1ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូអែល មកអង្វរយើងឲ្យត្រាប្រណីប្រជាជននេះក្ដី ក៏យើងមិនអត់ឱនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជាជននេះឲ្យបាត់ពីមុខយើងទៅ។
2ពេលគេសួរអ្នកថា តើឲ្យយើងខ្ញុំទៅណា? នោះត្រូវឆ្លើយវិញថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ។ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ។
3ដ្បិត យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។
4យើងនឹងបោះទៅកណ្ដាលអស់ទាំងជនជាតិនៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចទឹកដីយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
5ដ្បិតក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់អ្នក? តើអ្នកណានឹងសោកស្តាយអ្នក? តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់អ្នក?
6អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នក យើងលែងស្ដាយស្រណោះទៀតហើយ។
7យើងបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងទឹកដី យើងបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺយើងបានបំផ្លាញប្រជារាស្ត្ររបស់យើងហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ។
8យើងធ្វើឲ្យមានស្ត្រីមេម៉ាយ កាន់តែច្រើនឡើងនៅមុខយើង លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ របស់ពួកកំលោះៗទាំងថ្ងៃត្រង់ យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។
9ស្ត្រីណាដែលបានបង្កើតកូនប្រាំពីរនាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ។ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខ ឯពួកដែលនៅសល់ យើងនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះជាម្ចាស់»។
10ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។
11ព្រះម្ចាស់មានព្រះបន្ទូលថា៖ ពិតប្រាកដជាយើងបានចម្រើនកម្លាំងក្នុងជីវិតអ្នក ឲ្យបានសេចក្ដីល្អ ពិតប្រាកដជាយើងបានបណ្ដាលឲ្យខ្មាំងសត្រូវមកអង្វរអ្នកក្នុងគ្រាមានអាសន្ន និងក្នុងគ្រាវេទនា។
12តើអ្នកណាអាចបំបាក់បំបែកដែកពីទឹកដីខាងជើង និងលង្ហិនបាន?
13ចំណែកធនធាន និងទ្រព្យសម្បត្តិរបស់អ្នក យើងនឹងប្រគល់អោយ ខ្មាំងសត្រូវអ្នកវិញ គឺដោយព្រោះអំពើបាបរបស់អ្នក នៅតាមព្រំដែនរបស់អ្នក។
14យើងនឹងឲ្យអ្នកឆ្លងទៅជាមួយពួកខ្មាំងសត្រូវអ្នក ដល់ទឹកដីមួយដែលអ្នកមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់យើង ភ្លើងនោះនឹងឆេះដល់អ្នករាល់គ្នា»។
15ព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបហើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយព្រះអង្គត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំណៀល ដោយយល់ដល់ព្រះអង្គ
16ទូលបង្គំបានឃើញព្រះបន្ទូលព្រះអង្គ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ព្រះអង្គជាអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតព្រះនៃពិភពទាំងមូល ទូលបង្គំបានហៅតាមព្រះនាមព្រះអង្គ។
17ទូលបង្គំមិនបានអង្គុយក្នុងចំណោម នៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែម្នាក់ឯង ដោយព្រោះព្រះហស្តរបស់ព្រះអង្គ ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានពេញដោយសេចក្ដីគ្នាន់ក្នាញ់។
18ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយជានិច្ច ហើយរបួសទូលបង្គំមើលមិនព្រមសះសោះដូច្នេះ? តើព្រះអង្គដូចជាទឹកដែលហូរមិនទៀងទាត់ហើយហួតរីងអស់ឬ?
19ហេតុនោះ ព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះថា៖ «បើអ្នកវិលមកវិញ នោះយើងនឹងនាំអ្នកទៀត ដើម្បីឲ្យអ្នកបានឈរនៅមុខយើង ហើយបើអ្នកញែករបស់ថ្លៃវិសេស ចេញពីរបស់ស្មោកគ្រោក នោះអ្នកនឹងបានដូចជាមាត់យើង គេនឹងវិលមកអ្នកវិញ តែអ្នកមិនត្រូវត្រឡប់ទៅឯគេទេ។
20យើងនឹងធ្វើឲ្យអ្នកជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេច្បាំងនឹងអ្នក តែមិនអាចឈ្នះបានទេ ដ្បិតយើងនៅជាមួយអ្នក ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសអ្នកឲ្យរួច នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
21យើងនឹងជួយឲ្យអ្នករួចពីកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ហើយលោះអ្នកចេញពីកណ្ដាប់ដៃ នៃមនុស្សដែលគួរស្ញែងខ្លាច»។