1ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានមកដល់ខ្ញុំថា៖
2«មិនត្រូវយកប្រពន្ធសម្រាប់តែអ្នក ឬបង្កើតកូនប្រុស កូនស្រីនៅទីនេះទេសម្រាប់អ្នកនោះឡើយ
3ដ្បិតព្រះ អម្ចាស់មានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ពីម្តាយដែលសម្រាលវាមក និងពីឪពុកដែលបង្កើតវានៅទឹកដីនេះដូច្នេះថា
4ពួគគេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
5ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ កុំចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំទៅយំសោក ឬទួញទំនួញដោយព្រោះគេឡើយ ដ្បិតយើងបានដកសេចក្ដីសុខរបស់យើង គឺជាសេចក្ដីសប្បុរស និងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។
6មនុស្សទាំងអស់ ទាំងធំទាំងតូច នឹងត្រូវស្លាប់នៅទឹកដីនេះ ឥតមានអ្នកណាបញ្ចុះសពគេឡើយ មនុស្សក៏នឹងមិនយំសោក ឬឆូតសាច់ ឬកោរសក់ដោយព្រោះគេឡើយ។
7គ្មានអ្នកណាកាច់នំបុ័ងជូនដល់អ្នកសោយសោក ដើម្បីកម្សាន្តចិត្តពីដំណើរអ្នកដែលស្លាប់សោះ ក៏គ្មានអ្នកណាជូនពែងរំលែកទុក្ខដល់គេ ដោយព្រោះគេបាត់បង់ឪពុកម្តាយនោះដែរ។
8ឯផ្ទះដែលគេកំពុងស៊ីលៀង អ្នកមិនត្រូវចូលទៅអង្គុយស៊ីផឹកជាមួយគេដែរ។
9ដ្បិតព្រះជាម្ចាស់ នៃពិភពទាំងមូលគឺជាព្រះរបស់ជនជាតិអុីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍! នៅគ្រាអាយុអ្នក ហើយនៅចំពោះភ្នែកអ្នក យើងនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយ ព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
10ពេលណាអ្នកបានប្រាប់ពាក្យទាំងនេះដល់ជនជាតិនេះរួចជាស្រេច ហើយគេសួរអ្នកថា៖ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូល ពីការអាក្រក់យ៉ាងធំទាំងនេះទាស់នឹងយើងដូច្នេះ? តើយើងមានអំពើទុច្ចរិតណា ឬបានប្រព្រឹត្តអំពើបាបយ៉ាងណា ទាស់នឹងព្រះអម្ចាស់ជាព្រះនៃយើង?
11នោះអ្នកត្រូវប្រាប់គេថា៖ ព្រះអង្គមានបន្ទូលថា គឺដោយព្រោះបុព្វបុរសរបស់អ្នករាល់គ្នាបានបោះបង់យើង ទៅតាមព្រះដទៃ ព្រមទាំងគោរព ហើយថ្វាយបង្គំដល់វាផង គេបានបោះបង់យើង ឥតដែលរក្សាច្បាប់យើងឡើយ។
12ប៉ុន្តែ ចំណែកអ្នករាល់គ្នានោះបានប្រព្រឹត្តអាក្រក់ លើសជាងបុព្វបុរសអ្នកទៅទៀត ដ្បិតអ្នករាល់គ្នាប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់អ្នករៀងខ្លួន បានជាមិនព្រមស្តាប់តាមយើងសោះ។
13ដូច្នេះ យើងនឹងបោះអ្នករាល់គ្នាចោលចេញពីទឹកដីនេះ ឲ្យទៅនៅឯទឹកដីមួយដែលអ្នក ឬបុព្វបុរសអ្នកមិនបានស្គាល់ ហើយនៅទីនោះ អ្នករាល់គ្នានឹងគោរពប្រតិបត្តិតាមព្រះដទៃទាំងយប់ទាំងថ្ងៃ ព្រោះយើងនឹងមិនអាណិតដល់អ្នកទេ។
14ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ដែលគេលែងស្បថថា ដូចជាព្រះអង្គមានព្រះជន្មរស់ ជាព្រះដែលបាននាំពួកកូនចៅអុីស្រាអែលឡើងរួចពីទឹកដីអេស៊ីបមក។
15ប៉ុន្តែ ព្រះអង្គដែលមានព្រះជន្មរស់ ដែលព្រះអង្គបាននាំពួកកូនចៅអុីស្រាអែល ចេញពីទឹកដីខាងជើងមក ហើយពីអស់ទាំងប្រទេស ដែលព្រះអង្គបានបណ្តេញគេនោះផង។ ដ្បិតយើងនឹងនាំគេឲ្យវិលមកក្នុងទឹកដីរបស់គេ ជាទឹកដីដែលយើងបានឲ្យដល់បុព្វបុរសគេ។
16មើល៍! យើងនឹងចាត់មនុស្សឲ្យទៅហៅពួកនេសាទជាច្រើនមក នេះជាព្រះបន្ទូលនៃព្រះជាម្ចាស់ថា៖ អ្នកទាំងនោះនឹងបង់សំណាញ់ប្រមូលគេ បន្ទាប់មក យើងនឹងចាត់ឲ្យទៅហៅពួកព្រានជាច្រើនមក អ្នកទាំងនោះនឹងដេញចាប់គេនៅលើគ្រប់ទាំងភ្នំធំ និងភ្នំតូច ហើយនៅក្រហែងថ្មទាំងប៉ុន្មានផង។
17ហើយគេមិនកំបាំងពីមុខយើងទេ ឯអំពើទុច្ចរិតរបស់គេ ក៏មិនបិទបាំងពីភ្នែកយើងដែរ។
18ប៉ុន្តែ មុនដំបូង យើងនឹងសងអំពើទុច្ចរិត និងអំពើបាបរបស់គេមួយជាពីរ ព្រោះគេបានធ្វើឲ្យទឹកដីយើងទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយធ្វើឲ្យទឹកដីជាមរតករបស់យើង មានពេញដោយរបស់គួរខ្ពើមឆ្អើមរបស់គេ»។
19ព្រះអម្ចាស់អើយ ទ្រង់ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកជនជាតិទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
20តើមានទំនងឲ្យមនុស្សធ្វើព្រះសម្រាប់ខ្លួនឬ? ដែលមិនមែនជាព្រះពិតដែរ។
21ដូច្នេះ មើល៍! យើងនឹងធ្វើឲ្យគេស្គាល់ ម្តងនេះយើងនឹងធ្វើគេស្គាល់ដៃយើង និងឥទ្ធិឫទ្ធិរបស់យើង នោះគេនឹងស្គាល់ឈ្មោះយើង ថាជាព្រះអង្គម្ចាស់។