្យ​កូន​ចៅ​គេ​ជួប​អំណត់ ហើយ​ប្រគល់​គេ​ដល់​អំណាច​ដាវ សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួកកំលោះៗ​ ​របស់​គេ​ត្រូវ​របួសដោយ​ដាវ​ក្នុង​សង្គ្រាម។
22សូម​ឲ្យ​មាន​ឮ​សម្រែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ព្រះ‌អង្គ​នាំ​ពួក​ពល‌ទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូល‌បង្គំហើយ​បាន​លាក់​អន្ទាក់ ដើម្បី​ទាក់​ជើង​ទូល‌បង្គំ​ផង។
23ប៉ុន្តែ ​ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គ​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សម្លាប់​ទូល‌បង្គំ​ហើយ សូម​ព្រះ‌អង្គ​កុំ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ​ឡើយក៏​កុំ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ព្រះ‌អង្គ​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ព្រះ‌អង្គ​វិញ សូម​ព្រះ‌អង្គ​សម្រេច​ដល់​គេ ក្នុង​វេលា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ចុះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។